ខេត្តព្រះសីហនុ៖ នៅឆ្នាំ២០១៨ លោក ខៀវ សុថានី បានជួលដីទំហំ៦០០ម៉ែត្រការ៉េរបស់លោកនៅកណ្តាលក្រុងព្រះសីហនុឱ្យវិនិយោគិនចិនដើម្បីសាងសង់ខុនដូកម្ពស់១៤ជាន់។ តាមរយៈកិច្ចសន្យានោះ លោកទទួលបានថ្លៃជួលដីចំនួន ២០ ០០០ដុល្លារក្នុងមួយខែ។
បន្ទាប់ពីចុះកិច្ចសន្យារួច លោក សុថានី ទទួលបានប្រាក់កក់ស្មើនឹងតម្លៃជួលរយៈពេលមួយឆ្នាំ។ លោកបានបន្តថា៖ «ខ្ញុំយកលុយទៅទិញដីកន្លែងផ្សេងនៅខេត្តព្រះសីហនុ ទិញវីឡាមួយតម្លៃជាង ២០ ម៉ឺនដុល្លារនៅភ្នំពេញ និងឡានថ្មីមួយ»។
ដោយរំពឹងពីចំណូលពីការជួលដីនោះ លោក សុថានី បានខ្ចីប្រាក់ជាង៥០ម៉ឺនដុល្លារ ដើម្បីវិនិយោគលើអចលនទ្រព្យ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងមួយខែលោកត្រូវសងត្រឡប់ទៅធនាគារវិញប្រហែល ១០ ០០០ ដុល្លារ។
ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់ការលេងហ្គេមអនឡាញ និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ បញ្ហាទាំងពីរនេះបានបញ្ឈប់គម្រោងវិនិយោគរបស់ចិនទាំងអស់នៅក្នុងខេត្តព្រះសីហនុ។
នៅក្នុងរយៈពេលពីរឆ្នាំនេះ លោក សុថានី បានលក់ផ្ទះ និងវីឡានៅភ្នំពេញអស់ហើយ ដើម្បីសងប្រាក់ដែលលោកបានខ្ចីពីធនាគារវិញ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាកូវីដ-១៩ ប្រហែលតែមួយឆ្នាំប៉ុណ្ណោះ ហើយអ្នកវិនិយោគចិននឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ»។
លោក សុថានី បាននិយាយថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក វិនិយោគិនបានស្នើរសុំបញ្ចុះតម្លៃជួលម្តងហើយម្តងទៀត ដែលចុងក្រោយបង់ត្រឹមតែ ២ ៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែ។ ដូច្នេះក្រៅពីលុយកក់មួយឆ្នាំដំបូង លោកមិនដែលបានទទួលថ្លៃឈ្នួល ២០ ០០០ដុល្លារនោះទេ។
លោកបន្តថា៖ «មានម្ចាស់ដីជាច្រើនដែលមិនបានទទួលថ្លៃជួលដីសូម្បីតែមួយរៀល ចាប់តាំងពីចិនផ្អាកគម្រោង។ សម្រាប់ខ្ញុំ ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីទទួលយកថ្លៃឈ្នួលតិចតួចនេះទេ ព្រោះវាគ្រាន់បើជាងអត់សោះ»។
វិនិយោគិនចិនបានប្រាប់លោក សុថានី ថានឹងត្រឡប់មកបន្តគម្រោងនេះវិញនៅខែធ្នូ ដូច្នេះបានជំរុញឱ្យលោកសម្រេចមិនបញ្ចប់កិច្ចសន្យាជួលនេះទេ។
លោកបានបន្ថែមថា៖ «ខ្ញុំរង់ចាំវិនិយោគិនចិនត្រឡប់មកវិញពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះខ្ញុំមិនអាចធ្វើអ្វីជាមួយអគារហ្នឹងបានទេ។ ខ្ញុំមិនមានលុយដើម្បីវិនិយោគលើអគារបន្ថែមទេ ខ្ញុំគ្មានជម្រើសក្រៅពីលក់អគារនេះទេ ក្នុងករណីជម្រើសចុងក្រោយ»។

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ រមណីយដ្ឋានមាត់សមុទ្ររបស់ប្រទេសកម្ពុជាពោលគឺខេត្តព្រះសីហនុត្រូវបានប្រែក្លាយទៅជាទីក្រុងកាស៊ីណូដ៏មមាញឹក ខណៈដែលអគារខ្ពស់ៗបានផុសឡើងពេញទីក្រុង។
ចាប់តាំងពីការហូរចូលនៃជនជាតិចិនចាប់ពីឆ្នាំ២០១៨ តម្លៃឈ្នួលផ្ទះ កន្លែងស្នាក់នៅ សណ្ឋាគារ ក៏ដូចជាតម្លៃអចលនទ្រព្យបានហក់ឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យម្ចាស់អចលនទ្រព្យក្នុងក្រុងមួយនេះក្លាយជាអ្នកមានតែមួយប៉ព្រិចភ្នែក។
ប៉ុន្តែព្រេងសំណាងបានផ្លាស់ប្តូរយ៉ាងលឿន បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់ការលេងល្បែងអនឡាញនៅចុងឆ្នាំ២០១៩ ហើយពិភពលោកត្រូវបានវាយប្រហារដោយជំងឺរាតត្បាត កូវីដ-១៩ ។
ក្រោយពលរដ្ឋចិនរាប់ម៉ឺននាក់ដែលចំណាកស្រុកមករស់នៅកម្ពុជាដើម្បីធ្វើការក្នុងឧស្សាហកម្មល្បែងស៊ីសង និងបដិសណ្ឋារកិច្ច បានចាកចេញពីទីក្រុងឆ្នេរសមុទ្រមួយនេះ សេដ្ឋកិច្ចក្នុងតំបន់នេះបានធ្លាក់ចុះ ហើយអគារខ្ពស់ៗរាប់រយដែលមិនទាន់សាងសង់រួចបានទុកចោលនៅពេញទីក្រុង។
កាលពីខែកក្កដា អាជ្ញាធរខេត្តបានជួបជាមួយតំណាងអ្នកវិនិយោគក្នុងស្រុក និងម្ចាស់ដីដែលបានជួលគម្រោងវិនិយោគឱ្យចិន ដើម្បីពិភាក្សាអំពីវិបត្តិនេះ។
តាមអាជ្ញាធរខេត្ត អគារជាង ១ ០០០ ក្នុងក្រុងព្រះសីហនុ ត្រូវបានបោះបង់ចោលអស់រយៈពេលជាងពីរឆ្នាំមកហើយ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ខេមបូចាថា អាជ្ញាធរខេត្ត និងក្រសួងសេដ្ឋកិច្ចកំពុងពិភាក្សាគ្នាស្វែររកដំណោះស្រាយបញ្ហានេះ។
លោកបានបន្តថា៖ «អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺធ្វើឱ្យអគារទាំងអស់ហ្នឹងមានដំណើរការវិញ ដោយអាចមានការចូលរួមពីអ្នកវិនិយោគថ្មី។ យើងត្រូវបង្កើតគោលការណ៍ផងដែរ ដើម្បីធានាថាអគារដែលបានសាងសង់ហើយត្រូវបានដាក់ឱ្យដំណើរការ»។
គម្រោងអភិវឌ្ឍន៍របស់ចិននៅខេត្តព្រះសីហនុ ក្រៅពីបន្ថែមលើការផ្តល់ការងារភាគច្រើនក្នុងវិស័យកាស៊ីណូ ទេសចរណ៍ ក៏មានបុគ្គលិកក្រៅប្រព័ន្ធ ក្នុងស្រុកបម្រើក្នុងវិស័យទេសចរណ៍និង សំណង់ផងដែរ។
ក្រីក្រជាងម្ចាស់ដីទៅទៀត កម្មករទាំងនោះភាគច្រើនបានជួបការលំបាកក្នុងការចិញ្ចឹមជីវិតក្នុងអំឡុងពេលជំងឺរាតត្បាត។
លោក យ៉ន បូរិន អាយុ ៤០ឆ្នាំ មកពីខេត្តក្រចេះ បានមកធ្វើការជាកម្មករសំណង់នៅខេត្តព្រះសីហនុ តាំងពីឆ្នាំ២០១៩។
បន្ទាប់ពីគម្រោងសាងសង់ដែលលោកធ្វើការត្រូវបានផ្អាក គ្រួសាររបស់លោកបានបោះតង់រស់នៅក្នុងបរិវេនអគារដោយប្រកបរបរលក់ភេសជ្ជៈដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃ។
លោកបានប្រាប់ថា៖ «ឥឡូវស្ងាត់ណាស់ ខ្ញុំសង្ឃឹមថាពេលមានការសាងសង់ឡើងវិញ ខ្ញុំអាចរកចំណូលបានច្រើនជាងហ្នឹង ហើយជនជាតិចិននឹងមកច្រើនវិញ»។ លោកបានបន្តថាពីមុនលោកអាចរកចំណូលបានប្រហែល ២០ ដុល្លារក្នុងមួយថ្ងៃទាំងការបន្ថែមម៉ោង។
លោកបានបន្តថា៖ «ពីមុនខ្ញុំថាមានគម្រោងទៅធ្វើការនៅថៃ ប៉ុន្តែបងប្អួនខ្ញុំប្រាប់ថាមកខេត្តព្រះសីហនុមកព្រោះមានគម្រោងសាងសង់ច្រើន»។

លោក អ៊ឹម សេងហ៊ួរ នាយកប្រចាំតំបន់នៃក្រុមហ៊ុនអចនលទ្រព្យ Century 21 Zilllion Holding នៅខេត្តព្រះសីហនុ បានប៉ាន់ប្រមាណថា តម្លៃអគារដែលគេបោះបង់ចោលសរុបមានយ៉ាងហោចណាស់៥ពាន់លានដុល្លារ។ ទោះបីជាគម្រោងមួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗក៏ដោយ លោកបានប្រាប់ថាម្ចាស់អចលនទ្រព្យជាច្រើនកំពុងជម្នះដោះស្រាយការខាតបង់របស់ពួកគេ។
លោកបន្ថែមថា៖ «យើងអាចនឹងពិបាកក្នុងការទាក់ទាញអ្នកវិនិយោគផ្សេងទៀតឱ្យមកជំនួសចិន ទោះបីអ្នកវិនិយោគក្នុងស្រុកខ្លះអាចនឹងទិញ ប៉ុន្តែពួកគេឱ្យក្នុងតម្លៃទាបជាងទីផ្សារ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sihanoukville property owners in limbo as unfinished high-rises litter the city