លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ព្រមដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច មេដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន បន្ទាប់ពីលោកបានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន ធ្លាប់បានព្រមានថា លោកនឹងរំលាយគណបក្សភ្លើងទៀនជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានបង្កើតគណបក្សនេះ ហើយក្រោយមកប្តូរឈ្មោះមកជាគណបក្សភ្លើងទៀន។
កាលពីខែមីនាឆ្នាំមុន សារព័ត៌មាន Fresh News បានចុះផ្សាយសុន្ទរកថារបស់លោក ជា ប៉ូច ដែលថ្លែងអំឡុងកិច្ចប្រជុំយុវជនគណបក្សភ្លើងទៀននៅទីក្រុងភ្នំពេញ ដែលលោកបានអះអាងថា គោលដៅរបស់លោកគឺទម្លាក់លោក ហ៊ុន សែន។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំនេះ លោក ជា ប៉ូច អតីតអគ្គហិរញ្ញិក និងជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀន បានផ្ញើលិខិតសុំការអភ័យទោសពីរដ្ឋាភិបាល ជាពិសេសពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសម្តែងការសោកស្តាយចំពោះទង្វើរបស់លោកកន្លងមក។
លោកក៏បានសុំការអភ័យទោសផងដែរចំពោះការប្រើប្រាស់ពាក្យសម្តីដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍ សន្តិភាព និងស្ថិរភាព ស្របពេលអំពាវនាវទៅកាន់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។
លោក ជា ប៉ូច បានសរសេរនៅក្នុងលិខិតរបស់លោកថា៖ «ខ្ញុំបានសម្រេចចិត្តផ្តាច់ខ្លួនពីលោក សម រង្ស៊ី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន […] ដោយសារអស់ជំនឿលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាថ ការលាបពណ៌ ការបំបែកបំបាក់ដែលមិនអាចឈានទៅរកការបង្រួបបង្រួមនិងការផ្សះផ្សារជាតិបាន»។
ជាការឆ្លើយតបចំពោះលោក ជា ប៉ូច លោក ហ៊ុន សែន បានយល់ព្រមដកពាក្យបណ្ដឹងរបស់លោក និងស្វាគមន៍អ្នកផ្សេងទៀតដែលបញ្ចប់ទំនាក់ទំនងជាមួយ «ជនក្បត់ជាតិបីជំនាន់» ដែលទំនងជាសំដៅដល់លោក សម រង្ស៊ី លោក សម សារី ឪពុករបស់លោក សម រង្ស៊ី និងលោកតា សំ ញាន ជាជីតារបស់លោក សម រង្ស៊ី។
លោក ហ៊ុន សែន បានបង្ហោះសារកាលពីល្ងាចថ្ងៃអង្គារថា៖ «ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្ដឹងចេញពីតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។
លោក ហ៊ុន សែន បានបន្ថែមថា៖ «យើងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយ ដែលបន្តធ្វើតាមជនក្បត់ជាតិនេះ [សម រង្ស៊ី] ជាដាច់ខាត។ យើងនឹងបន្តប្រើផ្លូវច្បាប់ ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណា ដែលជេរប្រមាថ មួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង»។
លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺកាត់បន្ថយកម្លាំងមន្ត្រីគណបក្សប្រឆាំង ដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។
លោក មាស នី បានថ្លែងថា៖ «ពួកគាត់ [មេដឹកនាំគណបក្សប្រឆាំង] ប្រហែលជាគ្មានច្រកចេញទេ ប្រសិនបើពួកគាត់នៅតែដើរតាមមេដឹកនាំគណបក្សប្រឆាំង [សម រង្ស៊ី] ពីព្រោះឥឡូវនេះ យើងឃើញថា ស្ថានភាពនយោបាយវាដល់កន្លែងមួយទាល់ច្រក [ដោយសារ] ពួកគេនិយាយគ្នាលែងកើយត ហើយអ្នកខាងក្រៅ [អ្នកនយោបាយដែលបានចាកចេញ] ត្រូវតែរកវិធី ដើម្បីត្រឡប់ប្រទេសរបស់ខ្លួនវិញ»។
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំងចាប់តាំងពីចុងឆ្នាំ២០១៥ បានគេចខ្លួនពីចំណាត់ការផ្លូវច្បាប់មកលើរូបលោក។ កាលពីឆ្នាំ២០២១ មេដឹកនាំគណបក្សសង្គ្រោះជាតិចំនួនប្រាំបួនរូប រួមទាំងលោក សម រង្ស៊ី ផង ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារពី២០ ទៅ២៥ឆ្នាំជុំវិញការជាប់ពាក់ព័ន្ធនៅក្នុងផែនការរដ្ឋប្រហារឆ្នាំ២០១៩។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន មានប្រសាសន៍ថា ការលាលែងរបស់លោក ជា ប៉ូច ពីគណបក្ស ឬអ្នកផ្សេងទៀត នឹងមិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សភ្លើងទៀន ឬរារាំងដល់ការអនុវត្តសកម្មភាពនយោបាយនោះទេ។
លោកមានប្រសាសន៍ថា៖ «វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការបន្ត ឬបញ្ឈប់ការជាប់ពាក់ព័ន្ធក្នុងនយោបាយ ឬផ្លាស់ទៅគណបក្សផ្សេង […] ពីព្រោះ [យើង] មានសមាជិក មន្ត្រី និងថ្នាក់ដឹកនាំជាច្រើនទៀត ដែលបន្តនៅជាមួយគណបក្ស»។
លោក សុធារ៉ាយុទ្ធ បានបន្តថា៖ «គណបក្សភ្លើងទៀនមិនបារម្ភទេ ពីព្រោះ [យើង] មានអ្នកគាំទ្រ មន្ត្រី និងថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់មូលដ្ឋាន ដែលជាកម្លាំងចលករ ឫស្នូលរបស់គណបក្ស»។
លោកបន្ថែមថា គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បាននិងកំពុងពង្រឹង និងពង្រីករចនាសម្ព័ន្ធគណបក្សទូទាំងប្រទេស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច មានប្រសាសន៍ថា គណបក្សប្រជាជនស្វាគមន៍អតីតសមាជិកគណបក្សប្រឆាំង ដែលបានផ្តាច់ខ្លួនចេញពី «ក្រុមឧទ្ទាម» ទោះបីជាកន្លងមក ពួកគេបានរិះគន់គណបក្សកាន់អំណាចក៏ដោយ។
លោកបានថ្លែងថា៖ «កន្លងមក មនុស្សរាប់រយនាក់ ជាពិសេសសកម្មជនរបស់គណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ បានវិលមករួមរស់ក្នុងសង្គមវិញ។ នេះជាលទ្ធផលនៃគោលនយោបាយបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន»។
លោកបានគូសបញ្ជាក់ថា ថ្មីៗនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា ក៏បានអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យជួយអន្តរាគមន៍លើករណីរបស់លោក ដើម្បីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រដែរ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ព្រះមហាក្សត្របានត្រាស់បង្គាប់ឱ្យលើកលែងទោសលើ លោក គង់ សភា ដែលសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពីបទ«រួមគំនិតក្បត់»។
លោក គី តិច មេធាវីរដ្ឋាភិបាលបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈលោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី មិនបានឆ្លើយតបនឹងសំណួរតាមអ៊ីម៉ែលទេ ចំណែកលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សប្រឆាំងក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Senior Opposition Leader Chea Poch Says Sorry To Government, Wants To Come Home