សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរសង្កាត់ស្លរក្រាមទទួលបានលទ្ធផលល្អប្រសើរក្នុងការលុបបំបាត់ពលកម្មកុមារ

អាជ្ញាធរចុះត្រួតពិនិត្យទីតាំងឡឥដ្ឋដើម្បីទប់ស្កាត់ពលកម្មកុមារ។ (រូបថត៖ ហាង សុជាតា)
អាជ្ញាធរចុះត្រួតពិនិត្យទីតាំងឡឥដ្ឋដើម្បីទប់ស្កាត់ពលកម្មកុមារ។ (រូបថត៖ ហាង សុជាតា)

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​ បាន​លើកឡើងថា​ យុទ្ធសាស្រ្ត​លុប​បំបាត់​ពលកម្មកុមារ របស់អាជ្ញាធរ​នៅសង្កាត់ស្លរក្រាម ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យ​កត់​​សំគាល់​​នៅក្នុងឆ្នាំ២០២៣នេះ បើប្រៀបធៀបទៅនឹងឆ្នាំចាស់ ដោយសារតែ​អាជ្ញាធរ​មាន​ការ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ។

អ្នកស្រី ភា អាជីករ នៅ​សង្កាត់ស្លរក្រាម ក្រុងសៀមរាប បានឲ្យដឹង​ថា បច្ចុប្បន្ននេះ ការកេង​ប្រវ័ញ្ចកម្លាំង​ពលកម្ម​លើ​កុមារនៅក្នុងសង្កាត់ស្លរក្រាម​​ស្ទើ​រតែ​មិន​មាន​នោះទេ ដោយសារ​អាជ្ញាធរ​មានការ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយលើការ​ចូលរួម​ទប់​ស្កាត់ការ​កេង​ប្រវ័ញ្ចកម្លាំង​ពលកម្ម​លើ​កុមារ។​

អ្នកស្រីបានលើកឡើងថា៖ «ពីមុនធ្លាប់មានកុមារធ្វើការតាមផ្ទះគេ សិប្បកម្មឡឥដ្ឋ  និង ភោជនីយដ្ឋានជាដើម។ តែបច្ចុប្បន្នស្ទើរតែគ្មាន តែបើមាន ក៏លាក់បាំង»

អ្នកស្រីបានបន្ថែមទៀតថា​ ពលកម្មកុមារពិតជាប៉ះពាល់ធ្ងនធ្ងរដល់កុមារ និងសង្គមជាតិ។ អ្នកស្រីសូមឲ្យអាណាព្យាបាល កុំឲ្យកុមារធ្វើការ​ឲ្យគេ ត្រូវឲ្យពួកគាត់ទទួលបាន​ការរៀន​សូត្រពេញលេញ។

រីឯអ្នកស្រី ពេញ ដាណែត រស់នៅសង្កាត់ដូចគ្នា​ដែរ​នោះបានឲ្យដឹងដែរថា​ទោះបីករណី​ពលកម្ម​កុមារមានការកាត់បន្ថយ តែមន្រ្តីជំនាញត្រូវពង្រឹងច្បាប់ផ្សព្វផ្សាយអប់រំបន្ថែមទៀត​ ហើយឪពុកម្តាយ​ ឬអាណាព្យាបាល​ត្រូវឲ្យកូនៗទទួលបានការសិក្សារៀនសូត្រពេញលេញ ដើម្បីចូលរួមទប់ស្កាត់ការកេងប្រវញ្ចកម្លាំ​ងពលកម្មលើកុមារកាន់តែ​ទទួលបានប្រសិទ្ធភាព​ខ្ពស់បន្ថែមទៀត។

អ្នកស្រីឲ្យដឹងទៀតថា៖ «ពលកម្មកុមារ មានការកាត់បន្ថយ តែអាជ្ញាធរមន្រ្តីជំនាញក៏ត្រូវ​ពង្រឹង​ច្បាប់ផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាល កុំឲ្យកូនបញ្ឍប់ការសិក្សា ដោយឲ្យទៅ​រកការងារធ្វើ ដែលកត្តានេះជំរុញឲ្យមានពលកម្មលើកុមារ»

សិស្សានុសិស្ស​ចេញពីសាលារៀនមួយនៅក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ (រូបថត៖ ហាង សុជាតា)​

លោកស្រី ម៉ៃ កញ្ញា សមាជិកក្រុមប្រឹក្សាទទួលបន្ទុកការងារស្ត្រី ​និងកុមារ​សង្កាត់​ស្លរក្រាម​ បានឲ្យដឹងថា នៅក្នុង​ឆ្នាំ២០២២ និង​ដើមឆ្នាំ២០២៣នេះ ក្នុង​សង្កាត់ស្លរក្រាម​មិន​មាន​ករណី​នៃការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​ទេ ក្នុង​នោះ​អាជ្ញាធរ​សង្កាត់​តែងតែ​បញ្ជ្រាបការ​យល់​​​ដឹងដល់​ពលរដ្ឋជារឿយៗ។

លោកស្រីលើកឡើងថា​៖ «តែយ៉ាងណាខ្ញុំសូមឲ្យចូលរួមទាំងអស់គ្នា ដើម្បីចូលរួមទប់​ស្កាត់​ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារមានប្រសិទ្ធភាពខ្ពស់»​

ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព(២០១៥-២០៣០) ដែល​​ចែងអំពីការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាមាន​វិធានការ និង​ប្តេជ្ញាចិត្តដូចតទៅ៖

• បន្តពង្រឹងយន្តការអនុវត្តច្បាប់ និងអធិការកិច្ចការងារ និងសហការជាមួយអង្គការ​និយោជិត និយោជក ដើម្បីដោះស្រាយករណីវិវាទពលកម្មកុមារ និងសុវត្ថិភាព​ការងារ​ឱ្យ​បាន​ទាន់ពេលវេលា ជាពិសេសជំរុញនិយោជក គោរពច្បាប់ និងបទដ្ឋានគតិយុត្តនានា និងការដាក់ពិន័យកម្រិតធ្ងន់សម្រាប់រោងចក្រសហគ្រាស ដែលប្រើប្រាស់ពលកម្មកុមារ

• ពង្រីកកិច្ចសហការអន្តរវិស័យ និងស្វែងរកដំណោះស្រាយសមស្រប ចំពោះបញ្ហា​ពលកម្ម​កុមារដែលមានចរិតលក្ខណៈពហុវិស័យ ដើម្បីធានាឧត្តមប្រយោជន៍របស់កុមារកម្ពុជា និង​កសាង​មូលធនមនុស្សស្របតាមបរិបទការងារសមរម្យ

• ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីធានាសុវត្ថិភាពការងារ​សម្រាប់កម្មករ​និយោជិត​​វ័យក្មេង និងអំពាវនាវសាធារណជន រាយការណ៍អំពីករណីពលកម្ម​កុមារ​នៅ​កន្លែង​ធ្វើការ។ ទន្ទឹមនឹងនេះ ណែនាំដល់អាណាព្យាបាល និងនិយោជក ករណីរំលោភបំពាន​ពលកម្ម​កុមារ ជាពិសេសកុមារបម្រើការងារក្នុងផ្ទះ គឺជាបទល្មើសព្រហ្មទណ្ឌ ដើម្បីកាត់​បន្ថយ​​ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ

• ស្វែងរកការគាំទ្រធនធាន និងបច្ចេកទេស ដើម្បីស្រាវជ្រាវ និងចងក្រងប្រកាស​ពាក់ព័ន្ធនឹង​ពលកម្មកុមារ នៃសកម្មភាពសេដ្ឋកិច្ចដែលវិវត្តន៍ថ្មីៗ និងយុទ្ធនាការឆ្ពោះទៅបញ្ចប់​ពលកម្ម​កុមារ​នៅកម្រិតថ្នាក់ឃុំសង្កាត់៕

158 views

ព័ត៌មានទាក់ទង