ក្រុមជនបោកប្រាស់កំពុងសំងំអូសទាញអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យដាក់លុយតាមតំណភ្ជាប់អនឡាញក្រោមរូបភាពវិនិយោគទុនទទួលបានការប្រាក់ខ្ពស់ដោយគ្មានហានិភ័យអ្វីទាំងអស់។
នៅតាមបណ្តាញសង្គមតេឡេក្រាមទម្រង់នៃការដាក់លុយបានផលចំណេញដោយគ្មានការខាតបង់ចាប់ផ្តើមរីកសុះសាយជាបន្តបន្ទាប់។ អ្នកបោកប្រាស់ជាជនបរទេសទាំងនោះ បានក្លែងបន្លំរូបភាពក្លែងក្លាយ ដាក់បង្ហាញនៅលើតេឡេក្រាមរបស់ខ្លួន និងបានព្យាយាមទំនាក់ទំនងដោយផ្ទាល់ទៅកាន់គណនីតេឡេក្រាមពលរដ្ឋខ្មែរដទៃទៀត ប្រើជំនួយប្រព័ន្ធបកប្រែហ្គូហ្គល (Google Translate) ទៅជាភាសាខ្មែរដើម្បីសន្ទនា។
អំឡុងខែតុលា ឆ្នាំ២០២២ កន្លងទៅ គម្រោងការបោកប្រាស់តាមប្រព័ន្ធឌីជីថលមួយក្រោមឈ្មោះថា ក្រុមហ៊ុន អូអិល (OL) បានជាប់គាំងមិនអាចឱ្យសមាជិកដកលុយបាន។ លុះក្រោយមកល្បែងភ្នាល់ដូចជា Qatar Sc World Club, Ecart Mall ,Payeer ,CIC Capital ,Dream Football ជាដើម មានទម្រង់ឱ្យសមាជិកវិនិយោគលេងដូច អូអិល (OL) ដែរ កំពុងដំណើរការពាសពេញបណ្តាញសង្គមតេឡេក្រាម។
ជនរងគ្រោះដោយសារប្រព័ន្ធអនឡាញ អ្នកស្រី សូរ ណារីការ វ័យ ៤៥ឆ្នាំ រស់នៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បានប្រាប់ខេមបូចាតាមរយៈប្រព័ន្ធទូរសព្ទថា កាលពីខែតុលា ឆ្នាំ២០២២ គាត់ចាញ់បោក អូអិល (OL) អស់ជិត២០០០ដុល្លារ ដោយសារមានមិត្តភក្កិបបួលឱ្យចូលរួមដាក់លុយវិនិយោគទទួលតែផលចំណេញគ្មានការខាតបង់។
អ្នកស្រីថា ដំបូងឡើយគាត់ដាក់វិនិយោគត្រឹម ២០ដុល្លារ ប៉ុន្តែដោយសាតួលេខលុយរបស់គាត់កើនឡើងជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធ ទើបគាត់សម្រេចដាក់លុយរហូតអស់៨៦០ដុលា្លរ និងបន្ថែមឈ្មោះឱ្យបងប្អូនរបស់គាត់ទៀត សរុបលុយទាំងអស់ជិត ២០០០ដុល្លារ បានត្រឹមរយៈពេល១២ថ្ងៃ ប្រព័ន្ធទាំងមូលត្រូវជាប់គាំងមិនអាចដកលុយចេញវិញបាន។
អ្នកស្រីបានលើកឡើងទៀតថា លុយដែលអ្នកស្រីវិនិយោគនោះគឺ ជាលុយដែលគាត់ត្រៀមបង់ធនាគារ ដោយរំពឹងថា ក្រោយពេលបានផលចំណេញគាត់អាចដោះបំណុល ដែលគាត់កំពុងជំពាក់ធនាគារប្រមាណ ៩០ ០០០ដុល្លារ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំមួយខែត្រូវបង់ [ធនាគារ] ជិត ២ ០០០ [ដុល្លារ] លុយខ្ញុំត្រៀមទុកបង់ធនាគារហ្នឹង ខ្ញុំដាក់ទាំងអស់។ ដល់ពេលអ៊ីចឹងទៅ ក៏អត់មានអីបង់ធនាគារក៏គេពិន័យ។ ធ្វើម៉េចបើយំក៏យំមិនចេញដែរ»។
បើតាមជនរងគ្រោះរូបនេះ បានឱ្យដឹងថា របៀបនៃការវិនិយោគតាមអនឡាញនោះ គឺទាមទារឱ្យសមាជិកទាំងអស់បំពេញឈ្មោះពិត ថ្ងៃខែឆ្នាំកំណើតពិត ផ្ទៀងផ្ទាត់ឱ្យត្រូវជាមួយអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន បំពេញតាមរយៈតំណភា្ជប់ដែលក្រុមហ៊ុនមាន និងភ្ជាប់ជាមួយគណនីធនាគារពិតមួយផងដែរ។អ្នកស្រីថា ការលេងវិនិយោគនោះ គឺជាការភ្នាល់បាល់ដែលមានតារាងប្រចាំថ្ងៃ មួយថ្ងៃត្រូវភ្នាល់ ៣ដងទៅតាមប្រព័ន្ធដែលគេរៀបចំ ទោះឈ្នះ ឬចាញ់ក៏ទទួលបានលុយចំណេញជាង៣ភាគរយប្រចាំថ្ងៃ។
ក្រោយដឹងថាខ្លួនចាញ់បោករួចមក អ្នកស្រី សូរ ណារីការ បានដាក់ពាក្យបណ្តឹង ទៅកាន់ នាយកដ្ឋានបទល្មើសប្រឆាំងបច្ចេកវិទ្យាដើម្បីរកយុត្តិធម៌ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញលិខិតចំហរមួយបញ្ជាក់ថា ក្រុមហ៊ុន FRENCH OL GROUP (OL) គឺបានក្លែងបន្លំ Logo និងត្រា របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយអាជ្ញាធរបានរកឃើញទៀតថា ក្រុមហ៊ុននេះ មិនបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មនោះទេ។
ក្រុមហ៊ុន អូអិល (OL) បានប្រើប្រាស់សកម្មភាព អូសទាញទំនុកចិត្តប្រជាពលរដ្ឋតាមរយៈសកម្មភាពចែកអំណោយដល់ជនក្រីក្រនៅទីជនបទ ពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងផ្តល់សម្ភារៈសិក្សាដល់កុមារខ្វះខាតជាដើម។
សកម្មភាពសប្បុរសទាំងនោះត្រូវបានចែកចាយនៅតាមបណ្តាញសង្គមរហូតបានទាញចំណាប់អារម្មណ៍អ្នកស្រី សូរ ណារីការ ឱ្យកាន់តែមានទំនុកចិត្តថែមទៀតទៅលើការវិនិយោគលុយរាប់រយដុល្លារ ដោយមិនទាមទារលិខិតស្នាមអ្វីទាំងអស់។
អ្នកស្រីនិយាយថា៖ «ពេលឃើញស្តែងវីឌីអូចុះចែកអំណោយ។ ហើយឃើញគេធ្វើអាជ្ញាបណ្ណក្លែងក្លាយហ្នឹង! មានអ្នកណាដឹងថា អាជ្ញាបណ្ណក្លែងក្លាយ ស្មានតែអាជ្ញាបណ្ណ [ពិត]។ ឃើញគេបង្ហាញវីឌីអូចុះចែកអំណោយឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារ ខ្ញុំក៏ជឿចឹងទៅ»។
តាមរយៈរូបភាព និងវីឌីអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនាពេលកន្លងមកគឺ អ្នកចែកអំណោយមានពាក់ឯកសណ្ឋានមាននិមិត្តសញ្ញា OL ដែលពួកគេទាំងនោះ គឺជាសមាជិកអូអិលជាជនជាតិខ្មែរ។
ជនរងគ្រោះមួយរូបទៀត លោក ភិន មករា វ័យ ៣១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ខេមបូចាថា លោកបាត់បង់លុយប្រមាណ ២០០០ដុល្លារទៅលើប្រព័ន្ធអនឡាញ អូអិល (OL) តាមរយៈការណែនាំពីមិត្តភក្តិរបស់លោកក្នុងខែតុលា ឆ្នាំ២០២២។លោកថា ដំបូងឡើយគឺលោកអាចដកលុយបានពិតមែន ដែលវាជាទំនុកចិត្តមួយឱ្យលោកហ៊ានដាក់លុយជិត ២០០០ដុល្លារបន្ថែមទៀត។
លោកឱ្យដឹងថា៖ «ដំបូងដាក់១០០ដុល្លារអីទេ! ដាក់ហើយវាបានផល ក៏ខ្ញុំដកសាច់ប្រាក់សាកមើលវាបានពិត។ បន្ទាប់មកខ្ញុំដាក់ ៥០០ដុល្លារ ទៀត បានចំណេញខ្លះក៏ដាក់ទៀត លើកក្រោយខ្ញុំបន្ថែមទៅច្រើនបាន ១ ៥០០ [ដុល្លារ] បណ្តោយទៅ»។
ក្រោយពេលដែល អូអិល(OL) បានជាប់គាំង មានទម្រង់វិនិយោគស្រដៀងគ្នាមួយទៀតឈ្មោះថា Qatar Sc World Club បានលេចរូបរាងឡើង ដែលមានទម្រង់ឱ្យសមាជិកវិនិយោគដូចគ្នា នេះដែរ។
លោក អ៊ោ អ៊ីម វ័យ៤០ឆ្នាំ ជាពលរដ្ឋរស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់ខេមបូចាថា លោកមិនអាចដកលុយពី Qatar Sc World Club បានទេក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីលោកដាក់លុយវិនិយោគជិត ១ ០០០ដុល្លារ តាមរយៈការណែនាំពីមិត្តស្គាល់គ្នានៅតាមបណ្តាញសង្គមតេឡេក្រាម។
លោក អ៊ីម បញ្ជាក់ថា៖ «លេងដូចតែគ្នា [ដូចអូអិល (OL)] បែបក្រុមវាតែមួយ វាបង្កើតតែមួយ»។
លោកឱ្យដឹងថា ក្រុមតេឡេក្រាមឈ្មោះថា Qatar Sc World Club ដែលមានសមាជិកជិត២០០នាក់រួមទាំងលោកផងនោះ នៅដំណើរកាក្នុងពេលបច្ចុប្បន្ន ប៉ុន្តែជាង១ខែមកនេះ គឺសមាជិកមិនអាចដកលុយបានទេ។ប្រភពបន្តថា លោកមិនសង្ឃឹមថានឹងអាចដកលុយដែលគាត់វិនិយោគបានវិញទេ និងបានអំពាវនាវកុំឱ្យពលរដ្ឋយកលុយទៅដាក់ក្នុងប្រព័ន្ធអនឡាញណាដែលមិនមានប្រភពច្បាស់លាស់។
លោកបន្ថែមថា៖ «ខ្ញុំអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ចាញ់បោក គេទៀតទៅមានតែខំប្រឹងរកដោយកម្លាំងញើសឈាមយើង កុំនាំគ្នាប្រព្រឹត្តល្បែង»។
និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ នៅកម្ពុជាមានអ្នកប្រើប្រាស់ទូរសព្ទចំនួនជិត២០លាននាក់(១៩ ៧៦៤ ១៤២) និងអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតជិត១៨លាននាក់(១៧ ៨២០ ៧៣៥)។
ចំណែក របាយការណ៍ Datareportal បង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកប្រើប្រាស់ អ៊ីនធឺណិតជាង១៣លានកន្លះនៃប្រជាជនសរុបប្រមាណជាង១៦លាននាក់។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាង១១លាននាក់ Instagram ជាង ២លាននាក់ និងបណ្តាញសង្គម Tik Tok ជាង ៦លាននាក់។
លោក សារី ដារុន វ័យ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ថា មានគណនីតេឡេក្រាមដាក់តាំងរូបក្លែងក្លាយ មិនមានបង្ហាញលេខទួរសព្ទ បានផ្ញើសារមកលោកផ្ទាល់ប្រមាណ២០០គណនី ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយអូសទាញលោកឱ្យដាក់លុយវិនិយោគចំណេញការប្រាក់ខ្ពស់។ លោកថា ការសន្ទនាគឺជាភាសាខ្មែរ ដោយឃ្លាមួយចំនួនគឺលោកមិនយល់ន័យនោះទេ ដោយសារពួកគេបានប្រើប្រព័ន្ធបកប្រែ Google ដើម្បីជាជំនួយក្នុងការទាក់ទងជាមួយលោកផ្ទាល់។
លោកបន្តថា៖ «ភាគច្រើនអ្នកដែលខ្ញុំស្គាល់គេថា អាហ្នឹងបោក ខ្ញុំអត់បានវិនិយោគអីទេ ខ្ញុំអត់ឆ្លើយតបជាមួយគេ! គេឱ្យធ្វើក៏ខ្ញុំអត់ធ្វើដែរ ដល់ពេលយូទៅ វា Delete [លុប] ឆាតចោល Block [បិទ] យើងចោល។ បរទេសវាសរសេរខ្មែរ សរសេរមក ដឹងថាពួកហ្នឹង វាអត់ចេះភាសាខ្មែរ វាចូល Google Translate [ប្រព័ន្ធបកប្រែស្វ័យប្រវត្ត] »។
លោក ជី សុផាត អ្នកបង្កើតមាតិការបច្ចេកវិទ្យាសុវត្ថិភាពតាមបណ្តាញសង្គម បានលើកឡើងថា អក្ខរកម្មផ្នែកប្រព័ន្ធឌីជីថលក្នុងយុគសម័យថ្មីនេះ បានរុញច្រានឱ្យប្រជាពលរដ្ឋក្លាយទៅជាជនរងគ្រោះបានដោយងាយ។លោកថា ជនបោកប្រាស់ទាំងនោះតែងតែរកគ្រប់វិធីសាស្រ្ត ដើម្បីទំនាក់ទំនងដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយសន្យាថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលត្រូវបានអូសទាញទាំងនោះ។
លោកថ្លែងថា៖ «តេឡេក្រាម ក៏ជនអាក្រក់តែងតែប្រើប្រាស់រូបភាពផ្សេងៗតាំងខ្លួនជាអ្នកវិនិយោគ តាំងខ្លួនជាអ្នកផ្តល់អត្ថប្រយោជន៍ចឹងទៅ។ បើសិនជាគាត់អត់ចេះភាសាណាមួយគាត់ [ជនបោកប្រាស់] តែងតែប្រើប្រាស់វិធីសាស្រ្តក្នុងការបកប្រែ តាមរយៈហ្គូហ្គល [google] ក្តី តាមរយៈ Platform [ទម្រង់] ផ្សេងៗហ្នឹងដើម្បីឱ្យជនរងគ្រោះគាត់មានទំនុកចិត្តបន្ថែម»។
ពាក់ព័ន្ធករណីនេះ លោកសុផាត បានជំរុញឱ្យក្រសួងស្ថាប័នរបស់រដ្ឋាភិបាលមានវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យាកុំឱ្យកាន់តែរីករាលដាលកាន់តែខ្លាំងឡើង។
លោកថា៖ «ប្រសិនបើពួកគាត់ [ក្រសួង និងស្ថាប័ន] ព្រួតដៃគ្នាបន្ថែមសម្រាប់អន្តរក្រសួង សម្រាប់ការចូលរួមការងារហ្នឹងខ្ញុំគិតថា ល្អមែនទែន។ យើងដឹងហើយ ក្នុងមួយរយៈកូវីដហ្នឹង ប្រជាពលរដ្ឋគឺចាប់ផ្តើមឡើង មកប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាច្រើន។ ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងងងឹតងងុល វាមានមានអត្ថប្រយោជន៍ច្រើនប៉ុន្តែវាមានបញ្ហាប្រឈមខ្លះដែរនៅក្នុងហ្នឹង»។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅទូទាំងប្រទេសកម្ពុជា ទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយរូបិយវត្ថុម្យ៉ាងឈ្មោះថា Crypto (Crypto Currencies) , Bitcoin និងឧបករណ៍អេឡិចត្រូនិច ប្រហាក់ប្រហែលដែលមិនមានការទទួលស្គាល់ ពីធនាគារជាតិនៃកម្ពុជា ដោយថាជាអំពើខុសច្បាប់ និងពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់របស់ក្រុមឧក្រិដជន។
ក្នុងលិខិតសរសេរថា ៖ «ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចបង្កហានិភ័យដល់សាធារណៈជន និងជាមធ្យោបាយសម្រាប់ការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារអ្នកប្រើប្រាស់វិនិយោគិនមួយចំនួន មិនមានការយល់ដឹងពីរូបបិយវត្ថុ ការ Crypto (Crypto Currencies) ដែលងាយរងគ្រោះរងការឆបោកផ្សេងៗ»។
ធនាគារ ABA ក្នុងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានរកឃើញ ក្រុមតេឡេក្រាម ក្រោមឈ្មោះស្រដៀងគ្នាទៅនឹងឈ្មោះ PAYEER កំពុងចែកចាយព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ គ្រីបតូ (Crypto) ក្នុងប្រទេសកម្ពុជា និងអូសទាញប្រជាពលរដ្ឋឱ្យចូលជាសមាជិក ដើម្បីពង្រីកបណ្ដាញរបស់ពួកគេ។ធនាគានេះ អះអាងថា មិនមានទំនាក់ទំនង ឬចូលរូមជាមូលនិធិផ្សេងៗជាមួយ PAYEER ឡើយ។ ប្រភពដដែលប្រាប់ឱ្យអតិថិជនរបស់ខ្លួនកុំពាក់ព័ន្ធជាមួយក្រុមទាំងនោះ។
ការប្រកាសសរសេរថា៖ «ប្រសិនបើលោកអ្នកត្រូវបានគេហៅឱ្យចូលរួម ឬបានចូលក្រុមទាំងនោះដោយចៃដន្យ សូមមេត្តាចាកចេញ (leave) ពីក្រុមនោះឱ្យបានឆាប់តាមដែលអាចធ្វើបាន»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា Qatar Sc World Club , Ecart Mall ,Payeer,CIC Capital ,Dream Football ជាដើម និងទម្រង់វិនិយោគដូចៗគ្នានេះមួយចំនួនទៀត គឺជាគម្រោងការបោកប្រាស់សុទ្ធសាត ហើយមិនត្រូវបានបានផ្តល់អាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្មនោះទេ។
លោក សុវិជាតិ បញ្ជាក់ថា ៖ «ក្រុមហ៊ុនទាំងអស់នោះអត់មានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទេ។ បើសិនជាបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មពិតណាស់ យើងមានឈ្មោះ មានប្រវត្តិព័ត៌មានក្រុមហ៊ុនត្រឹមត្រូវ។ ប៉ុន្តែក្រុមហ៊ុនដែលរកស៊ីជាលក្ខណៈបោកបន្លំរបៀបនេះ ច្បាស់ណាស់គឺជាការអះអាងមិនពិតដែលគាត់មិនបានមកធ្វើការចុះបញ្ជីទេ យើងអត់មានព័ត៌មានពីក្រុមហ៊ុនទាំងអស់នោះទេ»។
បើតាមតារាងដែលមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម គម្រោងការបោកប្រាស់ អូអិល (OL) បានសន្យាថា នឹងផ្តល់ការប្រាក់ដល់អ្នកវិនិយោគទុនចំនួន៣.៦ភាគរយក្នុងមួយថ្ងៃ មានន័យថាដាក់លុយ ១០០០ដុល្លារ ទទួលបាន ជិត៣០០០ដុល្លារក្នុងរយៈពេលមួយខែ ហើយក្នុងរយៈពេល៣ខែ នឹងទទួលលុយទាំងការទាំងដើមចំនួនជាង២ ៤០០០ដុល្លារ (២៤ ១២០ដុល្លារ)។
អ្នកជំនាញផ្នែកវិនិយោគទុន និងប្រឹក្សាយោបល់ហិរញ្ញវត្ថុ លោក ទឿយ ហ៊ុយ បានចាត់ទុក ការវិនិយោគដែលទទួលការប្រាក់ខ្ពស់រហូតដល់ ជាង៣ភាគរយក្នុងមួយថ្ងៃបែបនេះគឺជាការបោកប្រាស់។លោកថា បើក្រុមហ៊ុនត្រឹមត្រូវពិត គឺត្រូវទទួលបានអាជ្ញាបណ្ណពីក្រសួងពាក់ព័ន្ធ ហើយវិនិយោគគិនអាចទទួលបានផលចំណេញចន្លោះពី១០ទៅ១៥ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកបន្តថា៖ «ការវិនិយោគដែលត្រឹមត្រូវខ្ញុំសុំបញ្ជាក់ថា គេមិនទៅប្រកូកប្រកាសតាមតេឡេក្រាម តាមហ្វេសបុកផេក តាមអី អ៊ីចឹងទេ គេអត់ដែលធ្វើ អ៊ីចឹងទេ។ ហើយជាទូទៅអាអូសទាញចឹង គឺជាការឆបោកទេ»។
លោកបន្ថែមថា៖«ម៉េចបានជាប្រជាជនយើងចាញ់បោកគេ ខ្ញុំនិយាយដដែលៗ ទី១គាត់អត់មានចំណេះដឹង គាត់អត់ដឹងអាគម្រោងវិនិយោគហ្នឹង វិនិយោគលើអី ហើយគេបានលុយម៉េច!។ គាត់អត់ដឹងទេ គាត់អត់មានចំណេះដឹង មួយទៀតគាត់លោភលន់ ដូចអូអិល ការប្រាក់៣ភាគរយក្នុងមួយថ្ងៃ។ ឥលូវគុណមើល ៣ គុណ ៣០ថ្ងៃប៉ុន្មាន! វា ៩០ ភាគរយ! យើងយកទៅគុណនឹង១ឆ្នាំ វាប៉ុន្មាន? ១ពាន់ភាគរយជាង វាអត់មានការវិនិយោគណាវាអ៊ីចឹង បើចឹងម្នាក់ៗមានគ្រប់គ្នាហើយ ហើយប្រជាជនយើងចង់ស្រួល!»។
លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានឆ្លើយតបជាមួយខេមបូចាថា អាជ្ញាធរជំនាញកំពុងតែបើកការស៊ើបអង្កេតលើករណីក្រុមជនបោកប្រាស់តាមប្រព័ន្ធអនឡាញឈ្មោះថា អូអិល (OL) និងទម្រង់ដូចៗគ្នានេះមួយចំនួនទៀត ក្រោយពេលមានការដាក់ពាក្យបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់។ យ៉ាងណាក្តីចំពោះចំនួនជនរងគ្រោះដែលបានដាក់ពាក្យប្តឹង និងទឹកប្រាក់ដែលពលរដ្ឋបាត់បង់នោះ គឺលោកមិនអាចបញ្ជាក់បានទេ ដោយថា ទាល់តែមានបញ្ជាពីថ្នាក់លើជាមុនសិន។
លោក នីត្យា លើកឡើងថា៖ «យើងបានទទួល [ពាក្យបណ្តឹង] មួយចំនួនហើយ ប៉ុន្តែខ្ញុំសុំអត់ទាន់និយាយបានទេ ត្រូវសុំគោលការណ៍ពីថ្នាក់លើ»។
បន្ថែមលើនេះ លោក សុខ នីត្យា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការវិនិយោគតាមរយ
ៈអនឡាញដែលមិនមានប្រភពច្បាស់លាស់ដើម្បីជៀសវាងការខាតបង់លុយកាក់ និងពេលវេលា។
លោង នីត្យា បន្ថែមថា៖ «សូមបងប្អូនប្រុងប្រយ័ត្នផង បងប្អូនយើងកុំវេលុយទៅជនមិនស្គាល់មុខ ស្គាល់អី កុំទាក់ទងគ្នាលើតេឡេក្រាម លើហ្វេសបុកអី ហើយវេលុយទៅវិញទៅមកហ្នឹងអត់ស្គាល់មុខអត់ស្គាល់អី អាហ្នឹងវាហានិភ័យខ្ពស់ណាស់»។
យុគសម័យថ្មីនេះ ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែអូសទាញបានពលរដ្ឋនៅទីប្រជុំជននោះទេ ប៉ុន្តែកំពុងរីករាលដាលដល់តំបន់ដាច់ស្រយាល រហូតទាញបានជនជាតិដើមភាគតិចម្នាក់ គឺអ្នកស្រី ភ្លឹក ភីរម្យ ឱ្យចាញ់បោក អស់ជាង២០០ដុល្លារ។
ជនជាតិដើមភាគតិចពូនង អ្នកស្រី ភ្លឹក ភីរម្យ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រាប់ថា នេះជាលើកទីមួយក្នុងជីវិតដែលអ្នកស្រីចាញ់បោកប្រព័ន្ធអនឡាញ អូអិល (OL) អស់ចំនួន ២៤០ដុល្លារ តាមរយៈការបបួលពីមិត្តជិតស្និទ្ធម្នាក់។
អ្នកស្រី ភីរម្យ ជាកសិករដាំដុះដំណាំចេក និងស៊ីឈ្មួលដកស្មៅនៅក្នុងភូមិរបស់គាត់ ដើម្បីបានចំណូលទ្រទ្រង់ជីវភាព ចំណែកលុយជាង២០០ដុល្លារនោះ អ្នកស្រីរកបានមកពីរបរធ្វើកសិកម្មនេះ។ស្រ្តីជនជាតិដើមភាគតិចរូបនេះ បង្ហាញអារម្មណ៍សោកស្តាយលុយ និងស្នើអាជ្ញាធរផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាលចាញ់បោកលុយបន្តទៀត។
អ្នកស្រី ភីរម្យ បន្តថា៖ «ទី១សោកស្តាយលុយមែនទែន ទី២មិនដឹងធ្វើការអន្តរាគមន៍ជាមួយអ្នកណាទេ! ខ្ញុំមិនដឹងជាប្តឹងអ្នកណា ដោយសារសុទ្ធតែគ្នាឯងអ៊ីចឹង។ គេ[មិត្តភក្តិ]ក៏មិនបង្ខំយើងដែរ យើងស្ម័គ្រចិត្តលេង អត់បានគិតវែងឆ្ងាយ»។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ទាន់យល់ថា ប្រព័ន្ធហ្នឹង វាចូលម៉េច! បានជារាជរដ្ឋាភិបាលអត់ដឹង រាជរដ្ឋាភិបាលគួរតែដឹង គួរតែយល់អំពីចំណុចហ្នឹង»។
ចំណែក អ្នកស្រី សូរ ណារីការ វិញដែលជាជនរងគ្រោះម្នាក់ដែលចាញ់បោកតាមប្រព័ន្ធឌីជីថល បានជំរុញឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងចំពោះក្រុមបោកប្រាស់ទាំងនោះ ដើម្បីទប់ស្កាត់បទល្មើសក្នុងសម័យថ្មីនេះ កុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស។
ជនរងគ្រោះរូបនេះស្នើថា៖ «សុំកុំឱ្យមកសម្លាប់ខ្មែរដោយវិធីហ្នឹងទៀត។ រងគ្រោះអស់ច្រើនណាស់។ ខ្ញុំសំណូមពរថា សុំឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាមានចំណាត់ការឱ្យបានឆាប់ៗ ដូចថាចាប់ពួកដែលឆបោកមកផ្តន្ទាទោសតាមផ្លូវច្បាប់កុំឱ្យផ្តល់គំរូអាក្រក់ដល់សង្គមខ្មែរតទៅទៀត»៕