សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សហគមន៍នៅជនបទ និងជនជាតិដើមភាគតិចនៅតែ​ជួបបញ្ហាប្រឈមក្នុងការប្រើប្រាស់អ៊ីនធឺណិត

អ្នកចូលរួមក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញមានទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា និងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
អ្នកចូលរួមក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញមានទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា និងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

វេទិកាអ៊ីនធឺណិតភ្នំពេញកាល​ពី​ថ្ងៃទី១៨ និង១៩ ខែឧសភា បានលើកឡើង​ពីបញ្ហាប្រឈមដែលក្រុមជនជាតិដើម​ភាគតិច​នៅកម្ពុជា បន្តជួប​ប្រទះ​ក្នុង​ការទទួល​បាន​សេវា​អ៊ីនធឺណិត។

ការចូលប្រើ​សេវា​អ៊ីនធឺណេតក្នុងប្រទេសបានកើន​ឡើងយ៉ាងឆាប់រហ័សអំឡុងប៉ុន្មាន​ឆ្នាំកន្លង​ទៅ​នេះ ដោយ​ចំនួនអ្នកជាវសេវាអ៊ីនធឺណេតកើន​ពី​៨លាននាក់ក្នុងឆ្នាំ២០១៦ដល់​១៨លាន​នាក់​​ក្នុងឆ្នាំ២០២២។ ប៉ុន្តែ​អ្នក​រស់​នៅ​តាម​តំបន់​ជន​បទ​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ ជា​ពិសេស​នៅ​ពេល​គេនិយាយដល់​បញ្ហា​​ល្បឿន​អ៊ីនធឺណិត។ ជនជាតិដើមភាគតិច និងជនពិការក៏មាន​ការ​លំបាក​ក្នុងការទទួល​បាន​សេវាឌីជីថលនេះ​ផងដែរ។

សាម៉ន ពេជ្រ អាយុ២៣ឆ្នាំ ជាជនជាតិដើមភាគតិចពូនងមកពីខេត្តមណ្ឌលគិរី ដែលបានចូល​រួម​​ក្នុង​វេទិកានេះ​បាននិយាយថា សហគមន៍ជនបទរបស់នាងមានការលំបាកមួយចំនួន រួម​ទាំង​​កង្វះ​ការយល់ដឹងអំពីសេវាឌីជីថល និងសេវា​អ៊ីនធឺណិតខ្សោយ​។

សាម៉ន ពេជ្រ បាន​ឱ្យដឹងថា៖ «សម្រាប់ខ្ញុំ ពេលខ្លះនៅពេលដែលអង្គការរៀប​ចំ​ការ​​បណ្តុះ​បណ្តាល ឬសិក្ខាសាលា ពួកគាត់មិនអាចទាក់ទង​ខ្ញុំបានទេ។ ដូច្នេះហើយ ខ្ញុំបាត់បង់​ឱកាស​ចូលរួមកម្មវិធីទាំងនោះ។ នៅពេលពួកគាត់​ [អង្គការក្រៅរដ្ឋាភិបាល] ចាប់ផ្តើម​ទទួល​ពាក្យ​ ឬប្រកាសអំពី​វគ្គបណ្ដុះបណ្ដាល យើងមិន​ដឹងអំពី​រឿងនេះទេ»

ពិន ព្លិល អាយុ២២ឆ្នាំ ជាជនជាតិដើមភាគតិចពូនងមកពីខេត្តមណ្ឌលគិរីយល់​ឃើញថា អ៊ីនធឺណិត​មានសារៈសំខាន់ជាពិសេសសម្រាប់សហគមន៍របស់គាត់ដូច​ជាការធ្វើ​អាជីវកម្ម​ជាដើម។

លោក​បាន​បញ្ជាក់​ថា៖​​ «​នៅ​ពេល​មាន​អ៊ីនធឺណិត ​ហើយ​ជនជាតិ​ដើម​ភាគតិច​ដឹង​ពី​របៀប​ប្រើប្រាស់​នោះ​ ពួកគាត់​​នឹង​អាច​ធ្វើ​អាជីវកម្ម​តាម​អ៊ីនធឺណិត ​ដោយ​ការ​លក់​​ផ្លែឈើ​ខ្លះ ​ដោយ​មិន​ពឹង​ផ្អែក​លើ​ការ​លក់​បែប​ប្រពៃណី​នោះទេ»

លោក​បានបន្តថា ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​ទៀត និង​អ្នក​រស់​នៅ​តាម​តំបន់​ជនបទ​មាន​បញ្ហា​ដូច​​លោក​ដែរ ​ក្នុង​ការទទួលបាន​សេវា​​អ៊ីនធឺណិត។ លោក​បន្ត​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ដាច់ស្រយាល​ទទួល​បាន​សេវា​អ៊ីនធឺណិត​មិន​ស្មើ​គ្នាទេ ​បើ​ធៀប​នឹង​ប្រជាពលរដ្ឋ​​នៅក្បែរទី​ប្រជុំជន​។

ប្រទេសកម្ពុជាមានក្រុមហ៊ុនទូរគមនាគមន៍ធំ​ៗចំនួនប្រាំគឺ ក្រុមហ៊ុន Viettel ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន CamGSM ក្រុមហ៊ុន Xinwei Telecom និងក្រុមហ៊ុន Southeast Asia Telecom ដែលផ្តល់សេវាអ៊ីនធឺណេតចល័ត និងបណ្តាញប្រើខ្សែ​អ៊ិនធឺណេត។ ទោះបីជា​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីនធឺណិតនៅក្នុងប្រទេសនេះ មានភាពប្រ​សើរឡើងទាក់ទិន​នឹង​វិសាលភាព​ និងតម្លៃ​សមរម្យក៏ដោយក៏គុណភាពអ៊ីនធឺណិតទាំងមូលនៅតែមានកម្រិត ដូច​ដែល​បានកត់សម្គាល់​នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលថ្មីៗនេះរបស់​រដ្ឋាភិបាល។

លោក លីវ សុផាណារិទ្ធិ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនអាចទាក់​ទង​សុំការអត្ថាធិប្បាយបានទេ នៅ​ពេលចុះផ្សាយរឿងនេះ។

អ្នកចូលរួមក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញមានទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា និងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ខេមបុចា/ ព្រីង សំរាំង

អំឡុង​បើក​វេទិកានេះ លោកស្រី Anju Mangal ជាប្រធានប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ Global Digital Inclusion Partnership បានថ្លែងថា ប្រជាពលរដ្ឋ​មួយចំនួនមិន​បាន​ទទួល​សេវាកម្ម​ នៅពេលដែលរដ្ឋាភិបាលបង្កើតគេហទំព័រដែល​មិនអាចចូលមើល​បានសម្រាប់ពួកគេ។​

លោកស្រីមាន​ប្រសាសន៍ថា៖ «នៅពេលដែលពួកគេ [រដ្ឋាភិបាល] បង្កើត [គេហទំព័រ] សម្រាប់​ប្រជាពលរដ្ឋ​ ពួកគេមិនបានគិតពីដំណើរការនៃការផ្តល់​ដំណោះស្រាយ​នោះទេ។ ដំណើរការ​នៃការផ្តល់នេះ ​គឺការគិតអំពីមនុស្សនៅក្នុងសហគមន៍ជនបទ ឬជនពិការដែល​ប្រហែល​ជា​មិន​អាចចូលប្រើប្រាស់គេហទំព័រ​បាន»

លោកស្រីបានបន្តថា មនុស្សជាច្រើនដែលរស់នៅក្នុងទីក្រុងប្រើប្រាស់ស្មាតហ្វូនដែលជួយ​ឱ្យពួកគេទទួលបាន​សេវាអ៊ីនធឺណិត ប៉ុន្តែសហគមន៍ផ្សេងទៀតជាច្រើនប្រើប្រាស់​ទូរសព្ទ​ដៃ​ធម្មតា ដែល​គ្មានអ៊ីនធឺណិត។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនគួរតែផ្តល់ល្បឿនអ៊ីនធឺណិត​ដូចៗគ្នាដល់អ្នកប្រើប្រាស់ទាំងអស់ ហើយក្រុមហ៊ុនទាំងនោះមិនគួរបែងចែកល្បឿននៃសេវារវាងតំបន់ជនបទ និងទីក្រុង​នោះទេ។

លោក ចាន់ទី ពិសាល នាយកនៃ​មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថល និង​នវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាមាន​ប្រសាសន៍ថា​ រដ្ឋាភិបាល​កំពុង​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។

ប៉ុន្តែលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលនៅមានចំណុចខ្វះខាតមួយចំនួន ហើយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល​មិន​មានលទ្ធភាពទទួលបានព័ត៌មានអំពីអ្វីដែលរដ្ឋាភិបាលបានធ្វើនោះទេ។ លោកបានបន្ថែមថា ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជារីកចម្រើន វាត្រូវការការចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងគួរចូលរួម គឺការជួយត្រួតពិនិត្យ និងចូលរួម​ដោយការ​ទទួលខុសត្រូវក្នុងគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា។ ការចូល​រួម​របស់ភាគីពាក់ព័ន្ធដែលមិនអាចខ្វះបានពីសង្គមស៊ីវិល និងប្រជាពលរដ្ឋ គឺ​ជាការចាំបាច់ ដើម្បី​ធានាគុណភាពអ៊ីនធឺណិត»  លោកបន្តថា៖ «យើងមាន4G និង5G ប៉ុន្តែនរណា​ធានា​​គុណភាព? តើនរណាធានាថា 5G គឺពិតជា5G ហើយនរណាធានាថា អ៊ីនធឺណេត ដែល​យើង​ទទួលបានហ្នឹងគឺមិនត្រូវបានបោកប្រាស់ [គុណភាពអន់]?»

ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Rural and Indigenous Communities Still Struggle With Internet Access

492 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម