សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមអង្គការសិទ្ធិមនុស្សព្រួយបារម្ភអំពីការកំណត់ព្រំប្រទល់ក្រុងបូកគោនិងការរានដី

រូបភាពស្ក្រីនសតពីវីដេអូរបស់អង្គការមាតាធម្មជាតិបង្ហាញពីទំហំដីដ៏ធំដែលគេបានឈូសឆាយនៅតំបន់ឧទ្យានជាតិបូកគោក្នុងខេត្តកំពត។
រូបភាពស្ក្រីនសតពីវីដេអូរបស់អង្គការមាតាធម្មជាតិបង្ហាញពីទំហំដីដ៏ធំដែលគេបានឈូសឆាយនៅតំបន់ឧទ្យានជាតិបូកគោក្នុងខេត្តកំពត។

រដ្ឋាភិបាលបានបង្កើតក្រុងបូកគោថ្មីមួយនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលជាទីតាំងនៃគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ឧកញ៉ា សុខ គង់ ដែលបណ្តាលឲ្យមានការព្រួយបារម្ភពីក្រុមអ្នកបរិស្ថាន។

អនុក្រឹត្យ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៦ ខែ មីនា បានសម្រេចឲ្យបង្កើតទីក្រុងថ្មីដោយកាត់យកឃុំចំនួន៣ដែលមានស្រាប់ពីស្រុកទឹកឈូគឺឃុំបឹងទូក ឃុំកោះតូច និង ឃុំព្រែកត្នោត។

លោក សុខ គង់ ជាមហាសេដ្ឋីដ៏មានឥទ្ធិពល បច្ចុប្បន្នកំពុងអភិវឌ្ឍគម្រោងលំនៅដ្ឋានដ៏ធំមួយដែលមានឈ្មោះថា គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោស្ថិតនៅក្នុងឧទ្យានជាតិបូកគោ។ អ្នកជំនួញរូបនេះទទួលបានដីទំហំ២០,០០០ហិកតានៅក្នុងឧទ្យានជាតិដែលមានទំហំ១៥០,០០០ហិកតា ហើយត្រូវបានគេរំពឹងថា មានតម្លៃ១ពាន់លានដុល្លារ។

ឧទ្យានជាតិ​​បូកគោ​បច្ចុប្បន្នមាន​សណ្ឋាគារ​សុខា និង​កាស៊ីណូ ដែល​បាន​ជួសជុល​ឡើង​វិញ​​ពីអគារ​សេស​សល់​ពី​សម័យ​អាណានិគម​បារាំង​ក្នុង​ទសវត្សវ៍​ឆ្នាំ​១៩២០​ ដែល​ក្រោយ​មកទៀត​ត្រូវ​អតីត​ព្រះ​មហាវីរៈក្សត្រ​នរោត្តម សីហនុ​ យក​មកធ្វើ​ជា​ព្រះ​រាជដំណាក់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​

 លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគាំទ្រការបង្កើតក្រុងថ្មី នេះ ហើយមានប្រសាសន៍ថា ការអភិវឌ្ឍន៍នេះនឹងប៉ះពាល់ដល់តំបន់នេះបន្តិច ប៉ុន្តែនឹងនាំភ្ញៀវទេសចរកាន់តែច្រើនមកខេត្តនេះ។

លោកបានមានប្រសាសន៍ថា៖ «វាមានផលប៉ះពាល់ខ្លះ ប៉ុន្តែមិនធ្ងន់ធ្ងរទេ»។

ចលនាមាតាធម្មជាតិ ដែលជាក្រុមសកម្មជនតស៊ូមតិផ្នែកបរិស្ថានបានចេញវីដេអូមួយកាលពីចុងខែធ្នូ ដែលបង្ហាញពីការឈូសឆាយដីយ៉ាងធំនៅលើភ្នំបូកគោសម្រាប់សាង សង់វីឡានិងខុនដូរាប់ពាន់ ដែលទាំងអស់ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអចលន ទ្រព្យសុខារបស់លោក សុខ គង់។

ក្រុមបរិស្ថាននេះ បាននិយាយថា ការបំផ្លិចបំផ្លាញបរិស្ថាន គឺជានិមិត្តរូបនៃការកេង ប្រវ័ញ្ចធនធានធម្មជាតិនៅកម្ពុជាតាមរយៈក្រុមហ៊ុនសាជីវកម្ម។

លោក ស៊ីណុល មិនយល់ស្របនឹងការវាយតម្លៃរបស់អង្គការមាតាធម្មជាតិអំពីផលប៉ះ ពាល់បរិស្ថាន ដែលបង្កឡើងដោយគម្រោងនេះមកលើឧទ្យានជាតិនោះទេ ដោយអះ អាងថា រដ្ឋាភិបាលបានសិក្សាពីផលប៉ះពាល់ ដែលអាចមានរួចហើយ។

ដោយសំដៅលើអង្គការមាតាធម្មជាតិ លោក ស៊ីណុល បានមានប្រសាសន៍ថា៖ «វាគឺ ជារឿងរបស់ពួកគេ ដូច្នេះខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយនោះទេ»

មួយផ្នែកធំនៃគម្របព្រៃឈើនៅឧទ្យានជាតិបូកគោត្រូវបានគេរាន ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍក្រុងថ្មីមួយ។ខេមបូចា / ព្រីង សំរាំង

លោក Alex Gonzalez-Davidson នាយកអង្គការមាតាធម្មជាតិបានមានប្រសាសន៍ថាគម្រោងក្រុងបូកគោមើលទៅហាក់ដូចជា «គម្រោងមិនល្អរបស់រដ្ឋាភិបាល» មួយទៀត ដែលបិទបាំងនៅក្រោម «ការអភិវឌ្ឍ» ។

លោកបានមានប្រសាសន៍ថា៖ «គោលបំណងសំខាន់ គឺធ្វើឯកជនភាវូបនីយកម្មផ្នែកខ្លះនៃឧទ្យានជាតិបូកគោ»។

លោកបានមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់  «បុគ្គលមួយចំនួនតូច ដែលមានខ្នងក្រាស់» ខណៈបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា។

លោកបានឲ្យដឹងរយៈបណ្តាញសង្គមតេឡេក្រាមថា៖ «ប៉ុន្តែការវិនិច្ឆ័យតាមរយៈអ្វី ដែលយើងបានឃើញម្តងហើយម្តងទៀត ម៉្យាងទៀត  វានឹងក្លាយជាគម្រោងទុច្ចរិតទាំងស្រុង នៅពេលគ៼ម្រោង ដែលគេបានដឹងតិចតួចតាមរយៈផែនការមេ ដែលបង្ហាញដោយរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនលេចចេញជាផ្លែផ្កានោះ»។

អង្គការមាតាធម្មជាតិមិនបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលតាំពីឆ្នាំ២០១៧ហើយឥឡូវនេះ ក្លាយជាចលនានៃសកម្មជនបរិស្ថាន។ សកម្មជនរបស់ចលនានេះកាន់តែក្លាយ ជាគោលដៅរបស់រដ្ឋាភិបាល។ សមាជិកបីនាក់ត្រូវបានជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធពីបទញុះញង់។

លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពតបានច្រានចោលការចោទប្រកាន់របស់អង្គការមាតាធម្មជាតិ និងមានប្រសាសន៍ថា ក្រុងថ្មីនេះនឹងបម្រើដល់សាធារណ ជននិងធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យអភិវឌ្ឍនិងសេដ្ឋកិច្ចនៅតំបន់នោះ។

លោក វឌ្ឍនា បានថ្លែងថា៖ «វាមិនមានផលប៉ះពាល់ដល់បរិស្ថានទេ ពីព្រោះយើងទើប តែបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល»។

លោកបានបន្ថែមថា៖ «មាតាធម្មជាតិគ្រាន់តែបានលើកឡើងនូវទស្សនៈរបស់ពួកគេដែលគ្មានមូលដ្ឋាននិងគ្មានភស្តុតាង»។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា រដ្ឋាភិបាលបានពិ ចារណាយ៉ាងហ្មត់ចត់នូវផលប៉ះពាល់លើបរិស្ថាននិងការអភិរក្សធនធានធម្មជាតិនៅឧទ្យានជាតិបូកគោ។

លោកបានមានប្រសាសន៍ថា៖ «សូមកុំភាន់ច្រឡំដោយសារមតិយោបល់របស់មនុស្សអវិជ្ជា ជុំវិញការបង្កើតទីក្រុងបូកគោ»។

លោក យុន ផល្លី អ្នកសម្របសម្រួលប្រចាំខេត្តកំពតនៃអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការសិក្សាឱ្យបានហ្មត់ចត់អំពីផលប៉ះពាល់សង្គមនិងបរិស្ថានដោយសារគម្រោងនេះ ជាពិសេសលើគម្របព្រៃឈើនៅក្នុងឧទ្យានជាតិបូកគោនិងធនធាននេសាទក្នុងតំបន់។

លោកបានបន្ថែមថា៖​ «ផលប៉ះពាល់ចម្បងគឺគម្របព្រៃឈើ​​ និងប៉ះពាល់ការនេសាទលក្ខណ:គ្រួសារ បន្ទាប់ពីមានការចាក់ដីចូលសមទ្រ»

នៅ​លើ​វិបសាយ​ក្រុមហ៊ុន​អចលនទ្រព្យ របស់​លោក ​សុខ គង់ Sokha Real Estate បាន​​បង្ហាញពី​គម្រោង​អភិវឌ្ឍន៍ ដែល​ស្ថិត​នៅ​ក្រោម​អាជីវកម្ម​របស់​លោក​ សុខ គង់ មួយ​ផ្សេង​ទៀត គឺ​ក្រុម​ហ៊ុន Sokha Hotel Group ​។ គម្រោង​ដែល​ត្រូវអភិវឌ្ឍន៍​ដំបូង​មាន​ឈ្មោះ​ថា​បុរីអម្រឹតឋានសួគ៌  មាន​ផ្ទះ​ល្វែង​កម្ពស់​បីជាន់​​ជាង​៤ ២០០​​ល្វែង​។​ គម្រោង​អភិវឌ្ឍន៍​ទីពីរ​មាន​ឈ្មោះ​ថា​បុរី​មរកតឋានសួគ៌ តែមិន​បាន​បញ្ជាក់​ច្បាស់​ពីចំនួន​វីឡា​ដែល​ត្រូវ​សាង​សង់នោះទេ។ សម្រាប់​គម្រោង​ទី​បី​ Crown Estates គឺធ្វើ​ឡើង​លើ​ផ្ទៃ​ដី​៦០០​ហិកតា រួម​បញ្ចូល​ដោយ​ «វីឡាប្រណិតៗ​ចំនួន​៥ ៥៨៥ខ្នង ផ្ទះល្វែង​ចំនួន​១៥ ៩៥២​ល្វែង និង​ដីជា​ច្រើន​ប្លង់ទៀត​ទុក​សម្រាប់​សង់​វីឡា និង​អាផាតមិន​ផ្សេងៗទៀត»។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rights groups worried about Bokor city demarcation, land clearings

729 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម