ទោះបីជាសហរដ្ឋអាមេរិកមានបំណងចង់ឃើញការកើនឡើងនៃការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏បញ្ហានីតិរដ្ឋ និងអំពើពុករលួយបង្កើតជាឧបសគ្គដល់ការទាក់ទាញការវិនិយោគពីក្រុមហ៊ុនអាមេរិកមកកម្ពុជា នេះបើយោងតាមលោកស្រី មេលីសា ប្រោន (Melissa A Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
លោកស្រី ប្រោន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ខែធ្នូ ថា៖ «នៅពេលយើងក្រឡេកមើលថា តើទីផ្សារសហរដ្ឋអាមេរិកមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ទំនិញកម្ពុជា យើងក៏កំពុងសម្លឹងមើលមធ្យោបាយ ដើម្បីបង្កើនការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជាផងដែរ … ដែលវាគឺជាផ្នែកមួយនៃការសន្ទនាប្រកបដោយផ្លែផ្ការបស់ខ្ញុំជាមួយរដ្ឋាភិបាលកម្ពុជា»។
លោកស្រីបានបន្តថា៖ «ខ្ញុំគិតថា ដើម្បីសម្រេចបាននូវសក្តានុពលរបស់យើង យើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា នីតិរដ្ឋត្រូវបានគោរព មានភាពប្រាកដប្រជា និងអាចព្យាករណ៍បាន។ យើងក៏គួរតែធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ ពីព្រោះវាជាកិច្ចការដែលអាចផ្តល់ហេតុផលឱ្យក្រុមហ៊ុនអាមេរិកបង្កើនការវិនិយោគរបស់ពួកគេនៅទីនេះ»។
លោកស្រី ប្រោន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ការនាំចេញរបស់កម្ពុជា ដោយការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានតម្លៃជាង១២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
លោកស្រីបានកត់សម្គាល់ថា៖ «សហរដ្ឋអាមេរិកជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់របស់ប្រទេសកម្ពុជា» ដោយលោកស្រីបានបន្ថែមថា លោកស្រីចង់ឃើញការវិនិយោគរបស់អាមេរិកច្រើនទៀតចូលមកកម្ពុជា។ លោកស្រីមានប្រសាសន៍ថា៖ «ការវិនិយោគរបស់អាមេរិកមកជាមួយស្តង់ដារបច្ចេកវិទ្យាខ្ពស់ ការការពារបរិស្ថាន ការងារ និងការបណ្តុះបណ្តាល»។
មុននេះមួយថ្ងៃ លោកស្រី ប្រោន បានជួបជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បន្ទាប់មកមានការពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីទំនាក់ទំនងទ្វេភាគី។ កិច្ចសន្ទនាបានផ្តោតសំខាន់លើពាណិជ្ជកម្ម ការពង្រីកការវិនិយោគ និងការចូលរួម ដែលជាមធ្យោបាយមួយ ដើម្បីកែលម្អ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ដោយអះអាងថា៖ «ទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧបការីរង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន»។
ដោយឡែកនៅលើសារបង្ហោះតាមហ្វេសប៊ុក លោក ស៊ុន ចាន់ថុល បានលើកឡើងថា លោកបានស្នើសុំឱ្យសហរដ្ឋអាមេរិកពិនិត្យជំរុញការវិនិយោគដោយផ្ទាល់រវាងភាគីទាំងពីរបន្ថែមទៀត អំឡុងកិច្ចពិភាក្សាជាមួយលោកស្រី ប្រោន ដែលលោកបានចង្អុលបង្ហាញពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលលើកទឹកចិត្តវិនិយោគិនបរទេសឱ្យចូលរួមគ្រប់វិស័យ។
ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ប្រោន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរួមគ្នាពិនិត្យមើលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើការអភិរក្សវប្បធម៌សង្គម ការអប់រំ សុខាភិបាល និងវិស័យផ្សេងៗដែលមានសក្តានុពលវិនិយោគនៅក្នុងប្រទេសទាំងពីរ។ លោកស្រីក៏បានជំរុញឱ្យកម្ពុជាពិចារណាកែលម្អបញ្ហាទាក់ទងនឹងតម្លាភាពពន្ធ និងប្រសិទ្ធភាពនៃបទដ្ឋានច្បាប់ ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងកន្លងមក ដើម្បីបង្កើនបរិយាកាសវិនិយោគរបស់ខ្លួន។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានប្រាប់ខេមបូចាថា បញ្ហានីតិរដ្ឋ និងអំពើពុករលួយមានតាំងពីយូរយារណាស់មកហើយ។ លោកសង្កេតឃើញថា បើទោះជាការវិនិយោគបរទេសនៅកម្ពុជាមានភាពចម្រុះក៏ដោយ ក៏នៅមិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឲ្យកម្ពុជារីកចម្រើនដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាប្រហែលជាដោយសារប្រទេសកម្ពុជាមិនមានភាពទាក់ទាញ បើធៀបនឹងប្រទេសវៀតណាម និងប្រទេសថៃ និងប្រទេសផ្សេងទៀតក្នុងតំបន់»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបដិសេធធ្វើអត្ថាធិប្បាយទេដោយលោកថា ជាប់រវល់។
ស្របពេលជាមួយគ្នានោះដែរ ភាពសកម្មនិយម សេរីភាពនៃការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ ក៏ត្រូវបានពិភាក្សាដោយលោកស្រី ប្រោន ផងដែរ អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា ទីដែលសហរដ្ឋអាមេរិកគ្រោងនឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងអំណាចរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិរបស់ពួកគេ រួមទាំងសេរីភាពនៃការបញ្ចេញមតិផងដែរ។
លោកស្រី ប្រោន បានបន្ថែមថា៖ «វាពិតជាអាទិភាពសម្រាប់យើងក្នុងការបន្តលើកឡើងពីករណីសំខាន់ៗដូចជាកញ្ញា សេង ធារី លោក កឹម សុខា និងកញ្ញា ឈឹម ស៊ីថរ ដែលយើងចង់ឱ្យរដ្ឋាភិបាលចាត់វិធានការ និងធានាថា មេដឹកនាំគណបក្សប្រឆាំងមិនត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។ ហើយថា ពួកគេអាចត្រូវបានដោះលែងហើយអាចសម្តែងមតិរបស់ពួកគេ»។ លោកស្រីបានបន្ថែមថា៖ «យើងនឹងបន្តមានការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាថ្មី អំពីរបៀបដែលយើងអាចឈានទៅរកចំណុចនេះប្រកបដោយលក្ខណៈវិជ្ជមានជាងមុន» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rule of Law, Corruption Hesitate US Investors From Entering Cambodia