កម្មករជាង២០០០នាក់នៅរោងចក្រស្បែងជើង R.G នៅខេត្តកណ្ដាលកំពុងព្រួយបារម្ភអំពីការបាត់បង់ការងារបន្ទាប់ពីរោងចក្រនេះត្រូវបានឆេះខូចខាតទាំងស្រុងកាលពីថ្ងៃអង្គារ។ ពួកគេសង្ឃឹមថាក្រសួងការងារនឹងរកដំណោះស្រាយលើបញ្ហានេះ ដូចនេះពួកគេអាចនឹងមានការងារធ្វើបន្តទៀត មិនថារោងចក្រនេះបន្តដំណើរការទៀតឬអត់។
រំឭកដល់ហេតុការណ៍អគ្គិភ័យឡើងវិញ បុគ្គលិកផ្នែកផលិតកម្មម្នាក់ឈ្មោះ លាង ស៊ូ វ័យ៤៨ឆ្នាំ បានឲ្យដឹងថាពីដំបូងភ្លើងឆេះមានទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយកម្មករបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ភ្លើងនោះ។ ប៉ុន្តែភ្លាមៗ ភ្លើងក៏រាលដាលយ៉ាងលឿន រហូតមិនអាចគ្រប់គ្រងបាន។ អគារទាំងមូលពោពេញទៅដោយអណ្ដាតភ្លើង មុនពេលរថយន្តពន្លត់អគ្គិភ័យបានមកដល់។
បុគ្គលិករូបនេះលើកឡើងថារោងចក្រទំនង «មិនមានប្រព័ន្ធការពារអគ្គិភ័យត្រឹមត្រូវតាមស្ដង់ដារសុវត្ថិភាព» គឺគ្រាន់តែមានបំពង់ពន្លត់អគ្គិភ័យប៉ុណ្ណោះ។
លោក លាង ស៊ូ ឲ្យដឹងទៀតថា៖ «មានឮសំឡេងផ្ទុះ។ ពេលវាប៉ះជាមួយសាំងក្រអូប [ដែលគេរក្សាទុកក្នុងស៊ីតែនសម្រាប់សម្អាតស្បែកជើង] ភ្លើងក៏រាលដាលខ្លាំងរហូតមិនអាចគ្រប់គ្រងបាន។ យើងបានត្រឹមតែប្រើបំពង់ពន្លត់អគ្គិភ័យទៅលើអណ្ដាតភ្លើង។ រថយន្តពន្លត់មកដល់ប្រហែលមួយម៉ោងក្រោយ»។
ក្រុមហ៊ុននេះផលិតស្បែកយើងសម្រាប់ក្រុមហ៊ុន Brunt ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង Puma របស់អាល្លឺម៉ង់។
ជាបុគ្គលិកដែលបានបម្រើការនៅរោងចក្រនេះជិត១០ឆ្នាំមកហើយនោះ លោក លាង ស៊ូ បារម្ភពីបញ្ហាជីវភាព ក្រោយរោងចក្រត្រូវបំផ្លាញដោយអគ្គិភ័យបែបនេះ។ លោកថាកម្មករជាង២០០០នាក់នឹងប្រឈមបញ្ហាអត់មានការងារធ្វើ។ អ្នកទាំងនោះមិនច្បាស់ថារោងចក្រនឹងអាចបើកដំណើរការឡើងវិញឬយ៉ាងណា និងមិនច្បាស់ថាពួកគេអាចទទួលបានប្រាក់ខែស្របទៅតាមច្បាប់ស្ដីពីការងារឬអត់ផងដែរ។
លោក ស៊ូ ឲ្យដឹងទៀតថា៖ «បញ្ហាធំរបស់ខ្ញុំគឺថាខ្ញុំត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ពីព្រោះថាគ្រួសាររបស់ខ្ញុំពឹងតែលើខ្ញុំម្នាក់។ បញ្ហាធំមួយទៀតគឺបំណុលធនាគារ។ បើសិនជាខ្ញុំគ្មានការងារធ្វើ ខ្ញុំនឹងមិនមានចំណូល»។
រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការទៅនឹងស្ថានភាពលំបាករបស់កម្មករពីក្រសួងនៅឡើយ ប៉ុន្តែមន្ត្រីក្រសួងបានជួបជាមួយម្ចាស់រោងចក្រ និងអាជ្ញាធរពាក់ព័ន្ធដើម្បីពិភាក្សាលើរឿងនេះផងដែរ។
លោក ស៊ូ សង្ឃឹមថាម្ចាស់រោងចក្រនឹងផ្ដល់ដំណោះស្រាយមួយ ក៏ដូចជាផ្ដល់ដំណឹងដល់កម្មករថាតើរោងចក្រនឹងបិទជាបណ្ដោះអាសន្ន ឬបិទរហូត។
លោកបន្តថា៖ «កម្មករទទូចឲ្យមានការជូនដំណឹងថារោងចក្រនឹងបិទឬអត់ និងថាតើកម្មករនឹងបានទទួលប្រាក់ខែដែរឬទេ។ ខ្ញុំចង់ឲ្យរោងចក្របើកប្រាក់ខែឲ្យពួកយើង ហើយខ្ញុំនឹងរកការងារថ្មីទៀត»។

កម្មករម្នាក់ទៀត លោក ជឹម សុភា វ័យ៤២ឆ្នាំ លើកឡើងថារោងចក្រត្រូវបានខូចខាតទាំងស្រុង ហើយអាជ្ញាធរកំពុងតែប្រមូលកម្ទេចកំទីដែលឆេះទាំងនោះចេញ។ លោក រំឭកថាមុនពេលមានភ្លើងឆេះ មានឆ្លងចរន្តអគ្គិសនីដែលនាំឲ្យផ្ទុះ។ ពេលដែលកំពុងប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្តាតភ្លើង ភ្លើងក៏រាលដាលកាន់តែខ្លាំងមិនអាចគ្រប់គ្រងបាន។
លោក សុភា យល់ថាបើសិនជាមិនមានវិធានការជាក់លាក់ទេ ស្ថានភាពបែបនេះនឹងកើតឡើងជាថ្មីទៀត ដោយលោកសង្ឃឹមថារោងចក្រផ្សេងៗនឹងពង្រឹងប្រព័ន្ធសុវត្ថិភាពដើម្បីធានាពីសុវត្ថិភាពមុខជំនួញ និងកម្មករ។ លោកថា៖ «យើងចង់ឲ្យម្ចាស់រោងចក្រពង្រឹងប្រព័ន្ធការពារអគ្គិភ័យ»។
ទន្ទឹមនឹងការបារម្ភពីការបាត់បង់ការងារ លោក សុភា លើកឡើងដែរថាប្រព័ន្ធការពារសុវត្ថិភាពគឺខ្សោយ ហើយបានបង្ករជាហានិភ័យធ្ងន់ធ្ងរលើសុវត្ថិភាពរបស់កម្មករ។ លោកថា កន្លងមកឃើញមានរោងចក្រច្រើនហើយដែលរងការខូចខាតដោយអគ្គិភ័យ។
បើតាមលោក សុភា ក្រុមហ៊ុនបានស្នើសុំរយៈពេលមួយសប្ដាហ៍ដើម្បីស្រាវជ្រាវ និងសិក្សាការខូចខាតដើម្បីដឹងថារោងចក្រអាចបើកដំណើរការឡើងវិញបានឬយ៉ាងណា។ យ៉ាងណា លោកនៅតែមានក្ដីបារម្ភថា បើសិនជារោងចក្របិទ លោកនឹងបាត់បង់ចំណូល។
លោកឲ្យដឹងថា៖ «អ្វីដែលខ្ញុំបារម្ភបំផុត គឺអត់ការងារធ្វើ ខ្ញុំកំពុងតែលំបាកក្នុងការបង់ធនាគារ ថ្លៃជួលផ្ទះ និងចំណាយផ្សេងៗសម្រាប់គ្រួសារ»។
ពេលអ្នកសារព័ត៌មានទាក់ទងទៅខាងរោងចក្រស្បែកជើង R.G តាមលេខទូរស័ព្ទដែលមាននៅលើវិបសាយ អ្នកដែលលើកទូរស័ព្ទបាននិយាយថាលោកបានឈប់ធ្វើការនៅរោងចក្រនោះជិតប្រាំឆ្នាំមកហើយ។
បុរសរូបនេះបានបដិសេធប្រាប់ឈ្មោះដល់អ្នកសារព័ត៌មានខេមបូចា។ យ៉ាងណា លោកបានបង្ហាញអារម្មណ៍សោកស្ដាយចំពោះរោងចក្រដែលលោកធ្លាប់បានធ្វើការ និងពេលនេះរងការខូចខាតដោយសារអគ្គិភ័យ។ លោកបញ្ជាក់ដែរថា រោងចក្រ «មានប្រព័ន្ធការពារសុវត្ថិភាពត្រឹមត្រូវ ព្រោះថារោងចក្រផលិតស្បែកជើងឲ្យក្រុមហ៊ុនល្បីឈ្មោះមួយ…ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីបានជារោងចក្រជួបរឿងបែបនេះ»។
កាលពីដើមខែមករា ឆ្នាំ២០២៤ រោងចក្រកាត់ដេរ Yida នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលក៏បានរងគ្រោះដោយអគ្គិភ័យនេះដែរ និងបានបណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានចេញគោលការណែនាំថ្មីមួយដើម្បីពង្រឹងការការពារបញ្ហាអគ្គិភ័យ និងសុវត្ថិភាពការងារ និងវិធានការសុខភាពសម្រាប់កម្មកររោងចក្រ បន្ទាប់ពីមានហេតុការណ៍នេះ។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន មានប្រសាសន៍ថា មន្ត្រីក្រសួងបានចុះពិនិត្យដល់កន្លែង បន្ទាប់ពីទទួលដំណឹងថារោងចក្រត្រូវភ្លើងឆេះ ដោយមានការបញ្ជាក់ពីសមត្ថកិច្ចដែរថាអគ្គិភ័យនោះកើតឡើងដោយ «បញ្ហាទុះសេខ្សែភ្លើង»។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រសួងបានពិភាក្សាជាមួយម្ចាស់រោងចក្រ និងតំណាងកម្មករ ក្នុងការស្វែងរកដំណោះស្រាយការពារប្រយោជន៍កម្មករ និងផ្ដល់ការងារថ្មីដល់ពួកគាត់។
លោកបន្តថា៖ «ទីភ្នាក់ងារជាតិមុខរបរនឹងទៅដល់ទីតាំងដើម្បីផ្ដល់ឱកាសការងារសម្រាប់អ្នកដែលចង់រកការងារនៅកន្លែងផ្សេង។ សម្រាប់អ្នកដែលចង់រង់ចាំ [វិលចូលធ្វើការវិញ]បន្ទាប់ពីរោងចក្របើកសារជាថ្មី នោះគឺជាការសម្រេចរបស់ពួកគាត់»។
លោកបន្ថែមថាកម្មករដែលរងផលប៉ះពាល់នៅអាចបន្តប្រើបណ្ណ ប.ស.ស បានដដែលក្នុងការទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដៃគូបានធម្មតា។
ក្រសួង និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀតបានចេញសេចក្ដីណែនាំទៅដល់រោងចក្រនានាឲ្យបង្កើនការប្រុងប្រយ័ត្ន។ លោក កត្តា អ៊ន ថា៖ «ក្រសួងបន្តតាមដាន និងផ្សព្វផ្សាយព័ត៌មានទៅកាន់ម្ចាស់រោងចក្រ និងកម្មករអំពីវិធានការបង្ការអគ្គិភ័យ»។
អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ខេមបូចាថា ផ្អែកតាមការអង្កេតរបស់អ្នកស្រីតាំងពីដើមឆ្នាំនេះ មានរោងចក្រមួយចំនួនបានបិទទ្វារ និងមានខ្លះទៀតត្រូវភ្លើងឆេះ។ អ្វីទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់កម្មករធ្ងន់ធ្ងរ ពួកគេប្រឈមនឹងការបាត់បង់ការងារ និងក៏ប៉ះពាល់លើប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។
ផ្អែកលើចំណុចនេះ អ្នកស្រី បានជំរុញឲ្យក្រសួង និងដៃគូពាក់ព័ន្ធកំណត់បញ្ហាឲ្យបានច្បាស់ និងមានវិធានការការពារអគ្គិភ័យ ដោយពង្រឹងច្បាប់ ដើម្បីធានាសុវត្ថិភាពកម្មករ រួមទាំងវិស័យកាត់ដេរផង។
អ្នកស្រីមានប្រសាសន៍ទៀតថា៖ «យើងបារម្ភថាកម្មករបាត់បង់ចំណូល និងអត្ថប្រយោជន៍ផ្សេងៗ និងបាក់ទឹកចិត្ត»។ អ្នកស្រីថា មានរោងចក្រមួយចំនួន «មិនសូវខ្វល់ច្រើនអំពីសុវត្ថិភាពរបស់កម្មករទេ»។
អ្នកស្រីបន្តថា៖ «ជាគំនិតខ្ញុំ ខ្ញុំមានសង្ឃឹមតិចតួចណាស់ថា បញ្ហានេះនឹងត្រូវកែប្រែ ដូចដែលយើងឃើញហើយថា រោងចក្រមួយចំនួនដំណើរការទាំងរោងចក្រស្ថិតក្នុងសភាពទ្រុឌទ្រោម។ ពួកគេមិនផ្លាស់ប្តូរ ឬជួសជុលអ្វីទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Some 2,000 Workers In Quandary Over Livelihood After Shoe Factory Razed To The Ground