សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ក្រុងព្រះសីហនុនិងកំណត់ភូមិចំនួនប្រាំជា «តំបន់ក្រហម»

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យរបាំងនៅក្រុងព្រះសីហនុ ដែលដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យចូលឬចាកចេញពីតំបន់បិទខ្ទប់នោះ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យរបាំងនៅក្រុងព្រះសីហនុ ដែលដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យចូលឬចាកចេញពីតំបន់បិទខ្ទប់នោះ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

កាលពីព្រលឹមថ្ងៃសុក្រ ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យក្រុងនេះក្លាយជាក្រុងទី៣នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបិទខ្ទប់ នៅពេលមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ ភូមិចំនួន៥ត្រូវបានគេកំណត់ថាជា «តំបន់ក្រហម»  ដែលត្រូវអនុវត្តវិធានការណ៍តឹងរ៉ឹងជាងមុន។

ការបិទខ្ទប់នេះដែលធ្វើឡើង បន្ទាប់ពីមានការហាមឃាត់ការធ្វើដំណើរចេញចូលខេត្តព្រះសីហនុរយៈពេលជិតពីរខែ ការណ៍នេះឆ្លុះបញ្ចាំងពីការលំបាករបស់អាជ្ញាធរនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចចំនួន២ ដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត គួច ចំរើន កាលពីថ្ងៃទី២២ ខែមេសា ដោយបានបិទខ្ទប់ក្រុងព្រះ សីហនុនិងដាក់ភូមិ១,២, ៣,៤និង៥ នៃសង្កាត់បួនជាតំបន់ក្រហមចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា។

វិធានការតំបន់ក្រហមត្រូវបានដាក់ឱ្យអនុវត្ត បន្ទាប់ពីរកឃើញការឆ្លងរាលដាលសហ គមន៍ក្នុងភូមិទាំងប្រាំនោះ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បុគ្គលណា ដែលរស់នៅក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះឬទីលំនៅបច្ចុប្បន្នរបស់ខ្លួនទេ។

ការធ្វើដំណើរចេញក្រៅផ្ទះឬទីសំណាក់មិនត្រូវបានអនុញ្ញាតទេ លើកលែងតែការធ្វើ ដំណើរក្នុងមូលហេតុសុខភាពបន្ទាន់និងការធ្វើដំណើរទៅជួបមន្រ្តីសុខាភិបាល ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារកូវីដ-១៩។

សេចក្តីជូនដំណឹងក៏បានបញ្ជាឱ្យបិទផ្សារនិងទីកន្លែងលក់គ្រឿងឧបភោគបរិភោគ ព្រមទាំងអាជីវកម្មផ្សេងទៀតស្ទើរទាំងអស់នៅក្នុងតំបន់ក្រហម ដោយលើកលែងតែសេវាពន្លត់អគ្គីភ័យ បុគ្គលិកនៃសេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសង្គ្រោះបន្ទាន់ អ្នកផ្តល់សេវាសុខភាព សេវាប្រមូលសំរាម សេវាផ្គត់ផ្គង់ឱសថស្ថាន និង សម្ភារៈបរិក្ខារពេទ្យ ទីតាំងផលិតនិងផ្គត់ផ្គង់មី អ្នកផ្គត់ផ្គង់ហ្គាសចម្អិនអាហារ និង អ្នកផ្គត់ផ្គង់ស្បៀងអាហាររបស់រដ្ឋ។

៽វិធានការណ៍នេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរសុខាភិបាលក្នុងមូលដ្ឋានបញ្ជាក់ថា មានករណីឆ្លងថ្មីជាង៥០០ករណីក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា រដ្ឋបាលខេត្តត្រូវចេញបទបញ្ជាបិទខ្ទប់ជាបន្ទាន់ ដោយសារមានការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរទៅៗ។

លោក ភារម្យ បានមានប្រសាសន៍ថា៖ «យើងបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩»

លោក​បានមានប្រសាសន៍​ថា៖ «ប្រសិនបើយើងកាត់ផ្តាច់ការឆ្លងរាលដាលហើយយើងនឹងគ្រប់គ្រងវាបាន យើងនឹងមានសង្ឃឹម [ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ] ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋនៅតែចេញទៅក្រៅនិងនៅ [ តំបន់ឆ្លង ] ការឆ្លងរាលដាលនឹងកើនឡើង…តើនៅពេលណាវានឹងចប់ ?»

លោកបានបន្តថា គិតត្រឹមថ្ងៃទី២២ ខែមេសានេះ មានមនុស្សសរុបចំនួន១.០៣៦នាក់នៅក្នុងខេត្តនេះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះមានពលរដ្ឋខ្មែរ៨៣៤នាក់ជនជាតិចិន១៧៤នាក់ ជនជាតិវៀតណាម១៣នាក់ ជនជាតិភូមា១១នាក់ ជនជាតិថៃមួយនាក់ ជនជាតិហ្វីលីពីនមួយនាក់ ជនជាតិឥណ្ឌូនេស៊ីមួយនាក់ និងជនជាតិន័រវែសមួយនាក់។

លោកបានបន្ថែមថា ក្នុងចំណោមនោះ មានមនុស្ស៥២៣នាក់បានជាសះស្បើយឡើង វិញ មាន៥០៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិង៤នាក់បានស្លាប់។

លោក ភារម្យ បានបន្តថា រដ្ឋបាលខេត្តព្រះសីហនុក៏បានបិទផ្សារធំៗចំនួន៣កន្លែង នៅក្រុងព្រះសីហនុផងដែរ ដោយសារតែអាជីវករជាច្រើនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ផ្សារលើត្រូវបានបិទអស់រយៈពេលជិត១០ថ្ងៃ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ដែលត្រូវបានគេស្គាល់ផងដែរថា ផ្សារចិននោះ ក៏ត្រូវបានបិទអស់រយៈពេលប្រហែល៥ថ្ងៃហើយ ផ្សារពាណិជ្ជកម្មត្រូវបានបិទនៅចុងក្រោយគេ។

លោកបានមានប្រសាសន៍ថា ស្របពេលមានការបិទផ្សារធំៗចំនួន៣ រដ្ឋាភិបាលព្យា យាមរកវិធីទប់ស្កាត់កង្វះខាតស្បៀងអាហារហើយ «កំពុងសិក្សាជាបន្ទាន់ ដើម្បីរៀបចំតូបលក់ដូនិងការផលិតម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុង»។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ មានការល្មើសបម្រាមធ្វើដំណើររហូត ដល់ជាង៤០ករណី។ ១០ករណីទាក់ទងនឹងការមិនពាក់ម៉ាស់នៅទីសាធារណៈនិង២ ករណីគឺគេចចេញពីមណ្ឌលចត្តាឡីស័ក ដែលត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត។

អ្នកស្រី ផន យ៉េ អាយុ៤៧ឆ្នាំ ជាអ្នករែកផ្លែឈើលក់នៅតំបន់ឆ្នេររស់នៅភូមិ៤ក្នុងសង្កាត់បួនបាននិយាយថា អ្នកស្រីនិងស្វាមីគ្មានការងារធ្វើតាំងពីដើមខែមីនា នៅពេលរដ្ឋបាលខេត្តចាប់ផ្តើមហាមឃាត់ការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ចូលខេត្តព្រះសីហនុ។

អ្នកស្រីបន្តថា៖ «គ្រួសារខ្ញុំខ្វះខាតអាហារដើម្បីហូបរយៈពេលប្រហែលមួយខែមកហើយ បន្ទាប់ពីរដ្ឋបាលខេត្តបានហាមឃាត់ការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ខេត្ត»។ អ្នកស្រីបានបន្ថែមថា ពួកគាត់កំពុងពិបាកក្នុងការផ្គត់ផ្គង់អាហារសម្រាប់កូនបួននាក់និងម្តាយចាស់ជរារបស់អ្នកស្រី។

អ្នកស្រី ផន យ៉េ ជាអ្នករែកផ្លែឈើលក់នៅតាមតំបន់ឆ្នេរហើយប្តីរបស់អ្នកស្រីធ្វើការសំណង់ហើយពួកគាត់ទាំងពីរមើលឃើញថា ការងាររបស់ខ្លួនចាប់ផ្តើមបាត់បង់បន្តិចម្តងៗកំឡុងពេលមានការឆ្លងរាលដាល។

អ្នកស្រីបាននិយាយថា៖ «ឥឡូវនេះ ខ្ញុំសល់អង្ករតែដប់កំប៉ុងសម្រាប់ហូប ហើយខ្ញុំគ្មានលុយទិញទៀតទេ ដូច្នេះខ្ញុំមិនដឹងថាខ្ញុំអាចទៅពឹងពាក់នរណាបានទេ»។ អ្នកស្រីបាននិយាយទៀតថា៖ «សូមអាជ្ញាធរជួយយើងផង ព្រោះយើងមិនអាចធ្វើអ្វីបានទេ បន្ទាប់ពីតំបន់របស់យើង ត្រូវបានដាក់ជាតំបន់ក្រហមដូចនេះ»។

លោក សេង និម ចៅសង្កាត់បួនបាននិយាយកាលពីថ្ងៃសុក្រថា លោកនិងមន្ត្រីមូល ដ្ឋានដទៃទៀតបានជួបជាមួយអាជ្ញាធរក្រុងព្រះសីហនុនិងអាជ្ញាធរខេត្តអំពីការរៀបចំផ្តល់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់សម្រាប់អ្នកដែលរស់នៅក្នុងតំបន់ក្រហមនិងសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅតំបន់បិទខ្ទប់។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរបានហាមឃាត់អ្នកភូមិមិនឲ្យចាកចេញពីផ្ទះដើម្បីការពារពីការឆ្លង ប៉ុន្តែយើងកំពុងត្រៀមកញ្ចប់អំណោយ ដើម្បីផ្តល់ដល់អ្នកភូមិ»

លោក យៀង រ៉េន អាយុ៣៩ឆ្នាំ ជាតំណាងសហគមន៍ស្ពានចេះក្នុងសង្កាត់ ១ ក្នុងក្រុងព្រះសីហនុបានមានប្រសាសន៍ថា សហគមន៍របស់លោកមាន៥៥គ្រួសារ ហើយភាគ ច្រើនខ្វះស្បៀងអាហារ ពីព្រោះពួកគាត់មិនអាចរកការងារធ្វើ តាំងពីមុនពេលការបិទខ្ទប់ចូលជាធរមានទៅទៀត។

ចំពេលមានការឆ្លងរាលដាលនិងការហាមឃាត់ការធ្វើដំណើរនេះ វិស័យទេសចរណ៍និងសំណង់ ជាវិស័យធំបំផុតពីរដែលផ្តល់ការងារច្រើនជាងគេក្នុងក្រុងនេះបានផ្អាកដំណើការស្ទើរទាំងស្រុង។

លោក រ៉េន បានមានប្រសាសន៍ថា៖ «ឥឡូវនេះ រដ្ឋបាលខេត្តបានសម្រេចបិទក្រុងព្រះ សីហនុ ខណៈពេលយើងបានប្រឈមមុខនឹងបញ្ហាជីវភាពរស់នៅស្រាប់ទៅហើយដូច្នេះ យើងនឹងប្រឈមមុខនឹងការខ្វះស្បៀងអាហារថែមទៀត។ សូមអាជ្ញាធរផ្តល់អំណោយខ្លះដល់យើងផង»

លោក ឈិត សុផាត ចៅសង្កាត់១ បាននិយាយថា កាកបាទក្រហមខេត្តបានផ្តល់អំ ណោយមួយចំនួនដល់ជនក្រីក្រ ហើយចាប់ផ្តើមពីថ្ងៃសៅរ៍នេះ កាកបាទក្រហមខេត្តហើយអាជ្ញាធរមូលដ្ឋាននឹងផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋទាំងអស់លើកលែង តែអ្នកមានជីវភាពធូរធាក្នុងសង្កាត់របស់លោក។

លោកស្រី ជាប សុធារី អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ ដែលរស់នៅក្នុងភូមិ៤ក្នុងសង្កាត់បួនបាននិយាយថា ការបិទខ្ទប់នេះទំនង ជាធ្វើឱ្យស្ថានភាពយ៉ាប់យើនស្រាប់ហើយនោះកាន់តែអាក្រក់ជាងនេះទៅទៀត សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងក្រុងនេះ។ ពួកគាត់ភាគច្រើនរកលុយតាម រយៈវិស័យទេសចរណ៍ ដែលបានបាត់ស្ទើរទាំងស្រុងចាប់តាំងពីមានការហាមឃាត់ការធ្វើដំណើរកាលពីខែមីនា។

លោកស្រីបានមានប្រសាសន៍ថា៖ «ដូច្នេះ នៅពេលដែលតំបន់នោះត្រូវបានបិទខ្ទប់ ប្រជាពលរដ្ឋនឹងទទួលរងផលប៉ះពាល់កាន់តែខ្លាំង»

កាលពីរសៀលថ្ងៃសុក្រ ក្រសួងសុខាភិបាលបានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍៦៥៤ករណី រួមមានករណី១១៣ករណីនៅខេត្តព្រះសីហនុ ៥២២ ករណីនៅភ្នំពេញនិងក្រៅពីនោះរកឃើញនៅខេត្តកំពង់ចាម កំពង់ស្ពឺ កែប មណ្ឌលគិរី​ត្បូងឃ្មុំ តាកែវ និង ខេត្តកណ្តាល។

រាជធានីភ្នំពេញនិងក្រុងតាខ្មៅក្បែរខាងនៅក្នុងខេត្តកណ្តាលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការបិទខ្ទប់រយៈពេលពីរសប្តាហ៍កាលពីថ្ងៃទី១៥ ខែមេសា។

គិតត្រឹមរសៀលថ្ងៃសុក្រ មានមនុស្ស៦១នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលទាំងអស់ផ្តើមចេញពីការឆ្លងរាលដាលថ្មីបំផុត។ មន្ត្រីសុខាភិបាលបានកត់ត្រាការឆ្លងថ្មីកើនដល់ ៨.៣០១នាក់ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ដោយ មានករណីសរុបចំនួន៨.៨៤៨ករណី ចាប់តាំងពីចាប់ផ្តើមឆ្លងរាលដាលនៅដើមឆ្នាំ ២០២០៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sihanoukville placed under COVID-19 lockdown, with five villages designated ‘red zones’

580 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម