ជនភៀសខ្លួនខ្មែរ៧នាក់ក្នុងចំណោម១០នាក់ត្រូវបានឃាត់ខ្លួន និងរងចាំអន្តរាគមន៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បន្ទាប់ពីពួកគេចូលរួមវគ្គសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ។ បន្ទាប់ពីនគរបាលថៃបានសួរនាំ និងពិនិត្យឯកសាររួច មនុស្ស៣នាក់ក្នុងចំណោម១០នាក់នោះត្រូវបានដោះលែងមកវិញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។
ជនភៀសខ្លួនដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនទាំង៧នាក់នោះ រួមមានកញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា ជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ និងសាច់ញាតិបង្កើតរបស់កញ្ញា ចំនួន២នាក់ផ្សេងទៀត។ លោកស្រី សំ សុខា អ្នកធ្លាប់យកស្បែកជើងគប់ស្លាកគណបក្សប្រជាជនដែលមានរូបលោក ហ៊ុន សែន។ លោក ថុន ចន្ថា លោក លី ឈួន និងលោកស្រី គឹម ធីឡើយ សកម្មជនសង្គម។
កញ្ញា សូ មេត្តា ជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ជាមនុស្សម្នាក់ក្នុងចំណោម៧នាក់ដែលត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលជនអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានខេមបូចា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ថារូបកញ្ញា និងជនភៀសខ្លួនខ្មែរ៦នាក់ទៀត កំពុងជាប់ឃុំរយៈពេល៣យប់៣ថ្ងៃមកហើយ។
កញ្ញាបញ្ជាក់ថា៖ «បងត្រូវអាជ្ញាធរថៃគាត់ចាប់ខ្លួនបងហើយ គេយកពួកបងមកឃុំអស់រយៈពេល៣យប់៣ថ្ងៃហើយ។ ហើយពួកបងមានគ្នា ដំបូងចាប់១០នាក់ ដល់ក្រោយមកគេ(អាជ្ញាធរថៃ)លែង៣នាក់ ឥឡូវនៅ៧នាក់ នៅប្រុស២ ស្រី៥»។ កញ្ញាបន្ថែមថា៖ «អាជ្ញាធរគេឱ្យទូរសព្ទពួកបងនិយាយបានមួយម៉ោងក្នុងមួយថ្ងៃ ម៉ោង៧ ដល់ម៉ោង៨»។
តែយ៉ាងណា លោក ខឹម មុន្នីកុសល មន្រ្តីគណបក្សភ្លើងទៀនដែលភៀសខ្លួនទៅរស់នៅប្រទេសថៃ និងជាគណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅប្រទេសថៃ បញ្ជាក់ថា រឿងរ៉ាវនៅពីក្រោយនៃចាប់ការខ្លួនមនុស្សទាំងនេះ គឺដើម្បីស្វែងរកសកម្មជននយោបាយសំខាន់ៗ៤ទៅ៥នាក់ ដោយប៉ូលិសថៃសួររកឈ្មោះលោក លី ម៉េង ជាសកម្មជនគណបក្សភ្លើងទៀន លោក ខឹម មុន្នីកុសល លោក លឹម សុខា ជាសកម្មជនគណបក្សសង្រ្គោះជាតិ ព្រះអង្គហេង គីមឡាយ សកម្មជនសង្គម និងលោក ផន ផាត់ណា ជាអតីតយុវជន គណបក្សភ្លើងទៀនប្រចាំប្រទេសជប៉ុន។ បុគ្គលទាំងប៉ុន្មានរូបនេះ ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាមេខ្លោងរបស់គណបក្សប្រឆាំង និងបានសហការជាមួយគណបក្សកាវក្លៃ ដើម្បីយកទឹកដីថៃធ្វើជាកន្លែងជុំជួបប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោកថា នេះជាការឆ្លៀតឱកាសរបស់រដ្ឋាភិបាលកម្ពុជា ស្របពេលគណបក្សក្នុងប្រទេសថៃកំពុងប្រកួតប្រជែងគ្នា ដែលជាលេសដើម្បីធ្វើទុកបុកម្នេញ និងតាមចាប់សកម្មជនដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
លោកអះអាងថា៖ «គណបក្សកាវក្លៃបានសហការជាមួយគណបក្សប្រឆាំងនៅប្រទេសថៃ ដែលមានពួកខ្ញុំហ្នឹងជាមេខ្លោង ហើយបានរៀបចំវគ្គបណ្តុះបណ្តាលមួយ កាលពីថ្ងៃទី២ ខែធ្នូយើងនេះ ប៉ុន្តែវគ្គសិក្ខាសាលាពេលនោះយើងធ្វើតែគ្នាយើងទេ ធ្វើតែសកម្មជនគណបក្សភ្លើងទៀន ហើយនឹងកូនៗរបស់សកម្មជនដែលជាយុវជន។ ហើយនឹងមានការចូលរួមជាវាគ្មិនមកពី ទី១ ខាងយុវជនមកពីសហរដ្ឋអាមេរិក ទី២ មកពីកូរ៉េខាងត្បូង ទី៣ មកពីប្រទេសជប៉ុន ប៉ុន្តែកិច្ចការនេះមិនពាក់ព័ន្ធជាបក្សកាវខ្លៃទេ»។
លោក ខឹម មុន្នីកុសល បញ្ជាក់ថា ការចាប់ខ្លួនសកម្មជននាពេលនេះ មានពាក់ព័ន្ធនឹងការស្នើរបស់រដ្ឋាភិបាលកម្ពុជា។
លោកបន្តថា៖ «ពេលដែលពួកខ្ញុំទៅដល់មន្ទីរឃុំឃាំង ទៅសួរសុខទុក្ខដំបូងហ្នឹង គឺប៉ូលិសថៃប្រាប់ច្បាស់ហើយថា រដ្ឋាភិបាលកម្ពុជា ជាអ្នកប្តឹងតែម្តង ឱ្យចាប់បញ្ជូនអ្នកទាំងអស់ហ្នឹងយកទៅវិញ»។
ទោះយ៉ាងណាក្តី លោកថារហូតមកដល់ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤នេះ សកម្មជនចំនួន៧នាក់ ក្នុងចំណោម១០នាក់នោះ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលជនអន្តោប្រវេសន៍ នៅបាងកកឡើយ ដើម្បីរង់ចាំការដោះស្រាយពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) នៅប្រទេសថៃ ដែលបានផ្តល់បណ្ណស្នាក់នៅជាបណ្តោះអាសន្នដល់ពួកគេ ក្នុងនាមជាជនភៀសខ្លួន។
លោកបញ្ជាក់បន្ថែមថា៖ «មកដល់ម៉ោងនេះពួកគាត់ចំនួន៧នាក់ បានកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍របស់ថៃក្នុងទីក្រុងបាងកក។ ពួកគាត់មានសុវត្ថិភាពទេ គ្រាន់តែថាជាប់នៅក្នុងមន្ទីរឃុំឃាំងហ្នឹង ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញថាអាជ្ញាធរថៃបញ្ជូនពួកគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញទេ តាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង»។
លោក Morgane Roussel-Hemery តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសថៃ (UNHCR) បញ្ជាក់តាមរយៈអ៊ីមែល(Gmail)ថា មិនទាន់អាចឆ្លើយនឹងសំណួរព័ត៌មានខេមបូចាបានទេ ដោយសារកំពុងរស់កិច្ចការនៅខាងក្រៅ។
លោកតបថា៖ «បច្ចុប្បន្នខ្ញុំនៅឆ្ងាយ ហើយនឹងត្រឡប់មកការិយាល័យវិញនៅថ្ងៃចន្ទ ៨ មករា។ ខ្ញុំនឹងឆ្លើយតបនៅពេលខ្ញុំត្រឡប់ទៅការិយាល័យវិញ»។
កាលពីរសៀលថ្ងៃទី៣១ធ្នូមានជនមិនស្គាល់មុខមានគ្នា៣នាក់បានព្រួតវាយលោក ស្រ៊ុន ស្រ៊ន និងកញ្ញាភឹង សោភា បណ្ដាលឱ្យលោក ស្រ៊ុន ស៊្រន របួសហូរឈាមប៉ែកខាងក្រោយ ក្រោយពេលពួកគេបង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ដល់ពលករខ្មែរនៅខេត្តសមុទ្រប្រាកាន (Samut Prakan) ជាប់ទីក្រុងបាងកក (Bangkok)។
ពេលនោះពួកគេកំពុងរៀបចំផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ក៏ស្រាប់តែក្រុមជនមិនស្គាល់មុខទាំងនោះបានយកដំបងដែកវាយក្បាលផ្នែកខាងក្រោយលោក ស្រ៊ុន ស្រ៊ន បណ្ដាលឱ្យរបួសធ្ងន់។ ក្រុមជនមិនស្គាល់មុខ ថែមទាំងបានដកកាំភ្លើងខ្លីគំរាមបាញ់ លោក ស្រ៊ុន ស្រ៊ន ទៀតផង ក៏ប៉ុន្តែដោយសារមានក្រុមពលករខ្មែរដែលបានចូលរួមនៅទីនោះស្រែកឆោឡោ ទើបជនបង្កបានរត់គេចខ្លួន។
លោកអះអាងថា៖ «បើក្នុងចិត្តរបស់ពួកខ្ញុំគិតថាអត់ដែលមានសត្រូវពីណាទេ អីចឹងខ្ញុំមិនដឹងថា តើអ្នកដែលគាត់មានបំណងសម្លុតទឹកចិត្តជាជាងសម្លុតលើរូបរាងកាយ។ ព្រោះបើតាមទំហំកាលពីម្សិលបើគាត់ចង់សម្លាប់ គាត់អាចសម្លាប់បានហើយ ព្រោះពួកខ្ញុំឈរនៅទីសាធារណៈ»។
ដោយឡែកវគ្គសិក្សាពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា ដែលរៀបចំកាលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ និងបង្រៀនដោយលោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា នៅផ្ទះមួយកន្លែងក្នុងទីក្រុងបាងកក ដែលមានអ្នកចូលរួមសិក្សាប្រមាណជិត៤០នាក់។ អ្នកចូលរួម រួមមានពលករខ្មែរធ្វើការនៅប្រទេសថៃ សកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនគណបក្សភ្លើងទៀន យុវជនធ្វើការងារសង្គម និងជនភៀសខ្លួនខ្មែរក្រោមផងដែរ។
រហូតដល់ម៉ោងជិត១១ព្រឹក ក៏មាននគរបាលមូលដ្ឋានថៃមួយក្រុមចុះមកសួរនាំ និងត្រួតពិនិត្យមើលឯកសារផ្សេងៗ ដូចជាលិខិតឆ្លងដែន និងមេរៀនបង្រៀនជាដើម។ បន្ទាប់មកនគរបាលថៃក៏បានចាប់នាំខ្លួនមនុស្ស១០នាក់ ដែលមានកត់សម្គាល់ខ្លួនដែលផ្ដល់ឱ្យដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)។ រួមមានជនភៀសខ្លួនខ្មែរនៃសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនគណបក្សភ្លើងទៀន យុវជនធ្វើការងារសង្គម និងជនភៀសខ្លួនខ្មែរក្រោមផងដែរ។
លោក ស្រ៊ុន ស្រ៊ន ជាសកម្មជនដែលផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ បានលើកឡើងថា វគ្គសិក្សាដែលក្រុមលោកមកបង្រៀនដល់ពលករខ្មែរ និងជនភៀសខ្លួនកំពុងរស់នៅទីនេះ គឺមិនខុសច្បាប់ប្រទេសថៃនោះទេ ហើយអាជ្ញាធរថៃចាប់ឃាត់មនុស្សទាំង១០នាក់នោះ ក៏មិនមែនដោយសារពួកគេមកចូលរួមរៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដែរ។ ប៉ុន្តែអាជ្ញាធរថៃចោទមនុស្សទាំង១០នាក់នោះពីបទ «បង្កើតចលនានៅក្រៅស្រុកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» និង «កាន់លិខិតឆ្លងដែនខុសច្បាប់» ។
ដោយឡែករូបលោក និងអ្នកចូលរួមជាមួយលោកមិនមាននរណាម្នាក់ត្រូវបានឃាត់ខ្លួននោះទេ ហើយពួកយើងនៅតែមានសិទ្ធិសេរីភាព និងអាចបន្តផ្សព្វផ្សាយមេរៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ទៅដល់ពលករខ្មែរផ្សេងទៀតនៅក្នុងប្រទេសថៃ។ លោកបន្តថា ក្នុងចំណោមមនុស្សទាំង១០នាក់នោះ មាន៣នាក់ត្រូវបានដោះលែងមកវិញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ព្រោះអាជ្ញាធរថៃរកមិនឃើញមានបទល្មើស ឬភាពខុសច្បាប់ណាមួយនោះទេ។
លោកបញ្ជាក់ថា៖ «ក្នុងចំណោម៣នាក់ដែលត្រូវដោះលែងនេះ ២នាក់គឺដោយសារតែកូនមានអាយុ១៤ឆ្នាំ ហើយនឹងម្តាយត្រូវគេ(អាជ្ញាធរថៃ)ដោះលែងមកវិញ ឯប្អូនម្នាក់ទៀតគឺដោយសារតែគាត់មានលិខិតឆ្លងដែនជាខ្មែរ (Passport) អ៊ីចឹងគាត់អាចមកវិញបានដែរ។ ហើយ៧នាក់ទៀត គឺគាត់មានតែកាតUN(អង្គការសហប្រជាជាតិ)ទេ គាត់អត់មានឯកសារលិខិតឆ្លងដែនទេ ចឹងគេ(អាជ្ញាធរថៃ)មិនដោះលែងទេ ហើយគេដាក់ទៅគុកធំនៅបាងកក»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក មិនបានឆ្លើយតបនឹងសំណួរ ខេមបូចា តាមអ៊ីម៉ែលទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
កាលពីពេលថ្មីៗនេះ គណបក្សនយោបាយចំនួន៩ ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជាបានស្នើឱ្យនាយករដ្ឋមន្ត្រីថៃ ពិនិត្យ និងឃ្លាំមើលលើសកម្មភាពរបស់គណបក្សកាវក្លៃ (Move Forward) ដោយពួកគេថាបានគាំទ្រ និងហ្វឹកហ្វឺនសកម្មជនគណបក្សប្រឆាំងនៅកម្ពុជា ហើយកំពុងជ្រកកោននៅប្រទេសថៃ។
លោក ឡឹង សុផុន មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ យល់ឃើញថា បើពួកគាត់មកបើកសិក្ខាសាលាបង្រៀនអំពីសិទ្ធិ ច្បាប់ ឬសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ គឺជារឿងត្រឹមត្រូវ មិនមានខុសឆ្គងអ្វីទៅលើច្បាប់ប្រទេសថៃនោះទេ។ ប៉ុន្តែលោកសុផុនក៏មិនដឹងច្បាស់ថា យ៉ាងណាដែរ តែលោកសង្ស័យទៅលើកន្លែងប្រជុំរបស់ពួកគេ ព្រោះកន្លែងនោះកំពុងសាងសង់ វាអាចបង្កបញ្ហាណាមួយ ឬក៏រំខានទៅដល់ពលរដ្ឋថៃជាដើម។ លោកបន្តថា កន្លងមកមានកិច្ចប្រជុំជាច្រើន ដែលគេធ្វើនៅតាមសណ្ឋាគារ ឬក៏ទីតាំងផ្សេងៗ អត់មានអាជ្ញាធរថៃមកហាមឃាត់នោះទេ។
លោកបញ្ជាក់ថា៖ «យើងធ្វើអីក៏មានការប្រុងប្រយ័ត្ន ពីព្រោះមិនថាថៃ ឬខ្មែរយើងទេ រឿងការជួបជុំក្តី រឿងស្រទាប់នយោបាយ យើងមើលទៅហាក់ដូចជាវារសើបណាស់ កន្លែងខ្លះយើងជុំជួបគ្នាមិនសុំអនុញ្ញាតពីម្ចាស់ទីកន្លែង ឬក៏យើងសុំហើយ ប៉ុន្តែសុំកន្លែងខុសអ៊ីចឹង វាមិនសាកសមនឹងយើងធ្វើក៏ថាបាន»។
តែយ៉ាងណាលោក សុផុន មិនទាន់ដឹងច្បាស់ដែរ ថាហេតុផលអ្វី ឬករណីបទល្មើសអ្វីដែលអាជ្ញាធរថៃចុះទៅចាប់ពលរដ្ឋខ្មែរទាំងនោះ ព្រោះលោកកំពុងតាមដាន និងប្រមូលព័ត៌មាននេះដែរ។
លោកបន្ថែមថា៖ «ខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ទេ គ្រាន់ថាបូលិសទៅពិនិត្យមើលឯកសារ ទៅថានាំពួកគាត់ទៅឃុំ។ ហើយឥឡូវហ្នឹង ឮថាថ្ងៃហ្នឹងដែលគេ(អាជ្ញាធរថៃ)បញ្ជូនមកគុកស៊ុនភ្លូ»។
ដោយឡែកកន្លងទៅ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក៏ធ្លាប់ថ្លែងថា មិនញញើតដៃក្នុងការចាប់អ្នកណាម្នាក់នោះទេ ទោះនៅក្នុងទឹកដីថៃក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានលើកឡើងអំពីការចុះអនុស្សារណៈយោយល់គ្នាជាមួយប្រទេសថៃ ក្នុងការបញ្ជូនអ្នកទោសរវាងប្រទេសទាំងពីរ ហើយកន្លងមក ក៏ឃើញអាជ្ញាធរថៃបញ្ជូនអ្នកភៀសខ្លួនផ្នែកនយោបាយមួយចំនួនមកកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧មក មានសកម្មជននយោបាយជាច្រើនរបស់គណបក្សប្រឆាំងបានបន្តភៀសខ្លួនទៅកាន់ប្រទេសថៃ ដោយសារតែការរឹតត្បិតផ្នែកនយោបាយ និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជា៕