កុមារមួយចំនួនបានបោះបង់ការសិក្សាមកជួយប្រមូលរឺរែកអំបិលឪពុកម្ដាយនៅស្រែអំបិលតាំងពីព្រឹកព្រលឹមស្រាងៗរហូតដល់ថ្ងៃត្រង់ថ្ងៃរសៀល ដោយសារតែឪពុកម្ដាយពួកគេមិនមានលទ្ធភាពឱ្យកូនទៅរៀន។
នៅក្រោមពន្លឺថ្ងៃរះព្រាងៗ នាម៉ោងប្រមាណ៥ព្រឹក អ្នកស្រីភាព អាយុ៥០ប្លាយ ជាកម្មកររែកអំបិលម្នាក់ក្នុងភូមិត្រពាំងព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ប្រាប់ឱ្យដឹងថា អ្នកស្រីមានកូន៩នាក់ក្នុងបន្ទុក ដោយសារតែកត្តាជីវភាពក្រីក្រ និងប្ដីអ្នកស្រីមានជំងឺប្រចាំកាយផងនោះ ទើបអ្នកស្រីមិនអាចបញ្ជូនកូនតូចៗឱ្យទៅរៀនបាន ហើយកូនវ័យជំទង់របស់អ្នកស្រីចំនួន២នាក់មកជួយរែកអំបិល។
ស្រ្តីវ័យ៥០ប្លាយរូបនេះបន្តទៀតថា ដើម្បីរែកអំបិលបានច្រើនត្រូវងើបតាំងពីម៉ោង៤ព្រឹកហើយក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលពីការប្រមូលផលអំបិលមិនទៀងទាត់ឡើយ ថ្ងៃខ្លះបាន៥ ទៅ៦ម៉ឺនរៀល ថ្ងៃខ្លះបានតិចជាងនេះអាស្រ័យលើអំបិលដុះនៅតាមស្រែតិចឬច្រើន ហើយចំណូលទាំងនេះគឺដើម្បីផ្គត់ផ្គងគ្រួសារផង និងសងបំណុលគេខ្លះ។
អ្នកស្រីរៀបរាប់ថា៖«កូនខ្ញុំការបាន២ នៅ៧នាក់ ៦ម៉ឺនហ្នឹងអត់ទៀងទេ ជួនកាលយើងរែកមួយថ្ងៃបាន២ស្រែអ៊ីចឹងបានតែ៣ម៉ឺនទេ ទាល់តែអំបិលច្រើនទើបបាន១ម៉ឺនប្រាំពាន់បើថារាងស្ទើបានតែ១ម៉ឺន៣ពាន់ទេ យើងរែក២ដងក្នុងមួយថ្ងៃ រកបានមកសងបំណុលគេដែរហ្នឹង»។
អ្នកស្រីបន្តថា កូនប្រុសទី៦ និងកូនស្រីទី៧ សុទ្ធតែរៀនពូកែ តែដោយសារតែជីវភាពខ្វះខាត ទើបអ្នកស្រីគ្មានលទ្ធភាពឱ្យពួកគេរៀនបន្ត ហើយអ្នកស្រីមិនបានបង្ខំឱ្យកូនៗឈប់រៀនឡើយ។ អ្នកស្រីថា បើមានលទ្ធភាពគាត់នឹងឱ្យកូនរៀនបន្ត ហើយឱ្យធ្វើគ្រូបង្រៀនមិនខាន។
អ្នកស្រីបន្តថា៖«កូនខ្ញុំអាមួយនេះ ថ្នាក់ទី៧ ឈប់រៀន២ឆ្នាំហើយបានមកជួយជំនួសដៃជំនួសជើងដែរ កូនខ្ញុំស្រួលណាស់រកបានលុយប៉ុន្មានស្រេចតែម៉ែឪឱ្យចាយ ហើយវាឈប់រៀនខ្លួនឯងមកជួយការងារ បើធូរធារឱ្យវារៀនដល់ទី១២ ឱ្យវាធ្វើគ្រូ»។
អ្នកស្រីថា កូនប្រុសអ្នកស្រីវ័យទើបតែ១៦ឆ្នាំកម្លាំងនៅខ្ចីមិនហ៊ានឱ្យធ្វើការច្រើន ឬធ្ងន់ធ្ងរពេកទេ ខ្លាចបាក់កម្លាំង ត្បិតមិនដួចកូនគេផ្សេងទៀតចាស់វស្សាកម្លាំងមាំទាំ។
អ្នកស្រីថា៖«បើកូនគេចាស់ៗ២០ជាងអីអស់អីហើយ អានេះរង្វង់១០ជាងវានៅបាក់ណា៎ តែធ្វើម៉េចយើងអត់»។
អ្នកស្រីភាព បន្តថា បច្ចុប្បន្នអ្នកស្រីនិងគ្រួសារមកស្នាក់នៅផ្ទះឈើជាប់ដីតូចៗ ដែលថៅកែអំបិលរៀបចំសម្រាប់កម្មករមកពីចម្ងាយដូចអ្នកស្រី។ ដូច្នេះ អ្នកស្រីមិនសូវចំណាយលើថ្លៃផ្ទះ ទឹកភ្លើងឡើយ ពោលចំណាយតែថ្លៃហូបចុកប្រចាំថ្ងៃតែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖«ថ្លៃម្ហូបអីគេអត់ចេញឱ្យទេ ចេញទឹកភ្លើងនិងកន្លែងនៅ យើងចេញថ្លៃម្ហូបខ្លួនឯង»។
ចំណែកកុមារីសាវតី ដែលមានវ័យប្រមាណ១២ឆ្នាំ រៀនថ្នាក់ទី៤ ជាកូនរបស់អ្នកស្រីភាព បានឱ្យដឹងថា គ្រួសាររបស់នាងមានជីវភាពលំបាក ទើបនាងឈប់រៀនដោយខ្លួនឯង ដើម្បីជួយសម្រាលការងាររែកអំបិលរបស់ម្ដាយនាងជារៀងរាល់ព្រឹក។
កុមាររីរូបនេះ បន្តទៀតថា រូបនាងមិនបានជួយអ្វីច្រើននោះទេ គ្រាន់តែជួយប្រមូលអំបិលជាដុំៗប៉ុណ្ណោះ ចំណែកម្ដាយនិងបងប្រុសនាងជាអ្នករែកអំបិលទៅទុកក្នុងឃ្លាំង ខណៈប៉ារបស់នាងមានជំងឺប្រចាំកាយមិនអាចជួយអ្វីបានឡើយ។
អង្គុយលើថ្នាលស្រែអំបិល មុខពងក្រពើរសម្បុរខ្មៅស្រអែម ស្រីតីថ្លែងថា៖«ខ្ញុំចង់រៀនដែរតែត្រូវមកជួយម៉ែ ហើយខ្ញុំទើបតែមកជួយម្ដាយខ្ញុំទេ ហើយពេលឈប់រៀនដូច្នេះអ្នកគ្រូសួរដែរ តែខ្ញុំប្រាប់ថាមកជួយម៉ែ»។
ចំណែកអ្នករែកអំបិលម្នាក់ទៀត គឺអ្នកស្រីភ័ក្រ ជាអ្នករស់នៅខេត្តកំពត បានប្រាប់ឱ្យដឹងថា អ្នកស្រីនិងប្ដីមិនមានកូនមកជួយរែកអំបិលឡើយ តែមានប្អូនថ្លៃវ័យខ្ទង់១៣ឆ្នាំ មកជួយប្រមូលអំបិលជាមួយដើម្បីបានលុយចាយខ្លះ។ អ្នកស្រីបន្តថា ក្នុងមួយថ្ងៃអាចរែកបាន២ ទៅ៣ស្រែ ដូច្នេះប្រាក់ដែលបានមក គឺចែកទៅឱ្យប្អូនថ្លៃ និងទុកចំណាយលើថ្លៃម្ហូបអាហារ។
អ្នកស្រីប្រាប់ឱ្យដឹងថា អ្នកស្រីពីមុនប្រកបរបរធ្វើស្រែចំការ តែដោយសារតែមានបំណុលផងនោះ ទើបសម្រេចចិត្តប្ដូរការងារ ធ្វើជាអ្នករែកអំបិលទាំងពីរនាក់ប្ដីប្រពន្ធ ចំណែកកូនអ្នកស្រីធ្វើការរោងចក្រនៅឯស្រុកកំណើត ព្រោះអ្នកស្រីគ្មានលទ្ធភាពឱ្យកូនរៀនបន្ត។
ស្រ្តីវ័យ៤០ឆ្នាំរូបនេះលើកឡើងថា៖«រែកអំបិលជួនបានតិចជួនបានច្រើន ថ្ងៃខ្លះអត់មានអីធ្វើចឹងទៅ ជំពាក់បំណុលគេផង។ រាល់ថ្ងៃរែកអំបិល៣នាក់ប្អូនថ្លៃ»។

កុមារា ឆន ឆេន អាយុ១៤ឆ្នាំ ដែលទើបតែមកជួយការងារនៅស្រែអំបិលជាមួយបងថ្លៃរបស់គេ បានឱ្យដឹងថា រូបគេមកជួយជំនួសដៃជើងបន្តិចបន្តួច ហើយមកតែពេលទំនេរពីការសិក្សាតែប៉ុណ្ណោះ។
កុមារារូបនេះរៀបរាប់ថា៖«ខ្ញុំរៀនថ្នាក់ទី៣ ព្រោះទើបចូលរៀនដែរ ហើយបានតែកើបទេមិនទាន់រែកឡើយ»។
ដោយឡែក កុមារា អ៊ីង វណ្ណ អាយុ១៥ឆ្នាំ បានប្រាប់ថារូបគេឈប់រៀនប្រមាណ២ឆ្នាំហើយ ដើម្បីមករែកអំបិលជាមួយឪពុករបស់គេ។ កុមាររូបនេះប្រាប់ទៀតថា គ្រួសារគេមិនមានលុយឱ្យគេរៀនបន្តឡើយ ដូច្នេះហើយទើបគេឈប់រៀនមករែកអំបិលជួយគ្រួសារវិញម្ដង។
និយាយបណ្ដើរដៃកាន់ក្ដារប្រមូលអំបិល កុមារ វណ្ណ និយាយថា៖«ខ្ញុំមករែកអំបិលនេះយកលុយជួយអ្នកផ្ទះ ហើយខ្ញុំឈប់រៀនតាំងពីថ្នាក់ទី៧ ព្រោះគ្រួសារគ្មានលុយឱ្យរៀនគ្រួសារលំបាកខ្លាំង»។
មានម្ដាយជាអ្នកមើលក្មេងតាមផ្ទះ និងឪពុកជាអ្នកស៊ីឈ្នួលរែកអំបិល កុមារ វណ្ណ ប្រាប់ថា រូបគេមានបងប្អូន៤នាក់ បងគេធ្វើការរោងចក្រ ចំណែកប្អូន២នាក់ទៀតកំពុងរៀន។ វណ្ណ ប្រាប់ថា ក្នុងមួយស្រែគេអាចទទួលបានប្រាក់ត្រឹមតែ១ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃអាចប្រមូលបាន២ ទៅ៣ស្រែ។
បើតាមលោក សៅ សុន ចៅសង្កាត់ត្រើយកោះបានឱ្យដឹងថា កន្លងមកខាងអង្គការពលកម្មកុមារ និងអង្គការដៃគូផ្សេងៗធ្លាប់ចុះមកអប់រំដែរ តែលោកមិនច្បាស់ថាឥឡូវនេះពិតជាមានកុមារមិនគ្រប់អាយុមកធ្វើការនៅស្រែអំបិលឬយ៉ាងណានោះទេ។
លោក សុន បន្តថា ក្នុងករណីដែលមានកុមារទៅធ្វើការនៅស្រែអំបិល អាចបណ្ដាលមកពីគ្រួសារនោះក្រីក្រ មានបន្ទុកគ្រួសារច្រើនទើបពួកគេគ្មានជម្រើសអ្វីក្រៅពីការធ្វើការរកប្រាក់បន្ថែម។
ចៅសង្កាត់រូបនេះថ្លែងថា៖«ជួនកាលវាមានអ្នកខ្លះទៅមានកូនច្រើន ដល់ពេលចឹងហូបចុកអត់គ្រាន់ ហើយឆ្នាំនេះធ្វើអំបិលអត់បានទៀតភ្លៀងញឹក ចឹងប្រហែលជាគាត់អត់ហើយ ឱ្យក្មេងជួយកាយជួយអីចឹង តែបើរែកយើងបំបាត់ហើយ»។
លោក សុន អះអាងថា កន្លងទៅខាងអាជ្ញាធរបានកសាងសាលារៀនទៅចុងភូមិក្បែរៗកសិដ្ឋានអំបិល ដើម្បីឱ្យកុមារដែលមកតាមឪពុកម្ដាយស៊ីឈ្នួលធ្វើការ បានចូលរៀនផងដែរ។
ជុំវិញបញ្ហានេះ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានបដិសេធថា នៅក្នុងកសិដ្ឋានអំបិលមិនមានកុមារ ដែលបោះបង់ការសិក្សាមកធ្វើការឡើយ ព្រោះកុមារទាំងនោះមិនទាន់គ្រប់អាយុ។
លោកបន្តថា បញ្ហាដែលកម្មករជួបប្រទះវិញ គឺចំណូលមិនទៀងទាត់ ដោយសារតែការប្រមូលផលអំបិលអាស្រ័យលើអំបិលមានតិចឬច្រើន ប្រសិនបើអាកាសធាតុមិនអំណោយផល ពួកគេមិនអាចធ្វើការបានទេ។
លោកថ្លែងយ៉ាងដូច្នេះថា៖«អត់មានទេៗ ក្មេងបោះបង់ការរៀនហើយមករែកអំបិល អាក្មេងដែលមិនទាន់គ្រប់អាយុហ្នឹង។ ហើយបញ្ហាគឺគាត់អត់មានកម្រៃ បើអំបិលផលិតបានតិចតួចគាត់ទទួលបានកម្រៃតិចតួចដែរព្រោះវាជារបបម៉ៅការ»។

ចំណែកលោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) បានថ្លែងថា បញ្ហាកុមារដែលបោះបង់ការសិក្សា គឺមានច្រើនរូបភាព ដូចជាទៅធ្វើការនៅស្រែអំបិល ចំការស្វាយចន្ទីរ និងចំការចេកជាដើម។ លោកថា ការមានវត្តមានកុមារធ្វើការនៅតាមស្រែអំបិល គឺជាភាពបរាជ័យមួយរបស់រដ្ឋ ព្រោះរដ្ឋធ្លាប់បានប្ដេជ្ញាថានឹងលុបបំបាត់ពលកម្មកុមារនៅស្រែអំបិល។
លោកថ្លែងថា៖«រឿងពលកម្មកុមារនេះ រដ្ឋបានសន្យារាប់ឆ្នាំហើយតាំងពីឆ្នាំ២០១០ សន្យាថាលែងឱ្យមានពលកម្មកុមារនៅក្នុងវិស័យផលិតអំបិល ជាក់ស្ដែងគឺនៅតែមាន ដោយសារតែពលរដ្ឋអត់មានចំណូលអីច្រើន ចឹងការងារនៅស្រែអំបិលគាត់បានប្រាក់ខែតិច គាត់មានតែឱ្យកូនគាត់ឈប់រៀនជួយធ្វើការដើម្បីបានចំណូល»។
លោក តុលា ក៏បានលើកឡើងពីការចំណាយលុយច្រើននៅសាលារដ្ឋ ដែលមិនខុសគ្នាប៉ុន្មានពីការចំណាយនៅសាលាឯកជន ជាហេតុធ្វើឱ្យគ្រួសារក្រីក្រមួយចំនួនមិនអាចផ្គត់ផ្គង់លុយឱ្យកូនបានរៀន ស្របពេលដែលជីវភាពរបស់ពួកគេនៅមានកម្រិត។
លោក តុលា បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវមានការត្រួតពិនិត្យឡើងវិញជាប្រព័ន្ធ ថាតើនៅតាមក្រុមហ៊ុន ឬការដ្ឋាននានាមានកុមារមកធ្វើការដែរឬទេ។ បន្ថែមពីនេះ គឺត្រូវគិតគូរអំពីប្រាក់ឈ្នួលកម្មករឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ លុបបំបាត់អំពើរពុករលួយនៅតាមសាលារៀន និងផ្ដល់កិច្ចគាំពារសង្គមទៅឱ្យប្រជាពលរដ្ឋដោយតម្លាភាព។
លោកអះអាងយ៉ាងដូច្នេះថា៖«រឿងប្រព័ន្ធអប់រំ យើងគួរតែពិនិត្យលើអំពើរពុករលួយនៅក្នុងវិស័យអប់រំ ដោយកាត់បន្ថយឬលុបបំបាត់ឱ្យមានប្រសិទ្ធភាពកុំឱ្យមានការយកលុយក្មេង ឬលក់ឯកសារក៏ដូចជាចំណាយអ្វីផ្សេងៗដែលមិនមែនជាចំណាយរបស់រដ្ឋបានកំណត់»។
លោកបន្តថា៖«ទាក់ទងនឹងលក្ខណ្ឌបំណុល ប្រសិនបើពលរដ្ឋនៅជាប់បំណុលថាតើរដ្ឋគូរតែមានបដិភាគណាមួយជួយទៅដល់ប្រជាពលរដ្ឋក្រីក្រខ្លាំង អាចមានលទ្ធភាពសងបំណុលទៅធនាគារបាន»។
ចំណែក លោកសន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ករណីដែលមានកុមារបោះបង់ការសិក្សាហើយមកជួយការងារឪពុកម្ដាយដូច្នេះ គឺជាទម្រង់មួយនៃការប៉ះពាល់រយៈពេលវែងផ្នែកធនធានមនុស្ស។
លោកបញ្ជាក់ថា៖«បើពួកគេឈប់រៀនមានន័យថា អនាគតពួកគេកាន់តែស្រពេចស្រពិល ហើយវានឹងនាំឱ្យមានការរងផលប៉ះពាល់ដល់ការរៀបចំដំណើរជីវិតរបស់ពួកគេ»។
លោក ជ័យ អះអាងថា រដ្ឋាភិបាលគួរតែបិទបញ្ចប់ទម្រង់ពលកម្មកុមារក្នុងរូបភាពបែបនេះ ហើយក្រសួងពាក់ព័ន្ធនានាគួរតែរកមធ្យោបាយដើម្បីជួយកុមារឱ្យបានរៀនសូត្រឡើងវិញ។
ជុំវិញបញ្ហានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនបានឆ្លើយតបនឹងសំណួរជុំវិញបញ្ហានេះទេ តែលោកបានមានប្រសាសន៍ថា គុណភាពអប់រំ អាស្រ័យលើការតាំងចិត្តរបស់អ្នកសិក្សាផ្ទាល់ និងការចូលរួមគាំទ្រការរៀនសូត្រពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។
លោក សុវាចា បន្តថា ក្នុងន័យនេះ ក្រសួងអប់រំ ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយ:គ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមានជាមួយក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំមាតាបិតា និងគ្រប់តួអង្គពាក់ព័ន្ធ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងផែនការកាលពីចុងឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងពេលប្រទេសកម្ពុជារងវិបត្តិជំងឺកូវីដ១៩ បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីក្រ បានកើនឡើងដល់ប្រមាណ១៨%។
ទន្ទឹមនឹងនេះ បើតាមរបាយការណ៍ត្រួតពិនិត្យការអប់រំសកលឆ្នាំ ២០១៧-២០១៨ របស់អង្គការយូណេស្កូបានបង្ហាញថា កុមារទូទាំងពិភពលោកចំនួន ២៦៤ លាននាក់មិនបានចូលសាលារៀន។
ដោយឡែក កុមារកម្ពុជាចំនួន ៣ ១៤៣ ២៥២ នាក់បានចុះឈ្មោះចូលរៀន នេះបើយោងតាមស្ថិតិជាតិឆ្នាំ ២០១៧-២០១៨។ ក្នុងនោះផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងនៅក្នុងសន្និសីទស្តីពី អត្រាបោះបង់ការសិក្សា មានកុមារប្រហែល ២៣ ភាគរយនៅតាមខេត្តចំនួន៣នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃបានបោះបង់ការសិក្សា៕