បាត់ដំបង៖ រដ្ឋបាលសង្កាត់ស្លាកែតកំពុងដំណើរការកសាងប្រព័ន្ធលូដើម្បីរំដោះទឹកនៅរដូវវស្សាកុំឱ្យមានការជន់លិចផ្ទះពលរដ្ឋ និងផ្លូវថ្នល់ ខណៈប្រជាពលរដ្ឋស្នើសុំឱ្យកសាងផ្លូវឱ្យបានខ្ពស់ដើម្បីបញ្ចៀសទឹកលិចផ្លូវ ។
លោក ទូច រ៉ើន ចៅសង្កាត់ស្លាកែត នៃក្រុងបាត់ដំបង បានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបងកាលពីថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២១ ថា ថវិកាមូលនិធិដែលសង្កាត់ទទួលបាននៅក្នុងឆ្នាំ២០២១នេះមានចំនួន ៣៣៩លានរៀល ក្នុងនោះថវិការដ្ឋបាលសង្កាត់មានចំនួន ១៤៣លានរៀល និងថវិកាអភិវឌ្ឍចំនួន ១៩៦លានរៀល ។
លោកមានប្រសាសន៍ថា៖ «សម្រាប់មូលនិធិសង្កាត់ស្លាកែតនៅឆ្នាំ២០២១នេះ បានសាងសង់ផ្លូវបានចំនួន ៨៨ម៉ែត្រ ដែលមានទទឹង ៤ម៉ែត្រ កម្រាស់ ១តឹកកន្លះតែប៉ុណ្ណោះ ហើយបានដាក់លូបានប្រវែង ៣២៣ម៉ែត្រ និងប្រអប់ដាក់រំដោះទឹកបាន ៧កន្លែង ដែលគម្រោងនេះបានធ្វើឡើងនៅក្នុងភូមិដាំស្ពៃ ដើម្បីរំដោះទឹកពីផ្សាអ៊ុតតារ៉ាក់មក »។
ប្រជាពលរដ្ឋក្នុងសង្កាត់ស្លាកែតបានលើកឡើងថា ទោះបីជាអាជ្ញាធរបានដាក់លូរំដោះទឹកពិតមែន តែទឹកនៅហូរចូលផ្ទះពលរដ្ឋដដែល។ ទោះបី ចាក់ដីបន្ថែមក៏នៅតែលិចផ្លូវនៅពេលភ្លៀងម្ដងៗ ហើយពិបាកធ្វើដំណើរ។
ប្រជាពលរដ្ឋបានស្នើទៅកាន់រដ្ឋបាលសង្កាត់ ឱ្យដាក់លូបន្ថែមទៀត និងសាងសង់ផ្លូវថ្នល់ឱ្យបានខ្ពស់ទៀតដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សាក្រោយៗ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ទូច រ៉ើន ចៅសង្កាត់ក៏បានឆ្លើយតបទៅកាន់ប្រជាពលរដ្ឋថា កន្លងមករដ្ឋបាលសង្កាត់តែងតែធ្វើអ្វីស្របទៅតាមចំនួនថវិកាមូលនិធិសង្កាត់ដែលទទួលបានពីរាជរដ្ឋាភិបាលហើយសម្រាប់បញ្ហាផ្សេងៗ គឺរដ្ឋបាលសង្កាត់តែងតែដោះស្រាយជូនប្រជាពលរដ្ឋទៅតាមជាក់ស្ដែងចំពោះតម្រូវការចាំបាច់ជាមុន ។
លោកក៏បានបន្ថែមទៀតថា៖ «ចំពោះបញ្ហាផ្លូវថ្នល់គឺជាតម្រូវការពិតមែន តែដោយសាររដ្ឋបាលសង្កាត់សិក្សាឃើញថាអ្វីដែលចាំបាច់នៅក្នុងពេលនេះគឺផ្លូវរំដោះទឹកជាមុនសិន»។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដបាត់ដំបងបានកសាងផ្លូវបានប្រវែង ១៨០ម៉ែត្រនិងដាក់លូរំដោះទឹកបានចំនួន ១៧៥កង់ផងដែរ នៅក្នុងផ្សារអ៊ុតតារ៉ាក់ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង៕
ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា