សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សក្នុងខេត្ដបាត់ដំបងដែលខកខានប្រឡងដោយសារគ្រោះទឹកជំនន់អាចប្រឡងឡើងវិញនៅពេលទឹកស្រក

សាលាមួយខ្នងនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងដែលបានលិចទឹក។ រូបថត បាន ធារ៉ា
សាលាមួយខ្នងនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងដែលបានលិចទឹក។ រូបថត បាន ធារ៉ា

បាត់ដំបង៖ រដ្ឋបាលខេត្ដបាត់ដំបងអនុញ្ញាតឱ្យសិស្សានុសិស្សដែលជួបបញ្ហាខកខានចូលរួមការប្រឡងមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទកំណត់របស់ក្រសួងអប់រំយុវជននិងកីឡាដោយសារតែ​បញ្ហា​គ្រោះទឹក​ជំនន់ អាចប្រឡងឡើងវិញ​នៅពេលទឹកស្រក។

លោក ធូ ភា អភិបាលរងខេត្ដបាត់ដំបងទទួលបន្ទុកអប់រំបានថ្លែងឱ្យដឹងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិដែលក្រសួងអប់រំយុវជន និងកីឡាបានកំណត់យកថ្ងៃទី១៥ ថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០​២​១ តាមបណ្ដាមណ្ឌលប្រឡងទូទាំងខេត្ដបាត់ដំបងបានដំណើរការទៅប្រក្រតី។

លោកបានលើកឡើងថា ចំពោះបញ្ហាគ្រោះទឹកជំនន់នៅក្នុងស្រុករុក្ខគីរី បានធ្វើឱ្យប៉ះពាល់ដល់មណ្ឌលប្រឡងចំនួន ៣មណ្ឌល តែពុំមានការខកខានឱ្យសិស្សានុសិស្សប្រឡងនោះទេ ដោយបានផ្លាស់ប្ដូរមណ្ឌលប្រឡងទៅកាន់ទីតាំងផ្សេងដែលមានសុវត្ថិភាពដើម្បីឱ្យសិស្សប្រឡងបានធម្មតា។ ទោះជាយ៉ាងណា សិស្សមួយចំនួនបានខកខានក្នុងការប្រឡងដោយសារផ្ទះ និងផ្លូវលិចទឹក។

លោក ធូ ភា បន្ថែមថា៖ «ពាក់ព័ន្ធនឹងសិស្សានុសិស្សដែលជួបបញ្ហាផ្ទះលិចទឹក មិនអាចធ្វើដំណើរមកប្រឡងបានក្រុមការងារនឹងចាត់ចែងឱ្យសិស្សទាំងនោះមានការប្រឡងឡើងវិញនៅពេលដែលទឹកស្រកនៅពេលខាងមុខនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់» ។

គួសបញ្ជាក់ផងដែរថា មណ្ឌលប្រឡងមធ្យមសិក្សាបឋមភូមិទូទាំងខេត្ដបាត់ដំបងមានចំនួន ១១៩មណ្ឌល ក្នុងនោះបន្ទប់ប្រឡងមានចំនួន ៥០៨បន្ទប់ និងសិស្សានុសិស្សដែលចូលរួមប្រឡងសរុបមានចំនួន ១១២៤៤នាក់៕

ដោយពលរដ្ឋសារព័ត៌មាន​ បាន ធារ៉ា

67 views

ព័ត៌មានទាក់ទង