សមាជិកសហជីពបីនាក់ដែលត្រូវបញ្ឈប់ពីការងារ ដោយសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor ) ដែលទើបបិទទ្វារ បានទទួលសំណងហើយក្រោយពីបានធ្វើការតវ៉ា និងចរចាអស់ពេលប្រាំពីរខែ។
ខាងសណ្ឋាគារបានបញ្ឈប់ការងារសកម្មជនសហជីពចំនួនបីនាក់ រួមមានកញ្ញា ឌឿម ឆៃយ៉ា អ្នកនាង សុខ ណារ៉ែន និងអ្នកនាង ខាំ ស្រីភ័ក្រ បន្ទាប់ពីអ្នកទាំងបីបានប្រមូលស្នាមមេដៃពីបុគ្គលិក ដែលសណ្ឋាគារលំដាប់អន្តរជាតិនេះបានកាត់ប្រាក់ខែមួយចំនួន ដោយសារវិបត្តិកូវីដ១៩។ ក្រោយមកសណ្ឋាគារ ក៏បានបិទទ្វារនៅចុងខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកនាង ខាំ ស្រីភ័ក្រ ជាបុគ្គលិកម្នាក់ក្នុងចំណោមបីនាក់ដែលត្រូវបញ្ឈប់ពីការងារបានបញ្ជាក់ថាពួកគាត់បានទទួលប្រាក់សំណងពីសណ្ឋាគាររួចហើយ ប៉ុន្តែថាពួកគាត់បានយល់ព្រមជាមួយខាងសណ្ឋាគារ រក្សាការសម្ងាត់អំពីចំនួនទឹកប្រាក់សំណង។
ស្រីភ័ក្រ បន្ថែមថា៖ «ខ្ញុំសុំទោសផង ខ្ញុំមិនអាចបញ្ជាក់លម្អិតទេ ព្រោះខ្ញុំបានយល់ព្រមជាមួយពួកគេហើយ»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTUWF) លោក ទូច កុសល ដែលជាអ្នកចូលរួមសម្របសម្រួលការចរចានេះ បានបញ្ជាក់ថាពិតជាមានដំណោះស្រាយមែន ប៉ុន្តែមិនទម្លាយទួលេខជាក់លាក់នៃសំណងដែលផ្ដល់ឲ្យនេះទេ។
លោកថាចំនួនដែលបានគឺតិចជាងអ្វីដែលពួកគេត្រូវបានស្របតាមច្បាប់ ប៉ុន្តែថាអ្នកទាំងនោះយល់ព្រមទទួលយកសំណងនេះ។
លោកបន្តថា៖ «យ៉ាងណា ខ្ញុំសោកស្ដាយដែលសណ្ឋាគារប្រើពេលយូរក្នុងការផ្ដល់ដំណោះស្រាយ ដែលស៊ីពេលអស់ជាងប្រាំពីរខែ»។
មេដឹកនាំសហជីពរូបនេះបានបន្ថែមថាជម្លោះនេះបានបង្ហាញពីដំណោះស្រាយរបស់សមាជិកសហជីព និងបុគ្គលិកដែលបានបន្ត «ការតស៊ូ» នៅចំពោះមុខការលំបាក។
លោក កុសល មានប្រសាសន៍ទៀតថា៖ «ការសាមគ្គីគ្នា ធ្វើឲ្យមានជោគជ័យ។ ដូចនេះ វាជាគំរូល្អមួយសម្រាប់អ្នកផ្សេងទៀត យើងមិនបោះបង់ចោលការតស៊ូទេ»។
លោក លី តៃសេង មេធាវី តំណាងឲ្យសណ្ឋាគារ មិនចង់ធ្វើអត្ថាធិប្បាយលើដំណោះស្រាយនេះទេ។
លោក លី លីនដា ប្រធានសហជីពក្នុងសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ ដែលត្រូវរំលាយកាលពីខែធ្នូ មានប្រសាសន៍ថា សហជីពទាំងបីរូបត្រូវការសំណង ព្រោះពួកគេត្រូវសងបំណុលគេដែរ។
លោក ក៏មិនយល់ស្របដែលខាងសណ្ឋាគារដាក់លក្ខខណ្ឌលើការផ្ដល់សំណង ហើយត្រូវរក្សាការសម្ងាត់លើសំណងនេះដែរ។
លោកថា៖ «ខ្ញុំគិតថាសណ្ឋាគារមិនមានសិទ្ធិហាមអ្នកទាំងនោះមិនឲ្យនិយាយជាមួយអ្នកសារព័ត៌មានពីរឿងសំណងទេ»។
សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ ក្នុងខេត្តសៀមរាប ត្រូវបិទជាបណ្ដោះអាសន្នអស់ពេលយ៉ាងតិចរយៈពេលមួយឆ្នាំ ដោយគិតពីថ្ងៃទី២៥ ខែវិច្ឆិកា នេះបើតាមតំណាងរបស់សណ្ឋាគារ។ សណ្ឋាគារបានបិទ ទោះបីជាមានបុគ្គលិកបន្តតវ៉ាទាក់ទងនឹងការបញ្ឈប់បុគ្គលិកបីនាក់។
សណ្ឋាគារ មួយនេះ គឺជាសណ្ឋាគារលំដាប់អន្តរជាតិដំបូងដែលបានបិទនៅកម្ពុជា ដោយសារតែជួបបញ្ហាវិបត្តិកូវីដ១៩ ហើយបញ្ហាជំងឺនេះបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរជាសកល និងទីក្រុងពឹងលើវិស័យទេសចរណ៍ ដូចជាសៀមរាប ជាដើម។
លោកស្រី Sabreena Jacob អ្នកចាត់ការទូទៅរបស់សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ សណ្ឋាគារបានចាប់ផ្ដើមគោលការណ៍ផ្ដល់សំណងដល់បុគ្គលិក ប៉ុន្តែមិនដែលបានប្រកាសទេថាដំណើរការនេះបានបញ្ចប់ហើយឬយ៉ាងណា។
លោក ខៀវ សាវុធ មន្ត្រីដោះស្រាយវិវាទ ក្រសួងការងារមានប្រសាសន៍ថានាយកដ្ឋានរបស់លោកមិនបានជាប់ពាក់ព័ន្ធនឹងការចរចារកដំណោះស្រាយនេះទេ បន្ទាប់ពីខាងបុគ្គលិកយល់ព្រមទទួលសំណង លើកលែងតែសកម្មជនសហជីពទាំងបី។
លោកថា៖ «កាលពីមុន យើងបានសម្របសម្រួលរវាងសណ្ឋាគារ និងពួកគេ ប៉ុន្តែភាគីទាំងពីរមិនឯកភាពគ្នា»។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីសិទ្ធិការងារ អង្គការសង់ត្រាល់ មានប្រសាសន៍ថា ក្រុមហ៊ុនបារម្ភពីពីការការពារមុខមាត់ ជាជាងការផ្ដល់តម្លាភាព ដល់អ្នកទាំងបី ជាមួយសំណងត្រឹមត្រូវ។
លោក បន្ថែមថា៖ «ខ្ញុំគិតថាក្រុមហ៊ុនបារម្ភពីមុខមាត់ ជាជាងបញ្ហាផ្សេងទៀត»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Seven months on, Le Meridien Angkor unionists receive compensation