សៀមរាបៈ ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី បានលើកឡើងថាការប្រើប្រាស់បង្គន់អនាម័យមានការកើនឡើងជាងមុន ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមិនទាន់មានបង្គន់សម្រាប់ប្រើប្រាស់នៅឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រីសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា បច្ចុប្បន្នការប្រើប្រាស់បង្គន់អនាម័យរបស់ពលរដ្ឋក្នុងមូលដ្ឋានមានកំណើនច្រើនជាងមុន។ ការកើនឡើងនេះដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ សម្រាប់ប្រជាពលរដ្ឋក្រីក្រវិញគឺមានអ្នកជួយឧបត្ថម្ភខ្លះពីអង្គការក្រៅរដ្ឋាភិបាលនឹងអាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែបង្គន់មួយចំនួនប្រើប្រាស់មិនមានលក្ខណៈស្តង់ដានោះទេ។
យុវជន វណ្ណ ថេង រស់នៅក្នុងមូលដ្ឋានដូចគ្នា បានលើកឡើងថា ការប្រើប្រាស់បង្គន់អនាម័យជាផ្នែកមួយសម្រាប់ទទួលបាននូវសុខភាពល្អ ការរស់នៅប្រចាំថ្ងៃ តែក៏មានប្រជាពលរដ្ឋមួយចំនួនមិនទាន់មានបង្គន់អនាម័យប្រើប្រាស់នៅឡើយទេ។
យុវជនរូបននោះបានបន្ថែមទៀតថា ៖«ខ្ញុំសូមឲ្យអាជ្ញាធរ ជួយជម្រុញឲ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យ ជាពិសេសក្នុងសម័យកូវីដ១៩ ត្រូវមានអនាម័យឲ្យបានខ្ពស់ក្នុងការរស់នៅ»។
មេឃុំត្បែង លោក ហ៊ាន ថា មានប្រសាសន៍ថា ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យ លោក តែងតែចុះទៅអប់រំផ្សព្វផ្សាយឲ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់។
លោកបន្ថែមទៀតថា ៖«យ៉ាងណាគ្រួសារមួយចំនួនក្នុងឃុំមិនទាន់មានបង្គន់គ្រប់គ្រួសារនោះទេ។ ចំពោះបញ្ហានេះខ្ញុំនឹងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានបង្គន់ប្រើប្រាស់ ដើម្បីធានាសុខសុវត្ថិភាព សុខភាព និងអនាម័យក្នុងសង្គមទាំងមូល»។
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក សឿ សីហរិទ្ធិ បានមានប្រសាសន៍ថា ការបន្ទោបង់ពាសវាលពាសកាលជាកត្តាធ្វើឱ្យមានការចម្លងជំងឺ និងប៉ះពាល់ដល់សុខមាលភាពរបស់សហគមន៍។ លោកបន្ថែមថា ៖«ដើម្បីបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូមួយចំនួន ធ្វើការផ្តល់ជាបង្គន់អនាម័យ និង ផ្សព្វផ្សាយដល់ប្រជាជននៅ ស្រុក ឃុំ ដែលរស់នៅ តំបន់ដាច់ស្រយាល ដើម្បីឱ្យផ្លាស់ប្តូរឥរិយាបថ ពីអត់បង្គន់ប្រើឲ្យមកមានបង្គន់ប្រើប្រាស់វិញ»។
គួរបញ្ជាក់ផងដែរថា អាជ្ញធរខេត្តនិងអង្គការក្រៅរដ្ឋាភិបាល បានសម្រេចយកស្រុកអង្គរជុំ គឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប បានក្លាយជាស្រុកដំបូងបំផុតនៅក្នុងខេត្តនោះ ដែលសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល បន្ទាប់ពីមានការជំរុញនិងផ្សព្វផ្សាយរួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងរយៈពេល ៤ ឆ្នាំ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា៕
ដោយពលរដ្ឋសារព័ត៌មានខេត្តសៀមរាប ខាន់ សុម៉ាលី