លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា វិវាទការងាររវាងបុគ្គលិកណាហ្គាវើលដ៍ជាមួយនឹងក្រុមហ៊ុន គួរតែចរចារកដំណោះស្រាយឱ្យបានឆាប់ៗដោយសន្តិវិធី ខណៈសង្គមស៊ីវិលនានា ទាមទារឱ្យមានការដោះលែងមេដឹកនាំសហជីព និងរកដំណោះស្រាយជាបន្ទាន់ដោយសារកូដកម្មអូសបន្លាយជាងមួយខែមកហើយ។
ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែន នៅអគ្គស្នងការនគរបាលជាតិ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វិវាទការងារនេះ គណៈកម្មការដោះស្រាយវិវាទការងារ ដែលមានក្រសួងការងារជាអ្នកនាំមុខ និងអាជ្ញាធរពាក់ព័ន្ធគួរបន្តអត់ធ្មត់ ហើយប្រកាន់នូវជំហរសម្របសម្រួល ទាំងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ភាគីបុគ្គលិក និងភាគីអាជ្ញារកណ្ដាលជាសមត្ថកិច្ច ដើម្បីរកដំណោះស្រាយជាមួយគ្នា។
លោក ស ខេង មានប្រសាសន៍ថា៖ «ភាគី៣ដែលមានការពាក់ព័ន្ធក្នុងរឿងនេះ ខិតខំរកវិធីឱ្យបានឆាប់កាលណាល្អកាលហ្នឹង ហើយបើសិនបែរខ្នងដាក់គ្នារហូត គឺដោះអាម៉េចក៏មិនចប់ដែរ បើអាចថាបន្តិចម្ដងៗយើងងាកមុខរកគ្នាទៅ ប្រហែលជាអាចរកឃើញដំណោះស្រាយ តែបើថាមិនបែរមុខដាក់គ្នាទេ អាហ្នឹងមិនដឹងថាឆ្នាំណាអាចរកឃើញដំណោះស្រាយទេ»។
លោក ស ខេង បន្តទៀតថា សម្ដេចលើកទឹកចិត្ត និងតែងតែផ្ដល់នូវយោបល់ដើម្បីទៅអាជ្ញាធរក្រុង ក៏ដូចជាឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ឱ្យសមត្ថកិច្ច និងនគរបាលខិតខំ និងសម្របសម្រួលឱ្យភាគីទាំងពីរអាចនិយាយជាមួយគ្នា និងរកដំណោះស្រាយ។
លោកបន្តថា៖ «បើសិនជារកដំណោះស្រាយមិនឃើញអាចនឹងប្ដឹងតុលាការ ឬប្ដឹងអី ទៅតាមច្បាប់ជាធរមាន។ ឧទារហណ៍ បើអាច ព្រោះច្បាប់មានចែងច្បាស់អំពីបញ្ហានេះ ចឹងយើងដោះស្រាយឱ្យបានសមស្របទៅតាមហ្នឹង»។
យ៉ាងណាមិញ លោក ស ខេង សង្ឃឹមជឿជាក់ថា វិវាទការងារនេះ នឹងអាចឈានទៅរកដំណោះស្រាយរួមមួយឆាប់ៗខាងមុខនេះ ដោយរំពឹងថាភាគីពាក់ព័ន្ធ នឹងរួមគ្នាដោះស្រាយទៅតាមនិតិវិធីច្បាប់ដែលបានចែង។
ថ្វីបើយ៉ាងនេះក៏ដោយ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឆ្លើយតបតាមសារតេឡេក្រាមមកកាន់ខេមបូចាថា កន្លងទៅមន្ត្រីផ្សះផ្សាវិវាទរបស់ក្រសួងបានធ្វើលិខិតអញ្ចើញបុគ្គលិក ដែលយល់ថាមានការគណនាប្រាក់សំណងខុសឱ្យមកក្រសួងដើម្បីផ្ទៀងផ្ទាត់ជាមួយគ្នា។ បើបុគ្គលិកម្នាក់ៗមិនមកដោះស្រាយផ្ទាល់ទេ គឺមន្ត្រីបច្ចេកទេសរបស់យើងមិនអាចធានាលើសុក្រឹតភាពនៃព័ត៌មានដែលផ្តល់ដោយភាគីនិយោជកតែម្ខាងនោះឡើយ។
អ្នកនាំពាក្យរូបនេះ បញ្ចាក់ថា៖ «ករណីតវ៉ានេះ គួរបែងចែកឱ្យទាន់នូវអ្វីទៅជារឿងផ្ទាល់ខ្លួន អ្វីទៅជារឿងដែលពាក់ព័ន្ធច្បាប់ស្តីពីការងារ និងអ្វីដែលនៅក្រៅច្បាប់ស្តីពីការងារ។ រីឯអ្វីផ្សេងទៀត ដែលមិនពាក់ព័ន្ធច្បាប់ការងារ គឺបុគ្គលិកគួរសិក្សាស្វែងយល់អំពីនីតិវិធីនៃបញ្ហាទាំងនោះ ហើយនាំគ្នាដោះទៅតាមនីតិវិធី និងច្បាប់ដែលពាក់ព័ន្ធបញ្ហានោះ»។
ដោយឡែក ខាងក្រុមហ៊ុនណាហ្គាវើលដ៍កាលពីថ្ងៃទី២៤ ខែមករា ទើបតែបានចេញនូវសេចក្ដីប្រកាសជាសាធារណៈមួយថា ការបញ្ឈប់បុគ្គលិក គឺមិនមែនជាចេតនា និងរើសអើងសហជីពឡើយ តែដោយសារតែបញ្ហាកូវី១៩ ក្រុមហ៊ុនខាតបង់ប្រាក់ចំណេញ ចំនួន៧៧ លានដុល្លារអាមេរិក ទើបក្រុមហ៊ុនសម្រេចបញ្ឈប់បុគ្គលិកដែលលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។
ក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែអះអាងថា៖ «ការសម្រេចជ្រើសរើសបុគ្គលិកដែលរងផលប៉ះពាល់គឺផ្អែកលើវិធានផ្ទៃក្នុងរបស់ក្រុមហ៊ុន និងដោយផ្អែកលើតម្រូវការអាជីវកម្ម ផលិតភាពកន្លងមក ការរួមចំណែក និងការប្តេជ្ញាចិត្តរបស់បុគ្គលិក និងផ្អែកលើមូលដ្ឋានផ្សេងៗទៀត ដោយមិនគិតថាបុគ្គលិកជាសមាជិកសហជីព ឬមិនមែនសមាជិកសហជីព ជាបុគ្គលិកខ្មែរ ឬបុគ្គលិកបរទេស ជាបុគ្គលិកជួរមុខ ឬបុគ្គលិកថ្នាក់គ្រប់គ្រងនោះទេ» ។
ក្រុមហ៊ុនណាហ្គាវើលដ៍ លើកឡើងថា ខ្លួនមិនបានយកហេតុផលសមាជិកភាពសហជីពជាលក្ខខណ្ឌក្នុងការសម្រេចជ្រើសរើសនេះ ដូចការចោទប្រកាន់របស់សហជីពឡើយ ហើយក្រុមហ៊ុនតែងតែលើកទឹកចិត្ត និងសង្កត់ធ្ងន់ឱ្យបុគ្គលិកបង្កើតសហជីពចាប់តាំងពីពេលក្រុមហ៊ុនចាប់កំណើតក្នុងឆ្នាំ១៩៩៥ មកម្លេះ ។
ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី អ៊ុក សុភ័ក្រមូលីកា ជាបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមិនមានឈ្មោះកាត់ បានឱ្យដឹងថា ក្នុងនាមជាកម្មករអ្នកស្រីពិតជាចង់បានដំណោះស្រាយខ្លាំងណាស់ ព្រោះគ្មានកម្មករណាចង់ឈរហាលក្ដៅនោះឡើយ។
អ្នកស្រី សុភ័ក្រមូលីកា អះអាងថា៖ «គ្មានអ្នកណាចង់នៅហាលក្ដៅទេ យើងចង់បានដំណោះស្រាយឆាប់! ហើយរូបភាពរើសអើងមួយ ពួកយើងមិនអាចទទួលយកបានទេ ដោយក្រុមហ៊ុនណាហ្គាវើលដ៍គាត់ចង់បំបិទសិទ្ធិសេរីភាពការងារ ការបង្កើតសហជីព»។
អ្នកស្រី សុភ័ក្រមូលីកា សង្ឃឹមថា តុលាការនឹងទំលាក់បទចោទចំពោះតំណាងទាំង៨នាក់ ដែលកំពុងជាប់ឃុំ ដើម្បីបានចូលតុចរចាជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ អ្នកស្រីក៏បានសម្ដែងក្ដីរំពឹង ខណៈថ្នាក់ដឹកនាំមួយរូបបានឈឺឆ្អាលចំពោះវិវាទការងារនេះ ព្រោះកម្មករចង់បានតែមួយរស់ និងដើម្បីតែសិទ្ធិសេរីភាពការងារ និងការគោរពសិទ្ធិសហជីពតែប៉ុណ្ណោះ។
ចំណែកលោក ឃុន ថារ៉ូ អ្នក់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ យល់ឃើញថា ការចរចាដោយសន្តិវិធី គឺធ្វើទ្បើងដោយភាគីណាមួយមិនទទួលរងសម្ពាធ ចរចាដោយភាពស្មោះត្រង់ និងតម្កល់លើផលប្រយោជន៍សម្រាប់ភាគីទាំងសង តាមរយៈការធ្វើសម្បទានអោយគ្នាទៅវិញទៅមក ដោយមានតួរអង្គជាអ្នកផ្សះផ្សាដែលអាចធានា និងអាចទុកចិត្តបាន។
លោក ថារ៉ូ បញ្ជាក់ថា៖ «ការដោះស្រាយជាកញ្ចប់បញ្ចប់ជំលោះក៏អាចជាមធ្យបាយមួយសម្រាប់ដាក់លើទុកចរចា ហើយការដោះលែងតំណាងដើម្បីអោយពួកគាត់នៅក្រៅឃុំ ដើម្បីមានលទ្ធភាព ចូលតុចរចា សិទ្ធិក្នុងការសម្រេចចិត្ត និងឈានទៅដល់ការ បិទបញ្ចប់នីតិវិធីរបស់តុលាការ ក៏អាចជាវិធី អោយភាគីស្ងប់ចិត្តបាន (Cooling down period) ដែលធ្វើអោយភាគីយោគយល់គ្នាទៅវិញទៅមក និងធ្វើអោយបរិយាកាស ក្នុងការចរចា ដោយស្មើភាព តម្លាភាព និងអាចទុកចិត្តបាន»។
ជុំវិញបញ្ហាដ៏ចាក់ស្រេះនេះមិនទាន់ដោះស្រាយចេញនេះ ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា(ITUC) បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃ២៥ មករា បានសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបំពានសិទ្ធិចរចា សមូហភាព ដែលមានចែងក្នុងច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ដោយនិយោជកក្រុមហ៊ុនណាហ្គាវើលដ៍ ជាពិសេសក្នុងទំនាក់ទំនងវិវាទសមូហភាពទាក់ទងនឹងការបញ្ចប់កិច្ចសន្យាការងារដ៏ធំរបស់កម្មករនិយោជិតជាង១៣០០នាក់ និងចុងក្រោយឈានដល់ការចាប់ខ្លួនតំណាងសហជីព និងកម្មករនិយោជិត១០នាក់ ជាបន្តបន្ទាប់ដោយសារពួកគេបានប្រើប្រាស់សិទ្ធិធ្វើកូដកម្មដោយសន្តិវិធី ដើម្បីដោះស្រាយវិវាទការងារ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការយកច្បាប់ព្រហ្មទណ្ឌ មកធ្វើការចោទប្រកាន់លើតំណាងសហជីព និងកម្មករនិយោជិតពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងចាប់ខ្លួនពួកគេគឺជារឿង ដែលគ្រោះថ្នាក់ដល់សិទ្ធិសេរីភាពរបស់កម្មករដោយមិនសមហេតុផល»។
យ៉ាងណាមិញសេចក្ដីថ្លែងការណ៍ដដែល បានប្រតិកម្មចំពោះការចាប់ខ្លួនតំណាងសហជីព និងកម្មករនេះជាសកម្មភាពបំភិតបំភ័យ សម្លុត គំរាមកំហែង និងយាយីដល់សិទ្ធិរបស់កម្មករនិយោជិត ដែលសកម្មភាពគំរាមកំហែងបែបនេះ បង្កើតជាឱកាសសម្រាប់និយោជក ខិលខូចមួយចំនួនអាចកេងប្រវ័ញ្ច និងរំលោភសិទ្ធិកម្មករកាន់តែខ្លាំងឡើងៗ។
សេចក្តីថ្លែងការណ៍ ឱ្យដឹងថា៖ «ចំពោះការបញ្ឈប់កម្មករទាំង៣៦៥នាក់កន្លងមកគឺជាភស្តុតាងដែលបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិចរចាសមូហភាព ដែលត្រូវ បានបញ្ញត្តិឡើងក្រោមច្បាប់ជាតិ និងច្បាប់អន្តរជាតិ» ។
ក្នុងនោះដែរ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឆ្លើយតមតាមរយៈសារអ៊ីម៉ែលថា ស្ថានទូតអាមេរិកកំពុងតែយកចិត្តទុកដាក់បំផុត ចំពោះការចាប់ខ្លួនមេដឹកនាំសហជីព ខណៈដែលពួកគេធ្វើកូដកម្មដោយអហិង្សា ទាមទារសិទ្ធិសេរីភាព ស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលធានាបាននូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ការជួបជុំរបស់ពលរដ្ឋ។
ចំណែកស្ថានទូតជប៉ុនប្រចាំកម្ពុជាវិញ ក៏លើកឡើងស្រដៀងគ្នាដែរថា ស្ថានទូតខ្លួនកំពុងតែយកចិត្តទុកដាក់ ចំពោះបញ្ហានៃវិវាទការងារនេះ រួមទាំងការចាប់ខ្លួនមេដឹកនាំសហជីព។
ស្ថានទូតជប៉ុនអះអាងថា៖ «នឹងបន្តតាមដានជុំវិញបញ្ហានេះ ដោយសង្ឃឹមថា វិវាទការងារនេះ នឹងទទួលបានដំណោះស្រាយដោយសន្តិវិធី និងតម្លាភាពស្របទៅតាមបទដ្ឋាននៃច្បាប់របស់កម្ពុជា»៕