ពិធីបុណ្យសមុទ្រនឹងត្រូវប្រារព្ធធ្វើនៅខេត្តព្រះសីហនុនៅចុងសប្តាហ៍នេះ ប៉ុន្តែបញ្ហាបង្ហូរទឹកស្អុយចូលឆ្នេរអូរឈើទាលពុំទាន់ដោះស្រាយនៅឡើយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ។
យោងតាមតាមអ្នកលក់ដូរនៅឆ្នេរអូរឈើទាល បានឱ្យដឹងថា ប្រព័ន្ធបង្ហូរទឹកស្អុយនៅឆ្នេរអូរឈើទាលខេត្តព្រះសីហនុដែលហូរចូលសមុទ្រនៅតែជាបញ្ហាចោទសម្រាប់អាជីវករ ព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅមាត់សមុទ្រក្នុងតំបន់នោះ ជាពិសេសនៅកំឡុងពេលបុណ្យសមុទ្រនឹងត្រូវប្រារព្ធធ្វើនៅខេត្តព្រះសីហនុចំនួនបីថ្ងៃចាប់ផ្តើមពីថ្ងៃ៩ដល់ទី១១ ខែធ្នូ ខាងមុខនេះ។
អ្នកស្រី មាន ជាអជីវករនៅខេត្តព្រះសីហនុ បានថ្លែងថា៖ «ខ្ញុំជាអ្នកលក់ពិបាកណាស់បងក្នុងការលក់ដូរព្រោះមានក្លិនស្អុយមួយថ្ងៃម្តងចឹង។ មិនមែនមានតែខ្ញុំទេអ្នកលក់ផ្សេងទៀតក៏ធ្លាប់ប្រាប់អាជ្ញាធរផងដែរ តែគេមិនធ្វើឱ្យយើងមិនដឹងធ្វើយ៉ាងម៉េចទេ»។
លោក នុច សំបូរ អ្នកលក់ដូរនៅខេត្តព្រះសីហនុបានប្រាប់អ្នកសាព័ត៍មានថា តំបន់ឆ្នេរអូរឈើទាលនៅមានក្លិនស្អុយចេញពីលូជិតបន្ទប់ទឹកសារធារណៈនៅឡើយ ហើយបុណ្យសមុទ្រនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ លោកមានក្តីបារម្ភចំពោះរឿងក្លិនស្អុយព្រោះបុណ្យសមុទ្រជាបុណ្យមួយដែលទាក់ទាញភ្ញៀវទេសចរមកធ្វើដំណើរកម្សាន្តនៅខេត្តមានឆ្នេរស្រស់ស្អាតមួយនេះ។
លោក សំបូរ បានបញ្ជាក់ថា៖ «បុណ្យសមុទ្រជិតមកដល់ហើយ ថ្ងៃហ្នឹងនឹងមានភ្ញៀវទេសចរមកដើរលេងច្រើន ពេលខ្លះខ្មាស់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តពេលគេសួរនាំក៏ឆ្លើយតាមហ្នឹងទៅ»។
លោក សំបូរ បានបន្តទៀតថា មានកម្មករប្រមាណ៦ទៅ៧នាក់កំពុងធ្វើការជួសជុលនៅលូជាកន្លែងដែលមានក្លិនស្អុយភាយចេញ។
អ្នកលក់ដូរម្នាក់នេះបន្ថែមថា៖ «ខ្ញុំឃើញកម្មករ៦ទៅ៧នាក់កំពុងលើកដែកធ្វើការជួសជុលកន្លែងលូដែលមានក្លិនស្អុយនេះ។ បើគេជួសជុលចឹងខ្ញុំសប្បាយចិត្តព្រោះគ្នានក្លិនស្អុយតទៅទៀត ការលក់ដូររបស់ខ្ញុំក៏ល្អភ្ញៀវអង្គុយបានយូរមានផាសុខភាពជាមុនអីចឹង។ ហើយអរគុណដល់អាជ្ញាធរដែលបានជួយធ្វើលូនេះ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានថ្លែងថា លោកនឹងរាយការណ៍ទៅកាន់មន្រ្តីជំនាញដើម្បីទទួលបានឯកសារបន្ថែម ហើយលោកនឹងបញ្ចក់រឿងនេះនៅពេលក្រោយឱ្យបានស៊ីជម្រៅ។
លោក ឃាង ភារម្យ បានថ្លែងថា៖ «ខ្ញុំនឹងបោះទៅកាន់មន្រ្តីជំនាញដើម្បីស្នើសុំរបាយការណ៍បន្ថែម ខ្ញុំនឹងឆ្លើយតបជូននៅពេលទទួលបានរបាយការណ៍ពីមន្រ្តីជំនាញ»។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បុណ្យសមុទ្រនឹងប្រារព្ធឡើងនៅទីលាន សម្ដេច ហ៊ុន សែន នៅឆ្នេរសុខាក្បែរសណ្ឋាគារសុខា ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី៩ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា លោកបានរាយការណ៍ទៅខាងអាជ្ញាធរខេត្តព្រះសីហនុអំពីការបង្ហូរទឹកស្អុយចូលសមុទ្ររួចហើយក៏ឃើញផងដែរថា មានអាជ្ញាធរកំពុងធ្វើការនៅលើរឿងលូទឹកស្អុយនេះយ៉ាងសកម្ម។
លោក សុចិត្តគ្រឹស្នា បានបញ្ចាក់ថា៖ «ខ្ញុំបានផ្តល់ដំណឹងទៅកាន់អាជ្ញាធរខេត្តព្រះសីហនុរួចរាល់ហើយក៏ឃើញមានការចុះធ្វើយ៉ាងសកម្មផងដែរ»។
នៅចុងខែវិច្ឆិកា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បដិសេធថាមានការបង្ហូរទឹកស្អុយដោយផ្ទាល់ចូលទៅក្នុងសមុទ្រ និងថាមន្ត្រីកំពុងធ្វើការលើបញ្ហាប្រព័ន្ធបង្ហូរទឹកនេះ។
លោកបន្តថា ស្ថានីយចម្រោះទឹកកខ្វក់ចំនួនពីរបានដំណើរការនៅសង្កាត់៣ ក្នុងក្រុងព្រះសីហនុ ជាមួយនឹងសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ៤០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបញ្ជាក់ទៀតថា ស្ថានីយចម្រោះទឹកកខ្វក់ទីបីកំពុងសាងសង់នៅសង្កាត់៤ និងមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២០ ០០០ម៉ែត្រគូបបន្ថែមទៀត។
លោកបន្ថែមថា នៅពេលដែលស្ថានីយទាំងបីបានដំណើរការពេញលេញ ទឹកកខ្វក់នៅក្នុងក្រុងមួយនេះនឹងត្រូវបានចម្រោះ តែលោកថាលោកមិនទាន់ដឹងច្បាស់ពីពេលវេលាជាក់លាក់ពីការសាងសង់បញ្ចប់ស្ថានីយទីបីនៅឡើយ។
ប្រជាពលរដ្ឋចាប់ផ្ដើមធុំក្លិនស្អុយខ្លាំងពីប្រព័ន្ធបង្ហូរទឹកស្អុយ ដែលហូរចូលសមុទ្រមួយនេះ បន្ទាប់ពីប្រព័ន្ធបង្ហូរទឹកថ្មីបានសាងសង់កាលពីដើមឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់អ្នកលក់ដូរនៅទីនោះ។
អ្នកសារព័ត៌មានខេមបូចាបានទៅទីតាំងនោះម្ដងកាលពីខែតុលា ឆ្នាំ២០២១ និងបានឃើញដូចជាកាកសំណល់ហូរចេញពីបង្គន់សាធារណៈនៅក្បែរនោះចូលទៅក្នុងសមុទ្រដោយផ្ទាល់។ កាលពីពាក់កណ្តាលខែវិច្ឆិកាមុន អ្នកសារព័ត៌មានខេមបូចា បានទៅមើលទីតាំងប្រព័ន្ធលូបង្ហូរទឹកដែលបានកសាងនៅក្បែរបង្គន់សាធារណៈនោះ និងបានធុំក្លិនស្អុយចេញពីប្រព័ន្ធលូដែលហូរចាក់ទៅសមុទ្រនោះដែរ។
កាលពីប្រាំឆ្នាំមុនទីក្រុងឆ្នេរសមុទ្រមួយនេះ បានប្រែក្លាយទៅជាបណ្ដុំកាស៊ីណូ ដូចជាមានអគារខ្ពស់ដុះដាលជាច្រើន ព្រមជាមួយនឹងលំហូរចូលយ៉ាងគំហុកនៃជនជាតិចិន និងអ្នកវិនិយោគចិន។ ប៉ុន្តែក្រោយមកនៅឆ្នាំ២០១៩ រដ្ឋាភិបាលបានហាមឃាត់ល្បែងអនឡាញ ព្រមជាមួយនឹងវិបត្តិកូវីដ-១៩ ផ្ទុះឡើងផង ជនជាតិចិនរាប់ម៉ឺននាក់ដែលមកកម្ពុជាដើម្បីធ្វើការលើល្បែងអនឡាញ និងវិស័យទេសចរណ៍ បានចាកចេញពីក្រុងព្រះសីហនុ និងបានបន្សល់ទុកឱ្យក្រុងមួយនេះនូវភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងអគាររាប់ពាន់ផ្សេងទៀតមិនទាន់សាងសង់រួច។
ក្រុមអ្នករិះគន់លើកឡើងថានៅពេលមួយដែលការរីកដុះដាលវិស័យអចលនទ្រព្យ និងកាស៊ីណូ ព្រមទាំងចំនួនប្រជាជនកើនឡើងយ៉ាងគំហុកក្នុងក្រុងមួយនេះ គឺបានធ្វើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដើរមិនទាន់ ដែលជាហេតុនាំឱ្យមានបញ្ហាស្ទះចរាចរណ៍ និងទឹកជន់លិចជាដើម។
ប៉ុន្តែអំឡុងពេលមានវិបត្តិកូវីដ-១៩ ហើយវិស័យទេសចរណ៍ហាក់ស្ងប់ស្ងាត់ដែរនោះ ក្រុងព្រះសីហនុបានចាប់ផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូទឹកស្អុយ។ នៅតាមបណ្ដោយឆ្នេរ រដ្ឋាភិបាលបានសាងសង់បង្គន់សាធារណៈជាច្រើនកន្លែង និងហាងថ្មីៗជាច្រើនជំនួសឱ្យកន្លែងចាស់ៗពីមុន។
លោក លី ចាន់ដារ៉ាវុត ជាសកម្មជនបរិស្ថាន បានលើកឡើងថា ការបង្ហូរទឹកកខ្វក់ដែលមានក្លិនស្អុយចូលសមុទ្រដោយផ្ទាល់អាចប៉ះពាល់ដល់ភ្ញៀវទេសចរ ព្រោះភ្ញៀវទេសចរភាគច្រើនដែលធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុដោយសារពួកគេមានបំណងទៅលេងឆ្នេរសមុទ្រនិងកោះជាដើម។ ដូច្នេះធ្វើឱ្យភ្ញៀវទេសចរមិនហ៊ានចុះលេងទឹកសមុទ្រហើយមិនចង់មកកម្សាន្តតទៀត។ អាជីវករដែលកំពុងលក់ដូរនៅជាប់ឆ្នេរសមុទ្រក៏បាត់បង់ប្រាក់ចំណូលពីភ្ញៀវទេសចរនិងចំនួនភ្ញៀវទេសចរក៏ត្រូវបានថយចុះដែរ។
លោក ចាន់ដារ៉ាវុត ថ្លែងថា៖ «ខ្ញុំយល់ថា ការបង្ហូរទឹកលូចូលសមុទ្រឃើញថាកើតមានយូរហើយមិនទាន់មានការដោះស្រាយឱ្យមានប្រសិទ្ធភាព បើសិនមានទឹកលូនៅតែបន្តហូរចូលសមុទ្រវាប៉ះពាល់ទៅដល់ភ្ញៀវទេសចរពេលគាត់មកលេងឆ្នេរប៉ុន្តែពេលទៅដល់គាត់ឃើញទឹកខ្មៅកខ្វក់ហូរពីលូមានក្លិនស្អុយផង ធ្វើឱ្យពួកគាត់មិនចង់ទៅលេងទៀតទេហើយអ្នកលក់ក៏បាត់បង់ចំណូល ហើយចំណូលទេសចរណ៍ចូលមកដល់ជាតិក៏អត់មានដែរ»។
លោកបានបន្ថែមទៀតថា៖ «ទឹកស្អុយកើតចេញពីការអភិវឌ្ឈលឿនពេកធ្វើឱ្យការអភិវឌ្ឈខ្លះមានភាពមិនស្របច្បាប់ដូចជាការធ្វើអគារលើឆ្នេរសមុទ្រជាដើម។ ច្បាប់មួយចំនួនអនុវត្តតែទៅលើជនក្រីក្រតែប៉ុណ្ណោះ ដូចជាការបណ្ដេញអាជីវករដែលមានតូបតូចសាងសង់លើឆ្នេរតែបែរជាឃើញមានអគារខ្ពស់ៗទៅវិញ ឃើញថាពេលណាអគារច្រើនមានការគ្រប់គ្រងកាកសំណល់មិនបានល្អ»៕