ស្រុកកងមាស នៃខេត្តកំពង់ចាម៖ អតីតគណបក្សសង្គ្រោះជាតិដែលធ្លាប់ដណ្តើមអាសនៈជាមេឃុំច្រើនជាងគេបំផុតក្នុងស្រុកកងមាស បច្ចុប្បន្នត្រូវបានគណបក្សកាន់អំណាចដណ្តើមបានសំទ្បេងលើសលប់ ខណៈដែលសកម្មជននយោបាយ លោក គង់ រ៉ៃយ៉ា ជាបេក្ខភាពបក្សភ្លើងទៀតក៏ចាញ់ក្នុងការប្រកួតប្រជែងយកតំណែងជាមេឃុំ។
លទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា គណកប្សប្រជាជនកម្ពុជាទទួលសំទ្បេងគាំទ្រនាំមុខគណបក្សនយោបាយនានានិងដណ្តើមតំណែងមេឃុំទាំង១១ ក្នុងស្រុកកងមាស ខណៈដែលគណកបក្សនេះធា្លប់បាត់បង់អាសនៈជាមេឃុំចំនួន៧ ក្នុងការបោះឃុំ-សង្កាត់ឆ្នាំ២០១៧។ ពេលនោះ គណបក្សសង្គ្រោះជាតិ បានឈ្នះមេឃុំចំនួន៧ ក្នុងចំណោម១១។
នៅម៉ោង៧ ព្រឹកថ្ងៃអាទិត្យ ការិយាល័យបោះឆ្នោតចាប់ផ្តើមបើកដំណើរការបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១.៦៥២ ឃុំ-សង្កាត់។
នៅក្នុងឃុំស្តៅ មានគណបក្សនយោបាយចំនួនបីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ គណបក្សទាំងនេះរួមមាន គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ឈរនៅលេខរៀងទី១លើសន្លឹកឆ្នោត ខណៈគណបក្សភ្លើងទៀន នៅលេខ២ និងចុងក្រោយ គឺគណបក្សខ្មែរស្រលាញ់ជាតិ។
សម្រាប់លទ្ធផលបឋមការបោះឆ្នោតនៅឆ្នាំ២០២២ក្នុងឃុំស្តៅ គណបក្សប្រជាជនកម្ពុជាទទួលបាន១៩៣៧ សំទ្បេង ខណៈគណបក្សភ្លើងទៀនទទួលបាន៧៥៥ សំទ្បេង នេះបើយោងតាមការបញ្ជាក់របស់គណបក្សប្រជាជនកម្ពុជា លោក ទ្បាយ សេងហុង ដែលនឹងបន្តតំណែងមេឃុំស្តៅ សម្រាប់ឆ្នាំ២០២២-២០២៧។
លោក សេងហុង ប្រាប់ខេមបូចា គណបក្សប្រជាជនកម្ពុជានិងបន្តដឹកនាំភូមិ ឃុំសម្រាប់អាណត្តិទី៥នេះដោយបានសំទ្បេងឆ្នោតនាំមុខគេទាំងអស់។
លោកមានប្រសាសន៍ថា៖ «យើងបានឈ្នះកៅអីមេឃុំវិញ ហើយយើងសប្បាយចិត្ត ឈ្នះកៅអីច្រើនក្នុងឃុំ-សង្កាត់នេះ ហើយអរគុណចំពោះសមាជិកសមាជិការដែលបានគាំទ្រ»។
តាមលទ្ធផលបឋមនៅឃុំស្តៅមានអាសនៈទាំង៥ ហើយភ្លើងទៀនបានមួយអសនៈជាជំទប់ទី២។
ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ នៅឃុំស្តៅ គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១១២ សំឡេង ខណៈគណបក្សសង្គ្រោះជាតិ ទទួលបាន ១,៦៧៦ សំឡេង។

លោកគង់ រ៉ៃយ៉ា បានឈរឈ្មោះដើម្បីប្រកួតប្រជែងនឹងមេឃុំដែលកំពុងកាន់អំណាច លោក ឡាយ សេងហុង អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលបានប្តូរមកគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបក្សប្រឆាំងត្រូវបានរំលាយនៅឆ្នាំ ២០១៧។
លោក រៃយ៉ា មានប្រសាសន៍ថា លោកមិនពេញចិត្តនិងលទ្ធផលការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះទេ ពីព្រោះវាមានភាពមិនប្រក្រតីច្រើនដែលអាជ្ញាធរមូលដ្ឋានរបស់គណបក្សកាន់អំណាចនៅក្បែរនិងមណ្ឌលបោះឆ្នោះ និងកត់ស្រង់ឈ្មោះអ្នកបោះឆ្នោត។
លោកនិយាយថា៖ «ខ្ញុំយល់ថាដូចជាដាក់សម្ពាធទៅកាន់អ្នកបោះឆ្នោតមែនទែន ជាពិសេសអនុវិទ្យាល័យស្តៅមានកម្លាំងឯកសណ្ឋានច្រើន មានប្រជាការពារ ប៉ូលិសផង ខ្ញុំយល់ថាអត់មានមូលហេតុដាក់កម្លាំងច្រើនចឹងទេ»។
លោកបានបន្តថា លោកកំពុងរង់ចាំយោលបល់ពីថ្នាក់ដឹកនាំរបស់គណបក្សសម្រាប់សកម្មភាព ក៏ដូចជាឈរជាបេក្ខភាពមេឃុំស្តៅនៅអាណត្តិបន្តទៀត។
លោកថា៖ «រឿងនិងវាអាស្រ័យលើថ្នាក់ដឹកនាំ»។
លោកគង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារចំនួន២ដងទាក់ទងនឹងបញ្ហានយោបាយ លោកត្រូវបានចាប់ខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៥ នៅពេលលោកនៅជានិស្សិតសាកលវិទ្យាល័យនៅឡើយជុំវិញការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដោយពេលនោះលោកបានអំពាវនាវឱ្យមាន «បដិវត្តន៍ពណ៌»។ ចំពោះរឿងនោះ លោកត្រូវបានរកឃើញថាមានទោសនៅឆ្នាំ ២០១៦ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់។
លោកត្រូវបានតុលាការផ្ដន្ទាទោសជាលើកទី២នៅខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទញុះញង់ចំពោះការលក់អាវយឺតដែលមានរូបភាពនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ លោក កែម ឡី។
នៅក្នុងឃុំខ្ចៅ អតីតបមេឃុំគណបក្សសង្គ្រោះជាតិ លោក មាស សំអុល បច្ចុប្បន្ន បានមកឈរឈ្មោះជាបេក្ខភាពគណបក្សភ្លើងទៀនមានប្រសាសន៍ថា គណបក្សភ្លើងទៀនក្នុងឃុំខ្ចៅទទួលបាន ១.៤៤៤ សំទ្បេង ខណៈដែលគបក្សប្រជាជនទទួលបាន ៣.០០៧ សំទ្បេង។
លោកមានប្រសាសន៍ថា៖ «ចាញ់គេហើយ….យើងប្រហែលបានជាជំទប់ទី២ និងសមាជិកឃុំពីរទៀត»។ នៅឃុំខ្ចៅមានទាំងអស់ប្រាំបួនអាសនៈ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាទទួលបានសំទ្បេងច្រើនជាងគេ។
ទោះបីជាយ៉ាងណា លោក សំអុល នៅមិនអស់ចិត្តដែលគណបក្សភ្លើងទៀងមិនទទួលបានជ័យជំនះ ដោយលោកអះអាងថាគណបក្សកាន់អំណាចនៅតែប្រើយុទ្ធសាស្ត្រទិញទឹកចិត្តពលរដ្ឋ ហើយថ្នាក់ដឹកនាំដូជាមេភូមិ មេឃុំ ក្រុមប្រឹក្សា និងថ្នាក់នាំបក្សស្រុក ឈរនៅមុខការិយាល័យបោះឆ្នោត ដោយប្រើសញ្ញា ឬដឹកដៃពលរដ្ឋទៅមើលឈ្មោះបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ «ហាក់ដូចគេរៀបទុកទូទាំងប្រទេសមើលទៅលទ្ធផលឆ្នោត»។ លោកបន្ថែមថា នៅក្នុងឃុំខ្ចៅមានប្រជាជនជាង៦០០០នាក់ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ប៉ុន្តែចេញទៅបោះឆ្នោតជាង៤០០០ នាក់ប៉ុណ្ណោះ។
លោកបានបន្ថែមថា៖ «យើងបាត់សំទ្បេងជាង ២០០០នាក់ ដែលមិនបានចេញទៅបោះឆ្នោត បាត់ភាគច្រើនកម្លាំងគាំទ្រហ្មង ហាក់ដូចគាត់គ្មានជំនឿលើគ.ជ.ប»។

គណបក្សភ្លើងទៀន ដែលពីមុនត្រូវបានគេស្គាល់ថា ជាគណបក្សសមរង្ស៊ី ហើយក្រោយមកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ។ គណបក្សភ្លើងទៀនបានធ្វើសមាជនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាប់ផ្តើមគណបក្សនេះឡើងវិញ ដើម្បីឆ្ពោះទៅចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំបន្ទាប់។
កាលពីឆ្នាំ២០១៣ កន្លងទៅគណបក្សសង្គ្រោះជាតិ ធ្លាប់បានរុញច្រាលគណបក្សកាន់អំណាចឱ្យជិតចាញ់ការបោះឆ្នោតជាតិនាពេលនោះ ហើយជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិធ្វើបានយ៉ាងល្អដោយទទួលបានសមាជិកក្រុមប្រឹក្សាប្រមាណជា ៥ ០០០អាសនៈបើធៀបនឹងសមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនដែលមានតែជាង ៦ ០០០អាសនៈ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ បន្ទាប់ពីការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលគេជឿថាមានហេតុផលនយោបាយ។ ក្រោយការរំលាយគណបក្សនេះ មន្ត្រីបក្សប្រឆាំងចំនួន ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
លោកស្រី យឹម សុធានី ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានបញ្ជាក់ថា ការបោះឆ្នោតសម្រាប់ខេត្តកំពង់ចាមបានប្រព្រឹត្តិទៅយ៉ាងរលូតមិនមានបញ្ហាធំដុំនោះទេ។ លោកស្រីក៏បដិសេធការគំរាមកំហែងជាការលើកទ្បើងបេក្ខភាពគណបក្សភ្លើងទៀនចំពោះវត្តមានរបស់អាជ្ញធរមូលដ្ឋាន។
លោកស្រីមានប្រសាសន៍ថា៖ «តាមពិតវាមិនមែនជាការគំរាមកំហែងអីទេ តាមដែលខ្ញុំទទួលបានព័ត៌មានគ្រាន់ជាការជួយបំពេញកាតព្វកិច្ចក្នុងនាមអាជ្ញាធរ ដែលពិនិត្យស្ថានភាពអ្នកដែលមិនទាន់បានអញ្ជើញទៅបោះឆ្នោត លោកយកព័ត៌មាននិងទៅប្រាប់ពលរដ្ឋថាការបោះឆ្នោតកំណត់ត្រឹមម៉ោង៣»។
លោកស្រីបន្ថែមថា៖ «ការទៅហ្នឹងមិនមែនទៅជិតការិយាល័យពេកទេ គាត់នៅរៀងឆ្ងាយដែរ»។

លោកកែវ សុខចី អាយុ ៤៦ ឆ្នាំ បានធ្វើដំណើរពីខេត្តព្រះវិហារដើម្បីមកឆ្នោះក្នុងឃុំស្តៅ ប៉ុន្តែតែលោកខកខានមិនបានគូសសន្លឹកឆ្នោតដើម្បើរើសតំណាងរបស់នោះទេ ពីព្រោះថ្ងៃខែឆ្នាំកំណើតអត្តសញ្ញាណបណ្ណរបស់លោកខុសពីឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោកបាននិយាយថា៖ «ខុសថ្ងៃខែឆ្នាំកំណើត (អត្តសញ្ញាណបណ្ណ) អត់ដឹងដែររឿងដែរហ្នឹង…ខ្ញុំសោកស្តាយដែលអត់បានបោះព្រោះមកពីឆ្ងាញនៅព្រះវិហារ» លោកបន្ថែមថា លោកបានបោះឆ្នោតឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ ដោយលោកប្រើអត្តសញ្ញាណបណ្ណគំរូថ្មីដូចគ្នានេះដែរ។
រីឯលោកស្រី ស៊ន សុគីម អាយុ៤២ឆ្នាំ បានប្រាប់ខេមបូចា បន្ទាប់ពីលោកស្រីបោះឆ្នោតថា មានគណបក្សពីរដែលលេចធ្លោគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។
លោកស្រីថា៖ «ខ្ញុំឃើញគណបក្សបី (លើសន្លឹកឆ្នោត) តែមើលឃើញច្បាស់តែគណបក្សពីរ ហើយបក្សមួយទៀតមិនសូវចាប់អារម្មណ៍» ដោយអ្នកស្រីបន្ថែមថា៖ «ប្រហែលរត់មិនរួចជាមួយគណបក្សប្រជាជនទេ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ទ្បន ទ្បាញ់ អាយុ៣៧ ឆ្នាំ ដែលបានទៅឆ្នោតនៅឃុំខ្ចៅ នៃស្រុកកងមាស បាននិយាយថា មានប្រជាពលរដ្ឋច្រើនចេញទៅបោះឆ្នោត ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់រៀបចំបានល្អ និងមិនមានបាតុភាពអ្វីកើតទ្បើងទេ។
លោកមានប្រសាសន៍ថា៖ «[ខ្ញុំ]មានអារម្មណ៍ថាសប្បាយចិត្តព្រោះបានមកជ្រើសរើស គណបក្សមួយដែលខ្លួនស្រាលាញ់ថានិងអាចជាតំណាងឲ្យប្រទេសជាតិមួយ»។
លោកបន្ថែមថាចង់ឃើញមេឃុំជាប់ឆ្នោតថ្មីយកចិត្តទុកដាក់បន្ថែមទៀតលើតម្លៃទីផ្សារដំណាំកសិផលរបស់កសិករក្នុងឃុំខ្ចៅ។
លោកបានបន្ថែមថា៖ «[ខ្ញុំ]ចង់ឲ្យក្នុងភូមិឃុំនិងដែលភាគច្រើនប្រជាពលរដ្ឋគាត់ធ្វើការ ធ្វើអ៊ីចឹងដូចខាងភូមិឃុំខ្ញុំទាក់ទងដំណាំដាំដុះគាត់ដាំបានផលគាត់ពិបាករកទីផ្សារលក់។ ចឹងគាត់ខ្វះខាត អ្នកខ្លះជំពាក់អង្គការ» ៕