តំបន់មួយចំនួននៅជាយក្រុងភ្នំពេញដូចជានៅខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់តែមានប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃមានទឹកប្រើឡើងវិញ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តភ្នំពេញ បានតបំពង់មេនាំទឹកស្អាតទំហំ៨០០មីលីម៉ែត្ររួចកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែពលរដ្ឋរស់នៅបុរីឈូកវ៉ា២ អះអាងថាមិនទាន់មានទឹកប្រើប្រាស់នៅឡើយទេ។
បើតាមអ្នកស្រី សួន រ៉ាមី ជាប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានទឹកប្រើប្រាស់បណ្ដោះអាសន្នហើយ ដោយសារខាងរដ្ឋាភិបាលគាត់បានដាក់ស៊ីទែនទឹកឱ្យ ហើយក៏កំពុងតទឹកឱ្យដែរ ប៉ុន្តែអ្នកស្រីថាភូមិនៅក្បែរៗហ្នឹងមិនទាន់មានទឹកប្រើគ្រប់គ្រាន់ទេ។
អ្នកស្រី រ៉ាមី លើកឡើងថា៖«ចូលឆ្នាំហើយគាត់ព្យាយាមធ្វើឱ្យហើយម្សិលមិញ គាត់[រដ្ឋករទឹក]ចុះមកកត់ឈ្មោះ ស្រង់ស្ថិតិ ដើម្បីបើកមេទុយោ។ ប្រជាជននៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម សុទ្ធតែជួបបញ្ហាហ្នឹងទាំងអស់ ភូមិនៅក្បែរៗហ្នឹងនៅមិនទាន់មានគ្រប់គ្រាន់ទេ»។
លោកស្រីបន្តថា ខាងរដ្ឋាករទឹកខណ្ឌ និងសង្កាត់ ជាអ្នកចុះមកដាក់ស៊ីទែនទឹក ដោយស៊ីទែនទឹកមួយអាចប្រើរួមគ្នា ហើយពេលអស់ អាជ្ញាធរឱ្យតេទៅអ្នកដឹកទឹក ដើម្បីយកទឹកមកថែមទៀត។ ចំពោះទឹកមួយស៊ីទែនអាចប្រើបាន១ថ្ងៃ តែស្ទើរតែមិនចង់គ្រាន់។
លោកស្រី រ៉ាមី បានប្រាប់ឱ្យដឹងថា លោកស្រីសប្បាយចិត្តខ្លាំងណាស់ដែលមានទឹកប្រើប្រាស់ឡើងវិញ។ លោកស្រីរំពឹងដែរថា នឹងមានទឹកស្អាតប្រើប្រាស់ឡើងវិញក្រោយចូលឆ្នាំ។
ចំណែកលោក ឈាង សុខម៉ៅ ជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល១ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល បានអះអាងថា អាជ្ញាធរចាប់ផ្ដើមតឡើងវិញ ដូច្នេះមានទឹកប្រើប្រាស់ឡើងវិញ ហើយស្ថានភាពល្អប្រសើរជាងមុន។
ថ្វីបើផ្ទះលោកសុខម៉ៅ ហាក់មានស្ថានភាពប្រសើជាងមុន ប៉ុន្តែលោកនៅតែបារម្ភថាបញ្ហាខ្វះទឹកនេះនឹងកើតឡើងម្ដងទៀត ខណៈតំបន់ផ្សេងមួយចំនួននៅតែខ្វះទឹកនិងមិនទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។
លោកសុខម៉ៅ ថ្លែងយ៉ាងដូច្នេះថា៖«ស្ថានភាពប្រហែលជាល្អប្រសើរជាងមុនហើយ។ ទោះបីជាផ្ទះខ្ញុំមានទឹកប្រើប្រាស់ តែនៅកសិករផ្សេងទៀតនៅមានបញ្ហាផ្សេងទៀតច្រើនណាស់។ បើយើងយកចិត្តយើងដាក់ចិត្តគេ គាត់នៅមានបញ្ហាច្រើនណាស់ តំបន់មួយចំនួនមិនទាន់មានប្រព័ន្ធទឹកគ្រប់គ្រាន់ទេ»។
ពលរដ្ឋរូបនេះ ក៏បានលើកឡើងទៀតថា ក្នុងករណីដែលរដ្ឋពិបាកក្នុងការផ្គត់ផ្គង់ទឹកស្អាត រដ្ឋគួរតែផ្ដល់ឱកាសឱ្យអ្នកវិនិយោគក្នុងស្រុកចូលរួម ដោយកុំចាំតែដើរក្រោយបញ្ហារហូតនោះ។
ឆ្លើយតបនឹងការតភ្ជាប់បណ្ដាញទឹកឡើងវិញ លោក មាស ស៊ុនសុដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថាកន្លងមកអាជ្ញាធរខណ្ឌ បានលើកទឹកចិត្តឱ្យបុរីពិភពថ្មីជីកអណ្ដូងកំឡុងពេលខ្វះទឹកប្រើប្រាស់ ហើយខណ្ឌក៏បានដាក់ធុងទឹកធំៗតាមសួនច្បារឱ្យពលរដ្ឋប្រើបណ្ដោះអាសន្នផងដែរ ហើយបច្ចុប្បន្ននេះ អាជ្ញាធរកំពុងពិនិត្យមើល និងស្រង់ទិន្នន័យ ខណៈពលរដ្ឋរស់នៅក្នុងបុរីមានទឹកប្រើបណ្ដើរៗហើយ។
លោក ស៊ុនសុដា បញ្ជាក់ថា៖«ខ្ញុំកំពុងឱ្យគេឆែកមើល តែក្នុងបុរីកំពុងមានទឹកវិញហើយ។ តាមបទបញ្ជាតាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ គឺទី១បានជម្រុញឱ្យបុរីពិភពថ្មីជីកអណ្ដូង ទី២ដាក់ធុងទឹកធំតាមសួនច្បារដើម្បីឱ្យប្រជាជនមកយកប្រើបណ្ដោះអាសន្ន ទី៣ បានដាក់ធុងទឹក១ម៉ឺនលីត ១៧ទីតាំងក្នុងខណ្ឌកំបូល»។
យ៉ាងណាមិញ អភិបាលខណ្ឌកំបូល អះអាងថា មកដល់ពេលនេះក្នុងចំណោមចំនួន៧សង្កាត់ ក្នុងខណ្ឌកំបូល មាន១សង្កាត់តែប៉ុណ្ណោះ ដែលមិនទាន់មានទឹកប្រើប្រាស់ គឺសង្កាត់ឪឡោក។
ដោយឡែក អ្នកស្រី ឌិន ដេត អាយុ៦១ឆ្នាំ ជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ អះអាងថាផ្ទះអ្នកស្រីមិនទាន់មានទឹកប្រើប្រាស់នៅឡើយទេ ខណៈបុរីផ្សេងមានទឹកប្រើប្រាស់ហើយ។
ស្រ្តីវ័យ៦១ឆ្នាំរូបនេះ បន្តទៀតថា លោកស្រីនៅតែបន្តទិញទឹកគេប្រើក្នុងមួយស៊ីទែន២ទៅ៣ម៉ឺនរៀល ហើយបើទិញទឹកគេមិនបានទេ លោកស្រីត្រូវងើបម៉ោង១ ម៉ោង២យប់ ដើម្បីបូមទឹកដូចពលរដ្ឋផ្សេងៗទៀតដែរ។
លោកស្រីអះអាងថា៖«ទឹកដូចគេថាមែនហ្នឹង មិនទាន់មានទេក្មួយ មិនទាន់មានសោះ ព្រោះខ្ញុំរាល់ថ្ងៃជួនកាលម៉ោង១ ជួនកាលម៉ោង២យប់ងើបបើកទឹកដាក់ស៊ីទែន ដាក់វេនគ្នាងើបហ្មង។ ខ្ញុំទិញទឹកគេប្រើតាស ម្ដង២ម៉ឺន៥ពាន់ ម្ដង៣ម៉ឺនរៀលក្នុងទឹក១ពាន់លីត្រ»។
លោកស្រី ដេត បញ្ជាក់ថា ខ្វះភ្លើងនៅអាចទ្រាំបាន តែបើខ្វះទឹកគឺពិបាកគ្រប់បែបយ៉ាង សូម្បីតែដាំស្ល ទឹកប្រើប្រាស់ក្នុងបន្ទប់ទឹក ដោយលោកស្រីត្រូវសន្សំសំចៃ សូម្បីតែទឹកលាងអង្ករហើយទុកយកទៅលាងចាន និងចាក់ក្នុងបង្គន់ទៀតផង។ លោកស្រីបន្តថា ទោះជាយ៉ាងណាស្នើដល់ម្ចាស់បុរីគួរគិតគូរពីបញ្ហាសុខទុក្ខរបស់អតិថិជន គប្បីប្ដូរទុយោ ឬប្រព័ន្ធទឹកដើម្បីឱ្យអ្នករស់នៅក្នុងបុរីមានទឹកប្រើប្រាស់គ្រប់គ្រាន់ផង។
លោកស្រីថ្លែងថា៖«អត់ទឹកគឺពិបាកហ្មង ជួនកាលឃើញផ្ទះគេទិញទឹកសុំទឹកគេបានមួយធុងទុកឱ្យចៅមុជអត់ហ៊ានមុជខ្លួនឯងទេ ជួនកាលទឹកលាងអង្ករទុកលាងចាន ថាវាវេទនាណាស់ ទឹកខ្សោយប្រព័ន្ធទុយោតូច ចឹងម្ចាស់បុរីហ្នឹងជួយប្ដូរប្រព័ន្ធទឹកឱ្យពលរដ្ឋនៅឈូកវ៉ា២ផង ប្រើទឹកអត់គ្រប់គ្រាន់ទេ»។
តែយ៉ាងណាមិញ លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្មនៃរដ្ឋាករទឹកស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា កាលពីថ្ងៃម្សិលមិញ ក្រុមការងារបានចុះមកតបណ្ដាញទឹកជូនពលរដ្ឋនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យពលរដ្ឋដែលនៅតាមសហគមន៍ដែលមានចំណូលទាបមានទឹកប្រើប្រាស់។
លោក សុវណ្ណ បន្តថា ចំពោះបំពង់ទឹកស្អាតទំហំ៨០០មម ដែលខាងរដ្ឋាករបានតភ្ជាប់រួចរាល់ គឺតភ្ជាប់ចេញពីចំណុចផ្លូវបំបែកកប់ស្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ រហូតទៅដល់តំបន់សេដ្ឋកិច្ចពិសេស និងផ្សារកំបូល គឺអាចបង្កលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌកំបូលមានទឹកប្រើប្រាស់សមល្មមសម្រាប់ឆ្នាំ២០២២នេះ។
លោក សុវណ្ណ បញ្ជាក់ថា៖« ដំណាក់កាលទី១ដែលយើងភ្ជាប់បំពង់៨០០នេះគឺប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌកំបូល និងឈូកវ៉ា បច្ចុប្បន្នគាត់អាចមានទឹកសមល្មមក្នុងការប្រើប្រាស់ប្រចាំថ្ងៃគ្រប់គ្រាន់ហើយ ម្សិលម្ងៃខ្ញុំបានចុះទៅមើលប្រជាជនមានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលបានឃើញទឹកចេញមក»។
ទន្ទឹមនឹងនេះ ចំពោះបញ្ហាខ្វះទឹកកន្លងមក លោក សុវណ្ណ ពន្យល់ថា ទី១ដោយសារតែបំពង់ទឹកចាស់មានទំហំតូច ទី២ បណ្ដាញដែលបានភ្ជាប់ចូលក្នុងបុរីមានទំហំតូច និងទី៣ ដោយសារតែខាងរដ្ឋាករទឹកមិនបានដឹងពីទិសដៅដែលខាងបុរីត្រូវអភិវឌ្ឍន៍ ដែលជាហេតុធ្វើឱ្យពលរដ្ឋនៅតាមតំបន់មួយចំនួនមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់។
លោកអះអាងទៀតថា ៖«បុរីមួយចំនួន យើងមិនដឹងទិសដៅដែលគាត់ត្រូវអភិវឌ្ឍន៍ ឬទិសដៅដែលគាត់អភិវឌ្ឍន៍មិនរណបជាមួយផែនការគម្រោងមេ ចឹងហើយធ្វើឱ្យមានការលំបាករៀបចំបណ្ដាញផ្គត់ផ្គង់ទៅតាមបុរី»។
យ៉ាងណាមិញ លោក សុវណ្ណ បង្ហើបឱ្យដឹងដែរថា រាជធានីភ្នំពេញទាំងមូលនឹងលែងខ្វះទឹកប្រើប្រាស់ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតនៅបាក់ខែង នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រីមាសទី១ឆ្នាំ២០២៣ ខណៈនៅខែមិថុនាខាងមុខ ខាងរដ្ឋាករទឹកនឹងភ្ជាប់បំពង់ទឹកទំហំ២០០មីលីម៉ែត្រកាត់បឹងទន្លេសាបមកភ្នំពេញ។ បន្ថែមពីនោះមុនឆ្នាំ២០៣០ រាជធានីភ្នំពេញនឹងរោងចក្រផលិតទឹកអាចផលិតទឹកបាន១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកបន្តថ្លែងថា៖«ចឹងរាជធានីភ្នំពេញយើងទាំងមូលមិនមានបញ្ហាប្រឈមក្នុងការខ្វះទឹកនោះទេ នៅឆ្នាំ២០២៣ ២០២៤ មានសម្ពាធទឹកគ្រប់គ្រាន់ហើយយើងលែងមានបញ្ហាខ្វះទឹករហូតដល់ឆ្នាំ២០៣០ ដោយសារតែក្នុងផែនការមេ កំពុងអនុវត្តកម្រោងសាងសង់រោងចក្របាក់ខែង គម្រោងសង្កាត់បឹងធំ គម្រោងនៅទីក្រុងតាខ្មៅដែលយើងនឹងសង់រោងចក្របន្ថែម»។
ចំណែក លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋដែលមានបញ្ហាខ្វះទឹកប្រើប្រាស់ គប្បីទាក់ទងមកខាងរដ្ឋាករទឹក ជាជាងទាក់ទងទៅអ្នកសារព័ត៌មាន ខណៈលោកបានអះអាងថាមានមន្រ្តីជំនាញចាំពិនិត្យបញ្ហាជូនពលរដ្ឋដែលជួបបញ្ហាទឹក។
លោកលើកឡើងថា៖«យកល្អប្អូនឱ្យដែលជួបប្អូនហ្នឹងឱ្យលេខទូរសព្ទមកខ្ញុំមក ខ្ញុំឱ្យមន្រ្តីជំនាញខ្ញុំមើលទទួលខុសត្រូវជូន ដោយឡែក បើភ្លេតឡើងអ្នកកាសែត ភ្លេតឡើងអ្នកកាសែត អ៊ីចឹងឱ្យគាត់ដោះស្រាយទឹកជាមួយអ្នកកាសែតទៅ ព្រោះអីនៅឈូកវ៉ាកម្លាំងខ្ញុំឈរចាំពិនិត្យមើលនៅហ្នឹងទាំងអស់»។
ជុំវិញបញ្ហានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ដើម្បីដោះស្រាយបញ្ហានេះ គ្រប់ភាគីពាក់ព័ន្ធដូចជាក្រសួងសាធារណៈការ ក្រសួងដែនដី និងរដ្ឋាករទឹក គប្បីមានការជជែកគ្នាឱ្យបានស៊ីជម្រៅរវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
លោកមានប្រសាសន៍ថា៖«ក្រសួងជំនាញមួយដែលគ្រប់គ្រងក្រុមហ៊ុនវិនិយោគក្រុមហ៊ុនអចលនទ្រព្យគឺក្រសួងសាធារណៈការ និងដឹកជញ្ជូន ចឹងរឿងដែលសំខាន់គឺការសិក្សាអំពីការរីកចម្រើនឬតម្រូវការហើយនិងការអភិវឌ្ឍអចលនទ្រព្យ»។
លោកបន្តថា នៅពេលដែលក្រុមហ៊ុនផ្សេងៗចុះបញ្ជីឬសុំអាជ្ញាប័ណ្ណសាងសង់បុរី ផ្ទះល្វែងឬវីឡា គឺចាំបាច់ត្រូវតែការអនុញ្ញាតពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដូច្នេះហើយដើម្បីបំពេញសេចក្ដីត្រូវការ កុំឱ្យអតិថិជនរងផលប៉ះពាល់។
លោក សន ជ័យ បន្ថែមថា តួអង្គទាំង៣រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រសួងដែនដី និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន ត្រូវធ្វើការជាមួយគ្នា ដើម្បីជៀសវាងដល់ពេលសាងសង់លក់ផ្ទះល្វែងហើយ ពលរដ្ឋទៅនៅគ្មានទឹកប្រើប្រាស់។ ដូច្នេះអ្នកដែលរងផលប៉ះពាល់ និងការខាតបង់គឺប្រជាពលរដ្ឋ។
លោកលើកឡើងថា៖«យើងចង់ឱ្យខាងរដ្ឋាករទឹកធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយពីតំបន់ដែលខ្លួនត្រូវអភិវឌ្ឍន៍ផងដែរ ដើម្បីការអភិវឌ្ឍអចនលទ្រព្យ និងការផ្គត់ផ្គង់ទឹកដើរទន្ទឹមគ្នា ស៊ីចង្វាក់គ្នារវាងការងាររបស់ពួកគេ។ បើមិនដូច្នោះទេអតិថិជនជាអ្នករងគ្រោះ»៕