សាលាដំបូងខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្ដិក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពីពលរដ្ឋរាប់ពាន់នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាលខែកុម្ភៈ គិតមកដល់ពេលនេះពលរដ្ឋអះអាងថា នៅមិនទាន់ទទួលបានដំណោះស្រាយសមស្របនៅឡើយ។
សាលាដំបូងបានចេញសេចក្ដីសម្រេចនៅថ្ងៃទី១៧ ខែមេសា ដោយបញ្ជាក់ថា បានសម្រេចបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្ដិមួយចំនួនរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដោយបានសម្រេចឃុំខ្លួនជនជាប់ចោទ៥នាក់ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទ២៤នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃ១៨ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
សេចក្តីសម្រេចនេះបានលើកឡើងថា តុលាការបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួសដោយបង្គាប់ឱ្យសា្រវជ្រាវទ្រព្យសម្បត្ដិ និងសាវតាជាតិរបស់ជនពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងថា៖ «សាលាដំបូងបាននឹងកំពុងចាត់ការ ហើយនឹងបន្ដចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រីលាន ស៊ីធី វើលដ៍ ឯ.ក របស់ជនត្រូវចោទ ឡេង ចាន់ណា ប្រកបដោយការយកចិត្ដដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្ដិធម៌ដោយអនុវត្ដតាមច្បាប់ និងនីតិវិធីជាធរមាន»។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបបានបញ្ជាក់ថា ចៅក្រមនឹងបន្ដនីតិវិធីលើសំណុំរឿងនេះ។ យ៉ាងណាលោកមិនអាចពន្យល់លើការបញ្ហាតាមការលើកឡើងរបស់ពលរដ្ឋបាននោះទេ តែលោកថា បើមានអ្វីប្រែប្រួលលោកនឹងចេញសេចក្ដីប្រកាសជូនពលរដ្ឋ។
លោកថ្លែងថា៖ «ចៅក្រមនឹងបន្ដនីតិវិធីដូចក្នុងសេចក្ដីប្រកាសចឹង។បើមានអីថ្មីខ្ញុំចេញសេចក្ដីប្រកាសជូនជាសាធារណៈបន្ថែមទៀត»។
បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ឆ្លើយយ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាមថា៖ «កំពុងដោះស្រាយតាមច្បាប់ និងនីតិវិធីរបស់តុលាការ»។
នៅយប់ថ្ងៃទី១៧ខែមេសាដដែលអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបង្ហោះសារនៅលើផេកផ្លូវការរបស់ខ្លួនថា សំណុំរឿងក្រុមហ៊ុន ប៊ី្រលាន ស៊ីធី តុលាការបានសម្រេចបង្កកគណនីធនាគារចំនួន១៨៣គណនី និងស៊ើបសួរទៅលើបុគ្គលពាក់ព័ន្ធច្រើននាក់បន្ដចាត់វិធានការតាមផ្លូវច្បាប់។
ជុំវិញរឿងនេះលោក ប៉ែន បូណា អ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតបថា សម្រាប់រដ្ឋាភិបាលគ្មានវិធានទេ ព្រោះជារឿងរបស់តុលាការដូច្នេះអង្គភាពរដ្ឋាភិបាលមិនពាក់ព័ន្ធនោះទេ ដោយលោករុញឱ្យខេមបូចាសួរទៅប្រព័ន្ធតុលាការជំនួសវិញ។
លោកមានប្រសាសន៍ថា៖ «រឿងរបស់តុលាការ ទាល់តែអូនសួរទៅតុលាការអូន»។
ជ្រុងមួយនៃបញ្ហានេះអ្នកស្រី រ៉េត សុធីតា តំណាងពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន និងជាអ្នកពាក្យបណ្ដឹងទៅតុលាការកាលពីខែកុម្ភៈថា ពលរដ្ឋសរុបជិត៨០០០នាក់ដែលបានចាញ់បោកដោយក្នុងនោះមានពលករកូរ៉េជិត២០០០នាក់កំពុងរងគ្រោះ។ អ្នកស្រីអះអាងថា ពលរដ្ឋកំពុងជួបនឹងវិបត្ដិបំណុលធ្ងន់ធ្ងរដោយអ្នកខ្លះត្រូវធនាគាររឹបអូសទ្រព្យសម្បត្ដិដោយពួកគេគ្មានលទ្ធភាពសងត្រឡប់។ អ្នកស្រីបន្តថា គិតមកដល់ពេលនេះពួកអ្នកស្រីនៅមិនទាន់ទទួលដំណោះស្រាយណាមួយពីរបស់អាជ្ញាធរនៅឡើយទេ។
អ្នកស្រីបានលើកឡើងថា៖ «ពួកខ្ញុំចង់បានតែលុយពួកខ្ញុំមកវិញទេ។ ម្នាក់ៗបងអើយ…ដាច់ខ្យល់ហើយ អ្នកខ្លះធនាគាររឹបអូសផ្ទះសំបែង អ្នកខ្លះទៀតរត់ចោលផ្ទះដោយសារគ្មានលុយបង់ឱ្យគេ។ ម្នាក់ៗបំណុលវណ្ឌក អស់ពីខ្លួនអាលីងហើយជំពាក់ធនាគារទៀត។ ពិបាកណាស់បង។ ពួកខ្ញុំអត់ទាន់ទទួលស្អីសោះបងពីការដោះស្រាយកន្លងមក»។
ពលករកូរ៉េម្នាក់ទៀតគឺលោក ផ្លង់ វិបុល បានដាក់លុយអស់ជាង៥ម៉ឺនដុល្លារ បានលើកឡើងថា ចំណាត់ការរបស់តុលាការជាការល្អ ប៉ុន្ដែលោកថា អ្វីដែលលោកចង់បានគឺលុយមកវិញ ខណៈលោកថា ពលករនៅប្រទេសកូរ៉េជាង ២ ០០០នាក់បានចាញ់បោកក្រុមអ្នកស្រី ឡេង ចាន់ណា លើការវិនិយោគចំណេញការប្រាក់ ប៉ុន្ដែមិនទាន់ទទួលដំណោះស្រាយណាមួយនោះទេ។ លោកបានស្នើសុំទៅលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ឱ្យជួយអន្ដរាគមន៍លើករណីពួកលោកដើម្បីអាចទទួលបានដោះស្រាយសមស្រប។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់បានតែលុយខ្ញុំមកវិញទេបង។សុំឱ្យសម្ដេច ហ៊ុន ម៉ាណែត ជួយពន្លឿនដោះស្រាយផង»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សាលាដំបូងខេត្ដសៀមរាប បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៤ សាលាដំបូងខេត្ដសៀមរាប បានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន និងបានអនុវត្ដការរឹបអូសជាបណ្ដោះអាសន្នជូនម្ចាស់បំណុលរួចហើយ។ ចំពោះសំណុំរឿងរដ្ឋប្បវេណីដែលកំពុងតែចាត់ការទាំងអស់ សាលាដំបូងខេត្ដសៀមរាបកំពុងតែធ្វើចំណាត់ការយ៉ាងយកចិត្ដទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ដសៀមរាប និយាយថា រដ្ឋបាលខេត្ដកំពុងរង់ចាំមើលពីតុលាការសិន ទើបបន្ដអនុវត្ដដោយសាររឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។
លោកថ្លែងថា៖ «ចាំមើលចំណាត់ការបន្ដរបស់តុលាការសិន ទើបរដ្ឋបាលខេត្ដអនុវត្ដបន្ដ»។
កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៤ ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបានធ្វើការតវ៉ាទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាបដោយពួកគាត់អះអាងថា ក្រុមហ៊ុនបានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុនបែរជាចង់ដោះដូរជាដីជូនពួកគាត់។
បើតាមលោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប និងបាត់ដំបង បានថ្លែងថា លោកគាំទ្រវិធានតុលាការ។ យ៉ាងណាលោកជំរុញឱ្យតុលាការពន្លឿនដំណោះស្រាយសម្រាប់ពលរដ្ឋកំពុងប្រឈមលើវិបត្ដិបំណុលឱ្យទាន់ពេលវេលា ខណៈលោកថា ពលរដ្ឋមិនទាន់ទុកចិត្ដលើតុលាការទេ។
លោកបន្ថែមថា៖ «ខ្ញុំគាំទ្រចំណាត់ការរបស់តុលាការ។ ខ្ញុំសង្ឃឹមថាតុលាការនឹងពន្លឿនដំណោះស្រាយឱ្យអ្នករងគ្រោះឱ្យទាន់ពេល»។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញសេចក្ដីបំភ្លឺស្ដីពីការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញផ្សព្វផ្សាយសង្គមនានាដែលបានលើកឡើងថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី តាមការលើកឡើងរបស់អ្នកស្រី ឡេង ចាន់ណា ធ្វើឱ្យមានការភាន់ច្រឡំ។
ក្នុងសេចក្ដីបំភ្លឺដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២២៤ អ្នកស្រី ឡេង ចាន់ណា បានចេញបំភ្លឺថា ការលើកឡើងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ទេ។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា បានចេញលិខិតសារភាពកំហុស និងបានសូមអភ័យទោសចំពោះការលើកឡើងថា លោកនាយករដ្ឋមន្រ្ដីជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ផងដែរ៕