សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេង ធារី ត្រូវបានផ្ទេរដោយស្ងាត់ៗទៅកាន់ពន្ធនាគារខេត្តព្រះវិហារ

អ្នកបើកបរម៉ូតូម្នាក់បើកកាត់ពីមុខពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ
អ្នកបើកបរម៉ូតូម្នាក់បើកកាត់ពីមុខពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

 កញ្ញា សេង ធារី ជាមេធាវីសញ្ជាតិខ្មែរអាមេរិកកាំងនិងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស​ដ៏លេចធ្លោ​ត្រូវបាន​ផ្ទេរដោយស្ងាត់ៗពីពន្ធនាគារនៅក្នុងទីក្រុងភ្នំពេញ​ទៅ​កាន់​ពន្ធនាគារខេត្តព្រះវិហារភាគខាងជើងនៃប្រទេស។ 

កញ្ញា សេង ធារី ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស​ក្នុងរាជធានីភ្នំពេញ​កាល​ពីថ្ងៃអង្គារ​ បន្ទាប់ពី​សាលាដំបូងរាជធានីភ្នំពេញ​បានផ្តន្ទាទោស​កញ្ញាឲ្យជាប់ពន្ធ​នា​គារ​រយៈ​ពេល​៦​ឆ្នាំ​ រួមជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀតដែលជា​អតីតសមាជិកគណបក្សសង្គ្រោះជាតិ​ដែលត្រូវបាន​រំលាយ​នោះ។ ពួកគេត្រូវបាន​រកឃើញពិរុទ្ធភាព​ពីបទញុះញង់និងរួមគំនិតក្បត់​ក្នុងការផ្តួលរំលំរដ្ឋាភិបាល​កាលពីឆ្នាំ​២០១៩​ ដោយសារតែពួកគេគាំទ្រផែនការវិលត្រឡប់​របស់មេដឹកនាំ​ក្រុមប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុងរស់នៅនិរទេសខ្លួន។​

កាលពីរសៀលថ្ងៃសុក្រ​ លោក ជូង ជូងី ជាមេធាវីការពាររបស់​កញ្ញា សេង ធារី​ បាន​ទៅសួរសុខទុក្ខកូនក្តីរបស់​លោកនៅពន្ធនាគារព្រៃស ប៉ុន្តែ​លោក​មាន​ការភ្ញាក់ផ្អើល​ បន្ទាប់ពី​ឆ្មាំពន្ធនាគារប្រាប់លោកថា កញ្ញា សេង ធារី ត្រូវបាន​ផ្ទេរទៅ​ពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃពុធ។

លោក ជូងី បានមានប្រសាសន៍ថា៖ «​នេះគឺជាលើកទី​១​ហើយ​ ដែល​ខ្ញុំជួបរឿង​បែបនេះ​។ ឥឡូវនេះ​ តើខ្ញុំអាចជួបគាត់​ដោយរបៀបណា ដើម្បីពិគ្រោះផ្នែកច្បាប់សម្រាប់ត្រៀមប្តឹងឧទ្ធរណ៍?»

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ​បាន​បញ្ជាក់ប្រាប់ខេមបូចា​ថា កញ្ញា សេង ធារី ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារ​ខេត្តព្រះវិហា​កាល​ពីថ្ងៃពុធ​ ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុ​ខ​ ហើយបានមានប្រសាសន៍ថា កន្លងមក កញ្ញា ធារី ធ្វើការតវ៉ាបែបសម្តែងតាមទីសាធារណៈ។ 

លោក សវនា បានមានប្រសាសន៍ថា៖ «ហេតុផលគឺ [ពាក់ព័ន្ធ] សន្តិសុខសាធារណៈ។ ប្រសិនបើ​យើងទុកគាត់នៅមណ្ឌលកែប្រែម២ ពួកគេ (អ្នកគាំទ្ររបស់គាត់) នឹងមកអុកឡុកពន្ធនាគារ ហើយតើមន្ត្រីរបស់ខ្ញុំធ្វើការងារយ៉ាងម៉េចកើត?»។

នៅពេលសួរថា តើ​លោកមិនបារម្ភថា អ្នកគាំទ្ររបស់កញ្ញា ធារី នឹងទៅ​តវ៉ានៅខេត្តព្រះវិហារទេឬ លោកបានឆ្លើយ​ថា៖ «​យើងនឹងរង់ចាំមើល…យើងមិនអាចចៀសផុតទេ ពីព្រោះប្រទេសរបស់យើងមានសេរីភាពក្នុងការ​ដើរហើរ ហើយពលរដ្ឋមានសិទ្ធធ្វើបាតុកម្ម ប៉ុន្តែពួកគេត្រូវតែគោរពច្បាប់»។

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក នី សុខា ប្រធាន​អង្គការសិទ្ធិមនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍ថា វាគឺជារឿងកម្រ​ដែល​ជនជាប់ចោទត្រូវបានផ្ទេរពី​ពន្ធនាគារក្នុងរាជធានីទៅពន្ធនាគារនៅតាមខេត្ត។ 

លោក​បាន​មានប្រាសាសន៍ថា ហេតុផលពិតដែល​គាត់ត្រូវបានគេផ្ទេរចេញ​គឺដោយសារតែអាជ្ញាធរបារម្ភ។ លោកបានបន្ថែមថា៖ «ការធ្វើបែបនេះគឺដើម្បីបំបាក់ស្មារតី​របស់គាត់»

អង្គការអន្តរជាតិដូចជា Human Rights Watch បានថ្កោលទោស​ការផ្តន្ទាទោស​កញ្ញា សេង ធារី ហើយចាត់ទុកថា ជារឿង​នយោបាយ​និងជាភស្តុតាងដែលបង្ហាញពីធ្លាក់ចុះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Seng Theary secretly transferred to Preah Vihear prison

237 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម