សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រឹះស្ថានសិក្សា និងក្លឹបកម្សាន្តនានាត្រូវបានបញ្ជាឲ្យបិទ បន្ទាប់ពីអង្គរក្សម្នាក់ឆ្លងជំងឺកូវីដ ១៩

បុរសម្នាក់ដើរកាត់មុខក្លោងទ្វារវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។ បញ្ញ ឆព័ណ្ណ
បុរសម្នាក់ដើរកាត់មុខក្លោងទ្វារវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។ បញ្ញ ឆព័ណ្ណ

បន្ទាប់​ពី​អង្គរក្ស​ខ្មែរម្នាក់​​​ការពារ​រដ្ឋមន្រ្តី​​ហុងគ្រី​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូវីដ១៩ អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍មុន ត្រូវ​បាន​តេស្ត​​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ផង​ដែរ​នោះ​ រដ្ឋាភិបាល​​កម្ពុជា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា​​ដោយ​បញ្ជា​ឲ្យ​បិទ​គ្រឹះស្ថាន​សិក្សា​ និង​ក្លឹប​កម្សាន្ត​ក្នុង​រាជធានី​​ភ្នំពេញ និង​ខេត្ត​កណ្តាល​យ៉ាង​តិច​ពីរ​សប្តាហ៍។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន​ បានឲ្យដឹងថា គ្រឹះស្ថាន​អប់រំ​ទាំងសាធារណៈ និង​ឯកជន​នឹង​ត្រូវ​ផ្អាក​ជា​​បណ្តោះអាសន្ន។

សេចក្តីថ្លែងការណ៍​បាន​សរសរ​ថា៖ «ដោយសារ​កង្វះ​ព័ត៌មាន​ និង​កិច្ចសហការ​ពី​សំណាក់​មាតាបិតា  និង​អ្នក​អាណា​ព្យាបាល​ដែល​មាន​ការ​ពាក់ព័ន្ធ ក្រសួង​អប់រំ យុវជន និង​កីឡា​មិនមាន​លទ្ធភាព​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុងក្រោយ​ពី​មាតា​បិតា​ និង​អ្នកអាណាព្យាបាល​ចំនួន​ប្រមាណ ៩០០​នាក់ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុងគ្រី»

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ «ក្រោម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ក្រសួង​អប់រំ យុវជន​ និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ ជា​បណ្តោះអាសន្ន​រយៈពេល​ពីរ​សប្តាហ៍​នៅ​រាជធានី​ភ្នំពេញ និង​ទីរួមខេត្ត​កណ្តាល​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ត​ទៅ»

សេចក្តីថ្លែងការណ៍​ពី​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា KTV ក្លឹប​កម្សាន្ត​ រោងភាពយន្ត និង​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស​ ក៏​ត្រូវ​បិទ​ដំណើរការ​ជា​បន្ទាន់​ផង​ដែរ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ជា​ថ្មី ក្រោម​ការ​ណែនាំ​​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។

ក្នុងថ្ងៃដដែលនេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​លើកឡើង​ថា មនុស្ស​ចំនួន​ ៨៩២​នាក់​ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​​ដោយ​ផ្ទាល់​ ឬ​ប្រយោល​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី​លោក Peter Szijjarto នឹង​ត្រូវ​ធ្វើ​តេស្ត​ឡើង​វិញ​ចំនួន​បី​ដង​បន្ថែម​ទៀត។ ការ​ធ្វើ​តេស្ត​នៅ​ដំណាក់កាល​ដំបូង​ ដែល​ត្រូវ​បាន​ធ្វើ​ទៅ​លើ​មនុស្ស​ជិត​ ៩០០​នាក់ ចន្លោះ​​ថ្ងៃ​ទី០៤ និង​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា បាន​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ទាំងអស់។

លោក Szijjarto ត្រូវ​បាន​ធ្វើ​តេស្ត​រក​ថា បាន​ឆ្លង​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី០៣ ខែ​វិច្ឆិកា នៅ​ពេល​ទៅ​ដល់​ក្រុង​បាងកក បន្ទាប់​ពី​ដំណើរទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​មួយ​ថ្ងៃ​មក​កាន់​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​រដ្ឋមន្រ្តី​មួយ​ចំនួន​ទៀត​នៅ​វិមាន​សន្តិភាព និង​បាន​ធ្វើ​ទស្សនកិច្ច​​នៅ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ធានាគារជាតិ។​

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ​ទៅ​លើ​អង្គរក្ស​អាយុ ៣១​ឆ្នាំ​មួយ​រូប​ ដែល​បាន​អម​ដំណើរ​ការពារ​លោក Szijjarto បាន​រក​ឃើញ​ថា មាន​លទ្ធផល​វិជ្ជមាន​កាល​ពី​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា។ អង្គរក្ស​រូប​នេះ​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

​ក្រសួង​សុខាភិបាល​ បានឲ្យដឹងថា អង្គរក្ស ដែល​ស្នាក់​នៅ​សង្កាត់​អូរបែកក្អម ​ក្នុង​ខណ្ឌ​សែនសុខ បាន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​លោក​កើត​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ក និង​ក្អក។ លោក​ត្រូវ​បាន​ធ្វើ​តេស្ត​​ជំងឺ​កូវីដ១៩ ជា​លើក​ទី​ពីរ​ ហើយ​លទ្ធផល​ពី​ការ​ពិនិត្យ​សំណាក​​បាន​រក​ឃើញ​ថា វិជ្ជមាន។

ចៅ​សង្កាត់​អូបែកក្អម ​លោក យឹម រ័ត្ន​ បាន​និយាយ​ថា គូ​ដណ្តឹង​របស់​អង្គរក្ស​ខាង​លើ​នេះ​​​បាន​ប្រាប់​ទៅ​មន្រ្តី​សុខាភិបាល​ថា លោក​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​​​នៅ​ផ្ទះសំណាក់​មួយ ដើម្បី​ធ្វើ​ចត្តាឡីស័ក​ ចាប់​តាំង​ពី​ថ្ងៃ​ទី០៤ ខែ​វិច្ឆិកា​មក។

លោក​រ័ត្ន​បាន​ថ្លែង​ថា៖ «ប៉ុន្តែ​បញ្ហា​គឺ​ថា នៅ​ពេល​ដែល​គាត់​ធ្វើ​ចត្តាឡីស័ក គាត់​បាន​ដើរ​ទៅ​នេះ​ទៅ​នោះ»

​លោក​បាន​បន្ត​ថា៖ «គាត់​បាន​ចេញ​ទៅ​ទិញ​ម្ហូប គាត់​បាន​ចេញ​ទៅ​កន្លែងបោកអ៊ុត។ កាល​ពី​យប់​មិញ យើង​បាន​ប្រមូល​សំណាក​ចំនួនមនុស្ស ១៨នាក់ ពី​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​គាត់។ ឥឡូវ​នេះ​ ពួកគេ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងខ្លួន ហើយ​យើង​កំពុង​តាមដាន​ពួកគាត់​រហូត​លទ្ធផល​​ចេញ»

លោក​បាន​បន្ថែម​ថា៖ «អ្នក​លក់​ម្ហូប​ដែល​លក់​ម្ហូប​ឲ្យ​គាត់​ និង​ទទួល​លុយ​ពី​គាត់​ ស្ម័គ្រ​ចិត្ត​នឹង​ធ្វើ​ចត្តាឡីស័ក និង​ធ្វើ​តេស្ត»

ក្រសួងអប់រំ បានចេញ​សេចក្តីជូនដំណឹង​មួយទៀត ដោយសម្រេច​ផ្អាកលេង​កីឡា​នៅពហុកីឡាដ្ឋាន​ជាតិអូឡាំពិក បន្ទាប់ពីទទួល​ដំណឹងថា បុរសជាអង្គរក្ស និងជាគ្រូបង្វឹក បានមកបង្ហាត់​កីឡាករ ០២នាក់ នៅទីនោះ។

បុរសរូបនេះ ក៏បានប្រាស្រ័យទាក់ទង​ការងារ​ដោយផ្ទាល់ និងប្រយោល ជាមួយបុគ្គលិក​ចំនួន ០៥រូបនៃមជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺនកីឡា។ បុគ្គលិក និងកីឡាករ ទាំង០៧រូប ត្រូវបានធ្វើ​តេស្តរកវីរុស​កូវីដ ១៩​ និង​ធ្វើចត្តាឡីស័ក។ ក្រសួង​កំពុងស្រាវជ្រាវ​រកអ្នកមាន​ទំនាក់ទំនង​ជាមួយ​ពួកគេ ដើម្បីធ្វើតេស្ត។

នៅ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Fresh News លោក​នាយករដ្ឋមន្រ្តី​ហ៊ុនសែន​បាន​អំពាវនាវ​ដល់​មនុស្ស​ជិត ៩០០​នាក់ ដែល​​រួម​​មាន​គ្រួសារ​​​របស់​បុគ្គល​ដែល​ប្រាស្រ័យ​ទាក់ទង់​ផ្ទាល់​នឹង​លោក Szijjarto ឲ្យ​ប្រកាន់​ខ្ជាប់​​តឹងរ៉ឹង​នូវ​វិធានការ​ចត្តាឡីស័ក។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​នឹង​រ៉ាប់រង​ចំណាយ​លើ​ការ​ធ្វើ​​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​សុខា​​នៅ​​ខណ្ឌ​ជ្រោយចង្វារ​ក្នុង​ក្រុង​ភ្នំពេញ​ ដែល​ពី​មុន​មក​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ។

លោក​នាយករដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​ថា៖ «អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់ ឬ​អ្នក​ដែល​ចូល​ទៅ​កៀក​ផ្ទាល់ ក៏ដូចជា បាន​មក​ដល់​ជួប​ជុំ​ក្រុម​គ្រួសារ​​ ទើប​ដឹង​ព័ត៌មាន​ ក៏​ត្រូវ​គ្រប់គ្រង​កូន​ចៅ​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​ការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​មាន​ជា​បញ្ហា​ឆ្លង​ចូល​ក្នុង​សហគមន៍»

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ចាត់​ទុក​ថា នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​រាជធានី​ភ្នំពេញ​របស់​យើង ដែល​ខ្ញុំ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូចជា វិស័យ​សុខាភិបាល​ដែល​ក្តាប់​បាន​មុខ​សញ្ញា និង​អំពាវនាវ​ចំពោះ​ក្រសួង​ស្ថាប័ន​ ដែល​គ្រប់គ្រង​មន្រ្តី​បុគ្គលិក … ត្រូវ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ តាម​ដាន​ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ហ្មត់ចត់… បើ​មិន​ដូច្នោះ​ទេ ហានិភ័យ​នឹង​មាន​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​យើង​នៅ​ក្នុង​កាលៈទេសៈ​នេះ»

ស្រ្តីម្នាក់ដើរនៅមាត់ទន្លេកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ទល់មុខនឹងសណ្ឋាគារសុខាភ្នំពេញ កន្លែងដែលគ្រួសារអ្នកប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ បានធ្វើចត្តាឡីស័ក។ បញ្ញ ឆព័ណ្ណ
ស្ត្រីម្នាក់ដើរនៅមាត់ទន្លេកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ទល់មុខនឹងសណ្ឋាគារសុខាភ្នំពេញ កន្លែងដែលគ្រួសារអ្នកប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ បានធ្វើចត្តាឡីស័ក។ បញ្ញ ឆព័ណ្ណ

អ្នក​ទទួលភ្ញៀវ​​នៅ​សណ្ឋាគារ​សុខាភ្នំពេញ​ ដែល​សុំ​ត្រឹម​ឲ្យ​ឈ្មោះ​ថា វុទ្ធី​ បាន​និយាយ​ថា នៅ​ក្នុង​ចំណោម​បន្ទប់​ចំនួន ៧០០​ មាន​ ៣០០​បន្ទប់​ត្រូវ​បាន​គ្រួសារ​​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ស្នាក់​អាស្រ័យ​ចាប់​តាំង​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា​មក។ លោក​គិត​ថា នឹង​មាន​អ្នក​ដែល​ត្រូវ​មក​ស្នាក់​អាស្រ័យ​ដើម្បី​​ធ្វើ​ចត្តាឡីស័ក​ច្រើន​ថែម​ទៀត។

លោក​បាន​និយាយ​ថា៖ «យើង​រំពឹង​ថា នឹង​មាន​ច្រើន​ជាង​នេះ​ទៀត ហើយ​បន្ទប់​របស់​យើង​មាន​ប្រដាប់ប្រដា​ពេញលេញ​ និង​អនាម័យ​ល្អ។ [ភ្ញៀ] នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញក្រៅ​នោះ​ទេ​នៅ​ក្នុង​រយៈពេល ១៤​ថ្ងៃ ហើយ​ត្រូវ​ស្នាក់​នៅ​ក្នុង​បន្ទាប់។ ពួកគាត់​នឹង​ត្រូវ​បញ្ជា​ទិញ​អាហារ​តាម​ទូរសព្ទ»

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។ យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក កម្ពុជា​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ចំនួន ២៩៥​ ករណី ដោយ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ៕

147 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម