សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខណៈវិស័យទេសចរណ៍នៅតែមិនទាន់មានភាពល្អប្រសើរ អាជីវករ​នៅ​សៀមរាប​បារម្ភភ្ញៀវតិចតួចមកលេងពេលចូលឆ្នាំខ្មែរ

- អ្នកស្រី តាន់ អង អាជីវករនៅភូមិព្រះដាក់ កំពុងរៀបចំចំហុយនំត្នោត។នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ស៊ើង និមល់)
- អ្នកស្រី តាន់ អង អាជីវករនៅភូមិព្រះដាក់ កំពុងរៀបចំចំហុយនំត្នោត។នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ស៊ើង និមល់)

ខេត្ត​សៀមរាប៖ មុន​ពេល​​ផ្ទុះ​ជំងឺរាត​ត្បាតកូវីដ១៩ អ្នក​ស្រី​ តាន់ អង អាច​រកប្រាក់ចំណូល​បាន ១០០ ដុល្លារ នៅរាល់​ចុងសប្តាហ៍ ពី​​ការ​លក់​នំអាកោត្នោត នៅភូមិព្រះដាក់ ក្នុងខេត្ត​សៀមរាប។ ឥឡូវ​នេះ ប្រាក់ចំណូល​របស់អ្នក​ស្រី គឺ​រកបាន​ស្ទើរតែមិនដល់ ៥០ ដុល្លារផង ហើយសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់ក្នុងខែនេះ អ្នក​ស្រី​មានការ​រំពឹង​ទុក​​​តិច​តួចថានឹងមានទេសចរច្រើន​។

អ្នក​ស្រី​បាន​​បន្ត​​ថា​៖ «​មាន​ភ្ញៀវ​​ទេស​ចរ ប៉ុន្តែ​គេ​​​​ដូច​​ជា​មិន​ចាយ​លុយ​​​សោះ​។ ប្រហែល​​ជា​មេឃ​​ក្តៅ​ពេក​​ធ្វើ​ឲ្យ​​មនុស្ស​មិន​​ចង់​​ញ៉ាំ ប៉ុន្តែ​វា​ក៏​អាច​មក​​ពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ​​ដែរ​»។

សម្រាប់​ពិធីបុណ្យទន្លេកា​លពីខែមុន អ្នក​ស្រី​បាន​ចំហុយ​នំជាច្រើនទុកជា​មុន ដោយ​គិត​ថាមាន​ទេសចរច្រើននឹង​ចូល​រួម ប៉ុន្តែអ្នក​ស្រី​នៅសល់នំជាច្រើនដែល​លក់​មិន​​ដាច់​។ សម្រាប់​​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី​​​នឹងមិន​​ធ្វើ​នំទុក​ដូច​មុន​ទៀតទេ។

ពិធី​ចូល​ឆ្នាំខ្មែរកាន់តែខិតជិតមកដល់​ អាជីវករក្នុងតំបន់​ទេសចរណ៍​នា​នាក្នុង​ខេត្តសៀមរាប សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការ​គ្មាន​ភ្ញៀវដែល​ចង់​ទិញ​ផលិតផល​របស់​ខ្លួន។ ដោយ​ការ​​ប្រារព្ធ​​ពិធី​អង្គរ​​សង្ក្រាន្ត​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​​លុប​ចោល​ក្នុង​​ឆ្នាំ​​នេះ អាជីវករ​កាន់​តែ​ព្រួយ​​បារម្ភ។

សហ​ភាពសហព័ន្ធយុវជនកម្ពុជា ដែល​បានចាប់ផ្តើមរៀប​ចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ ២០១៣ បាន​ប្រកាសកាលពីថ្ងៃទី ២៥ ខែមីនា ថា ខ្លួន​នឹងមិ​នរៀប​ចំ​ពិធី​ធំ​នៅឆ្នាំ​នេះ​ទេ។ ផ្ទុយ​ទៅវិញ អ្នកភូមិ និង​​ទេសចរអាចចូ​លរួមក្នុង​ពិធីតូចៗនៅ​ក្នុងទីរួម​ខេត្ត ក៏ដូចជាស្រុក ឃុំ និងសាលារៀន​ជា​ដើម។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀម​រាប បានប្រាប់ ខេមបូចា ថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរៀបចំ​ក្រុងសម្រាប់ទេសចរក្នុងឱកាសសង្ក្រាន្ត​សៀមរាប ដែល​នឹងប្រព្រឹត្តទៅ​នៅតំបន់មួយចំនួននៃ​ទីក្រុង។ លោកបានបន្ថែមថា នឹងមិន​​មាន​ការ​តុបតែង​លម្អ​ក្នុង​តំបន់បរិវេណ​ប្រាសាទ​​ដូច​​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នោះ​ទេ។

លោក​​ថ្លែង​​ថា​៖ «​អង្គរ​សង្ក្រាន្ត​ត្រូវ​ការ​ពេល​វេលា ការរៀបចំ និង​ធនធាន​មនុស្ស​ច្រើន​។​អង្គរសង្ក្រាន្តនឹងត្រូវ​រៀបចំឡើងវិញនៅប៉ុន្មានឆ្នាំខាង​មុខ ដើម្បីមាន​ពេលសម្រាប់​ធ្វើផែន​ការបន្ត​ទៀត»។

លោក វណ្ណៈ បាន​​ទទួល​​ស្គាល់​ថា នូវការត្អូញត្អែររបស់ម្ចាស់​អាជីវកម្មដែល​បាន​កត់​សម្គាល់​ឃើញ​ពីការធ្លាក់​ចុះ​នៃ​ការ​លក់​ដូរ​​ក្នុង​ខេត្ត​សៀមរាប។

លោកបាននិយាយ​ថា៖ «ខ្ញុំចង់ប​ញ្ជាក់ថា ដោយសារតែស្ថានភាព​នៃវិបត្តិសេដ្ឋកិច្ចសកល និងក្នុងតំបន់ វាធ្វើឱ្យការចំណាយរបស់ពល​រដ្ឋ​មានការ​ត្បិត​ត្បៀត​ ទោះបីជាពួកគេមកដើរលេងក៏ដោយ»។

ប៉ុន្តែទោះបីជាមានការលុបចោលការប្រារព្ធពិធីអង្គរសង្ក្រាន្ត​ក៏ដោយ ក៏លោក​នៅតែមា​ន​សុទិដ្ឋិនិយម​ចំពោះទេសចរណ៍ក្នុងថ្ងៃឈប់សម្រាកនេះ ដោយ​លោកថាជិត ៨០% នៃសណ្ឋាគារនៅក្នុងក្រុង​មានការកក់ទុក​​សម្រាប់បុណ្យចូលឆ្នាំខ្មែរ។

ពលរដ្ឋ​អង្គុយ​លេង​តាម​ដង​​ស្ទឹង​​សៀមរាប ខណៈ​​អាជ្ញាធរ​ខេត្ត​រៀបចំ​តុបតែង​តំបន់​នេះ ដើម្បី​ស្វាគមន៍​ទេសចរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៤។ (ខេមបូចា/ស៊ើង និមល់)

អ្នកស្រី ចាន់ បុប្ផា អ្នកគ្រប់គ្រងផ្នែកលក់នៅសណ្ឋាគារ Blanc Smith ក្នុងខេត្តសៀមរាប បានប្រាប់ខេមបូចា ថាប្រហែល ៧០% នៃសណ្ឋាគារ និងភោជនីយដ្ឋានក្នុងខេត្តសៀមរាបដែលបានបិទ​​កាល​ពី​មាន​ជំងឺរាតត្បាតបាន​បើកដំណើរការឡើង​វិញហើយ​។ សម្រាប់​បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ការកក់សណ្ឋាគារមានភាពយឺតយ៉ាវជាង​ឆ្នាំមុន​។

អ្នក​ស្រី សំ ស្រីគង់ អាយុ ២៦ឆ្នាំ អាជីវករលក់​សម្លៀកបំពាក់នៅក្នុងផ្សារចាស់ បាន​និយាយថា វិស័យទេសចរណ៍នៅតែស្ងប់ស្ងាត់ បើធៀ​បទៅនឹងមុន​កូវីដ១៩​ផ្ទុះ​ឡើង​ ហើយអ្នក​ស្រី​មិន​រំពឹង​ថា នឹង​មានទេសចរ​ច្រើនមក​ទិញសម្លៀកបំពាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំខ្មែរនោះទេ។ ក្នុង​ពិធី​បុណ្យទន្លេ ដែលបាន​ប្រារព្ធ​ឡើងនៅពាក់កណ្តាលខែមីនា ក្នុងខេត្តសៀមរាប មាន​អ្នកទេសចរ​ច្រើន ប៉ុន្តែមានមនុស្ស​តិចតួចប៉ុណ្ណោះ ដែល​ទិញផលិតផលរបស់អ្នក​​ស្រី​។

អ្នក​ស្រី​​បាន​​និយាយ​​ថា​៖ «​ខ្ញុំ​ចង់​ឱ្យ​ទីនេះមាន​​រៀប​ចំ​អង្គរ​សង្ក្រាន្ត [​ម្ដង​​ទៀត​] ព្រោះ​មាន​ភ្ញៀវ​​ច្រើន​​។ បន្ទាប់ពីកូវីដ ខ្ញុំ និងអ្នក​ផ្សេង​​ទៀត​ប្រឈមមុខនឹងវិបត្តិ​សេដ្ឋកិច្ច ដូច្នេះមនុស្សមកដើរ​លេង តែមិន​ចង់ចាយ​​លុយទេ»។

លោក ឡឹក វន់ មេភូមិព្រះដាក់ បាន​និយាយ​ថា លោក​សង្ឃឹម​ថា ភូមិនេះនឹងមានទេសចរ​មកលេងតំបន់​វប្បធម៌សំខាន់ៗក្នុងឆ្នាំនេះច្រើន​កុះ​ករ។ ដោយសារ​ប្រជាពលរដ្ឋមួយចំនួននៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បាន​បង្ខំឱ្យផ្លាស់ប្តូរទៅ​ទីតាំងនៅ​រុនតាឯក​នោះ លោកបាន​និយាយថា ឥឡូវនេះមិន​សូវមាន​អ្នកលក់អាហារសម្រាប់ទេសចរទេ។ ប៉ុន្តែ​អ្នក​លក់​ដូរ​​ត្រូវ​យល់​ដឹង​បន្ថែម​ទៀត​​ថា​អ្វី​ដែល​ភ្ញៀវ​ទេសចរ​ពិត​ជា​ចង់​​ទិញ។

លោក​ថា៖ «ពួក​គេមិនដឹងពីរបៀបទាក់ទាញភ្ញៀវ​ទេ។ អ្វី​ដែល​ពួក​គេ​លក់​គឺ​មិន​ទាក់​​ទាញ [ភ្ញៀវ​ទេសចរ]ទេ»។

តូប​លក់​សម្លៀក​បំពាក់​និង​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារចាស់ ខេត្តសៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ស៊ើង និមល់)

អ្នក​ស្រី​ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា ​​លោក វន់​និយាយ​ត្រូវ​ម្យ៉ាងដែរ​។ អ្នក​ស្រី​​បាន​​ចាប់​​ផ្តើម​ឃើញ​ភ្ញៀវ​ទេសចរ​អាមេរិក និង​អឺរ៉ុប​ចូល​ទស្ស​នា​​តំបន់​​នេះ​កាន់​តែ​ច្រើន​ឡើងៗ ជា​អតិថិជន​ដែល​​​ចាយ​វាយ​​ខ្ពស់ និង​​ត្រូវ​ការ​របស់​ថ្លៃៗ​។​

អ្នកស្រី​ថា៖ «ខេត្ត​សៀមរាប​នាពេល​ថ្មីៗនេះ គឺជា​ទីផ្សារនៃអ្នក​ទេសចរអាមេរិក និង​អឺរ៉ុប​។ ពួក​គេ​​សុទ្ធ​​តែ​ជា​អ្នក​ប្រើ​​ប្រាស់​លំដាប់​ខ្ពស់ ដូច្នេះ​​ពួក​​គេ​ត្រូវ​ការ​សេវាកម្ម​លំដាប់​​ខ្ពស់ ទាំង​ការ​ស្នាក់​នៅ និង​​ទីតាំ​ង​ល្អ។ វា​​នៅ​ក្រៅ​​ទីផ្សារ​ធម្មតា​​របស់​យើង​។ នៅ​ពេល​​ពួក​គេ​ជា​ភ្ញៀវ​ទេសចរ​លំដាប់​​ខ្ពស់ ពួក​គេ​មិន​​ចូល​ទីផ្សារ​ក្នុង​ស្រុក​​របស់​​យើង​ទេ​»។

អ្នកស្រីបាន​និយាយថា ទេសចរបានចាប់ផ្តើម​ត្រឡប់មក​វិញ​នៅឆ្នាំ ២០២១ ប៉ុន្តែវិស័យនេះ​មិនបាន​រើប​ឡើង​វិញ​​ទៅ​ដល់​កម្រិត​មុន​មាន​​ជំងឺរាតត្បាត​នោះទេ។ អ្នក​​ស្រីបានបន្ថែម​ថា ដោយសារតែការធ្លាក់ចុះ​នៃសេដ្ឋកិច្ចនាពេលថ្មីៗ​នេះ ទើប​ភ្ញៀវទេសចរ​កម្ពុជាភាគច្រើនចំណាយ​តិចតួច​ ទោះ​បីជាពួកគេទៅលេង​តំបន់នេះ​ក៏ដោយ។

ប្រសិន​បើ​ស្ថានការណ៍​​មិន​​ប្រសើរ​ឡើង​​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ អ្នក​ស្រី​​បារម្ភ​​ថា ​ម្ចាស់​​អាជីវកម្ម​​ជាច្រើន​នឹង​​ចាប់ផ្តើម​ចាក​​ចេញ​ពី​វិស័យ​ទេសចរណ៍ ហើយ​អាច​​នឹង​មិន​វិល​​មក​​វិញ​​ទេ​។

អ្នកស្រី​គិត​ថា សេវា​និង​ការ​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ជា​វិស័យ​​ដែល​គួរ​តែ​​ពង្រឹង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​សៀមរាប​ឲ្យ​កាន់​តែ​​​ច្រើន​។

អ្នក​​ស្រី​បន្ត​ថា​៖ «​ក្នុង​វិស័យ​ទេសចរណ៍​យើង​ត្រូវ​ការ​សេវា​ផ្សេងៗ​ជា​ច្រើន​បន្ទាប់​​ពី​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​ ដូច្នេះ​ក្រៅ​ពី​ផលិតផល​វប្បធម៌​ដែល​​មាន​ស្រាប់​ [សម្រាប់​​លក់​] យើង​ក៏​ត្រូវ​មាន​សេវាកម្ម ​ដើម្បី​កម្សាន្ត​​ចិត្ត​​ភ្ញៀវ​ទេសចរដែរ​។ យើង​​មាន​​ប្រាសាទ​អង្គរវត្ត​តែ​មួយ​​ប៉ុណ្ណោះ ដូច្នេះ​ភ្ញៀវ​ទេសចរ​មក​តែ​ថត​រូប​ ​រួច​​ត្រឡប់​​ទៅ​​វិញ​»។

អ្នកស្រី​បន្ត​​ថា រដ្ឋាភិបាល​គួរ​បង្កើត​កម្មវិធី​មួយ​ដែល​លើក​ទឹកចិត្ត​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ប្រទេស​ជិត​ខាង​បន្ត​ធ្វើ​ដំណើរមក​​កម្ពុជា។ កាលពីខែវិច្ឆិកា រដ្ឋាភិបាលបានចាប់ដៃគូជាមួយធនាគារ SME ដើម្បីផ្តល់​ប្រាក់កម្ចីសរុបចំនួន៥០ លានដុល្លារដល់អាជីវកម្មទេសចរណ៍ខេត្ត​សៀម​រាប ដោយអាជីវកម្មមួយ​អាចទទួលបានហិរញ្ញប្បទានពី ២0,000 ទៅ ៦00,000 ដុល្លារ​។

ប៉ុន្តែ​លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ព្រមាន​​ចំពោះ​អាជីវកម្ម​ខេត្តសៀមរាប​​ដែល​​យក​កម្ចី​ទាំងនេះ​ ខណៈ​ពេល​ដែល​វិស័យ​ទេសចរណ៍​​នៅតែ​​មិនទាន់មានភាពប្រសើរឡើង​។

លោកបាន​និយាយ​ថា៖ «ខ្ញុំគិតថា អ្នក​លក់ទាំងអស់​មិនគួរប្រ​ញាប់ប្រញាល់ [​យក​​ប្រាក់កម្ចី] ទេ ព្រោះស្ថានភាពទេសចរណ៍បច្ចុប្បន្នមិនដូចស្ថានភាពទេសចរណ៍ក្នុងឆ្នាំ ២០១៨ ឬ​មុនកូវីដ​ទេ។ រឿង​សំខាន់គឺពឹងផ្អែកលើអតិថិជន​។ ការ​ចំណាយ​របស់​អតិថិជន​ខ្លួន​​ឯង​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច្នេះ​​ប្រសិន​បើ​យើង​​បង្កើន​​ការ​​ផ្គត់ផ្គង់ វា​នឹង​​នាំ​ឲ្យ​មាន​​វិបត្តិ»។

អាជីវករលក់សម្លៀក​បំពាក់​នៅមុខប្រាសាទអង្គរវត្តម្នាក់បាន​និយាយថា អ្នក​ស្រី​អាចរកប្រាក់បានត្រឹមតែ១០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយមានមនុស្សតិចណាស់ដែលទិញ​ទំនិញនៅថ្ងៃចុង​សប្តាហ៍​។

អ្នក​ស្រី​ថា «សម្រាប់​ចូលឆ្នាំ​ខ្មែរ​នេះ ខ្ញុំ​មិនមានសង្ឃឹម​​ទេ»

តូប​លក់​សម្លៀក​បំពាក់​និង​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារចាស់ ខេត្តសៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ស៊ើង និមល់)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Siem Reap Businesses Anticipate Quiet Khmer New Year Amidst Drop in Tourism

164 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម