សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អ្នកនេសាទសមុទ្រតំបន់ក្តាតត្អូញត្អែរពីផលនេសាទ​ថយចុះដោយ​សារ​​​​មានទូកនេសាទជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់ច្រើន

ប្រជានេសាទកំពុងឈរលើទូកនេសាទរបស់ពួកគេដែលចតចោលនៅតំបន់ក្តាត ខេត្តកំពត។ថតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)
ប្រជានេសាទកំពុងឈរលើទូកនេសាទរបស់ពួកគេដែលចតចោលនៅតំបន់ក្តាត ខេត្តកំពត។ថតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ក្តាតគឺជាកន្លែងប្រមូលផ្តុំទូកនេសាទធំមួយ ដែលប្រជាជនតំបន់នេះមានមុខរបរនេសាទ​សមុទ្រ​​​ដើម្បីចិញ្ចឹមជីវិតយ៉ាងសម្បូរសប្បាយតាំងពីយូរមកហើយ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ ផលនេសាទសមុទ្របានធ្លាក់ចុះធ្វើឱ្យប៉ះពាល់ជីវភាពពួកគាត់យ៉ាងខ្លាំង។ ប្រជានេសាទ​លើក​ឡើងថា ផលនេសាទធ្លាក់ចុះនេះដោយសារ​តែ មានទូកនេសាទខុសច្បាប់ជនជាតិវៀតណាម ជាច្រើនបានចូលមកនេសាទក្នុង​ដែនសមុទ្រខ្មែរដោយគ្មានខ្លាចញញើត។

វ័យ៣៧ឆ្នាំ លោក ពុទ្ធា ដែលរករបរនេសាទសមុទ្រជាង១០ឆ្នាំមកហើយក្នុងតំបន់ក្តាតបាន​និយាយ​ថា ក្នុងមួយយប់ៗមានទូកនេសាទ​វៀតណាមធំៗចូលមក ប្រើឧបករណ៍ខុសច្បាប់ជា​ច្រើនគ្រឿងក្នុងតំបន់នេះ មានបទល្មើសអូសគូរ អូសឆក់ និងអូសភ្លើងជាដើម ដោយ​បទ​ល្មើស​​​ទាំងនេះបានប្រមូលផលសមុទ្រគ្រប់ប្រភេទទាំងតូចទាំងធំគ្មានសល់។

លោក ពុទ្ធា បន្ថែមថា៖ «[ជនជាតិវៀតណាម]អូសគូរ អូសឆក់ អូសភ្លើងរញ៉េរញ៉ៃពេញ​សមុទ្រ​រាល់​យប់ វាអូសដល់ផែប្រេងព្រែកអំពិល និងកន្លែងទឹករាក់ៗអី អូសខ្ទេចខ្ទីរអស់ ស្ទើរមក​ដល់​ច្រាំងយើង»។ លោកបន្តថា៖ «[ជនជាតិវៀតណាម]អត់មានខ្លាចញញើតអីបន្តិសោះហ្មង មក​អូស​ប្រមូលទាំងបង្គា ក្តាម ត្រីគ្រប់ប្រភេទ តាំងពីតូចដល់ធំ វាចូលទាំងកូនគីអី ព្រោះ​ក្រឡា​វា​តូចៗ»

សម្បុរស្រអែម ពាក់អាវយឺតដៃខ្លីពណ៌បៃតងអង្គុយលើទូកនេសាទ​ ពុទ្ធា បានលើកជើង បង្ហាញ​ក្បាលជង្គង់ឆ្វេងរបស់ខ្លួនដែលរងរបួស​ហើម និងលេបថ្នាំជាប្រចាំដល់សព្វថ្ងៃ ដោយ​សារតែទូកវៀតណាម បានបុកពន្លិចទូករបស់គាត់កាលពីពីរឆ្នាំមុន។ ប្រជានេសាទ​រូបនេះ​បន្ថែមថា ទូកនេសាទខ្មែរតំបន់ក្តាតនេះជាច្រើនគ្រឿងត្រូវបានទូកនេសាទធំៗ វៀតណាម ដេញ​​បុកពន្លិចបណ្តាលឱ្យប្រជានេសាទខ្មែរ ខ្លះរបួសបាក់ដៃ បាក់ជើង ហើយខ្លះក៏រងការ​ប្រើ​ហិង្សា ផងដែរនាពេលកន្លងមក ។​

ប្រជានេសាទលោក ពុទ្ធា បន្ថែមថា៖ «តំបន់ក្តាតនេះទូកមិនតិចជាង១០គ្រឿងទេ​ត្រូវបានទូក​នេសាទយួនបុក ជួនកាលបាក់ដៃ បាក់ជើង អាខ្លះទាញបុ័ងតោដេញកាប់យើងទៀត គេ​កាប់​យើង​មិនបាន គេដេញបុកយើងហ្មង  គេកាងដូចដីគេចឹង បើសមត្ថកិច្ចយើងអត់​ធ្វើអីគេ​ផង​ហ្នឹង គេកាងអត់ចង់ឱ្យខ្មែរយើងរកស៊ីហ្មងហ្នឹង»។ ពុទ្ធា បន្ថែមថា៖ «រាល់ថ្ងៃខ្ញុំមានការភ័យខ្លាច អត់​ហ៊ានចេញអូសម្នាក់ឯងទេ ខ្លាចគេធ្វើបាបទៀត ទៅទល់មានគ្នាបានហ៊ានទៅ»

តំបន់ក្តាត ស្ថិតនៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ​ ដែលបច្ចុប្បន្នត្រូវបានកាត់ ទៅ​ក្រុងបូកគោ ខេត្តកំពតនាពេលថ្មីៗនេះ។ ព្រឹទ្ធាចារ្យតំបន់នេះឱ្យដឹងថា ប្រជាជនតំបន់ក្តាត នេះ មានមុខរបរ នេសាទសមុទ្រតាំងពីសង្គមមកនឹងបន្តនេសាទតាំងពីឆ្នាំ​១៩៧៩ដល់​បច្ចុប្បន្ន ដែលមានទូកនេសាទកើនឡើងប្រហែល១០០គ្រឿង។

ប្រជានេសាទលោក ប៉ែន ភ័ក្រ្ត វ័យ៣៨ឆ្នាំ ដែលមានរបរនេសាទសមុទ្រជាង១០ឆ្នាំមកហើយ​នៅ​តំបន់ក្តាតបានឱ្យដឹងថាដោយសារ​ផលនេសាទធ្លាក់ចុះ បច្ចុប្បន្ននេះមានទូក​ប្រហែលពាក់​កណ្តាលប៉ុណ្ណោះ បានចេញទៅនេសាទចំណែកពាក់កណ្តាលទៀតចតចោល ខ្លះទៅ​រក​ការ​ងារ​​រោងចក្រ ខ្លះទៅធ្វើការងារ សំណង់ជាដើម ដើម្បីចិញ្ចឹមជីវិត និងដោះបំណុល។

ប្រជានេសាទខាងលើបន្ថែមថា បច្ចុប្បន្នក្នុងមួយយប់ ពួកគាត់រកចំណូលពីការនេសាទ ពេល​ខ្លះ​បាន៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ ក្រោយផាត់ការចំណាយលើប្រេង និងថ្លៃកូនដៃរួច ប៉ុន្តែ​ពេល​ខ្លះរកអត់បានក៍ខាតដែរ។ បើប្រៀបធៀបពីមុនពួកគាត់អាចរកចំណូល​បាន១យប់​សល់​ជាង​១០ម៉ឺន​ទៅជាង២០ម៉ឺនរៀល គ្រាន់ចិញ្ចឹមជីវិត និងដោះស្រាយបំណុលប្រចាំខែ។

លោក ប៉ែន ភ័ក្រ្ត បន្ថែមថា៖ «យើងចេញទៅ១យប់ អស់ប្រេងពីរកាន(៦០លីត្រ) កូនដៃ៦ម៉ឺន បើ១យប់បាន៣០ម៉ឺនជាងអី មានសល់អី បងប្រៀបធៀបមើល បើពីមុនបាន៤០ម៉ឺនទៅ៥០ម៉ឺន ១យប់ សល់ជាង១០ម៉ឺនអីដែរ»។ លោកបន្តថា៖ «អ្នកនេសាទ៥០ភាគរយទុកទូក​ចោល! រក​លែង​បាន ហើយម៉ាស៊ីនខូចអត់មានលុយធ្វើ យូរទៅពិបាកទៅៗ អត់លុយបង់ធនាគារ​ព្រោះ​ទូកសុទ្ធតែខ្ចីបុលអង្គការមក​ទិញ»

លោក ប៉ែន ភ័ក្រ្ត លើកឡើងដូចគ្នាទៅនឹងអ្នកនេសាទផ្សេងទៀតថា មូលហេតុធ្លាក់ចុះ​ផលនេសាទនេះដោយសារតែទូកវៀតណាមចូលមកនេសាទប្រើឧបករណ៍ខុសច្បាប់ច្រើន​ពេកនៅលើផ្ទៃសមុទ្រ។ លោកសម្តែងក្តីព្រួយបារម្ភបើមិនមានការទប់ស្កាត់នោះទេ ធនធាន​​សមុទ្រ​ខ្មែរនឹងរលាយហិនហោចអស់ជាមិនខាន។

លោក ប៉ែន ភ័ក្រ្ត បន្តថា៖ «[ទូកវៀតណាម]ចូលជាង១០គូរ មួយយប់ៗ យើងគេចតែទូកគេ​សមុទ្រ​ក្តាតយើងត្រឹមកោះសេះ មកមុខកំពត  ត្រឹមកោះខ្ទះមកយើងហ្នឹង! គេចូលអូស​ពេញ​ទាំងអស់ អូសមួយយប់ៗគេចតែគេ ថ្ងៃមុននេះ [ទូកជនជាតិវៀតណាម] បុកដាច់ខ្សែង៉ាង​ទូក​ខ្ញុំខ្ទេច គេអត់ខ្លាចញញើតយើងទេ ទូកគេធំៗ គេម៉េចខ្លាចយើង ម៉ោង៥ល្ងាចអី ទូកគេចេញ​មកហើយអូសគូរ អូសឆក់ និងអូសភ្លើង»។ 

ប្រជានេសាទខាងលើបានបញ្ជាក់ថាកន្លងទៅ ធ្លាប់ឃើញមន្រ្តីជលផល ចុះមកសាកសួរពួក​គាត់​ពីបញ្ហាបទល្មើសនេសាទនេះដែរ ប៉ុន្តែ​ក្រោយសាកសួរហើយ ស្ងាត់ឈឹងទូកវៀតណាម​នៅតែចូលនេសាទប្រើឧបករណ៍ខុសច្បាប់ដដែល។ លោកបន្ថែមថា ប្រជានេសាទ​​ក៏​ធ្លាប់​ទូរសព្ទសុំអន្តារគមន៍តាមលេខដែលមន្រ្តីនគបាលការពារព្រំដែនទឹកបានដាក់ផ្លាកក្បែរចំណតទូកនេសាទតំបន់ក្តាតនេះដែរ តែមិនមានការឆ្លើយតបទេ។

លោក ប៉ែន ភ័ក្រ្ត បន្ថែមថា៖ «ទៅមុខទៀតប្រជាជននៅក្តាតមិនដឹងរកស៊ីអីទេ រត់ចោលទូក​អស់​ហើយ ឥឡូវចោលបណ្តើរៗហើយ មានណាគេចេញរកទៀត សូមឱ្យរដ្ឋាភិបាលជួយទប់​ស្កាត់​ការអូសគូរ អូសឆក់ អូសភ្លើង ឱ្យអស់ផង បើមិនចឹងបងប្អូននេសាទវេទនាងាប់ហើយ  រកអត់បានសោះចឹងពិបាកណាស់!​»

ប្រជានេសាទម្នាក់ទៀត លោក យឹម លាង អាយុ៣៣ឆ្នាំ ប្រឡូកក្នុងរបរនេសាទជិត​២០ឆ្នាំ​មកហើយ គាត់នេសាទតាំងពីធ្វើកូនដៃគេ រហូតដល់ធ្វើតៃកុងខ្លួនឯងក្រោយ​ខ្ចីលុយ​ធនាគារ​១ម៉ឺនដុល្លារទិញទូក១ គ្រឿងចេញរកស៊ីបាន៣ឆ្នាំហើយ បន្ទាប់ពីរៀបការរួចនឹងមាន​កូន​បី​នាក់​​ក្នុងបន្ទុក។

លោក យឹម លាង ឱ្យដឹងថា ក្នុងមួយជើងរកចំណូលបានតែ៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិន​បាន​ចេញ ទូករាល់ថ្ងៃនោះទេ គឺ៤​ទៅ៥ថ្ងៃចេញម្តង ដោយសារពេលខ្លះខ្សល់ខ្លាំង មានព្យុះ ហើយ​អ្នកនេសាទដូចគ្នាត្រឡប់មកវិញថារកអត់បាន ខ្លួនក៏មិនចេញទៅ​នេសាទ​​ដែរ ព្រោះ​ខ្លាច​ខាតថ្លៃប្រេងនិងថ្លៃកូនដៃ។

លោកថាដោយសារមិនចេះអក្សរ មិនដឹងឡើងគោករកស៊ីអី មានតែទ្រាំរករបរនេសាទនេះ ដើម្បីចិញ្ចឹមគ្រួសារ និងដោះបំណុលធនាគារ។

អ្នកនេសាទខាងលើបន្ថែមថា នៅតំបន់ដែលពួកគាត់ទៅនេសាទសមុទ្រនេះឃើញ​ទូក​នេសាទ​​​វៀតណាមធំៗចេញមកអូសប្រើឧបករណ៍នេសាទខុសច្បាប់​ជាច្រើនគ្រឿង​ពេញ​ផ្ទៃសមុទ្រ ប៉ុន្តែលោកមិនដឹងថា ត្រឹមណាដីយើង ត្រឹមណាដីគេទេ គឺទាំងខ្មែរទាំងវៀតណាម​នេសាទ​ជាមួយគ្នា ព្រោះមិនឃើញមានបង្គោល បោះបញ្ជាក់ច្បាស់លាស់។

លោកបញ្ជាក់ថា កន្លងទៅធ្លាប់លឺតៃកុងទូកនេសាទវៀតណាមដែលមិត្តភ័ក្រ្តរបស់ខ្លួនប្រាប់ថា​បានជាពួកគេហ៊ានចូលមកនេសាទប្រើឧបករណ៍ខុសច្បាប់ដូច្នេះដោយសារបានបង់លុយឱ្យមន្រ្តីអស់ហើយទើបហ៊ាន។

លោក យឹម លាង ៖ «តៃកុងទូក[ជនជាតិវៀតណាម]យើងធ្លាប់ស្គាល់ ដោយសារនេសាទយូរ​ទៅស្គាល់គ្នារហ័សនាមគេហ្នឹង ទូក១៤ ខ្ញុំសួរវាលេងអីទៅ ដោយប្រាប់វាថាកុំឱ្យវាចូល​មក​ឆ្ងាយ​ពេកប្រយ័ត្នខាងជើងទឹកចាប់ វាថាខ្លាចអី ! បង់លុយហើយៗ ខ្លាចអី តែវាមិនបញ្ជាក់​បង់​ឱ្យខាងណានោះទេ»

ទិដ្ឋភាពទូកនេសាទប្រជាពលរដ្ឋដែលចតចោលនៅតំបន់ក្តាត ខេត្តកំពត។ ​ថតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ទាក់ទងករណីខាងលើនេះ លោក ឈួន ចន្ទរស្មី នាយប៉ុស្តិ៍ក្តាត នៃវរសេនាតូចលេខ២៤១ ការពារ​ដែនសមុទ្រ ដែលឈរជើង​តំបន់នោះបានឱ្យដឹងថាមួយរយៈនេះលោក អត់ឃើញ មាន​ខាង ប្រជាជនរាយការណ៍ពីបទល្មើសនេសាទរឺបញ្ហាអ្វីនោះទេ។ បើសិនជាបានទទួល​​ព័ត៌មាន លោកនឹងរាយការណ៍បន្តទៅថ្នាក់លើដើម្បីអន្តរាគមន៍ភ្លាម ព្រោះកន្លែង លោកឈរ ជើងពុំមាន មធ្យោបាយដូចជាទូករឺអូប័រប្រចាំការដើម្បីចុះល្បាត នោះទេ ។

លោក ឈួន ចន្ទរស្មី បន្ថែមថា៖ «តាំងពីខ្ញុំនៅមិនដែលឃើញ មានប្រជាពលរដ្ឋរាយការណ៍ មកខ្ញុំផង ព្រោះខ្ញុំបានបិទលេខទូរសព្ទនៅផែ និងតាមគោលដៅនោះទាំងអស់ ដើម្បីឱ្យ​ប្រជានេសាទទូរសព្ទរាយការណ៍ អត់ដែលឃើញរាយការណ៍ផងពីរឆ្នាំមកនេះ ប្រហែល​​គាត់អត់ឃើញខាងខ្ញុំមានមធ្យោបាយអីហើយ ទើបគាត់អត់តេមកខ្ញុំតាមមើល!»

ទោះបីយ៉ាងណាលោកបញ្ជាក់ថាតាំងពីលោកមកឈរជើងនៅតំបន់ក្តាតបីឆ្នាំមកនេះ បាន​ទទួលសេចក្តីរាយការណ៍ពីទូកនេសាទ​វៀតណាម​លួចចូលមកនេសាទខុសច្បាប់នៅគីឡូ​លេខ​១២ចំនួនពីរលើកប៉ុណ្ណោះ ក្នុងអំឡុងពេលបុណ្យសមុទ្រនៅដើមខែធ្នូឆ្នាំ​២០២៣ ខណៈ​ដែលដកកម្លាំងមកចូលរួមបុណ្យសមុទ្រ។

លោក ឈួន ច័ន្ទរស្មី បន្តថា៖ «ពេលនោះខ្ញុំបានស្នើសុំមេយកអូប័រមកប្រចាំការបានជាង​២០​ថ្ងៃ​នៅប៉ុស្តិ៍ដែរ វាស្ងាត់រហូតតាំងពីថ្ងៃ​ទី៣ទី៤ធ្នូមកវាស្ងាត់ អត់ឃើញមានបទល្មើសអីចូលមក ! ដល់​ចឹងគេយកអូរប័រទៅវិញទៅ!»

លោកមេប៉ុស្តិ៍ខាងលើបានអះអាងថា តាំងពីលោកមកឈរជើងមិនដែលបានទទួលសំណូក​ពីការនេសាទខុសច្បាប់សូម្បីតែ១រៀល ព្រោះលោកមិនមានមធ្យោបាយអីចេញល្បាត ហើយ​សូម្បី​តែម្ហូបក៏លោកមិនហ៊ាន សុំប្រជានេសាទទទួលទានដែរ ដោយក្រែងចិត្ត​នឹង​ខ្លាច​ពួក​គាត់​ទើសទាល់។

 លោក ឈួន ច័ន្ទរស្មី បន្ថែម៖ «ខ្ញុំអត់បានទទួលទេស្ងាត់ច្រៀប១ខែ ក៏មិនបានទទួលពីខាង​ហ្នឹង មួយរៀលផង!  ព្រោះយើងអត់មធ្យោបាយ អត់ចេញប្រតិបត្តិការ វាមានអីត្រូវ​ពឹង​ពាក់​យើងទេ វាមិនខ្លាចយើងទេ! បើមានការអីខ្ញុំតេទៅមេ ដើម្បីអន្តរាគមន៍ទ្រទ្រង់សភាពការណ៍​ហ្នឹងវិញ»

ខេមបូចា មិនអាចទំនាក់ទំនងលោក សំរិទ្ធ ថាវរ៉ាន់ មេបញ្ជាការវរសេនាតូចលេខ២៤១ប្រចាំ​ខេត្តកំពតរបស់នាយកដ្ឋាននគបាលការពារ​ព្រំដែនទឹក តាមលេខទូរស័ព្ទដែលបិទនៅផែទូក​នេសាទក្តាតបាននោះទេ ដោយទូរសព្ទចូលជាច្រើនសារមិនមាន អ្នកលើកទទួលកាល​ពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២៤។

ជុំវិញការលើកឡើងបទល្មើសនេសាទខាងលើលោក ស សូរិន នាយខណ្ឌជលផល​ខេត្តកំពត​បានឱ្យដឹងថា កន្លងទៅកម្លាំងលោកសហការជាមួយគណៈកម្មាការសហគមន៍នេសាទទាំង៩ តាមបណ្តោយឆ្នេររហូតដែរ។ លោកបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាននេះ​លោកនឹងចាត់​កម្លាំង​ចុះល្បាតបន្ថែមទៀតនៅតំបន់ខាងលើនេះ។

លោក ស សូរិន បន្ថែមថា៖ «តំបន់ហ្នឹងដែនទឹកជាប់គ្នា យើងល្បាតជាប្រចាំដែរ ពេល​បាន​ទទួល​ព័ត៌មាននេះ យើងនឹងឱ្យទៅល្បាត​ថែមទៀត ដែនសមុទ្រជាប់គ្នា​គេម្ខាងយើងម្ខាង មុខ​ក្តាតហ្នឹង! ផែប្រេងនៅចំកណ្តាល»។ លោកបន្ថែមថា៖ «ហើយកន្លែងហ្នឹងមក​ដល់​គោកមាន​សហគមន៍ យើងបោះបង្គោលអភិរក្សស្មៅសមុទ្រ មានប្រអប់បេតុងសិប្បនិម្មិត​យើងពេញ​ហ្នឹង​អស់​ហើយ យើងនឹងល្បាតទៀត នៅខាងក្រៅហ្នឹង! យើងនៅបន្តល្បាតជាមួយគណៈកម្មការ សហគមន៍ទាំង៩របស់យើង»

លោក ស សូរិន បញ្ជាក់ថា ទិន្នផលនេសាទវាមានការប្រែប្រួលទៅតាមរដូវកាល គឺនៅពេល​រដូវ​ប្រាំង ទិន្នផលធ្លាក់ចុះបន្តិចហើយ។

លោកបន្ថែមថា បើតាមស្ថិតិរបាយការណ៍ប្រចាំឆ្នាំ ចាប់ពីខែមករាដល់មេសា ផលនេសាទ​ធ្លាក់​ចុះបន្តិច  ចាប់ពីខែឧសភាដល់ខែធ្នូ ទិន្នផលសមុទ្រមានវិញ ដោយសារវាទាក់ទង​ចរន្ត​ទឹក និងបម្រួលបម្រួលអាកាសធាតុផង។

លោក សូរិន បន្តថា៖ «ខែវស្សាវាសម្បូរខែប្រាំង ទឹករាងក្តៅចរន្តទឹកអត់សូវហូរអីទៅ ជារៀង​រាល់ឆ្នាំគឺចឹង ខែប្រាំងមិនសូវសម្បូរដូចខែវស្សាទេ»

ទោះបីយ៉ាងណាប្រជានេសាទ លោក យឹម លាង ដែលរករបរនេសាទជិត២០ឆ្នាំបាននិយាយ ថា ផលនេសាទបានធ្លាក់ចុះខ្លាំងរយៈពេលពីរឆ្នាំមកហើយ មិនថាខែប្រាំង រឺខែវស្សានោះទេ គឺអូសអត់បានតែម្តង ដោយសារតែទូកនេសាទវៀតណាមប្រើឧបករណ៍នេសាទខុសច្បាប់​យ៉ាង​ច្រើនលើផ្ទៃសមុទ្រ។

ប្រជានេសាទខាងលើបានកត់សម្គាល់ថា នៅពេលដែលមន្រ្តីជំនាញចុះល្បាតម្តងៗ ក្រុមទូក នេសាទ​វៀតណាមហាក់ដឹងព័ត៌មានមុន គឺមិនចូលមកនោះទេ ហើយក្រោយពីមន្រ្តីដកត្រឡប់​​ទៅវិញទូកគេចូលនេសាទខុសច្បាប់ដដែល ប្រហែលជាមានអ្នកផ្តល់ព័ត៌មានឱ្យគេ​មុន​ក៏មិន​ដឹង។

បើតាមលោក ស៊ឹម ហ៊ីម ប្រធានសហគមន៍នេសាទ ត្រពាំងសង្កែ បានឱ្យដឹងថា លោកក៏​ទទួល​​ព័ត៌មានថា ពិតជាមានទូកវៀតណាមចូលមកនេសាទខុសច្បាប់នៅតំបន់ខាងលើមែន ចំណែកក្នុងសហគមន៍ លោកគ្រប់គ្រង គឺមិនមាននោះទេបច្ចុប្បន្ន។

ទោះបីយ៉ាងណាលោកសម្តែងក្តីព្រួយបារម្ភថា ធនធានសមុទ្រនឹងថយចុះដោយសារកក្តាពីរ ទីមួយ ដោយសារកក្តាប្រើប្រាស់បទល្មើស​នេសាទខុសច្បាប់ ទីពីរ ការចាក់ដីរំលោភយកដី​ព្រៃកោងកាងធ្វើជាកម្មសិទ្ធ។

លោក ស៊ឹម ហ៊ីម បន្ថែមថា៖ «សហគមន៍យើងកំពុងការពារដីទាំងនោះដោយ ចាប់ផ្តើមស្តារ ដីព្រៃកោងកាងឡើងវិញដើម្បីថែរក្សាជីវៈចម្រុះ  ប៉ុន្តែទោះបីយើងស្តារប៉ុន្មានក៏ដោយ បើតំបន់​ខាងក្រៅសហគមន៍មានបទល្មើសនេសាទច្រើនហ្នឹង អ្នកនេសាទគាត់អត់ទៅ​ណា​រួចទេ គាត់​ងាកមកប្រព្រឹត្តបទល្មើសនេសាទក្នុងសហគមន៍យើងហ្នឹង គឺ​ហិនហោចទាំងអស់តែម្តង!»

លោក ស៊ឹម ហ៊ីម បានសំណូមពរដល់រាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត​ជុំ​វិញ​ការបង្រ្កាបបទល្មើសនេសាទដែលកំពុង​កើតឡើងច្រើនលើផ្ទៃសមុទ្រ និងគួរពង្រឹងការ អនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា។

ខេមបូចា មិនអាចសុំការឆ្លើយតបពីមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាន​ទេ​តាំងពី​ថ្ងៃ​ទី១១ ខែមករាដល់វេលាម៉ោង២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤៕

761 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម