យោធាបានបាញ់លើក្រុមអ្នកភូមិតវ៉ារឿងជម្លោះដីធ្លីក្នុងឃុំទួលពេជ្រ ខេត្តកណ្ដាល និងបានបណ្ដាលឲ្យបុរសម្នាក់រងរបួស។
ក្នុងវីដេអូមួយផុសលើបណ្ដាញសង្គមហ្វេសប៊ុក នឹងត្រូវបានចែកចាយពេញបណ្តាញសង្គម គេឃើញ ក្រុមកសិករដៃកាន់ដំបងឈើ ដើរទៅកាន់គ្រឿងចក្រមួយគ្រឿង។ នៅពេលអ្នកភូមិចូលជិតដល់គ្រឿងចក្រនោះ គេអាចឃើញ តាមរយៈវីដេអូ យោធាបានបាញ់បង្ហើរលើក្បាលអ្នកភូមិ បាញ់ភ្ជុចនឹងដី និងបាញ់ទៅកាន់ក្រុមប្រជាកសិករ ហើយបានបណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់ស្មា។
ជនរងគ្រោះឈ្មោះ អ៊ុំ ចន្ថា វ័យ៥៦ឆ្នាំ មកពីភូមិស្រែពោធិ៍ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ។ សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ស្ថានភាពរបស់លោកនៅមានសភាពនឹងន។
អ្នកភូមិ និងអាជ្ញាធរមូលដ្ឋានលើកឡើងថាជម្លោះនេះ កើតមានតាំងពីឆ្នាំមុនមកម្លេះ និងមានប្រជាពលរដ្ឋមកពីភូមិចំនួនប្រាំពីរពាក់ព័ន្ធនឹងជម្លោះដីទំហំ២៨០ហិកតា ជាផ្នែកមួយកាន់កាប់ដោយរដ្ឋ និងបានប្រើប្រាស់ជាកន្លែងចាក់សំរាម និងមូលដ្ឋានទ័ព។
អ្នកស្រី យ៉ាន សុខខេម មកពីភូមិ អង្គតាសិត មានប្រសាសន៍ថា អ្នកស្រី និងក្រុមគ្រួសារជាច្រើនទៀតបានរស់នៅ និងធ្វើស្រែលើដីនេះតាំងពីឆ្នាំ១៩៧៩។ ខណៈដែលផ្នែកខ្លះត្រូវបានកាត់ចូលជាដីរដ្ឋកាលពីប៉ុន្មានឆ្នាំមុន អ្នកស្រីថា ដីជម្លោះនោះអ្នកភូមិបានធ្វើស្រែជាយូរឆ្នាំមកហើយ។
អ្នកស្រីអះអាងថា៖ «ជាដីរដ្ឋយ៉ាងម៉េច បើប្រជាពលរដ្ឋបានធ្វើស្រែលើដីនេះតាំងពីឆ្នាំ១៩៧៩ មក»។
អ្នកស្រី សុខខេម ឲ្យដឹងដែរថា អ្នកភូមិស្ទើរទាំងអស់រស់ពឹងផ្អែកលើការធ្វើស្រែ ហើយសុទ្ធតែជាប់បំណុល និងមិនមានប្រាក់សងធនាគារ។
អ្នកស្រីនិយាយថា៖ «ពេលពួកគេមិនអនុញ្ញាតឲ្យយើងធ្វើស្រែ តើឲ្យយើងរស់នៅយ៉ាងម៉េច? បើសិនជាគ្មានដំណោះស្រាយប្រជាពលរដ្ឋនឹងបន្តបិទផ្លូវ។ យើងមិនខ្លាចស្លាប់ទេបើពួកគេចង់សម្លាប់ប្រជាពលរដ្ឋ ក៏សម្លាប់ទៅ ព្រោះយើងគ្មានអ្វីសល់ទៀតទេ»។
លោក កុយ រ៉េម រស់នៅភូមិខ្លុង ឲ្យដឹងដែរថាជម្លោះនេះចាប់ផ្ដើមកាលពីចុងឆ្នាំ២០២០ ពេលដែលក្រុមយោធានមកហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើស្រែ។ លោកថា ការតវ៉ាបានធ្វើឡើងចំនួនបីដងរួចហើយ តែគ្មានដំណោះស្រាយ។
លោកបន្ថែមថា៖ «ទាហានតែងតែមកហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើស្រែ ហើយពេលនេះ ពួកគេបានប្រើអំពើហិង្សាដាក់ពលរដ្ឋ។ យើងសុទ្ធតែជាខ្មែរ ហើយពួកគេជាទាហាន។ ហេតុអ្វីបានជាពួកគេបាញ់ប្រជាពលរដ្ឋ? យើងគ្រាន់តែត្រូវការដីសម្រាប់ធ្វើស្រែចិញ្ចឹមគ្រួសារ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ដីនោះពីមុនហៅថា «ចម្ការបារាំង» គឺជាដីរបស់រដ្ឋ ដែលថាបម្រុងទុកធ្វើជាកន្លែងចាក់សំរាម និងជាមូលដ្ឋានទ័ព។
លោក ឲ្យដឹងថា អាជ្ញាធរបានចេញប្លង់កម្មសិទ្ធិដល់ពលរដ្ឋនៅទីនោះរួចហើយ ប៉ុន្តែសម្រាប់ដីកំពុងមានជម្លោះ អាជ្ញាធរមិនបានចេញប្លង់ឲ្យទេ។
លោកមានប្រសាសន៍ថា៖ «ជម្លោះបានរីករាលដាលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែដីនៅតំបន់នោះចាប់ផ្ដើមឡើងថ្លៃ ហើយអ្នកភូមិបានលក់ដីចុះឡើងទៅឲ្យឈ្មួញ។ យើងបានប្រាប់ទៅប្រជាពលរដ្ឋទាំងនោះឲ្យឈប់ធ្វើស្រែលើដីនោះជាច្រើនដងមកហើយ»។
បើតាមលោក គង់ សោភ័ណ្ឌ ផ្ទៃដីនោះសរុបមានចំនួន២៨០ហិកតា ហើយអ្នកភូមិនបានចូលកាន់កាប់ដោយគ្មានការអនុញ្ញាតចំនួន១៥០ហិកតា។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាអំពើហិង្សានៅបន្តកើតមានក្នុងរឿងជម្លោះដីធ្លីដោយសារតែមានវប្បធម៌និទណ្ឌភាព។
លោក លើកឡើងថា៖ «ពីមុនមកយើងបានសម្គាល់ឃើញមានការបង្ក្រាបពីសំណាក់អាជ្ញាធរមកលើប្រជាពលរដ្ឋ។ ពេលខ្លះពួកគេបាញ់ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស ប៉ុន្តែមិនមានអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទេ» ដោយលោកបន្ថែមថា៖ «រឿងបែបនេះនៅតែបន្តកើតមាន ព្រោះពួកគេមិនប្រឈមនឹងវិធានការច្បាប់។ បើយើងមើលរូបភាពកាលពីព្រឹកមិញ យើងឃើញមានទាំងទាហាន និងប៉ូលិស»។
លោកមានប្រសាសន៍ថា៖ «អំពើហិង្សាគឺមិនអាចទទួលយកបាន ពីព្រោះថាប៉ូលិស និងទាហាន ត្រូវប្រើសម្រាប់ប្រយោជន៍ជាតិ និងប្រជាជន ប៉ុន្តែហេតុអ្វីពួកគេប្រើទានហានឲ្យបង្ក្រាបលើប្រជាពលរដ្ឋ? រឿងនេះត្រូវតែមានការស៊ើបអង្កេត ហើយអ្នកដែលបាញ់នោះត្រូវតែទទួលចំណាត់ការផ្លូវច្បាប់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Soldiers shoot one man in land dispute in Kandal province