សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ថានភាព​​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​ទីតាំង​ថ្មី​ក្នុងខណ្ឌ​​ច្បារ​អំពៅ

ប្រជាពលរដ្ឋដែល​​រស់នៅលើ​ទឹក​ដី​ថ្មី​នៃ​ភូមិចំពុះក្អែក សង្កាត់​ព្រែក​ថ្មី រៀបរាប់អំពីផលលំបាកដែលពួកគាត់កំពុងជួបប្រឈម ក្នុង​កំឡុង​ពេល​ជិត​ ១០​ខែ បន្ទាប់ពីអាជ្ញាធរខណ្ឌច្បារអំពៅ ស្នើឱ្យពួកគាត់រុះរើផ្ទះសម្បែងចេញពីមាត់​ប្រឡាយព្រែកប្រា កាលពីខែតុលា ឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលពីមុនរស់នៅតាមបណ្តោយប្រឡាយព្រែកប្រា នាភូមិចំពុះក្អែក១ នៃសង្កាត់ព្រែកថ្មី និងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅបានស្នើឱ្យចាកចេញ ដើម្បីស្តារនិង​អភិវឌ្ឍប្រឡាយរំដោះទឹក ដោយរៀបចំឱ្យពួកគាត់ទៅរស់នៅទីតាំងថ្មី ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រ ពីទីតាំងចាស់ ។

​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ថ្មី​ ត្អូញត្អែរ​អំពី​កង្វះ​ខាត​ផ្នែក​ជីវភាព រួម​មាន​កង្វះ​​ស្បៀង​អាហារ កូន​មិន​បាន​ទៅ​សាលា រក​ប្រាក់​ចំណូល​មិន​បាន​ ពុំ​មាន​លទ្ធភាព​សង់​ផ្ទះ​ថ្មី​ឱ្យ​បាន​សមរម្យ ខណៈ​ប្រជាពលរដ្ឋមួយចំនួនទៀត​មិនទាន់យល់ព្រមរុះរើនៅឡើយ ដោយសំអាង​ថា សំណងដែលអាជ្ញាធរ​ផ្តល់ឱ្យមិនគ្រប់គ្រាន់សម្រាប់ពួកគាត់ ។

65 views