សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កញ្ញា សេង ធារី ចាប់ផ្ដើមធ្វើកូដកម្មអត់អាហារ ក្រោយអង្គការ​សហប្រជាជាតិថាការឃុំខ្លួនជាការធ្វើឡើងតាមអំពើចិត្ត

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ បាន​ចាប់​ផ្ដើម​ធ្វើ​កូដ​កម្ម​អត់​អាហាររយៈ​ពេល​​១០​ថ្ងៃ​របស់​ខ្លួននៅ​ថ្ងៃចន្ទ ដែល​កូដកម្ម​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​បន្ទាប់​ពី​របាយ​ការណ៍​អង្គការ​សហប្រ​ជា​ជាតិ​បាន​ប្រ​កាសថា​កញ្ញា​គឺ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​បាន​អំពា​វ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​។ នេះ​បើ​តាម​ការ​លើ​ក​ឡើង​របស់​មេធាវី​ការពារ​ក្ដី Jared Genser កាលពី​ថ្ងៃចន្ទ​។​

មេធាវី​រូប​នេះ​មាន​ប្រសាសន៍​ថា៖ «កូដកម្មអត់អាហារ​របស់​ ធារី គឺ​ជា​ការ​តស៊ូ​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល និង​ដោយ​សន្តិវិធី​ចំពោះ​ការ​គាប​សង្កត់​លើ​អ្នក​នយោបាយ​ប្រឆាំងក្នុង​ប្រទេស​កម្ពុជា និង​ថា​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នឹង​មិន​មាន​ភាព​សេរី និង​យុត្តិធម៌ទេ»។​

កាល​ពី​ថ្ងៃទី​២៨ ខែមិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ដោយ​ទំនង​សម្ដៅ​លើ​កញ្ញា សេង ធារី ថា៖ «​អ្នក​ឯង​ចង់​ធ្វើ​កូដ​កម្ម​អត់​អាហារ អ្នក​ឯង​ចង់​ងាប់ វាជារឿង​របស់​អ្នក​ឯង»។​

បើ​តាម​មេធាវី Genser កញ្ញា សេង​ ធារី ដែល​មាន​សញ្ជាតិ​ខ្មែរ-អាមេរិក​កាំង គឺ​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំមួយ​ឆ្នាំកាលពីខែ​មិថុនា ឆ្នាំ​២០២២ ដោយ​ចោទ​ថា «​រួម​គំនិត​ក្បត់» និង «ញុះញង់ នាំ​ឲ្យ​មាន​ចលាចល​បង្ក​ឱ្យ​ប៉ះ​ពាល់​សន្តិសុខ​​សាធារណៈ​»។​

កាល​ពី​សប្ដាហ៍​មុន ក្រុម​ការងារ​អង្គការ​សហប្រជា​ជាតិ​លើ​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត បាន​ថ្លែង​ថា៖ «ការ​កាត់​ទោស​កញ្ញា សេង​ ធារី មិន​គួរ​កើត​មាន​ទេ» ហើយ​ថា​​កញ្ញាគឺ «​បាន​ក្លាយ​ជា​គោល​ដៅ​របស់​គេ ដោយ​សារតែ​សកម្មភាព​របស់​កញ្ញាក្នុង​នាម​​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​បាន​ផ្សព្វ​ផ្សាយ និង​បង្ហោះ​ព័ត៌មាន​រិះ​គន់​រដ្ឋាភិបាល»។​

ក្នុង​ប្រសាសន៍​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​២៨ ខែមិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា៖​ «ខ្ញុំ​មិន​លើក​លែង​ទោស​ឱ្យអ្នក​ឯង[ធារី]ទេ ខ្ញុំ​មិន​ទុកចិត្ត​បរទេស​ដែល​ចង់​បំផ្លាញ​ខ្ញុំ»។ លោក ក៏​បាន​ព្រមាន​ថា​ការជ្រៀតជ្រែក​របស់​បរទេសនឹង​​មិន​​ធ្វើ​ឱ្យ​រយៈ​ពេល​ជាប់ទោស​របស់​កញ្ញា សេង ធារី ថយ​ចុះ​នោះ​ទេ​។​

លោក Jared Genser លើក​ឡើង​ថា ​ដើម​ចម​ដែល​នាំ​ឱ្យ​មានការ​ចោទ​ប្រកាន់​លើកូន​ក្ដី​របស់​លោក គឺ​ដោយសារ​ការកូន​ក្ដី​របស់​លោក ​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​ចំនួន​ពីរ​ដែល​មាន​ន័យ​រិះ​គន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។​

អង្គការ​សហប្រជា​ជាតិ​បាន​ថ្លែង​ថា ការ​បង្ហោះ​សារ​របស់​កញ្ញា សេង ធារី «​គឺ​មិន​មាន​ត្រង់​ណា​បង្ហាញ​ថា​មាន​ចរិត​ញុះញង់ ឬ​មាន​លក្ខណៈ​ហិង្សា​នោះទេ» ហើយថាការ​ឃុំ​ខ្លួន​របស់​កញ្ញា «គឺជា​ការ​ឃុំ​ខ្លួន​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត»។​

អង្គការ​សហប្រជាជាតិ​ក៏​បាន​​បញ្ជាក់​ដែរ​ថា​ មាត្រា៤៩៤ និង​៤៩៥នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ហាម​ឃាត់​នូវអំពើ​ញុះញង់​នាំ​ឱ្យប៉ះពាល់​សណ្ដាប់​ធ្នាប់​សង្គម និង​បង្ក​ហិង្សា គឹ​ «មិនស្រប​គ្នា» ជាមួយ​នឹង​សេចក្ដី​ថ្លែង​ការ​ណ៍​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​នោះទេ ដោយ​មាត្រា​ទាំង​នេះ​មាន​ផ្ទុក «​ពាក្យ​មាន​ន័យ​មិន​ច្បាស់​លាស់» និង​ «មាន​ន័យ​ទូលំទូលាយ​ពេក»។​

បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទេ​បន្ទាប់​ពី​ក្រុមការងារ​បាន​ទុក​ពេល​ឱ្យ​ជាង​ប្រាំ​បី​ខែ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​លើ​ការ​កាត់​ទោស​កញ្ញា សេង​ ធារី និង​លក្ខខណ្ឌ​នៃការ​ឃុំ​ខ្លួន។​

កញ្ញា សេង​ ធារី គឺជា​មនុស្ស​ម្នាក់​ដែល​រង​ការ​កាត់​ទោសដូច​នឹង​​អ្នក​នយោបាយ​របស់អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​ផ្សេង​ទៀតដែរ ហើយ​អ្នក​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​កាត់​ទោស​ពី​បទ​ញុះញង់ និង​រួម​គំនិត​ក្បត់។​

បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ កញ្ញា សេង ធារី ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះ​វិហារ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ហើយ​កញ្ញា​ត្រូវ​បានឃុំ​ខ្លួន​ក្នុង​បន្ទប់​ប្រាំម៉ែត្រ​ការ៉េ ជាមួយ​នឹង​អ្នកទោស​ស្រ្តី​១៩​នាក់​ផ្សេង​ទៀត​។​

ប្អូន​ប្រុស​របស់​កញ្ញា សេង ធារី លោក ម៉ាឌី ធារី បាន​លើក​ឡើង​ទាក់​ទង​នឹង​ការ​ធ្វើ​កូដ​កម្ម​អត់អាហារ​នេះថា៖ «គ្រួសារ​របស់​ខ្ញុំ​ពិត​ជា​មាន​ការ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុខ​ភាពគាត់ ហើយ​ក៏​មាន​ការ​ព្រួយ​ចិត្ត​ណាស់​ដែរ ដែល​គាត់​ជ្រើស​រើស​វិធី​មួយ​នេះ»។​ លោកបន្តថា៖ «ជាមួយគ្នា​នេះ យើងក៏យល់ពីការខកចិត្តរបស់នាង និងបំណងប្រាថ្នារបស់នាងក្នុងការនិយាយប្រឆាំង​នឹងភាពអយុត្តិធម៌ទាំងនេះ»

អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បាន​បដិសេធថា​ កញ្ញា សេង​ ធារី ធ្វើ​កូដកម្ម​អត់​អាហារ និង​ថា​កញ្ញា​កំពុង «តម​អាហារ​ដើម្បី​សុខ​ភាព»។​

លោក​ថ្លែងថា៖ «មតិសារធារណៈជនខ្លះ​បារម្ភពី​សុខ​ភាព​របស់​កញ្ញា​នៅ​ក្នុង​ពន្ធនាគារ តាម​ពិត​មិនមាន​អ្វី​ជា​អវិជ្ជមាន​នោះទេ»។​

លោក​បន្ថែម​ថា ខាង​ពន្ធនាគារ​បាន «តាម​ដាន​យ៉ាង​យក​ចិត្តទុក​ដាក់លើ​ករណី​នេះ» ហើយ​ «ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​ពេល​មាន​ការបន្ទាន់​ផង​ដែរ»។​

ប្អូន​ប្រុស និង​មេធាវី របស់​កញ្ញា សេង ធារី បាន​អំពាវ​នាវ​ឱ្យ​សហរដ្ឋអាមេរិក​ចាត់​វិធានការ​ដោយ​ផ្អែក​តាមច្បាប់ Levinson (Levinson Act)​ ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រធានាធិបតី «​ចាត់​វិធានការ​មិន​ផ្ដល់​ទិដ្ឋាការ និង​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ប្រឆាំង​​ជនបរទេសណា​ដែល​ទទួល​ខុស​ត្រូវ ឬ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ឬ​មិន​ត្រឹម​ត្រូវ លើ​ជន​ជាតិ​អាមេរិក​នៅ​ក្រៅ​ប្រទេស»។​​

ឯកអគ្គរដ្ឋទូត W. Patrick Murphy បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែង កញ្ញា សេង ធារី ពី «ការ​ដាក់​ទណ្ឌកម្មដោយអយុត្តិធម៌»។ អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Stephanie Arzate បាន​ប្រាប់ CamboJA ថា៖ «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការ​ប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ជួយ​ពលរដ្ឋ​អាមេរិកនៅក្រៅប្រទេស និងកំពុងផ្តល់ជំនួយផ្នែកកុងស៊ុលសមរម្យ​ទាំងអស់​របស់​កញ្ញា សេង ធារី និងក្រុមគ្រួសារ»

លោក Arzate បានថ្លែងថា មន្រ្តីកុងស៊ុលសហរដ្ឋអាមេរិក «ទៅជួបជាទៀងទាត់» ធារី ហើយ​ថា​ឯកអគ្គរដ្ឋទូត និងមន្ត្រីជាន់ខ្ពស់ «បន្តបង្កើនការព្រួយបារម្ភជាមួយមន្ត្រីកម្ពុជា» អំពីករណីរបស់​នាង។

កាល​ពី​ថ្ងៃទី​១៤ ខែកក្កដា សមាជិក​សភាអាមរិក​ជា​ច្រើន​រូប​បាន​លើក​ឡើង​ជា​ថ្មី​ពី​​សេចក្ដីព្រាង​ច្បាប់ ដែល​បាន​លើក​ឡើង​ជា​ពិសេស​លើ​ករណី​ កញ្ញា សេង ធារី និង​សមាជិក និង​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ ដោយ​ពួកគេ​បាន​​និយាយ​ថា​នឹង «​ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាល​​កម្ពុជា សម្រាប់​ការ​រំលោភ​បំពាន​នានា និង​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឲ្យ​រិចរិល​ដល់​ប្រ​ជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស»។ ច្បាប់​នេះ ដែល​បាន​រំឭក​ជា​ថ្មី​ដល់​ការ «ដាក់​ទណ្ឌកម្ម​បង្ក​កទ្រព្យ​សម្បត្តិ» ដែល​អាច​ដាក់​លើ​ប្រជា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ ហើយ​ច្បាប់​នេះ​បាន​ប្រើ​ម្ដង​ហើយ​កាលពី​ឆ្នាំ២០២០​។

សមាជិក​ព្រឹទ្ធសភាប្រចាំ​រដ្ឋ Massachusetts លោក Edward Markey ថ្លៃង​ថា៖ «​សហរដ្ឋ​អាមេរិក​​ត្រូវ​តែផ្ដល់​សារ​ឲ្យ​ច្បាស់​ថា​យើង​នឹង​មិន​ងាក​រេ​ក្នុង​ការ​ប្ដេជ្ញាគាំទ្រ…​សិទ្ធិប្រ​ជា​ពល​រដ្ឋ​កម្ពុជា និងលទ្ធិប្រជា​ធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​»

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន មិន​អត្ថាធិប្បាយ​លើ​ករណី​កញ្ញា សេង ធារី​ ទេ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ​វាមិន​ទាន់​ប្រាកដ​ទេ​ថា​នឹង​មាន​ការ​ដាក់ទណ្ឌកម្ម ឬ​ក៏​ការ​ដាក់ទណ្ឌកម្ម​មាន​ឥទ្ធិពល​លើ​ប្រជា​ពល​រដ្ឋ​កម្ពុជា។​

លោក​ឱ្យ​ដឹងថា៖ «​ដាក់​ទណ្ឌ​កម្ម ឬអត់​ជា​សិទ្ធិរបស់​ពួកគេ [ព្រឹទ្ធសភាអាមេរិក]…ប៉ុន្តែ​ថា​តើ​​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​នឹង​មាន​ប្រសិទ្ធភាព​ ឬ​អត់»។​

តំណាង​ឧត្តម​ស្នងការទទួល​បន្ទុក​​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជាមិន​បាន​ឆ្លើយ​តប​នឹង​ការ​សុំ​អត្ថាធិប្បាយ​លើ​រឿង​នេះទេនៅ​រសៀល​ថ្ងៃចន្ទនេះ​។​

​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន មិន​អាច​ទាក់ទង​តាម​ទូរសព្ទ​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ និង​តាម​តេឡេក្រាម​ក៏​លោក​មិន​បាន​ឆ្លើយ​តប​ដែរ៕​

(រាយការណ៍​បន្ថែម​ដោយ៖ ហ៊ែល កំសាន)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Seng Theary Begins Hunger Strike, After UN Declares Her Arbitrarily Detained

199 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម