សហគមន៍រទេះក្របី ដែលជាតំបន់ទេសចរណ៍វប្បធម៌មួយស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រពីកណ្ដាលក្រុងសៀមរាប បានបើកដំណើរការឡើងវិញ ក្រោយពីបានបិទអស់រយៈពេល ៣ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ អ្នកភូមិវ័យចំណាស់ៗសប្បាយរីករាយដែលបានត្រឡប់មកធ្វើការវិញ ប៉ុន្តែ ពួកគេអះអាងថា ចំនួនភ្ញៀវទេសចរនៅតិចតួចនៅឡើយ ហើយភាគច្រើនបំផុត ជាភ្ញៀវបរទេស ។
លោក ស៊ុន លីវ អាយុ៥៣ឆ្នាំ ជាអ្នកបររទេះមួយរូបនៅក្នុងសហគមន៍រទេះក្របី ដែលរស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប នៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីកន្លែងធ្វើការរបស់លោក ដែលស្ថិតនៅក្នុងឃុំទឹកវិល ។ លោកសប្បាយរីករាយដែលបានវិលត្រឡប់មកធ្វើការវិញ ពីព្រោះលោកអាចរកចំណូលបានវិញដើម្បីទ្រទ្រង់ដល់ក្រុមគ្រួសាររបស់លោក ។ សូម្បីពេលមិនសូវស្រួលខ្លួន ក៏លោកមិនរួញរាក្នុងការបររទេះដឹកភ្ញៀវទេសចរលំហែកម្សាន្តដែរ ។
លោកបាននិយាយថា៖ «ខ្ញុំសប្បាយចិត្តពេលបានឃើញភ្ញៀវមក ខ្ញុំមានកម្លាំងដឹកដើម្បីយកកម្រៃដើម្បីចិញ្ចឹមប្រពន្ធកូន [..] ជួនថ្ងៃណាក៏គ្រុន ក៏ខ្ញុំនៅតែធ្វើដែរឱ្យតែមានភ្ញៀវ»។
លោក លីវ រកចំណូលបានជាទៀងទាត់ពីការងារសហគមន៍បានរយៈពេលពីរឆ្នាំនៅមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្ដាលឱ្យការងារសហគមន៍ត្រូវផ្អាកអស់រយៈពេលបីឆ្នាំ ។ ក្នុងអំឡុងពេលកូវីដ លោកបាននិយាយថា លោកជួបការលំបាកយ៉ាងខ្លាំងដោយសារតែគ្មានការងារធ្វើ និងគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញម្ហូបអាហារទេ ។
ទោះបីជាសហគមន៍រទេះក្របីនេះបានបើកឡើងវិញជិតមួយឆ្នាំហើយក្ដី រដ្ឋបាលខេត្តសៀមរាបទើបតែផ្សព្វផ្សាយជាសាធារណៈនៅដើមខែកុម្ភៈនេះទេ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ។
អ្នកបររទេះមួយរូបទៀត ឈ្មោះ ចិ ភឿត អាយុ ៥៧ឆ្នាំ មានទីលំនៅនៅក្នុងស្រុកពួក ខេត្តសៀមរាប បាននិយាយថា អ្នកស្រីបានធ្វើការនៅទីនេះជាមួយស្វាមីអស់រយៈពេលជិត១០ឆ្នាំហើយ ។ អ្នកស្រីបាននិយាយថា អ្នកស្រីបានសម្រេចចិត្តធ្វើជាអ្នកបររទេះក្របីដោយសារតែការធ្វើស្រែចម្ការមិនបានផ្ដល់ចំណូលគ្រប់គ្រាន់ដើម្បីចិញ្ចឹមខ្លួនឡើយ កុំថាឡើយដល់ទៅចិញ្ចឹមចៅៗរបស់អ្នកស្រី ។ អ្នកស្រីរកប្រាក់បានប្រហែល ២០០ដុល្លារក្នុងមួយខែ ពីការធ្វើការងារជាមួយសហគមន៍ ។
ដូចលោក លីវ ដែរ អ្នកស្រី ភឿត បាននិយាយថា អ្នកស្រីរីករាយដែលឃើញភ្ញៀវទេសចរមកលេងខេត្តសៀមរាប ។ ដោយអ្នកស្រីបន្ថែមថា៖ «ពេលខ្ញុំឃើញភ្ញៀវច្រើន ខ្ញុំសប្បាយចិត្តពីព្រោះខ្ញុំអាចបររទេះដឹក[ពួកគេ]ដើរលេង ហើយបុគ្គលិកគ្រប់គ្នាអាចបានប្រាក់ខែ ។ ខ្ញុំមិនខ្លាចហត់ទេ ឱ្យតែមានភ្ញៀវ» ។
ប៉ុន្តែ អ្នកស្រីបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរមិនមានស្ថិរភាពទេ ។ ការមិនសូវសម្បូរភ្ញៀវបានបណ្ដាលឱ្យអ្នកភូមិនៅក្នុងសហគមន៍នេះមួយចំនួនបានបោះបង់ការងារចោល ។ អ្នកស្រីនិយាយថា៖ «ថ្ងៃខ្លះ មានច្រើន ថ្ងៃខ្លះមានតិច ហើយថ្ងៃខ្លះ ស្ងាត់តែម្ដង» ។
អ្នកស្រីបានសំណូមពរឱ្យភ្ញៀវទេសចរក្នុងស្រុកនិងបរទេស សាកល្បងជិះរទេះក្របីលេងនៅក្នុងសហគមន៍របស់អ្នកស្រី ដែលជាមធ្យោបាយមួយដើម្បីគាំទ្រដល់ជីវភាពរបស់ពួកគេ ជាពិសេស មនុស្សចាស់ដូចរូបអ្នកស្រី ដើម្បីឱ្យគ្រប់គ្នាអាចមានការងារធ្វើ ។

តំណាងសហគមន៍ លោក ឆេង ឆោម បានប្រាប់ ខេមបូចា ថា សហគមន៍រទេះក្របីបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយមានបុគ្គលិកប្រហែល ៤០នាក់ ប៉ុន្តែ ពួកគេពាក់កណ្ដាលបានលាឈប់ពីការងារដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការមិនសូវមានភ្ញៀវមកទស្សនា ។ សមាជិកបានលក់ក្របីរបស់ពួកគេ និងបានចាប់យកការងារជាកម្មករសំណង់ និងមុខរបរផ្សេងទៀតដើម្បីរស់ ។
សព្វថ្ងៃ បុគ្គលិកដែលនៅសល់ ២០នាក់ អាយុពី ៥០ ទៅ ៦០ឆ្នាំ បន្តការងារបររទេះក្របីជាបន្តដោយមានក្របី ១៧ក្បាល ដោយសារតែពួកគេមិនអាចរកការងារផ្សេងធ្វើបាន ។
បើតាមលោក ឆោម ស្ថាបនិកនិងជាដៃគូអភិវឌ្ឍន៍របស់សហគមន៍រទេះក្របី គឺជាជនជាតិកូរ៉េ ដែលជាអ្នកបើកប្រាក់ខែឱ្យបុគ្គលិក និងបង់ថ្លៃជួលដីចាប់តាំងពីដើមទីមក ។ លោកនិយាយថា៖ «មូលហេតុដែលគាត់នៅតែបន្តគាំទ្រពួកគេគឺដោយសារគាត់ស្រឡាញ់កន្លែងនេះ និងចង់ផ្ដល់ការងារដល់អ្នកភូមិនៅក្នុងសហគមន៍»។
លោក ឆោម បាននិយាយថា អ្នកបររទេះបានប្រាក់ខែ ១២០ដុល្លារម្នាក់ៗ ចំណែកឯម្ចាស់ក្របីបាន ១០០ដុល្លារក្នុងក្របីមួយក្បាល ។ ភ្ញៀវទេសចរក្នុងស្រុកបង់ប្រាក់ ៣ដុល្លារក្នុងមនុស្សម្នាក់ ហើយភ្ញៀវទេសចរបរទេស បង់ប្រាក់ ២០ដុល្លារម្នាក់ ។ ចំណុចពិសេសនៃអាជីវកម្មសហគមន៍នេះគឺថា ការដឹកភ្ញៀវតាមរទេះក្របីទៅទស្សនាលំហែនៅតាមទីជនបទនិងវាលស្រែ ដែលនៅប្រទេសខ្លះ ដូចជានៅកូរ៉េ រឿងបែបនេះស្ទើរតែបាត់អស់ ឬលែងមានសោះតែម្ដងហើយ ។
លោក ឆោម និយាយយ៉ាងដូច្នេះថា៖ «នេះជាផ្នែកមួយនៃការខិតខំអភិរក្ស ហើយយើងចង់បង្ហាញ[ភ្ញៀវ]ពីជីវភាពរស់នៅតាមជនបទ បង្ហាញពីរបៀបដែលអ្នកភូមិរស់នៅនិងប្រកបការងារចិញ្ចឹមជីវិត» ។
ក្រោយពីដឹកភ្ញៀវដើរកម្សាន្តរួច សមាជិកសហគមន៍នាំគ្នាសម្អាតនៅតាមទីកន្លែងទេសចរណ៍សហគមន៍ និងតុបតែងលម្អទីតាំងទាំងនោះ ក្នុងនោះរួមទាំងការដាំផ្កាផងដែរ ។
លោក ឆោម បាននិយាយថា នៅមុនពេលផ្ទុះជំងឺកូវីដ-១៩ ទេសចរបរទេសធ្លាប់តែមកទស្សនាខេត្តសៀមរាបចន្លោះពីខែកញ្ញាដល់ខែមេសា ប៉ុន្តែ ឥឡូវ វាបានប្រែប្រួលហើយ ដោយពួកគេមកទស្សនាតែពីរទៅបីខែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយបន្ទាប់ពីនោះ គឺគ្មានភ្ញៀវទេ ។
លោកបានបន្ថែមថា ចំពោះភ្ញៀវខ្មែរ គឺមានចំនួនតិច ដោយសារតែពួកគេធ្វើដំណើរតែក្នុងអំឡុងពេលមានបុណ្យទានម្ដងៗប៉ុណ្ណោះ ហើយតិចតួចណាស់ដែលចាប់អារម្មណ៍ជិះរទេះក្របី ។
ទោះបីសហគមន៍អាចបើកដំណើរការឡើងវិញបន្ទាប់ពីកូវីដ-១៩ក្ដី ចំនួនភ្ញៀវទេសចរនៅមិនទាន់ច្រើននៅឡើយទេ នេះបើតាមលោក ឆោម ។ លោកបន្ថែមថា នៅចុងខែធ្នូ ឬនៅខែមករា ជាធម្មតា មានភ្ញៀវទេសចរច្រើន ភាគច្រើនជាភ្ញៀវកូរ៉េ ។
នៅឆ្នាំ២០២៣ ទេសចរជាង ២,៥លាននាក់បានមកទស្សនាប្រាសាទនានានៅខេត្តសៀមរាប នេះបើយោងតាមតួលេខពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលតួលេខនេះបង្ហាញពីកំណើន ៣២,៣៥% បើធៀបនឹងចំនួនភ្ញៀវទេសចរនៅឆ្នាំ២០២២ ដែលមានត្រឹមតែ ១,៩លាននាក់ ។
ក្នុងចំណោមទេសចរសរុបនៅឆ្នាំ២០២៣ ភ្ញៀវជាតិមាន ១,៧លាននាក់ កើនឡើង ៦,៦២% ក្រៅពីនោះជាភ្ញៀវបរទេស ដែលកើនឡើង ១៧៧,៦៣% បើធៀបនឹងឆ្នាំមុន ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានសង្កេតឃើញថា សហគមន៍ទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា នៅតែខ្វះជំនាញបដិសណ្ឋារកិច្ច ផលិតកម្ម និងកែច្នៃផលិតផលក្នុងស្រុក អនាម័យ និងដើមទុនដើម្បីរៀបចំសម្ភារៈទាំងអស់នេះ នៅឡើយ ។
ប្រការនេះទាមទារនូវការគាំទ្រពីរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដើម្បីបណ្ដុះបណ្ដាល ការពារ និងផ្សព្វផ្សាយផលិតផលនិងសកម្មភាពរបស់សហគមន៍ទេសចរណ៍ ជាពិសេស នៅតាមតំបន់ជនបទ ។
លោកស្រីបានលើកឡើងថា អាជ្ញាធរគួរលៃលកថវិកាសម្រាប់ឱ្យសហគមន៍ទេសចរណ៍អភិវឌ្ឍផលិតផលទេសចរណ៍សហគមន៍ ដែលអាចមាននិរន្តរភាពយូរអង្វែងជាងការធ្វើការជាមួយនឹងដៃគូអភិវឌ្ឍន៍ដែលអាចគាំទ្រដល់ពួកគេ«តែមួយរយៈពេល» ។
លោកស្រីនិយាយថា៖ «កន្លងមក ផលិតផលសហគមន៍ខ្លាំងដោយសារតែ[មានការគាំទ្រពី]ដៃគូអភិវឌ្ឍន៍តែប៉ុណ្ណោះ ។ ប៉ុន្តែ ប្រសិនបើដៃគូអស់លុយ ពួកគេបានចាកចេញពីសហគមន៍ទេសចរណ៍ ពេលនោះសហគមន៍ទេសចរណ៍នឹងដួលរលំភ្លាម» ។
លោកស្រី ស៊ីវលីន បានទទូចឱ្យសហគមន៍ទេសចរណ៍ទាំងឡាយស្វែងរកជំនាញបដិសណ្ឋារកិច្ច រៀនពីការរៀបចំម្ហូបអាហារ ធានាអនាម័យ និងបរិស្ថានស្អាតនៅក្នុងភូមិ រក្សាប្រពៃណីដើម អភិវឌ្ឍសកម្មភាពច្នៃប្រឌិតច្រើនថែមទៀត និងធ្វើការជិតស្និទ្ធជាមួយទីភ្នាក់ងារទេសចរណ៍ ឬសមាគមទេសចរណ៍ ដែលអាចជួយផ្សព្វផ្សាយពីពួកគេកាន់តែទូលំទូលាយទៅដល់ភ្ញៀវទេសចរណ៍ ។

នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បាននិយាយថា រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងជួយផ្សព្វផ្សាយពីសហគមន៍រទេះក្របីនេះហើយ ។
លោក វណ្ណៈ បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្តក៏រៀបចំការបណ្ដុះបណ្ដាលនានា ព្រមទាំងស្វែងរកដៃគូដើម្បីជួយគាំទ្រ ឬផ្ដល់មូលនិធិដល់សហគមន៍ដែលបម្រើដល់វិស័យទេសចរណ៍ ផងដែរ ។ ប៉ុន្តែ រដ្ឋបាលខេត្តពុំមានថវិកាផ្ទាល់ខ្លួនដើម្បីជួយសហគមន៍ទេ។
លោកបាននិយាយថា៖ «មិនមែនមានតែមួយសហគមន៍ទេ ។ មានច្រើន ហើយយើងពុំមានថវិកាច្រើនសម្រាប់សហគមន៍ទេ ។ វាមិនអាចទៅរួច ។ យើងចាំបាច់ត្រូវស្វែងរកក្រុមហ៊ុនវិនិយោគ ឬដៃគូដែលអាចជួយបាន» ។
និយាយបែបនេះ ដោយលោក វណ្ណៈ គូសបញ្ជាក់ថា ការគាំទ្រពីដៃគូក៏មានតិចតួចដូចគ្នាដែរ ដោយសារតែមូលនិធិមានកម្រិត ។ ដូច្នេះ លោកលើកទឹកចិត្តដល់សហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលចង់ចូលរួមចំណែកនៅក្នុងវិស័យទេសចរណ៍ ឱ្យចូលរួមនៅក្នុងការបណ្ដុះបណ្ដាលដើម្បីទទួលបានជំនាញវិជ្ជាជីវៈក្នុងការផ្ដល់សេវាទេសចរណ៍ និងរកប្រាក់ចំណូលផ្ទាល់ខ្លួន ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បដិសេធការធ្វើអត្ថាធិប្បាយ ជុំវិញរឿងនេះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Siem Reap Older Folks Resume Livelihood As Buffalo Cart Drivers Three Years After COVID-19