សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក រ៉ុង ឈុន ចូលសវនាការករណី​បណ្ដឹង​ពីបទញុះញង់ និង មិនរាងចាល

ទីប្រឹក្សាជាន់​ខ្ពស់​​គណបក្ស​ កម្លាំង​ជាតិ លោក រ៉ុង ឈុន បានចូលសវនាការ ​នៅព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ តាម​ការកោះហៅ​របស់​​សាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ ទន្ទឹម​នឹង​នេះ មួយថ្ងៃបន្ទាប់ពីសវនាការ លោក រ៉ុង ឈុន បានទទួលដីកាបង្គាប់ ពីសាលាដំបូង​រាជធានីភ្នំពេញ ក្នុងករណីដាច់ដោយឡែកមួយទៀត ដោយបង្ខំ ឱ្យលោកលក់​ផ្ទះ ដើម្បីសង​សំណងចំនួន ១០លានរៀល ជូនរដ្ឋលេខាធិការដ្ឋានកិច្ចការ​ព្រំដែន ។ នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន និង​អម​ដោយ​អ្នកគាំទ្រ​រាប់សិបនាក់ បន្ទាប់​ពី​សវនាការ ​នៅព្រឹក​ថ្ងៃទី២៣ ខែមេសា លោក រ៉ុង ឈុន រៀបរាប់​​អំ​ពីដំណើរ​ការ​នៃ​អង្គសវនាការ​ គឺ​ការ​សួរ​ដេញដោល​ពី​សំណាក់​ចៅក្រម និង​​ចម្លើយរបស់​លោក ។ ក្នុង​សវនាការ លោក រ៉ុង ឈុន ក៏​បាន​រក្សាសិទ្ធិ​មិន​ឆ្លើយ​នូវ​សំណួរ​ដែល​លោក​មិន​ចង់​ឆ្លើយ​ដែរ ។ អ្នកគាំទ្រ​ លោក រ៉ុង ឈុន ថ្លែង​ថា រាល់​ទង្វើ​របស់ លោក រ៉ុង ឈុន គឺ​ជា​ការ​លះបង់​ដើម្បី​សង្គម​ជាតិ ដែល​មិនគួរត្រូវទទួល​ទណ្ឌកម្ម ឬ​រង​ការ​ចោទ​ប្រកាន់​យ៉ាង​នេះទេ ។ ប្រធានអង្គការសិទ្ធិ​មនុស្ស​ អាដហុក ( ADHOC ) លោក នី សុខា ដែល​បាន​ចូល​តាម​ដាន​សវនាការ បញ្ជាក់ថា ករណីនេះជារឿងនយោបាយច្រើនជាងរឿង​ពាក់ព័ន្ធនឹងច្បាប់ ។ លោក រ៉ុង ឈុន ជា​អតីត​សកម្មជនសិទ្ធិការងារនិង​សង្គម​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ គឺ​លោកជា​​​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ( CITA ) ចាប់​តពី​ឆ្នាំ​២០០០ ​ជា​តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជា​ប្រធានសហភា​ពសហជីពកម្ពុជា និងជា​សមាជិក​ គ.ជ.ប ។ លោក​ រ៉ុង ឈុន បានក្លាយជាអនុប្រធានគណបក្សភ្លើង​ទៀន ​កា​ល​ពី​ខែកុម្ភៈ ឆ្នាំ២០២៣ ហើយ​​ក្រោយមក ​លោក​ត្រូវ​បាន​ជ្រើសតាំង​​ជាទី​ប្រឹក្សា​នៃ​គណបក្ស កម្លាំង​ជាតិ ​​។ តាំង​ពី​នៅ​ជា​​សកម្មជនសិទ្ធិការងារនិង​សង្គម រហូត​មក​ដល់​តួនាទី​ចុងក្រោយ លោក រ៉ុង ឈុន បាន​រង​បណ្ដឹង​ចំនួន​បី ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន ៣​ដង ជាប់​ពន្ធនាគារ ២​ដង ។ ដោយឡែក​ករណី​បណ្ដឹង​សំណុំរឿងទី៣ គឺ​បទ​មិនរាងចាលក្នុង​បទ​មជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម​ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ ទាក់ទិននឹង​វីដេអូ​ឃ្លីបអំពី​ការ​​ដែល​លោក​ថ្លែង​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៤ ទៅកាន់សមាជិក​គណបក្ស កម្លាំងជាតិ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ថា រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យ ​។ ក្នុង​វីដេអូ​ឃ្លីប​នោះដែរ លោកបាន​ប្រាប់​អ្នក​ចូលរួម​​ថា​ កម្ពុជា “ ជាប់​ចំណាត់ថ្នាក់លេខ​មួយ​ខាង​ឆបោក ឧក្រិដ្ឋជន បទល្មើស​អនឡាញ និងចាប់​ជំរិត ” ។ តុលាការ​នឹង​ប្រកាស​សាលក្រមនៃ​សំណុំ​រឿង​នេះ នៅម៉ោង ៨ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ៕

1 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ