សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈនេះមានរយៈពេលប្រមាណ១ខែ ក្រោយពីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដ​សៀមរាប​បានចុះសម្របសម្រួលរឿងបណ្ណសមធម៌ ប៉ុន្ដែពលរដ្ឋរុនតាឯកនៅ​មិនទាន់​ទទួល​បានប្រាក់ឧបត្ថម្ភពីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបទៅតាមការសន្យា​​របស់​អាជ្ញាធរ​ថានឹងផ្ដល់ជូនវិញ ខណៈពលរដ្ឋជាច្រើនបានសម្ដែងនូវការខកចិត្ដជាខ្លាំង និង​អស់​ជំនឿលើអាជ្ញាធរ។

អ្នកស្រី ប៊ុន សំណាង​ បានឱ្យដឹងថា គិតមកដល់ពេលនេះអ្នកស្រីនៅមិនទាន់បើកបាន​ប្រាក់​បណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរនៅឡើយ ខណៈអ្នកស្រីថា អស់រយៈពេល១ខែមក​ហើយដែលអ្នកស្រី និងពលរដ្ឋនៅរុនតាឯករង់ចាំដំណោះស្រាយ។

អ្នកស្រីបានរៀបរាប់ពី​បញ្ហាប្រឈមរបស់ខ្លួនថា អ្នកស្រីបានយកបណ្ណសមធម៌ទៅដាក់បញ្ចាំ​ដោយ​យកលុយចំនួន៣៥០០ដុល្លារដើម្បី​មកសាងសង់ផ្ទះ ត្បិតអ្នកស្រី​មិនមាន​លទ្ធភាព​សាង​សង់។ អ្នកស្រីបានបង្ហាញពីការព្រួយបារម្ភថា កន្លែងដែលអ្នកស្រីដាក់បញ្ចាំអាចនឹងចាំ ឬក៏​ត្រូវ​រឹបអូសផ្ទះអ្នកស្រីនោះទេ ព្រោះកន្លែងអ្នកស្រីបញ្ចាំគឺគេត្រូវបើកយកលុយពី​បណ្ណអ្នកស្រី​រាល់​ខែរយៈពេល៥ឆ្នាំ។

អ្នកស្រីសំណាង បានសម្ដែងការខកចិត្ដ និងបារម្ភថា៖ «ខ្ញុំប្រឈមលុយត្រូវសងគេ ព្រោះកាល​ដែល​យើងខ្ចីគេគឺយើងបង់គេរាល់ខែ។ ពេលបើកអត់បានចឹង វាហានីភ័យសម្រាប់ខ្ញុំ ព្រោះខ្ញុំ​អត់​មានលុយបង់ទៅគេ។ ខ្ញុំមិនដឹងថា ដីផ្ទះខ្ញុំអាចឈរគង់វង្សទេ ព្រោះខ្ញុំគ្មាន​លុយ​បង់ឱ្យគេ»​។

ចំណែកឯលោក សុខ សារិទ្ធ បានលើកឡើងថា រូបលោកមិនទាន់បានទទួលលុយពី​បណ្ណក្រីក្រ​នោះទេ ។ លោកសម្ដែងការខកចិត្ដជាខ្លាំងចំពោះការសន្យារបស់អាជ្ញាធរ។ យ៉ាងណាលោកថា ក្រោយពីមានការប្រែជុំវិញបណ្ណសមធម៌លោកហាក់ព្រួយបារម្ភ​ពី​ផលប៉ះ​ពាល់​សម្រាប់លោកជាខ្លាំងដោយលោកថា មិនមានលុយដើម្បីសងទៅម្ចាស់បំណុល​ដែល​លោក​បានបញ្ចាំបណ្ណសមធម៌។ លោកឱ្យដឹងទៀតថា លោកបានដាក់បញ្ចាំបណ្ណសមធម៌​រយៈ​ពេល២ឆ្នាំ ក្នុងករណីលុយមិនគ្រប់លោកត្រូវរកលុយ ឬក៏បន្ថែមឆ្នាំទៀតទៅម្ចាស់បំណុល។

លោកបញ្ជាក់ថា៖ «លំបាកខ្លាំងតែមែនទែន។ មិនដឹងបានលុយណាឱ្យគេទេ»។

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការ​កំណត់​ប្រាក់​ឧបត្ថម្ភ វិធាននីតិវិធី និងយន្ដការគ្រប់គ្រងការអនុវត្ដកម្មវិធីស្ដារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋទៅក្រុងរុនតាឯកតេជោសែន និងឃុំ​ពាក់ស្នែង​នៃស្រុកអង្គរធំខេត្ដសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាននៃការរស់នៅឱ្យ​កាន់តែ​ល្អប្រសើរវិញ។

ក្នុងអនុក្រឹត្យដដែលបានបញ្ជាក់ថា​ គ្រួសារទទួលបាន ៨៦ ០០០រៀល និងសមាជិកគ្រួសារ​ក្នុងម្នាក់ ៤០ ០០០រៀល។ កុមារអាយុ៥ឆ្នាំចុះទទួលបាន ៤០ ០០០រៀល និងជនមាន​ពិការភាព​ ១២ ០០០រៀល និងមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅទទួលបាន ១២​ ០០០​រៀល និង​សមាជិកដែលមានផ្ទុកមេរោគអេដស៍ទទួលបាន ១២ ០០០រៀល។

បើតាមលោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្ដសៀមរាបបានថ្លែងថា ក្រសួង​សង្គមកិច្ច​​នឹង​បើកប្រាក់​ដែល​នៅសល់តាមអនុក្រឹត្យ​លេខ៨៨ជូនពលរដ្ឋនៅថ្ងៃទី៥ ខែមិនា ខាងមុខនូវចំនួនទឹកប្រាក់ដដែល ហើយអនុក្រឹត្យថ្មីនឹងបើកជូននៅថ្ងៃទី១ ខែមេសា។

លោកថ្លែងថា៖ «លុយគេនឹងបើកជូនពួកគាត់តាមអនុក្រឹត្យចាស់នៅថ្ងៃទី៥ ខែមិនានេះ។ ហើយតាមអនុក្រឹត្យថ្មីនឹងអនុវត្ដចាប់ពីដើមខែមេសាតទៅ។ ឆាប់ៗក្រសួងសង្គមកិច្ចនឹង​ចុះទៅ​ផ្សព្វផ្សាយ​រឿងបណ្ណសមធម៌ហ្នឹង​ អរគុណ»។

ពលរដ្ឋរាប់រយនាក់កំពុងអង្គុយចាំស្ដាប់ដំណោះស្រាយបញ្ហាបណ្ណសមធម៌ពីមន្ដ្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបនៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋរាប់រយនាក់កំពុងអង្គុយចាំស្ដាប់ដំណោះស្រាយបញ្ហាបណ្ណសមធម៌ពីមន្ដ្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបនៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តាមការបញ្ជាក់របស់លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ដសៀមរាបបានថ្លែងប្រាប់​ ខេមបូចា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ថា ក្រសួងសង្គមកិច្ចនឹងបើកលុយបណ្ណសមធម៌ឱ្យពលរដ្ឋសរុប​ចំនួន៣ខែ ​ដោយក្នុងនោះមានខែមករា កុម្ភៈ និងខែមិនា ដែលនឹងត្រូវបើកឱ្យពលរដ្ឋ​នៅថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៤ខាងមុខ។ លោកបានបញ្ជាក់ថា ការបើកលុយនេះយោងទៅតាម​អនុក្រឹត្យ​របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត។

លោកបន្ថែមថា៖ «បងអាចជម្រាបគាត់នូវមាត្រា ទី៤ និងទី៥។មាត្រាទី៤ ពេលអន្តរកាល ៣ខែ មករា កុម្ភៈ មិនា នឹងទទួលបានមកវិញពេលចាប់ផ្តើមបើកប្រាក់ក្នុងអនុក្រឹត្យថ្មីនេះ។មាត្រាទី៥ គេចាប់ផ្តើមអនុវត្តបើកនៅថ្ងៃទី១ ខែមេសា»។

ខេមបូចាមិនអាចសុំការបញ្ជាក់ពីលោក លោក ស៊ឹម សុធន ប្រធានមូលនិធិជនពិការ​នៃ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា ជុំវិញរឿងការទម្លាក់ថវិកាបានទេ។ ប៉ុន្ដែកាលពីថ្ងៃទី២៩ ខែមករាកន្លងមក លោកបានបញ្ជាក់ថា មូលហេតុនៃការកាត់ទឹកប្រាក់​ពលរដ្ឋនៅតំបន់រុនតាឯកដោយយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញកាល​ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣​ទើបមានកាត់ដូច្នេះ។

លោកបានសន្យា​នឹង​ពលរដ្ឋ​រុនតាឯក​ត្រឹម​១អាទិត្យ​​ដើម្បីដោះស្រាយជូន ខណៈលោកថា​ការដោះស្រាយនេះ​មិនយោង​តាម​អនុក្រឹត្យ​លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលបាន​ចេញនោះទេ គឺអាស្រ័យលើលោកដាក់​សំណើ​ទៅថ្នាក់លើ។ លោកបានលើកឡើងទៀតថា ករណីពលរដ្ឋរុនតាឯក គឺករណីពិសេស​ដែល​អាច​​នឹងផ្ដល់​ជូនក្រោយពីថ្នាក់លើឆ្លើយតប។

លោកថ្លែងថា៖ «បាទបង យើងសន្យានឹងពួកគាត់១អាទិត្យក្រោយពីថ្នាក់លើ​ទម្លាក់​ការ​ដោះ​ស្រាយ​មក។ យើងធ្វើតែករណីពលរដ្ឋនៅរុនតាឯក១ម៉ឺនគ្រួសារទេ មិនទូទាំង​ប្រទេសបង»។

នៅព្រឹកថ្ងៃសុក្រទី២៥ ខែកុម្ភៈកន្លងទៅ ពលរដ្ឋជិត៤០០នាក់បាននាំគ្នាផ្ទុះការ​តវ៉ាជាថ្មី​នៅ​មុខ​សាលាឃុំរុនតាឯកដើម្បីស្នើឱ្យ​អាជ្ញាធរ​ជួយដោះស្រាយ​លើបញ្ហាបណ្ណ​សមធម៌​ដែល​រដ្ឋាភិបាល​​បានផ្ដល់រយៈពេល១០ឆ្នាំដែលមានទឹកប្រាក់ក្នុងមួយគ្រួសារជាង៤០ម៉ឺនរៀល តែបែរ​ជាទទួលបានត្រឹមតែជាង១០ម៉ឺនរៀលទៅវិញ។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋថា អាជ្ញាធរមិនគោរព​តាមការសន្យា និងធ្វើឱ្យពួកគេបាត់ជំនឿលើអាជ្ញាធរ​ទាំងពួកគេ​កំពុង​ប្រឈមបញ្ហាបំណុលជាខ្លាំង។

បើតាមលោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប និង​បាត់ដំបង បានថ្លែងថា ការពន្យាពេលក្នុងការបើកលុយបណ្ណសមធម៌ជូនពលរដ្ឋ​នៅរុនតាឯក​នេះបានបង្កបញ្ហាប្រឈមដល់ពួកគាត់ ខណៈពលរដ្ឋភាគច្រើនបានយកបណ្ណក្រីក្រ​ទៅដាក់​បញ្ចាំ​ដើម្បីស្ដារជីវភាព ឬក៏សាងសង់ផ្ទះ។ លោកបន្ដថា បើអាចរដ្ឋាភិបាលគួរពន្លឿន​ឱ្យបាន​លឿន​ដើម្បីឱ្យពលរដ្ឋអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀតលោកថា​ រដ្ឋាភិបាលមិនគួរកាត់ប្រាក់ឧបត្ថម្ភរបស់ពលរដ្ឋឡើយគួរតែផ្ដល់ឱ្យដូចដើម ទើបជាការល្អ។

លោក គង់ជិត ថា៖ «រដ្ឋាភិបាលគួររក្សាប្រាក់ឧបត្ថម្ភឱ្យនៅដដែលដើម្បីងអាចជួយជីវភាព​របស់​ពួកគាត់សិន ចាំពេលពួកគាត់រឹងដៃរឹងជើងហើយចាំកាត់ទើបល្អ។ ក្នុងនាមសង្គមស៊ីវិល​សង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងគិតគូរលើបញ្ហានេះឱ្យបានល្អប្រសើរ»។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្រុមការងារ នៃក្រសួងផែនការ បានធ្វើបណ្ណសមធម៌ ដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅ​ភូមិ​ធម្មជាតិ​​រុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ យុទ្ធនាការ​នេះធ្វើ​ឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់គ្រប់ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវផ្ដល់ប័ណ្ណសមធម៌។

ក្រសួងផែនការបើកយុទ្ធនាការកំណត់ និងផ្ដល់បណ្ណសមធម៌ ជូនប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​ដល់​ពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើកទី១ មានប្រជាពលរដ្ឋទៅទទួលបណ្ណសមធម៌ ចំនួន ៤ ២២៩គ្រួសារ និង​យុទ្ធនាការ​លើកទី២ មានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បាន​ទទួលបណ្ណសមធម៌ចំនួន ៤ ៧៩៣គ្រួសារ ដែលមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបាន​ស្ម័គ្រចិត្ដ​ចាកចេញមាត់ស្ទឹង តំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅរស់នៅ​រុនតាឯកថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលប័ណ្ណសមធម៌​ប្រមាណជិត១ម៉ឺនគ្រួសារ។

យោងតាមរបាយការណ៍ស៊ើបអង្កេតមួយពីសំណាក់អង្គការ Amnesty International (កាលពី​ឆ្នាំ​២០២២ ការចុះបញ្ជីដីធ្លី«បានកើនឡើងយ៉ាងគំហុក»នៅក្នុងតំបន់អង្គរ ហើយអាជ្ញាធរ​ត្រូវ​បាន​គេរាយការណ៍ថា បានចាប់ផ្ដើមជម្លៀសប្រជាជន ១០ ០០០គ្រួសារ​ចេញពីតំបន់​នោះ។ អាជ្ញាធរបានលើកឡើងពីភាពចាំបាច់ក្នុងការការពារតំបន់ប្រាសាទអង្គរពីការខូចខាត​ដែល​អាច​ប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូរបស់ទីតាំងនោះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម