តុលាការខេត្តសៀមរាបបានសាកសួរប្រជពលរដ្ឋបួនរូបរួមទាំងនគរបាលប៉ុស្ដិ៍ម្នាក់ផងដោយរងការចោទប្រកាន់ថាបានរារាំងដល់មន្ត្រីសាធារណៈ និងមានចេតនាបង្កការខូចខាត និងអំពើហិង្សា។
អ្នកនាំសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានបញ្ជាក់ថាប្រជាពលរដ្ឋទាំងបួនរូបបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយបន្ទាប់ពីសាកសួរ។
លោកឲ្យដឹងថា៖ «ព្រះរាជអាជ្ញាបានសាកសួរពួកគាត់ ហើយយើងមិនទាន់ដឹងថាអ្វីជានិតិវិធីបន្តនៅឡើយ»។ លោកបានបដិសេធធ្វើអត្ថាធិប្បាយច្រើនជាងនេះ។
កាលពីខែសីហា អាជ្ញាធរជាតិអប្សរាបានដាក់បណ្ដឹងពីរផ្សេងគ្នាប្រឆាំងនឹងប្រជាពលរដ្ឋប្រាំមួយរូប និងមេប៉ុស្ដិ៍មួយរូប។ ខណៈប្រជាពលរដ្ឋបួនរូប រួមនឹងមេប៉ុស្ដិ៍ផងត្រូវបានកោះហៅ ក៏មានដែរដីការកោះមួយផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ ដែលរងការចោទប្រកាន់ថាបានញុះញង់ប្រជាពលរដ្ឋផ្សេងទៀត។
បណ្ដឹងរបស់អាជ្ញាធរជាតិអប្សរានេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរាប់រយនាក់បានផ្ទុះការតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរុះរើសំណងដែលថាខុសច្បាប់កាលពីថ្ងៃទី៨ ខែសីហា តាមសេចក្ដីជូនដំនឹងរបស់អាជ្ញាធរឃុំមានជ័យ ស្រុកប្រាសាទបាគង។
ប្រជាពលរដ្ឋដែលរងការចោទពីបទញុះញង់បានកោះហៅ និងសាកសួររួចរាល់ហើយកាលពីថ្ងៃទី២៣ ខែតុលា និងបច្ចុប្បន្នកំពុងរងចាំនិតិវិធីបន្ត។
ប្រជាពលរដ្ឋប្រហែល១០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាដំបូងខេត្តកាលពីថ្ងៃសុក្រ ដើម្បីបង្ហាញការគាំទ្រចំពោះអ្នកភូមិរបស់ខ្លួន។ លោក សឹង សៀក ពលរដ្ឋម្នាក់ក្នុងចំណោមបួននាក់ដែលតុលាការបានសាកសួរ បានអំពាវនាវឲ្យមន្ត្រីតុលាការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក។ លោកថាលោកមិនបានរារាំងដល់មន្ត្រីសាធារណៈ ឬបង្កជាអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរទេ។
លោកឲ្យដឹងថា៖ «តុលាការបានសួរ [ខ្ញុំ]អំពីការប្រើអំពើហិង្សាលើមន្ត្រីអាជ្ញាធរអប្សរា ប៉ុន្តែខ្ញុំមិនបានប្រើអំពើហិង្សាអ្វីផង»។
លោកបន្ថែមថា៖ «ខ្ញុំមិនយល់ស្របនឹងការដែលគេចោទប្រកាន់មកលើខ្ញុំនោះទេ ពីព្រោះខ្ញុំមិនបានធ្វើអ្វីផង»។ លោកថាអាជ្ញាធរអប្សរាបរាជ័យក្នុងការរុះរើតង់របស់លោក និងសំណង់នៅខាងមុខដែលមានប្រវែងបួនម៉ែត្រគុណនឹងប្រាំមួយម៉ែត្រ ហើយអ្នកភូមិបានតវ៉ាប្រឆាំងនឹងអ្នកទាំងនោះកាលពីខែសីហា។
លោកបានបន្ថែមថា៖«សំណង់ដែលសង់បន្ថែមនៅខាងមុខផ្ទះខ្ញុំហ្នឹងធ្វើដើម្បីការពារការលេចជ្រាបទឹកភ្លៀង បើមិនអីចឹងឲ្យខ្ញុំធ្វើម៉េច [ពេលមានភ្លៀង]?»។
មេប៉ុស្ដិ៍រដ្ឋបាលឃុំរលួស លោក រ៉ៃ វណ្ណា បដិសេធធ្វើអត្ថាធិប្បាយលម្អិតទាក់ទឹងការសាកសួររបស់តុលាការកាលពីថ្ងៃសុក្រ។
លោកថ្លែងថា៖ «វាគ្រាន់តែជាការសាកសួរធម្មតា ប៉ុន្តែខ្ញុំមិនអាចប្រាប់លោកបានទេ ពីព្រោះថ្នាក់លើមិនអនុញ្ញាតឲ្យផ្ដល់ព័ត៌មានទៅលោក [អ្នកសារព័ត៌មាន]…ខ្ញុំមិនបារម្ភទេ ពីព្រោះខ្ញុំមិនបានធ្វើដូចអ្វីដែលគេចោទ [មកលើខ្ញុំ]ផង»។
ប្រជាពលរដ្ឋពីររូបទៀតដែលមានឈ្មោះក្នុងពាក្យបណ្ដឹង វ៉ា ចំណាប់ និងគ្លោក គុយបា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បដិសេធអត្ថាធិប្បាយលើរឿងនេះដោយថាមន្ត្រីតុលាការកំពុងតែចាត់ការតាមនិតិវិធី។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនមានអ្វីអត្ថាធិប្បាយទាក់ទងនឹងនីតិវិធីរបស់តុលាការទេ ពីព្រោះតុលាការជាស្ថាប័នឯករាជ្យ ហើយយើងត្រូវតែគោរពមត្ថកិច្ចរបស់តុលាការ»។
ពេលសួរនាំទាក់ទងនឹងរបៀបដែលអាជ្ញាធរអប្សរាអាចនឹងដោះស្រាយបញ្ហាសំណង់ ឬការសាងសង់របស់អ្នកភូមិ លោក កុសល ពន្យល់ថា៖ « [ផ្អែកតាម ]គោលការណ៍របស់យើងសំណង់ ឬការសាងសង់ណាដែលខុសច្បាប់ គឺជាគោលដៅដែលត្រូវរុះរើ»។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តភាគឧត្តរ លោក អ៊ិន គង់ជិត មានប្រសាសន៍ថាតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់លើប្រជាពលរដ្ឋ ពីព្រោះថាអ្នកភូមិមិនបានបង្កហិង្សាលើអាជ្ញាធរនោះទេ។
លោកបន្ថែមថា៖ «បើតាមការសម្ភាសន៍របស់ខ្ញុំជាមួយប្រជាពលរដ្ឋ ពួកគាត់អះអាងថាមិនបានបង្កហិង្សាណាមួយទេ ពីព្រោះថាពួកគាត់គ្រាន់តែប្រមូលផ្ដុំគ្នាដើម្បីបញ្ចេញមតិ និងស្នើឲ្យអាជ្ញាធរជួយជួសជុលដំបូលផ្ទះ ឬតង់ចាស់ៗ»។
លោកបន្តថា៖ «ពួកគាត់មិនបានប្រើហិង្សា ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអាជ្ញាធរទេ។ អាជ្ញាធរអប្សរាបានខឹងនឹងប្រជាពលរដ្ឋដែលបានប្រមូលផ្ដុំតវ៉ានៅទីនោះ និងបញ្ឈប់ [អាជ្ញាធរ] ពីការអនុវត្តការងារ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Siem Reap Court Questions Villagers Named in APSARA’s Lawsuits