ប្រាំមួយខែបន្ទាប់ពីការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្តាលបានចាប់ផ្តើមពិភាក្សាលើការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ហើយដំណោះស្រាយនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានបញ្ចប់ការបោះបង្គោលនៅចុងឆ្នាំ២០២៤ សម្រាប់២១គីឡូម៉ែត្រដំបូងនៃព្រែកជីកហ្វូណនប្រវែង១៨០ គីឡូម៉ែត្រ ដែលចាប់ផ្តើមពីព្រែកតាកែវ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់មក នៅថ្ងៃទី៥ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអាជ្ញាធរខេត្តកណ្តាល រៀបចំកិច្ចពិភាក្សាជាមួយមន្ទីរពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋាន ដើម្បីពិភាក្សាអំពីដោះស្រាយផលប៉ះពាល់នៃគម្រោងព្រែកជីកមកលើប្រជាពលរដ្ឋដែលរស់នៅតាមកំណាត់ទី១នៃគម្រោង។
គម្រោងព្រែកជីកដែលមានទឹកតម្លៃ ១,៧ ពាន់លានដុល្លារនឹងត្រូវសាងសង់ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ហើយនឹងកាត់តាមខេត្តកណ្តាល តាកែវ កំពត និងកែប ដោយភ្ជាប់ទន្លេមេគង្គទៅកាន់ឈូងសមុទ្រថៃ។
ទោះជាយ៉ាងណាក៏ដោយ ប្រាំមួយខែបន្ទាប់ពីការបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា វឌ្ឍនភាពនៃគម្រោងបានជាប់គាំងដោយសារតែភាពមិនច្បាស់លាស់លើការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ប្រទេសចិន ដោយទីក្រុងប៉េកាំងមិនទាន់បានបញ្ជាក់ពីការផ្តល់មូលនិធិនៅឡើយទេ។ នេះបើយោងទៅតាមសារព័ត៌មាន Reuters។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅតែព្រួយបារម្ភចំពោះកង្វះការធ្វើបច្ចុប្បន្នភាពលើសំណង។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបដិសេធចំពោះការអះអាងថាចិននឹងដកខ្លួនចេញពីគម្រោងនេះ។
ទោះយ៉ាងណា លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានលើកឡើងថា ក្រសួងបានធ្វើការលើការបោះបង្គោលព្រំក្នុងរយៈពេល៦ខែនេះ។ ការបោះបង្គោលនៃផ្នែកទី១ត្រូវបានបញ្ចប់កាលពីចុងឆ្នាំ២០២៤ ហើយផ្នែកទីពីរដែលមានចម្ងាយ១៥៩គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅក្នុងខែមេសា។
លោកបានថ្លែងថា៖ «ការដោះស្រាយផលប៉ះពាល់កំណាត់ទី១ កំពុងចាប់ផ្តើម គ្រោងបញ្ចប់នៅបំណាច់ខែមេសា ហើយក៏ជាការបើកផ្លូវសម្រាប់ដំណើរការជីកព្រែកជីកផងដែរ»។
តាមរយៈក្រសួងសាធារណការបានឱ្យដឹងថា ក្នុងអំឡុងពេលវេទិការពិភាក្សានេះ អាជ្ញាធរបានយល់ពីអត្ថប្រយោជន៍របស់គម្រោងនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមការងារអនុវត្តគម្រោង។ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រសួងសេដ្ឋកិច្ចនឹងជួបជាមួយមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលផលប៉ះពាល់ ដោយដំណោះស្រាយចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។
លោក រស់ សុវណ្ណឌី ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះបានប្រាប់ សារព័ត៌មានខេមបូចា ថា លោកមិនទាន់ទទួលបានព័ត៌មានថ្មីណាមួយលម្អិតអំពីសំណងនោះទេ។
លោកបាននិយាយថា៖ «ឃើញគេបោះបង្គោល ប៉ុន្តែមិនមានព័ត៌មានពីសំណងទេ»។ «យើងចង់ដឹងជាក់លាក់ថាថ្ងៃណា [នៃការសាងសង់] ព្រោះងាយស្រួលឱ្យយើងរៀបចំផែនការ។ ពេលយើងមិនដឹង យើងមិនហ៊ានដាំដំណាំអីទេ»។
ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាននៅមិនទាន់ច្បាស់ថា តើពេលណាដំណើរការសំណងនឹងចាប់ផ្តើមនៅឡើយ។ លោក ជ័យ សំអាន មេឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលបានចូលរួមកិច្ចពិភាក្សានោះ បានប្រាប់ សារព័ត៌មានខេមបូចា ថា អាជ្ញាធរមិនបានបញ្ជាក់អំពីពេលវេលានោះទេ។
ដោយលោកបន្ថែមថា មន្រ្តីគ្រាន់តែស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំអាជ្ញាធរចុះជួបពលរដ្ឋ និងប្រមូលឯកសារពាក់ព័ន្ធដូចជាបណ្ណកម្មសិទ្ធិដីធ្លីជាដើម៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Six Months On, Funan Techo Canal Impact Resolution Set to Begin