ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិចំនួនបីបានលើកឡើងថា រដ្ឋាភិបាលត្រូវតែធ្វើតេស្តអ្នកទោស ដែលប្រហែលជាប៉ះពាល់នឹងមន្ត្រីក្រសួងមហាផ្ទៃមួយរូបដែលបានឆ្លងជំងឺនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់លើការរៃអង្គាសថវិកា ដើម្បីទិញវ៉ាក់សាំង។
ក្រុមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលីកាដូ (Licadho) បានអះអាងថា រដ្ឋាភិបាលត្រូវតែធ្វើតេស្តទូទៅលើអ្នកទោស ដែលគេចាត់ទុកថា ជាសហគមន៍មួយក្នុងចំណោមសហគមន៍ដែលងាយរងគ្រោះបំផុតដោយសារវីរុសកូវីដ-១៩ ធានាឲ្យមានគម្លាតសង្គមនិងខិតខំកាត់បន្ថយចំនួនអ្នកជាប់ក្នុងពន្ធនាគារ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធបានសរសេរថា៖ «ខណៈពេលមន្ត្រីពន្ធនាគារជាង២៥០នាក់ក្នុងពន្ធនាគារជាមួយគ្នានោះតាមព័ត៌មានថា ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ គ្មានអ្នកទោសណាម្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែម១ក្នុងទីក្រុងភ្នំពេញត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ បើទោះបីជាអាចមានការប៉ះពាល់ជាមួយនឹងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលតេស្តឃើញវិជ្ជមានក៏ដោយ»។
លោក ឆែម សាវុធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេ ដែលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងករណីឆ្លងជាចង្កោម ដែលបានកើនដល់៣៨នាក់មកដល់ពេលនេះ។ យោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបានចុះពនិត្យមណ្ឌលអប់រំកែប្រែម១នៅភ្នំពេញនិងពន្ធនាគារនៅខេត្តបន្ទាយមានជ័យមុនពេលលោកធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ-១៩។
ស្ថិតិរបស់អង្គការលីកាដូបានបង្ហាញថា មានមនុស្សច្រើនកកកុញនៅក្នុងពន្ធនាគារចំនួន១៨កន្លែងក្នុងចំណោមពន្ធនាគារ២៨កន្លែងនៅទូទាំងប្រទេសដែលភាគច្រើននៃពន្ធនាគារទាំងនោះបានទទួលមនុស្សច្រើនលើសពីសមត្ថភាពផ្ទុកយ៉ាងហោចណាស់បីទៅបួនដងឯណោះ។
អង្គការទាំងបីនេះក៏បានអំពាវនាវឲ្យមានការត្រួតពិនិត្យសុខភាពអ្នកទោសមកថ្មីនិងកិច្ចប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ការដោះលែងឲ្យបានឆាប់ឬផ្តល់ការដោះលែងនៅក្រៅឃុំបណ្តោះអាសន្នចំពោះជនល្មើសអហិង្សា។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា៖ «រហូតមកដល់ពេលនេះ អាជ្ញាធរខកខានមិនបានដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ធ្វើតេសត្តអ្នកទោសដែលអាចប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ ឬផ្តល់ឲ្យអ្នកទោសនូវធនធានគ្រប់គ្រាន់សម្រាប់អនុវត្តអនាម័យប្រកបដោយសុវត្ថិភាពនោះទេ។ បញ្ហានេះអាចនាំឲ្យមានវិបត្តិសុខភាពសាធារណៈនិងសិទ្ធិមនុស្សដ៏ធំ»។
លោក បេ ទៀឡេង ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារបានមានប្រសាសន៍ថា មន្ត្រីកំពុងជជែកជាមួយក្រសួងសុខាភិបាលនិងអង្គការសហប្រជាជាតិ ដើម្បីធ្វើតេស្តអ្នកទោស ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ។
លោកបានមានប្រសាសន៍ថា៖ «យើងនឹងស្នើជំនួយបច្ចេកទេសពីអង្គការសហប្រជាជាតិ។ ខ្ញុំបានទាក់ទងគាត់ ប៉ុន្តែយើងមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ។ ខ្ញុំនឹងជួបពួកគាត់ [ ថ្ងៃព្រហ្បតិ៍ ]។ យើងនឹងធ្វើតេស្តអ្នកទោសមួយចំនួនប៉ុណ្ណោះ ជាពិសេសនៅមណ្ឌលអប់រំកែប្រែម១ ប៉ុន្តែយើងមិនដឹងថា យើងនឹងចាប់ផ្តើមនៅពេលណានោះទេ»។
វាមានរយៈពេល១២ថ្ងៃហើយចាប់តាំងពីចង្កោមថ្មីត្រូវបានរកឃើញជាលើកដំបូងហើយខណៈពេលមនុស្សជាង ១០.០០០ នាក់ ត្រូវបានធ្វើតេស្តរួមទាំងអនុរក្សពន្ធនាគារផងនោះ គ្មានការបញ្ជាក់ថា អ្នកទោសណាម្នាក់ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់លើការទិញវ៉ាក់សាំង ខណៈពេលក្រុមហ៊ុនឱសថមួយចំនួនលើសកលលោកបានប្រកាសពីការអនុម័តជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ខ្លួន។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ មួយលានដូស ប៉ុន្តែក្រុមមន្ត្រីមិនទាន់បានសម្រេចថា តើនឹងត្រូវទិញវ៉ាក់សាំងរបស់ប្រទេសណានោះទេ។ ប្រទេសមួយចំនួនបានធ្វើការបញ្ជាទិញរួចហើយក្នុងបរិមាណរាប់លានដូសសម្រាប់ពលរដ្ឋរបស់ខ្លួន ដោយប្រទេសកម្ពុជារំពឹងថា នឹងទទួលបានវ៉ាក់សាំងសម្រាប់មនុស្សច្រើនបំផុតត្រឹម ៥០០.០០០នាក់ប៉ុណ្ណោះ ក្នុងដំណាក់កាលទី១។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងត្រូវពិភាក្សានិងស្វែងរកជំនួយបន្ថែម។ ជាមួយនឹងវ៉ាក់សាំងមួយលានដូស យើងអាចផ្តល់ជូនមនុស្សត្រឹមតែ៥០០.០០០នាក់ប៉ុណ្ណោះ»។
លោកមានប្រសាសន៍ថា វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ក្រុមអាទិភាពនិងមានហានីភ័យខ្ពស់ដូចជាបុគ្គលិកគ្រូពេទ្យ គ្រូបង្រៀន សន្តិសុខនិងមន្ត្រីអនុវត្តច្បាប់ បុគ្គលិកពន្ធនាគារ មន្ត្រីបរិស្ថាន មន្ត្រីរុក្ខាប្រមាញ់និងនេសាទ មន្ត្រីតុលាការនិងមេធាវី។ គេមិនទាន់ប្រាកដថា តើក្រុមមនុស្សងាយរងគ្រោះផ្សេងទៀតដូចជាចាស់ជរានឹងទទួលបានវ៉ាក់សាំងនេះមុនគេឬយ៉ាងណា។
ទោះបីជាយ៉ាងណា លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់សម្រេចចិត្តថា នឹងបញ្ជាទិញវ៉ាក់សាំងនៅពេលណានិងពីប្រទេសណានៅឡើយទេ។ អំឡុងដំណើរទស្សនកិច្ចមកប្រទេសកម្ពុជាកាលពីខែតុលា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីកាបរទេសចិនបានសន្យាថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩។
លោក ហ៊ុន សែន ក៏បានចាប់ផ្តើមរៃអង្គាសថវិកាសម្រាប់ទិញវ៉ាក់សាំង ដោយធ្វើឲ្យមានចម្ងល់ជុំវិញថវិការបម្រុងរបស់រដ្ឋ ដើម្បីផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋភាគច្រើននោះ។ លោក ហ៊ុន សែន បានបង្ហោះលេខគណនីនិងអំពាវនាវឲ្យប្រជាពលរដ្ឋផ្ទេរប្រាក់ចូលគណនីនេះ ដើម្បីគាំទ្រដល់ការប្រមូលថវិកាទិញវ៉ាក់សាំង។
ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប្រជាពលរដ្ឋបានបង្ហោះរូបភាពស្គ្រីនសតផ្ទេរប្រាក់ទៅគណនីឈ្មោះ «Tep Sothy» ។ ក្រោយមកលោក ហ៊ុន សែន បានបន្ថែមព័ត៌មានលម្អិតស្តីពីការផ្ទេរប្រាក់តាមរយៈធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ និងធនាគារកាណាឌីយ៉ា ព្រមទាំងតាមគណនីវីងផងដែរ។
បណ្តាញព័ត៌មានគាំទ្ររដ្ឋាភិបាល Fresh News បានរាយការណ៍ថា ថវិកាជាង៣០លានដុល្លារ ត្រូវបានប្រមូលក្នុងរយៈពេលពីរថ្ងៃចុងក្រោយ ដោយចំនួននេះកើនឡើងតាមរយៈការបរិច្ចាគទឹកប្រាក់រាប់លានដុល្លារពីក្រុមឧកញ៉ាដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។រដ្ឋាភិបាលទទួលបានការបរិច្ចាគស្រដៀងគ្នានេះ អំឡុងគ្រោះទឹកជំនន់នាពេលថ្មីៗនៅទូទាំងប្រទេស ក៏ដូចជាអំឡុងពេលចាប់ផ្តើមមានការរីករាលដាលជំងឺនេះប៉ុន្មានខែដំបូង។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលមិនផ្តល់គណនីឬសវនកម្មណាមួយលើមូលនិធិសាធារណៈនេះទេ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបដិសេធអត្ថាធិប្បាយ ដោយលោកស្រីមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធនៅជួបប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើសេចក្តីប្រកាសណាមួយអំពីការទិញវ៉ាក់សាំង។
លោក ហ៊ុន សែន បានមានប្រាសសន៍ថា រដ្ឋាភិបាលនឹងបែងចែកថវិកា ដើម្បីទិញវ៉ាក់សាំងពីពីរទៅបីលានដូសបន្ថែមទៀតសម្រាប់ដំណាក់កាលទី២ ប៉ុន្តែចង់បានជំនួយពីដៃគូរអភិវឌ្ឍ ហើយជាថ្មីម្តងទៀតមិនបង្ហើបប្រាប់ថា តើមានការត្រួតពិនិត្យថវិកាឬយ៉ាងណានោះទេ។
លោក ប៉ិច ពិសី ជានាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជាបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទទួលបានវ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែបាននិយាយថា ដំណើរការនេះចាំបាច់ត្រូវមានតម្លាភាពនិងគណនេយ្យភាព។
ជុំវិញបញ្ហានៃការបរិច្ចាគជាលក្ខណៈឯកជននេះ លោកមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការព្រាងបទបញ្ញត្តិស្តីពី «ការបរិច្ចាគជាលក្ខណៈនយោបាយ» ដែលមានសារៈសំខាន់សម្រាប់ប្រទេសមួយដែលមានប្រព័ន្ធគាំទ្រអតិថិជនទូលំទូលាយ។
លោកមានប្រសាសន៍ថា៖ «ភាពត្រឹមត្រូវនៃការបរិច្ចាគគឺជាបញ្ហាសំខាន់។ ប្រសិនបើការបរិច្ចាគនេះទៅជាថ្នូរ ដែលផ្តល់ប្រយោជន៍ដល់បុគ្គលជាក់លាក់ ហើយវាគឺជាជម្លោះផលប្រយោជន៍ ដែលបន្ទាប់មកវានឹងប៉ះពាល់ដល់ប្រយោជន៍សាធារណៈ»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា ការរៃអង្គាសនិងការពឹងផ្អែកលើការបរិច្ចាគពីឧកញ៉ាដែលមានឥទ្ធិពលធ្វើឲ្យមានកង្វល់ជុំវិញសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឧបត្ថម្ភដល់គម្រោងដែលមានសារៈសំខាន់ដល់សាធារណជន។
លោកស្រីបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលចាំបាច់ត្រូវធានាថា ថវិកាជាតិអាចផ្តល់ប្រភពធនធានគ្រប់គ្រាន់ដល់វិស័យសុខាភិបាល ដែលអាចឆ្លើយតបសមស្របចំពោះគ្រោះមហន្តរាយនិងវិបត្តិសុខភាព។ យើងគួរបង្កើតស្ថាប័នរឹងមាំដែលដំណើរការដោយឯករាជ្យដោយមិនពឹងផ្អែកលើអំណោយឬទឹកចិត្តសប្បុរសធម៌»។
កាលពីខែតុលា រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំដែលមានទំហំទឹកប្រាក់ប្រហែល ៧,៦២ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ដោយថយចុះពីទំហំទឹកប្រាក់ ៨,២ ពាន់លានដុល្លារ ដែលលៃលកសម្រាប់ថវិកាជាតិឆ្នាំ២០២០។
ថវិកាជាតិចំនួន ៧,៦២ ពាន់លានដុល្លាររួមមានទឹកប្រាក់ ៤,៣៦ ពាន់លានដុល្លារសម្រាប់ការចំណាយចរន្តនិងទឹកប្រាក់ ៣,២៦ ពាន់លានដុល្លារសម្រាប់ការចំណាយដើមទុន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News