កងរាជអាវុធហត្ថកម្ពុជាបានចាប់ខ្លួនមនុស្ស ១១នាក់នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជិត ៣០០នាក់ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ ។ មន្ត្រីកងរាជអាវុធហត្ថបានដកហូតខ្ទមបណ្ដោះអាសន្ន ១១ខ្ទម ម៉ូតូ ៩គ្រឿង ឧបករណ៍ឆក់ត្រី ១គ្រឿង ឈើ ២៣កំណាត់ រណារយន្ត ១០គ្រឿង និងកូនឈើ ៧ដើម ។ នេះបើយោងតាមការចុះផ្សាយមួយនៅលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ។
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាឱ្យបើកបេសកកម្មបង្ក្រាបកាលពីថ្ងៃអង្គារ ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បាននិយាយថា ប្រតិបត្តិការនេះគ្រោងនឹងមានរយៈពេល១ខែ ប៉ុន្តែ អាចនឹងអូសបន្លាយពេលយូរជាងនេះទៀត ។
លោកបាននិយាយថា «យើងមិនទាន់ដឹងថាវានឹងចប់នៅពេលណានោះទេ វាអាស្រ័យលើការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ។ យើងនឹងនាំខ្លួនជនល្មើសទៅកាន់តុលាការ ផ្អែកទៅតាមសកម្មភាពខុសច្បាប់របស់ពួកគេ» ។
លោក អេង ហ៊ី បាននិយាយថា អាជ្ញាធរខេត្តពោធិ៍សាត់បានស្នើសុំជំនួយពីកងរាជអាវុធហត្ថដើម្បីធានាថា ខេត្តមានសមត្ថភាពនិងប្រសិទ្ធភាពដើម្បីទប់ស្កាត់និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើនិងការទន្ទ្រានដីធ្លីរដ្ឋ ។
លោកបានបន្ថែមថា «គណៈកម្មការរបស់យើងត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់បទល្មើសព្រៃឈើគ្រប់រូបភាពទាំងអស់ ដូច្នេះហើយ នៅពេលណាដែលអាជ្ញាធរថ្នាក់ក្រោមជាតិស្នើសុំជំនួយ យើងនឹងបញ្ជូនកងកម្លាំងយើងទៅ» ។
ការដាក់ពង្រាយកម្លាំងនេះបានកើតឡើងនៅក្រោយកិច្ចប្រជុំនាថ្ងៃអាទិត្យជាមួយមន្ត្រីមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជុំវិញផែនការដើម្បីទប់ស្កាត់និងបង្ក្រាបការកាប់ឈើនិងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាស្រុកពីរនៃខេត្តពោធិ៍សាត់ដែលត្រួតស៊ីគ្នាជាមួយនឹងផ្ទៃដីរបស់ឧទ្យានជាតិភ្នំក្រវាញ ។
ឧទ្យានជាតិត្រូវបានបង្កើតឡើងកាលពីខែកក្កដា ដោយដាក់ឧទ្យានចំនួនពីរបញ្ចូលគ្នា រួមជាមួយផ្ទៃដីជាង ១០០.០០០ហិកតាដែលត្រូវបានចាត់ថ្នាក់ជាថ្មី ។ ឧទ្យានថ្មីនេះជាផ្នែកនៃការពង្រីកផ្ទៃដីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា តាមរយៈអនុក្រឹត្យដែលចេញនៅថ្ងៃទី១៧ ខែកក្កដា ដែលអ្នកតស៊ូមតិផ្នែកបរិស្ថានបានព្រមានថា អាចនឹងនាំឱ្យមានជម្លោះដីធ្លីកើតឡើង ដោយសារតែកង្វះការពិគ្រោះយោបល់ជាមួយសហគមន៍នៅតាមមូលដ្ឋាន ។
តំបន់នេះបានទទួលរងការបាត់បង់គម្របព្រៃយ៉ាងច្រើនដោយសាអាជីវកម្មឈើខុសច្បាប់ដោយគ្មានការទប់ស្កាត់ និងសម្បទានដីសេដ្ឋកិច្ចដែលផ្ដល់ទៅឱ្យក្រុមហ៊ុនឯកជននានា ។ ការកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលបានកើនឡើងក្នុងអំឡុងឆ្នាំ២០២២ ដោយបណ្ដាលឱ្យបាត់បង់អស់ ៨៣៥ហិកតា ។
សារព័ត៌មានបរិស្ថានឈ្មោះ Mongabay បានរាយការណ៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលចាប់ផ្ដើមឡើងនៅឆ្នាំ២០២០នៅក្នុងតំបន់ជួរភ្នំក្រវាញ បានបណ្ដាលឱ្យក្រុមអ្នកកាប់ឈើនិងប្រមាញ់សត្វព្រៃដោយខុសច្បាប់ចូលទៅធ្វើអាជីវកម្មតំបន់ព្រៃឈើនៅតំបន់នោះ ។ កិច្ចប្រឹងប្រែងអភិរក្សរបស់កម្ពុជាបានរងការរិះគន់ដោយក្រុមអ្នកតស៊ូមតិ ដូចជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដោយសារតែការញាំញីដោយអំពើពុករលួយ ព្រមទាំងការបង្ក្រាបតែបទល្មើសទ្រង់ទ្រាយតូច ខណៈមិនអើពើចំពោះប្រតិបត្តិការកាប់បំផ្លាញព្រៃឈើខុសច្បាប់ធំៗ ។
កាលពីថ្ងៃអង្គារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្ហោះរូបថតមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីកងកម្លាំងរបស់ខ្លួនឈរតម្រង់ជួរ ដៃកាន់អាវុធ និងសាក់កាដូទាហាននៅក្បែរជើងរបស់ពួកគេ ។
សារដែលបង្ហោះនោះបានសរសេរថា «កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងស្រាវជ្រាវរកមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធនៅក្នុងការទន្ទ្រាននិងកាន់កាប់ដីរដ្ឋដើម្បីចាប់ខ្លួននិងបញ្ជូនទៅតុលាការទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» ។
រដ្ឋបាលខេត្តពោធិ៍សាត់បានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយសម្ដែងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិនៅក្នុងស្រុកទាំងពីរ ដោយបានព្រមានឱ្យជនល្មើសបញ្ឈប់សកម្មភាពជាបន្ទាន់ ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បាននិយាយថា បេសកកម្មនេះគឺជាកិច្ចប្រឹងប្រែងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានត្រឹមត្រូវ ។ លោកបានបន្ថែមថា ការកាប់បំផ្លាញព្រៃឈើកម្រិតខ្ពស់ដែលបណ្ដាលមកពីសកម្មភាពកាប់ឈើដោយខុសច្បាប់និងភ្លើងឆេះព្រៃនៅក្នុងតំបន់ ទាមទារនូវការការគាំទ្រពីថ្នាក់ជាតិដើម្បីលុបបំបាត់បទល្មើសនានា ។
លោក រីដា បាននិយាយថា «យើងកំពុងធ្វើការជាមួយអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីការពារព្រៃឈើ ។ ដូចលោកដឹងហើយ នៅពេលយើងបាត់បង់ព្រៃឈើ យើងនឹងជួបប្រទះបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស» ។ ដោយលោកបន្ថែមថា «ប្រសិនបើគ្មានព្រៃឈើនៅសេសសល់ទេ តើយើងនឹងធ្វើអ្វីដើម្បីស្ដារវាឡើងវិញ ?»
លោក រីដា បានសង្កត់ធ្ងន់ពីសារសំខាន់នៃគម្របព្រៃឈើដើម្បីទ្រទ្រង់ផ្លូវទឹកនានាដែលត្រូវការចាំបាច់នៅក្នុងការកសាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងតំបន់នេះ ។ នៅចុងឆ្នាំ២០២៣ គម្រោងវារីអគ្គិសនីចំនួន ២ ត្រូវបានអនុម័តដោយអាជ្ញាធរកម្ពុជា ដែលអ្នកស្រាវជ្រាវព្រមានថា នឹងបន្តធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងនាំទៅរកការបាត់បង់ព្រៃឈើ នេះបើយោងតាម Mongabay ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់ ខេមបូចា ថា ការដាក់ពង្រាយកងកម្លាំងនៅខេត្តពោធិ៍សាត់គឺជាផ្នែកនៃកិច្ចប្រឹងប្រែងទ្រង់ទ្រាយធំរបស់ក្រសួងដើម្បីអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេស ។ ក្រសួងបាននិងកំពុងធ្វើការជាមួយកងរាជអាវុធហត្ថនិងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តពង្រឹងប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាននៅគ្រប់ថ្នាក់ ។
លោកបាននិយាយថា ក្រសួងបានចាត់វិធានការជាក់លាក់ចាប់តាំងពីអាណត្តិថ្មីនៃរាជរដ្ឋាភិបាលមក «ដើម្បីទប់ស្កាត់និងលុបបំបាត់បទល្មើសធនធានធម្មជាតិ» ដោយ«មុនដំបូងគេបំផុត គឺពង្រឹងការអនុវត្តច្បាប់ឱ្យបាន ១០០% ដើម្បីបញ្ឈប់វប្បធម៌ដោះលែងអ្នកដែលបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ» ។
អ្នកដែលឆ្លើយទូរសព្ទដែលបានហៅទៅតាមរយៈលេខទូរសព្ទដែលដាក់នៅលើទំព័រហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលមិនបានប្រាប់ឈ្មោះ បាននិយាយថា ប្រធានមន្ទីរលោក គង់ ពុទ្ធីរ៉ា មិននៅទេ ពីព្រោះលោកជាប់រវល់ធ្វើការលើយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រៃឈើនៅស្រុកវាលវែង ។
លោក ហេង គឹមហុង ប្រធានអង្គការបណ្ដាញយុវជនកម្ពុជា បាននិយាយថា ប្រតិបត្តិការដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិនិងអាជ្ញាធរថ្នាក់ក្រោមជាតិ គឺជាវិធីជាក់ស្ដែងមួយដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់រូបភាពឱ្យមានប្រសិទ្ធភាព ។ លោកបាននិយាយថា កិច្ចប្រឹងប្រែងនេះគឺជា«រឿងត្រឹមត្រូវដែលត្រូវធ្វើ» នៅពេលដែលមានការកាប់បំផ្លាញព្រៃឈើកម្រិតខ្ពស់ ហើយអាជ្ញាធរត្រូវស្វែងរកមូលហេតុដែលនាំឱ្យកើតមានបទល្មើសព្រៃឈើ ។
ទោះជាយ៉ាងនេះក្ដី លោក គឹមហុង បាននិយាយថា ប្រសិនបើមន្ត្រីពុករលួយនិងឃុបឃិតនៅក្នុងបទល្មើសរបស់អ្នកកាប់បំផ្លាញព្រៃឈើ នោះការកាប់បំផ្លាញព្រៃឈើនឹងនៅតែបន្ត «រហូតដល់លែងមានអ្វីនៅសេសសល់» ។
លោកបាននិយាយថា «ប្រសិនបើ[មន្ត្រី]ចូលដៃចូលជើងជាមួយអ្នកកាប់ឈើ ហើយស្របពេលជាមួយគ្នានេះ ធ្វេសប្រហែសនៅក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសទាំងនោះ វាមិនសំខាន់ទេថាតើពួកគេបើកប្រតិបត្តិការធំប៉ុណ្ណា ឬពួកគេបង្កើនការចំណាយច្រើនប៉ុណ្ណាដើម្បីប្រយុទ្ធប្រឆាំងបទល្មើស បទល្មើសវានឹងនៅតែកើតឡើងជាបន្តដដែល»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Royal Gendarmerie Arrests 11 Pursat Residents in Wildlife Crime Crackdown