ខេត្តបាត់ដំបង៖ ខណៈដែលកុមារផ្សេងទៀតមានជីវភាពសមរម្យ មានគ្រួសារផ្គត់ផ្គង់ និងទទួលបានការ អប់រំពេញលេញ ដោយឡែកកុមារមួយចំនួនដែលកំពុងរស់នៅលើគំនរសំរាមស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបោះបង់ការសិក្សា ប្រឈមបញ្ហាសុខភាព និងអនាម័យ នៅពេលពួកគេកំពុងជួយរើសសំរាមឪពុកម្តាយពួកគេដើម្បីចិញ្ចឹមក្រពះ។
ធ្វើដំណើរជិត១០គីឡូម៉ែត្រពីក្រុងបាត់ដំបង មកទីលានចាក់សំរាមក្រុងបាត់ដំបង ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត គេនឹងឃើញផ្ទៃដីលាតសន្ធឹងប្រមាណ៥ហិកតា ដែលព័ន្ធជុំវិញដោយវាលស្រែអ្នកភូមិ ពោរពេញដោយគំនរសំរាមគ្រប់ប្រភេទ និងមានផ្ទះខ្ទមតូចៗសង់ស្នាក់នៅក្បែរគំនរសំរាមជាជួរៗ។
ផ្ទះខ្ទមជិត៥០គ្រួសារនោះ គឺជាផ្ទះរបស់ពលរដ្ឋក្រីក្រ ដែលមកតាំងទីលំនៅជាប់នឹងទីលានចាក់សំរាម ដើម្បីងាយស្រួលរើសអេតចាយចិញ្ចឹមជីវិត ដោយភាគច្រើនពួកគេមករើសជាលក្ខណៈគ្រួសារ មានប្ដី ប្រពន្ធ និងកូនៗរបស់ពួកគេមករើសជាមួយ។
បើតាមកិច្ចសម្ភាសជាមួយអាណាព្យបាល និងកុមារដែលកំពុងរើសសំរាម ក្នុងចំណោមកុមារ៦នាក់ មានកុមារប្រហែល៤នាក់ទៅហើយ ដែលបានបោះបង់ការសិក្សា មករើសអេតចាយនៅគំនរសំរាមជាមួយឪពុកម្ដាយពួកគេ ហើយក៏មានកុមារផ្សេងទៀត ដែលឆ្លៀតពេលទំនេរពីការសិក្សាមករើសសំរាមទាំងប្រថុយប្រថានផងដែរនៅទីលានចាក់សំរាមអូរមុនី។
អាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ កុមារា តី ប្រាប់អ្នកយកព័ត៌មានខេមបូចានៅទីលានចាក់សំរាម ក្នុងខេត្តបាត់ដំបងថា រូបគេបានឈប់រៀននៅថ្នាក់ទី៨ ដោយសារតែបញ្ហាជីវភាព និងរៀនមិនទាន់គេ ទើបរូបគេសម្រេចចិត្តមកជួយរើសអេតចាយ ជាមួយម្ដាយឪពុក និងបងប្អូន។
កុមារា តី និយាយថា៖ «ខ្ញុំឈប់រៀននៅថ្នាក់ទី៨ [មូលហេតុដែលឈប់] គឺរៀនធ្លាក់ ហើយខ្ញុំមក[រើសអេតចាយ] ឱ្យប៉ាខ្ញុំ»។
ឈរកាន់បាវក្រចៅដែលផ្ទុកដោយសំបកដប កុមារា តី មានសភាពស្លេកស្លាំង បែកញើសជោកខ្លួន នៅលើដៃមានពងបែក កន្ទួលរមាស់ មិនមានទ្រនាប់ជើងការពារសម្រាប់រើសសំរាម គឺពាក់ស្បែងជើងផ្ទាត់ប្រឡាក់ដោយភក់ជ្រាំពីក្នុងគំនរសំរាម និងមានរុយរោមខ្លួនផងដែរ។
ដោយសារតែមិនមានឧបករណ៍ និងសម្ភារៈការពារ ពេលរើសសំរាម កុមារា តី ប្រាប់ថារូបគេតែងតែឈឺគ្រុនក្ដៅ ផ្ដាសាយ ហើយរូបគេក៏បារម្ភចំពោះបញ្ហាសុខភាពផងដែរ។
កុមារា តី ឱ្យដឹងថា៖ «ខ្ញុំធ្លាប់ឈឺម្ដងម្កាលដែរ គ្រុនក្ដៅខ្លួន មួយថ្ងៃពីរថ្ងៃជាហើយ»។

ចំណែកកុមារា សុភ័ណ្ឌ កក្កដា មានអាយុ១៥ឆ្នាំ រៀនថ្នាក់ទី៦ ប្រាប់ឱ្យដឹងថា រូបគេឆ្លៀតពេលទំនេរពីការសិក្សា មករើសសំរាមជាមួយម្ដាយ និងបងៗរបស់គេ ដើម្បីបានប្រាក់ខ្លះដោះស្រាយជីវភាពគ្រួសារ។ ដោយសារតែបញ្ហាជីវភាព កក្កដា មករើសអេតចាយ និងជួយកិច្ចការផ្ទះច្រើនជាងទៅរៀននៅឯសាលា។
កក្កដា ប្រាប់ថា៖ «ខ្ញុំមករើសនៅនេះយូរហើយជាមួយបងប្អូនច្រើនដែរ តាំងពីគេមកចាក់នៅនេះ។ បើគ្រូអត់រៀនខ្ញុំមកកាយ[សំរាម] តែបើគ្រូរៀនទៅមើលប្អូនវិញ»។
កក្កដា បន្ថែមទៀតថា រូបគេបារម្ភពីបញ្ហាសុខភាព និងធ្លាប់មានរបួសមានដំបៅដោយសារតែមុតអំបែងដបដោយមិនបានចាក់ថ្នាំការពារនោះឡើយ ខណៈនៅលើដៃមានកន្ទួលរមាស់ផងដែរ។
កក្កដា ឱ្យដឹងទៀតថា៖ «[ខ្ញុំ]ភ័យរឿងសុខភាពដែរ ខ្លាចមុតអំបែង ធ្លាប់មុតអំបែងដបត្រូវជើង ដំបៅ តែខ្ញុំមករើស[អេតចាយ]ព្រោះចង់ជួយម៉ាក់ខ្ញុំជំពាក់បំណុល ខ្ញុំក៏ចង់ទៅរៀនជាប់លាប់ដែរ»។
អ្នកស្រីឆោម ពៅ អាយុ៥៣ឆ្នាំ ជាពលរដ្ឋដែលមករើសអេតចាយបានរយៈពេលជាង២ឆ្នាំ ប្រាប់ឱ្យដឹងថា នៅទីលានចាក់សំរាមនេះ មានកុមារខ្លះបោះបង់ការសិក្សាឱ្យមកជួយរើសអេតចាយ ហើយក៏មានកុមារខ្លះទៀតទំនេរពីការរៀនមកជួយរើសផងដែរ។
អ្នកស្រី ពៅ និយាយថា៖ «ខ្លះគេឈប់រៀនខ្លះគេសម្រាកសៅរ៍អាទិត្យអីមកជួយរើសម្ដាយអ៊ីចឹងណា៎»។
អ្នកស្រី នី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ ចិញ្ចឹមកូនពីរនាក់ក្នុងបន្ទុក បានរៀបរាប់ថា រូបគាត់មិនចង់ឱ្យកូនឈប់រៀន ដើម្បីមកជួយរើសអេតចាយឡើយ ប៉ុន្តែដោយសារតែអ្នកស្រីពុំមានលទ្ធភាពក្នុងការចិញ្ចឹមកូន ទើបពួកគេសម្រេចចិត្តឈប់រៀន មកជួយរកលុយ។
អ្នកស្រី នី ឱ្យដឹងថា៖ «វាឃើញខ្ញុំលែងគ្នាទៅ វាឈប់រៀនមកជួយរើសខ្ញុំ ខ្ញុំចិញ្ចឹមកូនតែឯង»។ អ្នកស្រីបន្តថា៖ «គ្មានឪពុកម្ដាយណាដែលចង់ឱ្យកូនអត់ចេះដឹងទេ អាណិតកូនដែរ តែវាឈប់ខ្លួនវា មកជួយខ្ញុំ»។
អ្នកស្រី នី និងកូនពីរនាក់របស់អ្នកស្រី សង់ផ្ទះខ្ទមតូចមួយនៅក្បែរគំនរសំរាម ចំណែកការហូបចុក និងទឹកស្អាត ក៏ពុំបានគ្រប់គ្រាន់នោះទេ ដោយសារតែបញ្ហាជីវភាព ខណៈការរើសអេតចាយនៅគំនរសំរាម បានធ្វើឱ្យអ្នកស្រី និងកូនៗ ធ្លាក់ខ្លួនឈឺម្ដងម្កាលផងដែរ។
ស្រ្តីមេមាយរូបនេះនិយាយថា៖«ខ្ញុំបារម្ភសុខភាពដែរ តែធ្វើម៉េចយើងជំពាក់អង្គការ កូនៗឈឺដែរតាស៎ ពេលឈឺយើងវាអត់មានប័ណ្ណក្រីក្រវាពិបាកដែរ សួរមេភូមិគេធ្វើឱ្យ តែមិនទាន់ឃើញធ្លាក់ឈ្មោះមក»។
ដោយសារតែអ្នកស្រី និងគ្រួសារផ្សេងទៀតស្នាក់នៅលើគំនរសំរាម ដូច្នេះមិនមានប្រព័ន្ធភ្លើង និងទឹកស្អាតប្រើឡើយ ពោលគឺសុំទឹកអង្គការកែច្នៃជីកំប៉ុសក្បែរទីលានចាក់សំរាម ដើម្បីប្រើប្រាស់ក្នុងការដាំស្ល។
អ្នកស្រីនិយាយថា៖«ខ្ញុំមកនៅទីនេះ១២ឆ្នាំហើយ កូនខ្ញុំមកនៅនេះទាំងអស់ហ្នឹង ហើយយើងសុំទឹកគេប្រើ អត់មានភ្លើងទេ ទឹកយើងដាំដាក់តែហូប បន្លែដើរបេះត្រកួនតាមស្រែមកស្ល»។

ក្រៅតែពីទីលានចាក់សំរាមស្ថិតក្នុងសង្កាត់ស្លាកែត មិនឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបង គឺមានទីលានចាក់សំរាមមួយកន្លែងទៀត នៅក្នុងឃុំអន្លង់វិល។ ទីតាំងនោះមានក្មេងស្រីប្រុសជាច្រើននាក់មករើសអេតចាយជាមួយម្ដាយឪពុកគេ ដូចនៅទីលានចាក់សំរាមក្នុងសង្កាត់ស្លាកែតដែរ ប៉ុន្តែពួកគេមិនបានសង់ផ្ទះស្នាក់នៅលើគំនរសំរាមឡើយ។
កុមារា រិទ្ធ សារ៉ន អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ ប្រាប់ឱ្យដឹងថា រូបគេតែងតែក្អក រមាស់ដៃជើង ហើយភ្នែកឡើងក្រហមនៅពេលមករើសសំរាម ដោយសារតែទីលានចាក់សំរាមដែលគាត់មករើសមានផ្សែងហុយ ព្រោះរូបគេរើសសំរាមដោយមិនមានសម្ភារៈការពារឡើយ។
កុមារា សារ៉ន និយាយថា៖ «ខ្ញុំមករើស[អេតចាយ]ពីរនាក់បងប្រុសខ្ញុំ ម្ដាយឪពុកខ្ញុំធ្វើការ ហើយភ្នែកខ្ញុំក្រហមដោយសារផ្សែងមួយអាទិត្យ ហើយក្រហាយភ្នែក ធ្លាប់មុតដៃមុតជើងដែរ»។
កុមារា សារ៉ន ប្រាប់ឱ្យដឹងទៀតថា រូបគេមករើសកាកសំណល់រឹងដែលអាចយកទៅលក់បាន ដូចជាសំបកកំប៉ុង ដបទឹកសុទ្ធ ជារៀងរាល់ថ្ងៃនៅពេលដែលគេទំនេរពីការសិក្សា។ ថ្វីត្បិតតែរូបគេមិនបានឈប់រៀន តែកុមាររូបនេះ នៅតែប្រឈមជាមួយការសិក្សា និងបញ្ហាសុខភាព។
សារ៉ន និយាយទៀតថា៖ «ខ្ញុំធ្លាប់ក្អកពេលនៅជិតផ្សែង ប៉ាខ្ញុំឱ្យមករើស រៀនមិនសូវទាន់គេដែរ»។
ចំណែកកុមារមួយរូបទៀត គឺកុមារា រិទ្ធ ឧសភា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៦ ប្រាប់ឱ្យដឹងថា រូបគេរួមជាមួយបងៗចំនួនពីរនាក់ទៀត មករើសអេតចាយ ដើម្បីលក់យកលុយទៅរៀន ទាំងពេលខ្លះរូបគេមុតជើង មុតដៃ ដោយសារតែអំបែងដប និងម្ចុល។
ឧសភា និយាយថា៖ «គាត់ឱ្យមករើសយកលុយទៅរៀន ពេលខ្លះរើសពីព្រឹកដល់ម៉ោង៥ល្ងាច ពេលខ្លះក្អកម្ដងម្កាលនៅផ្ទះ»។
កុមាររូបនេះ លើកឡើងថា រូបគេចង់ទៅរៀនជាប់លាប់ដូចកុមារដទៃទៀតដែរ ដោយមិនចង់មករើសអេតចាយដើម្បីយកលុយទៅរៀននោះទេ ប៉ុន្តែឪពុកម្ដាយគេមិនមានលុយគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ឱ្យទៅរៀន។
ឧសភា និយាយថា៖ «ខ្ញុំចង់ផ្ដោតលើការរៀន គិតថាវាប៉ះពាល់ការរៀនដែរ ហើយការញាំមិនបានគ្រប់គ្រាន់ទេ ពេលខ្លះមានលុយពេលខ្លះអត់»។
បើតាម ចៅសង្កាត់ស្លាកែត លោក ទួត អ៊ីន បានប្រាប់ខេមបូចា នៅរសៀលថ្ងៃអង្គារនេះឱ្យដឹងថា លោកមានក្ដីបារម្ភចំពោះបញ្ហាសុខភាព និងការបោះបង់ការសិក្សារបស់ក្មេងដែលនៅលើគំនរសំរាមនោះដែរ ដោយបន្ថែមថាកន្លងមកអាជ្ញាធរ និងអង្គការសង្គមស៊ីវិលតែងចុះយកអំណោយ និងសម្ភារៈចាំបាច់ចែកជូនពួកគាត់ ក៏ដូចជាផ្ដល់ការណែនាំផ្សេងៗផងដែរ។
លោកបន្ថែមថា៖ «ដោយសារតែការព្រួយបារម្ភហ្នឹងឯង! ទើបមានសប្បុរសជន ខាងអង្គការផ្សេងៗគេជួយ ដើម្បីសុខភាពពួកគាត់»។
រីឯការសិក្សាលោកចៅសង្កាត់លើកឡើងថា ក្មេងទាំងនោះតែងទទួលបានការបណ្ដុះបណ្ដាលនៅពីសាលារៀនអង្គការជាប្រចាំ។ លោកមានប្រសាសន៍ថា៖ «គេមានអង្គការឃុំគេនៅបង្រៀននៅហ្នឹងហើយតើ! គេបង្រៀននៅហ្នឹង សាលារៀនគេនៅហ្នឹង»។
ជាការជំនួស និងអាចបញ្ចៀសពីការប៉ះពាល់ដល់សុខភាពផ្សេងៗ លោក អ៊ីន លើកទឹកចិត្តឱ្យអ្នកដែលរស់នៅលើគំនរសំរាមនៅទីលានឯកភ្នំនោះ គួរធ្វើការផ្លាស់ប្ដូរទៅទីតាំងចាក់សំរាមថ្មីដែលមានទីតាំងក្នុងភូមិ ប៉ោយស្វាយ សង្កាត់តាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង តាមការសំណូមពរ និងណែនាំពីសំណាក់អាជ្ញាធរនាពេលកន្លងទៅ។ ដោយលោកថា នៅទីនោះគឺពួកគាត់នឹងមានកន្លែងស្នាក់នៅសមរម្យ សាលារៀន និងមន្ទីរពេទ្យផងដែរ។

ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក យី សុងគី មិនអាចសុំការបកស្រាយបានឡើយជុំវិញបញ្ហានេះ ដោយប្រាប់ថា«កំពុងរវល់ប្រជុំ» រួចក៏ចុចបិទទូរសព្ទ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មិនបានឆ្លើយតបនឹងករណីក្មេងបោះបង់ការសិក្សានៅគំនរសំរាមទេ ប៉ុន្តែលោកគ្រាន់មានប្រសាសន៍ថា ក្រសួងអប់រំបានដាក់ចេញនូវអាទិភាពអប់រំសំខាន់ៗមួយចំនួនដើម្បីបំពេញតម្រូវការក្នុងការឆ្លើយតបការវិវត្តនៃការអប់រំ ដែលផ្ដោតលើការស្ដារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្សជាដើម។
លោក សុវាចា ថ្លែងថា៖ «ចាប់ពីឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវអាទិភាពលើកកម្ពស់គុណភាពអប់រំចំនួន៨ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មការអប់រំ»។
អាទិភាពលើកកម្ពស់គុណភាពអប់រំចំនួន៨ចំណុច រួមមាន៖ ១)ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ២)កំណែទម្រង់សាលារៀន ៣)ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់ ៤) ការអប់រំឌីជីថល ៥)ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៦)ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន ៧)ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង ៨)ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។
ដោយឡែក ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថា កុមារដែលរស់នៅកង្វះអនាម័យ និងកំពុងរើសសំរាមដើម្បីជួយសម្រាលបន្ទុកគ្រួសារ គឺប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ចំពោះពួកគេទាំងនោះ។ បញ្ហាសុខភាព ដែលកុមារទាំងនោះអាចឆ្លងជំងឺ មានដូចជាបញ្ហាផ្លូវដង្ហើម បញ្ហារបេង ជំងឺតេតាណុស និងបញ្ហាកូវីដជាដើម។
លោកវេជ្ជបណ្ឌិតនិយាយថា៖ «វាប្រឈមច្រើន ទីមួយការរស់នៅមិនស្អាតមិនមានអនាម័យល្អ ទីពីរគាត់រស់នៅគំនរសំរាមប្រឈមជំងឺផ្សេងៗ៖ ជំងឺរបេងរុំារ៉ៃ ជំងឺរលាកសួត និងជំងឺផ្លូវដង្ហើមជាច្រើនដែលឆ្លងមកកុមារ ព្រោះសំរាមជាប្រភពនៃមេរោគ»។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា គំនរសំរាម គឺជាប្រភពនៃឧស្ម័នហ្គាសដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ និងខួរក្បាលកុមារ។ ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត វុទ្ធី យល់ឃើញថា រដ្ឋាភិបាល ក្រសួងអប់រំ និងអាជ្ញាធរមូលដ្ឋាន គប្បីចាត់វិធានការដើម្បីគំាទ្រឱ្យកុមារទាំងនោះទទួលបានឱកាសរៀនសូត្រ និងការពារខ្លួននៅពេលដែលពួកគេរើសសំរាម។
លោកវេជ្ជបណ្ឌិតវុទ្ធី និយាយថា៖ «បច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿន អ៊ីចឹងទេយើងគួរណាតែខាងសង្គម និងរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធមេត្តាផ្ដល់ស្រោមដៃ ដើម្បីកុំឱ្យកកាយសំរាមមុតដៃមុតជើង បង្ករដល់មេរោគ តេតាណុស បើគាត់ឆ្លងតេតាណុសគាត់អាចនឹងស្លាប់លឿន»។
នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ការទទួលបានការអប់រំមួយដែលមានគុណភាព និងឥតគិតថ្លៃ គឺជាសិទ្ធិដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។
បើតាមមាត្រា៦៥ នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា៖ «រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានការអប់រំមួយប្រកបដោយគុណភាពនៅគ្រប់កម្រិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប…»។
ចំណែកអង្គការយូនីសេហ្វ បានលើកឡើងថា កុមារគ្រប់រូបមានសិទ្ធិរៀនសូត្រ មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណានោះឡើយ។ ការផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ការរៀនសូត្ររបស់កុមារមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ។ ទោះជាយ៉ាងនេះក៏ដោយ នៅប្រទេសកម្ពុជា មានកុមារី និងកុមារាជាច្រើននាក់ពុំបានរៀនសូត្រគ្រប់គ្រាន់ ជាពិសេសកុមារដែលរស់នៅក្នុងតំបន់ក្រីក្រនៅជនបទ និងទីប្រជុំជន៕