សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋភូមិដាច់ស្រយាលក្នុងឃុំមោង សំណូមពរដល់រាជរដ្ឋាភិបាល និងសប្បុរសជនជួយកសាងផ្លូវជាង ១០គីឡូម៉ែត្រ

: ផ្លូវចូលភូមិមួយខ្សែនៅក្នុងភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ដែលពលរដ្ឋស្នើរសូមដល់រាជរដ្ឋាភិបាលជួយកសាងដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ។ រូបថត បាន ធារ៉ា
: ផ្លូវចូលភូមិមួយខ្សែនៅក្នុងភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ដែលពលរដ្ឋស្នើរសូមដល់រាជរដ្ឋាភិបាលជួយកសាងដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ។ រូបថត បាន ធារ៉ា

បាត់ដំបង៖ ប្រជាពលរដ្ឋជាង ២០០គ្រួសាររស់នៅភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង សំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន ជួយកសាងផ្លូវចូលភូមិមួយខ្សែមានប្រវែង ៧ ០០០ម៉ែត្រ និងមួយខ្សែទៀតចុះពីផ្លូវជាតិលេខ៥ មានប្រវែងប្រមាណ ៣ ០០០ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើរពេលឈឺថ្កាត់ និងសិស្សានុសិស្សបានធ្វើដំណើរទៅសិក្សាទាន់ពេលវេលា។

លោក ស៊ាន ហ៊ុន ពលរដ្ឋរស់នៅក្នុងភូមិរលួស ឃុំមោង បានថ្លែងថាផ្លូវក្នុងភូមិរលួស មានភាពលំបាក រលាក់ មានក្រឡុកតូចធំ បើនិយាយពីខែវស្សាផងមានចំនុចខ្លះបែកផុក និងលិចទឹកពិបាកធ្វើដំណើរខ្លាំងណាស់ ។ លោកថា៖ «បើសិនជាមានអ្នកជំងឺឈឺថ្កាត់ធ្ងន់ធ្ងរយប់ព្រលប់វិញមិនថារដូវប្រាំង ឬរដូវវស្សាទេ ពេលចង់ដឹកចេញទៅរកពេទ្យស្រុកមោងគឺពិបាកណាស់ ហើយអាចនឹងបាត់បង់ជីវិតតាមផ្លូវក៏ថាបាន»។

លោក ស៊ុន ណយ អនុភូមិរលួសបានលើកឡើងថាផ្លូវក្នុងភូមិបានខូចខាតដាច់ក្រឡុក ជាច្រើន កាលពីរដូវវស្សាកន្លងទៅដោយសារទឹកលិចហូរកាត់ផ្លូវ។ លោកអនុភូមិបន្តថា៖ «សំរាប់រដូវប្រាំងយើងអាចធ្វើដំណើរបានធម្មតាតែពុំសូវមានភាពងាយស្រួលនោះទេ តែបើរដូវវស្សាវិញមានត្រង់ចំនុចមួយចំនួនទឹកលិចបានបិទមិនឱ្យធ្វើដំណើរនោះទេ»។

លោក សាំង ពុត នាយកសាលាបឋមសិក្សារលួស បានថ្លែងឱ្យដឹងផងដែរថាដោយសារភូមិមួយនេះដាច់ស្រយាលពិបាកធ្វើដំណើរ បានបណ្ដាលឱ្យសិស្សកំរិតអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួនខកខានទៅសិក្សាដោយសាររដូវរស្សាផ្លូវស្អិត រអិល និងរដូវប្រាំងផ្លូវក្រឡុក រលាក់បណ្ដាលឱ្យបែកកង់ម៉ូតូជាដើម។ លោកនាយកបន្ថែមថា៖ «ពុំមែនតែសិស្សធំៗនោះទេសូម្បីតែកុមារតូចៗដែលសិក្សានៅសាលាបឋមផ្ទាល់ក៏ត្រូវលំបាកនៅរដូវវស្សា ដោយសារខ្លះដើរដួលប្រលាក់សម្លៀកបំពាក់ក៏ត្រលប់ទៅផ្ទះខានរៀនសូត្រក៏មាន»។

ផ្លូវចូលភូមិមួយខ្សែនៅក្នុងភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ដែល​ពលរដ្ឋស្នើរសូមដល់រាជរដ្ឋាភិបាលជួយកសាងដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើ​ដំណើរ។ រូបថត បាន ធារ៉ា
ផ្លូវចូលភូមិមួយខ្សែនៅក្នុងភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ដែល​ពលរដ្ឋស្នើរសូមដល់រាជរដ្ឋាភិបាលជួយកសាងដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើ​ដំណើរ។ រូបថត បាន ធារ៉ា

ទាក់ទងនឹងបញ្ហាផ្លូវពិបាកនេះលោក ស៊ួស សឿត មេភូមិរលួសបានថ្លែងឱ្យដឹងថា ភូមិរលួសមានផ្លូវ ២ខ្សែដែលធ្វើដំណើរចូលមកក្នុងភូមិដោយមួយខ្សែមានប្រវែង ៣ ០០០ម៉ែត្រចុះមកពីផ្លូវជាតិលេខ៥ និងមួយខ្សែរទៀតមានប្រវែង ៧ ០០០ម៉ែត្រដែលចេញមកពីសាលាអនុវិទ្យាល័យមោងឬស្សី។

លោកបញ្ជាក់ថា៖ «ផ្លូវទាំង ២ខ្សែត្រូវបានរងការខូចខាតធ្ងន់ធ្ងរនារយៈពេល ២ឆ្នាំចុងក្រោយនេះដោយសារលិចទឹក ហើយកាលពីឆ្នាំ ២០២០បានរងការខូចខាតដាច់ក្រឡុកជាកំណាត់ៗយ៉ាងដំណំ»។

លោកមេភូមិបន្ថែមថា ប្រជាពលរដ្ឋក្នុងភូមិរលួសក៏បានសហការគ្នាចូលរួមជាថវិកាដើម្បីជួសជុលផ្លូវបានល្មមនឹងប្រើប្រាស់កាលពីកន្លងទៅ តែពុំបានជាប់ល្អនោះទេ ខណៈលោកបានដាក់សំណើរទៅកាន់រដ្ឋបាលឃុំហើយផងដែរ តែឃុំពុំទាន់មានថវិកាកសាងផ្លូវនេះនៅឡើយទេ។ យ៉ាងណាមិញលោកមេភូមិ ក៏ដូចជាប្រជាពលរដ្ឋជាង ២០០គ្រួសារសំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន សូមជួយសាងសង់ផ្លូវទាំង ២ខ្សែរដែលមានប្រវែងសរុប ជាង ១០ ០០០ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋស្រួលចេញចូលពីភូមិទៅផ្សារទិញឥវ៉ាន់ ក៏ដូចជាស្រួលដឹកអ្នកជំងឺឈឺថ្កាត់ទៅកាន់មន្ទីរពេទ្យ និងជួយសម្រួលឱ្យសិស្សក្នុងភូមិដាច់ស្រយាលមួយនេះបានទៅសិក្សាទាន់ពេលវេលា ពុំបាច់ខកខានដូចកាលកន្លងទៅ។

ពាក់ព័ន្ធនឹងបញ្ហាផ្លូវនេះលោក ជា សុវណ្ណ មេឃុំមោង បានឱ្យដឹងថា ដោយសារថវិកាមូលនិធិឃុំឆ្នាំ២០២១ នេះត្រូវបានកសាងផ្លូវប៉េតុងមួយខ្សែនៅភូមិរ៉ា មានប្រវែង ៩៨៦ម៉ែត្រចំនាយថវិកា ២៣៤ ០០០ ០០០រៀលទើបក្នុងភូមិរលួសបានត្រឹមគ្រោងទុកពុំទាន់បានជួសជុល ឬសាងសង់ផ្លូវថ្មីនៅឡើយនោះទេ។

លោកមេឃុំបញ្ជាក់ថា៖ «ចំពោះផ្លូវមួយខ្សែដែលមានប្រវែង ៧ ០០០ម៉ែត្រចេញពីសាលាអនុវិទ្យាល័យមោង ឆ្ពោះទៅកាន់ភូមិរលួសគឺរដ្ឋបាលឃុំគ្រោងនឹងស្នើរសុំក្រុមការងាររាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំមួយនាថ្ងៃទី១៧ ថ្ងៃទី១៨ ខែធ្នូខាងមុខនេះហើយ»

លោកមេឃុំបន្ថែមថា ផ្លូវដែលចុះពីផ្លូវជាតិលេខ៥ មកកាន់ភូមិរលួសដែលមានប្រវែង ៣ ០០០ម៉ែត្រ រដ្ឋបាលឃុំពុំទាន់មានគម្រោងសាងសង់ថ្មីនៅឡើយទេដោយសារគិតថាបើ កសាងផ្លូវប្រវែង ៧ ០០០ម៉ែត្របានគឺអាចបញ្ជៀសគ្រោះថ្នាក់ផ្សេងៗនៅពេលសិស្សជិះទៅសិក្សា។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងភូមិរលួស ដែលជាភូមិដាច់ស្រយាល ស្ថិតក្នុងឃុំមោង ស្រុកមោងឬស្សី មានពលរដ្ឋរស់នៅប្រមាណ ២៤៨គ្រួសារ មនុស្សរាយប្រមាណ ១ ១០០នាក់ ដែលកំពុងរងផលប៉ះពាល់ផ្សេងៗអំពីផ្លូវលំបាកទាំង ២ខ្សែដែលឆ្ពោះមកកាន់ភូមិនេះ ខណៈផ្លូវមួយខ្សែរមានប្រវែង ៣ ០០០ម៉ែត្រ ចុះពីផ្លូវជាតិលេខ៥ និងផ្លូវមួយខ្សែរទៀតមានប្រវែង ៧ ០០០ម៉ែត្រដែលឆ្លងកាត់ភូមិចំនួន៦ គឺ ភូមិកោះចារ ភូមិអូក្រប៉ៅ ភូមិរលួស ភូមិប្រឡាយ ភូមិតាតុ២ និងភូមិកន្សៃបន្ទាយ៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

93 views

ព័ត៌មានទាក់ទង