សមត្ថកិច្ចខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកពីបទ«ឆបោក រំលោភលើទំនុកចិត្ដ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» តាមដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីពលរដ្ឋជាង៨០០នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាលខែកុម្ភៈ ពាក់ព័ន្ធនឹងឆបោកលុយពួកគេជាង៣០០លានដុល្លារ។
នៅរសៀលថ្ងៃទី១២ ខែមីនានេះ នគរបាលខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ដសៀមរាបដោយផ្អែកតាមបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានបណ្ដឹងពីបទឆបោក រំលោភលើទំនុកចិត្ដ និងបានចេញសែកស្អុយដោយគ្មានសាច់ប្រាក់។
ក្នុងលិខិតរបស់សាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ថា ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្ដសៀមរាបដើម្បីចាត់វិធានការតាមនីតិវិធី។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ដសៀមរាប។
ជុំវិញរឿងឃាត់ខ្លួននេះខេមបូចាមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកស្រី សាត ធីតា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ដសៀមរាបបានទេ ប៉ុន្ដែអ្នកស្រីធ្លាប់បានបញ្ជាក់ឱ្យខេមបូចាដឹងថា៖ «អយ្យការអមសាលាដំបូង បានទទួលបណ្តឹងពីប្រជាពលរដ្ឋហើយ បច្ចុប្បន្នសំណុំរឿង អយ្យការកំពុងចាត់ការតាមនីតិវិធី»។
កាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤ អាជ្ញាធរខេត្ដសៀមរាបបានចេញលិខិតអញ្ជើញអ្នកស្រី រ៉េត សុធីតាដែលជាតំណាងពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងទៅតុលាការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងប្រជាពលរដ្ឋ។ ក្រោយពីកិច្ចប្រជុំនៅថ្ងៃទី១២ ខែមីនានេះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកភ្លាមៗបញ្ជូនទៅសាលាដំបូងខេត្ដសៀមរាបដើម្បីបន្ដនីតិវិធីច្បាប់។
កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅសាលាដំបូងខេត្ដសៀមរាបបានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្ដសៀមរាបបានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន និងបានអនុវត្ដការរឹបអូសជាបណ្ដោះអាសន្នជូនម្ចាស់បំណុលរួចហើយ។ ចំពោះសំណុំរឿងរដ្ឋប្បវេណី សាលាដំបូងខេត្ដសៀមរាបកំពុងតែធ្វើចំណាត់ការយ៉ាងយកចិត្ដទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញសេចក្ដីបំភ្លឺស្ដីពី ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញផ្សព្វផ្សាយសង្គមនានាដែលបានលើកឡើងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី តាមការលើកឡើងរបស់អ្នកស្រី ឡេង ចាន់ណា ធ្វើឱ្យមានការភាន់ច្រឡំ។
ក្នុងសេចក្ដីបំភ្លឺដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២២៤ អ្នកស្រី ឡេង ចាន់ណា បានចេញបំភ្លឺថា ការលើកឡើងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ទេ។ នៅថ្ងៃទី២០ ខែកុម្ភៈ២០២៤ អ្នកស្រី ឡេង ចាន់ណាបានចេញលិខិតសារភាពកំហុស និងបានសូមអភ័យទោសចំពោះការលើកឡើងថា លោកនាយករដ្ឋមន្រ្ដីជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ផង។
លិខិតបានលើកឡើងថា៖ «សម្ដេចមិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ដច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុតលើបុគ្គលទាំងឡាយណាដែលយកឈ្មោះសម្ដេចធិបតីទៅពាក់ព័ន្ធនិងអំពើខុសច្បាប់របស់ខ្លួន»។
បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា អាជ្ញាធរគួរតែពិនិត្យលើច្បាប់វិនិយោគឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យ បើមិនពិនិត្យទេ អ្នករងគ្រោះគឺពលរដ្ឋទាំងអស់។ លោកបន្ដថា កន្លងមក ការយកឈ្មោះថ្នាក់ដឹកនាំ ឬអ្នកមានតំណែងធំៗដើម្បីមកបោកពលរដ្ឋគឺងាយជឿ និងមានទំនុកចិត្ដរហូតដល់ការចាញ់បោករាប់ម៉ឺនដុល្លារ។
លោក សំអាត ថ្លែងថា៖ «អាជ្ញាធរគួរពិនិត្យមុននឹងចេញច្បាប់ឱ្យក្រុមហ៊ុនវិនិយោគ។ ការយកឈ្មោះសម្ដេច ហ៊ុន ម៉ាណែតដើរបោកគេគឺមានច្រើនដែលធ្វើឱ្យពលរដ្ឋចាញ់បោក។ ខ្ញុំគាំទ្រអនុសាសន៍សម្ដេចថាបើមានអ្នកណាយកឈ្មោះលោកទៅប្រើត្រូវចាប់ខ្លួនភ្លាមៗ»៕