មនុស្សជាច្រើននាំគ្នាអបអរសាទរចំពោះបទឈប់បាញ់ដែលបានជួយបញ្ឈប់ការស្លាប់ជីវិតមនុស្ស ការរងរបួស និងការខូចខាតទ្រព្យសម្បត្តិ ហើយក៏អាចជួបជុំគ្រួសារសាច់ជាតិរៀបចំពិធីបុណ្យភ្ជុំបិណ្ឌដែលជិតមកដល់។ ប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់ទាហាន១៨នាក់ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ រាល់ថ្ងៃជាការតស៊ូអត់ធ្មត់រង់ចាំដោយអន្ទះសានូវការវិលត្រឡប់របស់សមាជិកគ្រួសាររបស់ពួកគេមកផ្ទះវិញ។
នៅខាងត្បូងផ្សារកំពង់ប្រណាក ក្នុងខេត្តព្រះវិហារ មានផ្ទះឈើមួយដែលមានប្រក់ក្បឿងក្រហមឆ្អៅ ជាកន្លែងដែលកាលពីមុនស្ត្រីវ័យជាង៥០ឆ្នាំម្នាក់ភ្ញាក់ពីព្រឹកព្រលឹមដើម្បីហាត់ប្រាណដោយបានចាប់ផ្តើមថ្ងៃថ្មីជាមួយអារម្មណ៍ស្រស់ស្រាយ។
ទោះជាយ៉ាងណាទម្លាប់នេះបានផ្លាស់ប្តូរចាប់តាំងពីទាហានទាំងនោះត្រូវបានចាប់ខ្លួន។ ផ្ទុយទៅវិញនៅពេលនេះ អ្នកស្រីចំណាយពេលក្រោយភ្ញាក់ឡើងទាំងអស់នៅព្រឹកព្រលឹមដើម្បីអានព័ត៌មាននៅលើបណ្តាញសង្គមតាមទូរស័ព្ទ ដោយសង្ឃឹមថានឹងទទួលបានព័ត៌មានលម្អិត ឬការវិវឌ្ឍពីសុខុមាលភាព ឬការដោះលែងទាហានទាំង១៨នាក់។
ស្រ្តីនោះគឺអ្នកស្រី គិន សុខឃីម ជាភរិយារបស់អនុសេនីយ៍ឯក ប៊ុន ថា ដែលជាទាហានម្នាក់ក្នុងចំណោមទាហានដែលត្រូវបានទាហានថៃចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្ត។
បន្ទាប់ពីទទួលបានដំណឹងអំពីការចាប់ខ្លួនរបស់ស្វាមី និងឃើញរូបភាពរបស់ពួកគេនៅក្នុងលេណដ្ឋានដែលបានបង្ហោះនៅលើបណ្តាញសង្គម អ្នកស្រី និងកូនៗរបស់គាត់បានយំ និងបួងសួងសុំឱ្យស្វាមីអ្នកស្រីត្រូវបានដោះលែងមកវិញ។
អ្នកស្រី បានរៀបរាប់ថា៖ «ពេលហ្នឹងមានតែអង្គុយយំមើលទូរសព្ទក្រែងមានព័ត៌មានអីចេញមក ទាំងកូនទាំងបងប្អូន ហើយញាតិមកសួរទាំងអស់ គេស្គាល់គាត់ច្បាស់»។
អ្នកស្រី សុខឃីម បាននិយាយថា គាត់ព្រួយបារម្ភពីស្វាមីរបស់អ្នកស្រី និងទាហានផ្សេងទៀត ហើយមិនដឹងថាកងទ័ពថៃមានបំណងធ្វើអ្វីជាមួយពួកគេទេ។
អ្នកស្រី បានចោទជាចម្ងល់ថា៖ «គិតថាមូលហេតុអី គេគិតល្បិចកល់យ៉ាងម៉េចអីយ៉ាងម៉េច យើងចេះតែគិតច្រើន។ ហើយយកយើង [ទាហាន] ទៅ គេធ្វើល្អដាក់យើងអត់ អីអត់ ចេះតែគិតៗខ្លាំង ចំណុចហ្នឹងឯង។ ហើយថ្ងៃណាបានប្ដីមកវិញ ហើយចេះតែចាំមើលផ្លូវប្ដីមួយថ្ងៃទៅមួយថ្ងៃ»។
កូនៗរបស់អ្នកស្រីតែងតែយកទូរសព្ទចេញពីគាត់ ព្រោះអ្នកស្រីចំណាយពេលច្រើនម៉ោងពេកមើលវា ដើម្បីដឹងថាពេលណាទាហានទាំងនោះនឹងត្រូវបានដោះលែង។
អ្នកស្រីបានបន្តថា៖ «សកម្មភាពរាល់ថ្ងៃមើលព័ត៌មាន ក្រែងឃើញ គេឱ្យមកវិញថ្ងៃណា មានតែប៉ុណ្ណឹងសកម្មភាព។ ការងារជុំវិញផ្ទះកូនគេធ្វើ សម្រាប់មីងវិញ អូសតែទូរសព្ទទេ ទូរសព្ទខ្លាំងពេកជូនកាលកូនដកចេញ។ ចង់មើលក្រែងមានព័ត៌មានអីល្អៗ គេដោះលែងកងកម្លាំងយើង ប្ដីនិង១៨នាក់ ថ្ងៃនេះដឹង [ឬ] ស្អែក ចេះតែចង់ដឹង»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងបន្តចរចាជាមួយរដ្ឋាភិបាលថៃ ដើម្បីយកពួកគេមកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកស្រីបានបាត់ការទាក់ទងជាមួយស្វាមីរបស់គាត់ចាប់ពីថ្ងៃដំបូងនៃការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ហើយនៅម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា អ្នកស្រីបានទទួលដំណឹងថា កងទ័ពថៃបានចាប់ខ្លួនប្តីរបស់គាត់បាត់ទៅហើយ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។

នៅចុងខែសីហា អ្នកស្រីបានប្រាប់ថា ក្រុមការងារនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានមកជួបអ្នកស្រី និងប្រាប់អ្នកស្រីកុំឱ្យបារម្ភខ្លាំងពេក ដោយអះអាងថាស្វាមីរបស់អ្នកស្រីសុខសប្បាយធម្មតាទេ។
នៅពេលនោះ ពួកគេបានប្រាប់ឱ្យអ្នកស្រីសរសេរសំបុត្រទៅស្វាមីរបស់អ្នកស្រី ហើយកុំឱ្យនរណាម្នាក់ឃើញសំបុត្រនោះ។ ពួកគេនឹងបញ្ជូនសំបុត្រនោះទៅស្វាមីរបស់អ្នកស្រីនៅពេលដែលពួកគេទៅជួបក្រុមទាហានទាំងនោះម្តងទៀត។
ទើបតែថ្មីៗនេះ អ្នកស្រី «បានធូរស្បើយ» ពីស្ថានភាពដែលអ្នកស្រីបានជួបប្រទះ ហើយអាចផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានបន្ទាប់ពី ICRC បានទៅជួបទាហានទាំងនោះជាលើកទីពីរនៅថ្ងៃទី៥ ខែកញ្ញា និងបានថតរូបជាមួយគ្នា។
កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ពួកគេបានផ្ញើសំបុត្ររបស់ទាហានទាំង១៨នាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅក្នុងខេត្តចំនួន៦ កាលពីថ្ងៃទី១១ និង១២ ខែកញ្ញា។ សំបុត្រទាំងនោះឆ្លើយតបទៅនឹងសំបុត្រសាច់ញាតិដែល ICRC បានប្រគល់ឱ្យកងទ័ពដែលថៃចាប់ខ្លួននៅពេលទៅសួរសុខទុក្ខពួកគេ។
អ្នកស្រី សុខឃីម ត្រូវបានក្រុមការងារប្រាប់ថា ពួកគេនឹងព្យាយាមរៀបចំសម្រាប់ការដោះលែងស្វាមីគាត់ឱ្យបានឆាប់ ឬយ៉ាងហោចណាស់អនុញ្ញាតឱ្យជួបក្រុមគ្រួសារដោយផ្ទាល់ ឬតាមវិធីណាមួយដែលអាចធ្វើទៅបាន។
អ្នកស្រីបានបន្តថា៖ «សំខាន់ពេលនេះ ខ្ញុំចង់ដឹងសុខទុក្ខរបស់គាត់ថា គាត់រស់នៅ ដេកពួន សុខភាពល្អមាំមួន ប៉ុណ្ណឹង ខ្ញុំអរគុណខ្លាំងមែនទែន»។ អ្នកស្រីបានបន្តថា កងទ័ពថៃត្រូវតែដោះលែងពួកគេ។ «ចាប់ទៅ ក្រោយបទឈប់បាញ់ហើយ វាខុសខ្លាំងមែនទែន»។
អ្នកស្រី និងស្វាមីរបស់អ្នកស្រីរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយ២០គីឡូម៉ែត្រពីព្រំដែនថៃ។ មុនពេលជម្លោះផ្ទុះឡើង អ្នកស្រីធ្លាប់លក់នំចំណីបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាព។
នៅថ្ងៃទី១៦ ខែមិថុនា អ្នកស្រីបានសម្រេចចិត្តផ្លាស់ទៅរស់នៅក្រុងព្រះវិហារជាមួយកូនៗរបស់អ្នកស្រី បន្ទាប់ពីស្វាមីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅជួរមុខបន្ទាប់ពីការប៉ះទង្គិចដំបូងនៅថ្ងៃទី២៨ ខែឧសភា។
អ្នកស្រីបានបន្ថែមថា៖ «អីឡូវចេញទៅណាអត់រួច ទី១កន្លែងមីងនៅ កន្លែងប្រកបមុខរបរហ្នឹងគឺ គេជម្លៀសអស់ហើយ ទី២ មានរឿងប្ដីគេចាប់គេចងចឹង ទៅមានអារម្មណាទៅរកស៊ីរកចុក»។
សុខឃីម និងសា្វមីរបស់អ្នកស្រី លោក ប៊ុន ថា បានរៀបការជាមួយគ្នាអស់រយៈពេលជិត ៣០ ឆ្នាំហើយ និងមានកូនចំនួន៤នាក់។ លោក ប៊ុន ថា ដែលបានចូលបម្រើកងទ័ពនៅអាយុ១៨ឆ្នាំ មកពីខេត្តកំពង់ធំ ហើយបានផ្លាស់ទៅខេត្តព្រះវិហារ ខណៈពេលដែលកំពុងបម្រើក្នុងជួរកងទ័ព។
កូនៗទាំង៣នាក់របស់ពួកគេនៅសិក្សានៅឡើយ។ កូនប្រុសច្បងកំពុងសិក្សាវគ្គជំនាញវិជ្ជាជីវៈនៅខេត្តសៀមរាប កូនទីបីជាក្មេងស្រីកំពុងសិក្សាឆ្នាំទី៣នៅសកលវិទ្យាល័យ ហើយកូនស្រីតូចជាងគេនៅថ្នាក់ទី៤ នៅក្រុងព្រះវិហារ។ កូនស្រីទីពីរមានគ្រួសារហើយ។
សព្វថ្ងៃនេះ អ្នកស្រី សុខឃីម ពឹង «កម្លាំងចិត្ត» កូនៗរបស់អ្នកស្រី។
អ្នកស្រី បានប្រាប់ថា៖ «ទម្លាប់មីងធ្លាប់ដើរហាត់ប្រាណមួយព្រឹកកន្លះម៉ោង ជួនកាលឈានដល់មួយម៉ោង ក៏អត់ដែលបានហាត់ដែររយៈពេលមួយខែជាង។ ពីមុនមក ព្រឹកចឹងមុនធ្វើការដើរហាត់ប្រាណ»។
អ្នកស្រី បានបន្ថែមថា៖ «អីឡូវសុខភាពក៏រៀងទ្រុឌទ្រោមដេកអត់ដែលបាន។ ខ្ញុំស្រកគីឡូច្រើន ១០គីឡូលើស ពីមុនជាង៩០ គីឡូ ខោអាវរលុងៗច្រើនដែរ។ ដេកបានតិច បើថ្ងៃវិញអត់សោះ មើលតែព័ត៌មាន»។
អ្នកស្រី ឆូយ ធីតា កូនស្រីរបស់អនុសេនីយ៍ឯក ប៊ុន ថា អាយុ២៣ឆ្នាំ បាននិយាយថា គាត់នឹកឪពុករបស់គាត់រាល់ថ្ងៃ។ គ្រួសារលែងមានអារម្មណ៍បន្តរកស៊ី ឬធ្វើអ្វីផ្សេងទៀត ផ្ទុយទៅវិញ ផ្តោតតែលើការរង់ចាំព័ត៌មានពីឪពុកខ្លួនប៉ុណ្ណោះ។
អ្នកស្រី ធីតា បានប្រាប់ថា៖ «សម្រាប់កូននឹករលឹកហើយបង យូរដែរមួយខែហើយ អត់ទាន់មានដំណឹង ដំណោះស្រាយថា ដោះលែងមកថ្ងៃណា ថ្ងៃណាអត់ផង។ […] [ស្នើ] ជួយ [ដោះស្រាយ] ឱ្យលឿន ព្រោះវាយូរមែនទែនសម្រាប់ក្រុមគ្រួសារ ចាំមួយថ្ងៃទៅមួយថ្ងៃ»។

អ្នកស្រី ហាន ប៊ុនធាន អាយុ៣៥ឆ្នាំ ភរិយារបស់លោក អាង អឿង ទាហានកម្ពុជាម្នាក់ទៀតដែលត្រូវបានថៃចាប់ខ្លួន បាននិយាយថា រាល់ថ្ងៃ សាច់ញាតិ និងអ្នកភូមិ តែងតែមកលើកទឹកចិត្តអ្នកស្រី។ ដូចអ្នកស្រី សុខឃីម ដែរ អ្នកស្រី ប៊ុនធាន ក៏រង់ចាំព័ត៌មានពីស្វាមីរបស់អ្នកស្រីឥតឈប់ឈរ។
ពួកគេបានរៀបការប្រហែល២០ឆ្នាំ និងមានកូន៣នាក់ ដែលរៀននៅចន្លោះថ្នាក់ទី២ និងទី១២។
អ្នកស្រី និយាយថា៖ «គ្មានទៅណាទៅណីទេ នៅតែផ្ទះ នៅចាំមើលផ្លូវប្ដីហ្នឹង គ្មានបានចេញទៅណាទេ។ ពេលខ្លះមើលទូរសព្ទពេលខ្លះ មានអ្នកជិតខាងមកកំដររាល់ថ្ងៃ កុំឱ្យអារម្មណ៍យើងគិតច្រើន។ ជួយ [ដោះស្រាយ] ឱ្យលឿនចឹង ព្រោះវាយូរមែនទែនសម្រាប់ក្រុមគ្រួសារ ចាំមួយថ្ងៃទៅមួយថ្ងៃ»
គ្រួសាររបស់អ្នកស្រីធ្វើកសិកម្ម អ្នកស្រីបាននឹកឃើញពេលដែលអ្នកស្រីធ្លាប់ធ្វើស្រែចម្ការជាមួយស្វាមី។ អ្នកស្រី បានរៀបរាប់ថា៖ «យើងស្រែចំការ ជំពាក់លុយធនាគារផង កូនផងអីផង។ គេងមិនលក់ទេ ពេលខ្លះក៏លក់ ពេលខ្លះក៏នឹកប្ដី មិនលក់ចឹង ទឹកភ្នែកផង មួយអាទិត្យ (យំ) ពីរបីដង។ អារម្មណ៍យើង [នឹកឃើញ] ទៅចំការធ្លាប់ទៅជាមួយប្ដី ធ្លាប់ធ្វើចំការជាមួយគ្នា»។
កងទ័ពថៃបានចាប់ខ្លួនទាហានកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានលើកឡើងថា កងទ័ពថៃបានប្រើកលល្បិច បោកបញ្ឆោតទាហានកម្ពុជាដែលនៅក្នុងលេណដ្ឋាននៅសមរភូមិបុស្បូវ ដោយស្នើសុំឱ្យពួកគេថតរូបជាមួយក្រុមទាហានថៃបន្ទាប់ពីបទឈប់បាញ់។
ភ្លាមៗនោះ ក្រុមទាហានថៃមួយក្រុមទៀតបានចេញពីព្រៃ ហើយភ្ជង់កាំភ្លើងពីក្រោយពួកគេ។
ដោយដកស្រង់សម្តីកងទ័ពថៃ ទីភ្នាក់ងារសារព័ត៌មាន Reuters បានសរសេរថា ទាហានកម្ពុជា «បានចុះចាញ់»។ នៅថ្ងៃទី៥ ខែកញ្ញា សារព័ត៌មានថៃ The Nation បានរាយការណ៍ថា ICRC បានទៅជួបទាហានកម្ពុជា ដែលត្រូវបានកងទ័ពថៃហៅថា «អ្នកទោសសង្គ្រាម»។
ICRC បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត និងធ្វើជាសាក្សីក្នុងដំណើរការប្រគល់ទាហានទាំង១៨នាក់ ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងលើការដោះលែងពួកគេ។ កងទ័ពភូមិន្ទថៃ បាននិយាយថា ខ្លួនបានសម្របសម្រួលការមកសួរសុខទុក្ខជាលើកទីពីរដោយតម្លាភាពរបស់ ICRC ស្របតាមការអនុវត្ត និងស្តង់ដារអន្តរជាតិ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី៦ ខែកញ្ញា បានផ្ញើលិខិតទៅកាន់លោកស្រីបណ្ឌិត ហ្គានណា យូដគីវស្កា (Ganna Yudkivska) ប្រធានអ្នករាយការណ៍នៃក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ដើម្បីអំពាវនាវសុំជំនួយទាក់ទងនឹងស្ថានភាពរបស់ទាហានទាំង១៨នាក់។
CHRC បានឱ្យដឹងថា ការបន្តឃុំខ្លួនទាហានទាំងនេះ ទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរបានចូលជាធរមានក៏ដោយ គឺរឿងខុសច្បាប់។ «វាធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងផ្ទុយនឹងកាតព្វកិច្ចច្បាប់អន្តរជាតិ រួមទាំងមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ដែលតម្រូវឱ្យដោះលែង និងបញ្ជូនទាហានដែលត្រូវបានឃុំខ្លួនត្រឡប់ទៅស្រុកកំណើតភ្លាមៗបន្ទាប់ពីការបញ្ចប់ការប្រយុទ្ធ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Sleepless Nights and Anxiety’ – Captured Cambodian Soldiers’ Families Wait Daily for Some Good News










