លោកយាយ ឡុង សម្បូរ អាយុ៨៧ឆ្នាំដែលមានជំងឺឈឺចង្កេះងើបមិនរួចត្រូវបានគេយកទៅដាក់ចោលនៅក្នុងវត្តមួយនៅខេត្តត្បូងឃ្មុំ ខណៈលោកតា អ៊ុង នាង អាយុ៧០ឆ្នាំកំពុងរស់នៅតែលតោលគ្មានទីពឹង គ្មានទីស្នាក់អាស្រ័យពិតប្រាកដ ចាប់តាំងពីភរិយារបស់គាត់គឺលោកយាយ ឌុក សាខន អាយុ៧៣ឆ្នាំបានស្លាប់កាលពីជិត២ឆ្នាំមុនបន្ទាប់ពីរស់នៅក្នុងជីវភាពក្រតោកយ៉ាកដ៏គួរឱ្យសង្វេគហូបព្រឹកខ្វះល្ងាច។
សាច់រឿងរបស់លោកយាយ ឡុង សម្បូរ និងលោកតា អ៊ុង នាង នេះគ្រាន់តែជាការឆ្លុះបញ្ចាំងមួយផ្នែកពីទុក្ខលំបាករបស់មនុស្សចាស់ដែលគ្មានទីពឹង ក្នុងចំណោមមនុស្សចាស់ដែលមានចំនួន១,៣៨លាននាក់ ឬស្មើ៨,៩ភាគរយនៃប្រជាជនកម្ពុជាសរុប។
លោកយាយ ឡុង សម្បូរ អាយុ៨៧ឆ្នាំ ត្រូវបានគេយកទៅដាក់ចោលនៅវត្តពណ្ណរាយ ក្នុងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំអស់រយៈពេលជាង២ខែមកហើយដោយមិនឃើញមានកូនឬបងប្អូនសាច់ញាតិរបស់គាត់ណាម្នាក់ទៅសួរសុខទុក្ខនិងពុំមានអ្នកណាម្នាក់ស្គាល់គាត់ឡើយគិតមកដល់ត្រឹមថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤។
តាមរយៈវីដេអូឃ្លីប១ដែលត្រូវបានគេចែករំលែកតៗគ្នាព្រះសង្ឃមួយអង្គគង់នៅវត្តពណ្ណរាយ បានសាកសួរលោកយាយដែលកំពុងតែដេកស្តូកស្តឹងងើបមិនរួចនៅក្នុងសាលាឆាន់នៃវត្តពណ្ណរាយ ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយស្វែងរកកូននិងបងប្អូនរបស់គាត់ឱ្យមកទទួលយកគាត់ទៅមើលថែវិញមិនគួរយកគាត់ដាក់ចោលដូច«សត្វធាតុបែបនេះនោះទេ ដែលវាពិតជារឿងអមនុស្សធម៌ដ៏គួរឱ្យសង្វេគខ្លាំងណាស់ពីព្រោះពុំមានអ្នកណាមើលថែគាត់ឡើយ»។
លោកយាយ សម្បូរ បាននិយាយឆ្លើយតបទៅនឹងការសួររបស់ព្រះសង្ឃអង្គនោះទាំងសំឡេងមិនសូវច្បាស់ក្នុងសភាពវង្វេងវង្វាន់ថា ប្តីរបស់គាត់ឈ្មោះតានួន ធ្វើទាហានប៉ុន្តែបានស្លាប់កាលពីឆ្នាំមុនហើយគាត់មានកូន៤នាក់។ក្នុងវីដេអូឃើញមានស្ត្រីម្នាក់បានលាត់បង្ហាញស្នាមដំបៅដែលមានបិទសំឡីរុំមុខរបួសនៅត្រង់ចង្កេះរបស់លោកយាយសម្បូរទាំងសងខាង ហើយព្រះសង្ឃអង្គនោះមានសង្ឃដីការៀបរាប់ថា៖ «លោកយាយគាត់ឈឺចង្កេះគាត់មានដំបៅចង្កេះមិនអាចងើបអង្គុយបានទេ ហើយពេលយប់ឡើងគាត់ឈឺខ្លាំងគាត់ស្រែកថ្ងូរខ្លាំងៗ មិនបានដេកទេ»។
បើតាមព្រះសង្ឃអង្គនោះបានឱ្យដឹងថា លោកយាយសម្បូរមានស្រុកកំណើតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាល។ ប៉ុន្តែទោះយ៉ាងណាព្រះសង្ឃអង្គនោះបានបញ្ជាក់ថា ឈ្មោះភូមិឃុំដែលលោកយាយរូបនេះប្រាប់ក៏មិនប្រាកដថាត្រឹមត្រូវដែរដោយសារតែគាត់វង្វេងវង្វាន់ហើយនិយាយមិនច្បាស់ស្តាប់មិនសូវបាន។
ចំណែកលោកតា អ៊ុង នាង ដែលរស់នៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតាំងពីក្រោយឆ្នាំ១៩៧៩មកនោះប៉ុន្តែពេលនេះកំពុងរស់នៅតែលតោលគ្មានទីពឹង បន្ទាប់ពីប្រពន្ធរបស់គាត់ឈ្មោះឌុក សាខនដែលពិការភ្នែកម្ខាងបានស្លាប់នៅផ្ទះកូនប្រុសតែម្នាក់គត់របស់គាត់ដែលទៅរៀបការប្រពន្ធនៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ខេត្តតាកែវ កាលពីដើមឆ្នាំ២០២៣បន្ទាប់ពីផ្ទះរបស់គាត់នៅក្នុងខណ្ឌច្បារអំពៅត្រូវបានលក់ចាយនិងព្យាបាលជំងឺអស់។
បច្ចុប្បន្នលោកតា អ៊ុង នាង គ្មានទីកន្លែងស្នាក់អាស្រ័យពិតប្រាកដនោះទេ ពេលខ្លះគាត់ទៅស្នាក់នៅជាមួយក្មួយសាច់ឆ្ងាយនៅឯស្រុកកំណើតក្នុងឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងពេលខ្លះទៅស្នាក់នៅវត្ត ដោយសារតែគាត់រស់នៅមិនចុះសម្រុងជាមួយកូនប្រសារស្រី ហើយពេលខ្លះគាត់មកស្នាក់អាស្រ័យផ្ទះក្មួយក្នុងខណ្ឌច្បារអំពៅ។
លោកតា អ៊ុង នាង និយាយថា៖ «បើរដ្ឋាភិបាលមានសង់មណ្ឌលសម្រាប់មនុស្សចាស់និងអាចផ្តល់ប្រាក់ខែឱ្យមនុស្សចាស់ដែលគ្មានទីពឹងដូចខ្ញុំអាចរស់នៅបានសមរម្យវាពិតជាប្រពៃខ្លាំងណាស់ ពីព្រោះខ្ញុំចាស់ហើយម៉្យាងមានជំងឺប្រចាំកាយផងមិនអាចទៅធ្វើការឬរកស៊ីអ្វីបានទេ»។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាបានទទួលស្គាល់ពីទុក្ខលំបាករបស់មនុស្សចាស់ដែលគ្មានទីពឹង។ លោកប្រាប់ខេមបូចាថា រដ្ឋាភិបាលគួរតែបង្កើតមណ្ឌលថែទាំមនុស្សចាស់សម្រាប់មនុស្សចាស់ដែលគ្មានទីពឹង។ប៉ុន្តែនៅពេលដែលរៀបចំបង្កើត គួរដើរស្របគ្នាជាមួយការជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន ឬអង្គការសង្គមស៊ីវិលដែលមានការផ្តល់សេវាទៅលើមនុស្សចាស់ឱ្យចូលរួមឱ្យបានច្រើន ខណៈបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានវិស័យឯកជន និងសង្គមស៊ីវិលធ្វើការលើវិស័យមនុស្សចាស់នេះច្រើននៅឡើយទេ ហើយមណ្ឌលមនុស្សចាស់ដែលមានបច្ចុប្បន្ននេះក៏មិនទាន់បានផ្តល់នូវសេវាថែទាំមនុស្សចាស់នៅឡើយដែរ។
លោកលើកឡើងថា៖ «តាមពិតទៅនៅកម្ពុជាយើង យើងមានវប្បធម៌យើងមានប្រពៃណីល្អណាស់ក្នុងការថែទាំមនុស្សចាស់ក្នុងក្រុមគ្រួសារតាំងពីដើមមានន័យថា នៅក្នុងគ្រួសារ កូនត្រូវថែទាំឪពុកម្តាយ ហើយសហគមន៍ត្រូវជួយគ្នាទៅវិញទៅមកឃើញថាល្អមែនទែនប៉ុន្តែបច្ចុប្បន្នវាបានប្រែប្រួល»។
យ៉ាងណាក្តី បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ មណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹងមួយត្រូវបានបង្កើតឡើងជាលើកដំបូង និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅបរិវេណវត្តសឹម្ពិលីព្រឹក្សារកាជួរ ស្ថិតក្នុងភូមិរកាជួរទី១ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ មណ្ឌលថែទាំមនុស្សចាស់ដោយឥតគិតថ្លៃនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ នៅក្នុងសហគមន៍ ជាពិសេស ដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់មនុស្សចាស់ដែលគ្មានទីពឹង។
ខេមបូចា មិនអាចស្វែងរកព័ត៌មានថាតើបច្ចុប្បន្នកម្ពុជាបានបង្កើតមណ្ឌលថែទាំមនុស្សចាស់ដែលគ្មានទីពឹងបានចំនួនប៉ុន្មាននោះទេ ពីព្រោះមិនអាចសុំធ្វើអត្ថាធិប្បាយពីលោក តូច ចាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាមិនទទួលបានការឆ្លើយតបឡើយ។ ប៉ុន្តែលោក តូច ចាន់នី ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីយកមកចុះផ្សាយកាលពីចុងខែសីហា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលនៅមិនទាន់មានការបង្កើតមណ្ឌលថែទាំមនុស្សចាស់បានទេ តែរដ្ឋាភិបាលលើកទឹកចិត្តឱ្យវិស័យឯកជនអាចមកវិនិយោគលើការងារថែទាំមនុស្សចាស់នេះបាន។
ច្បាប់ការពារការ«បំបោះបង់ចោល»មនុស្សចាស់គួរតែត្រូវបានបង្កើតឡើង
ក្នុងពេលបច្ចុប្បន្នដោយសារស្ថានភាពសេដ្ឋកិច្ចជួបការលំបាកតម្រូវការនៃការរស់នៅរបស់ប្រជាជនកម្ពុជាមានការប្រែប្រួលហើយការប្រែប្រួលនេះវាបានជះឥទ្ធិពលទៅដល់វប្បធម៌ប្រពៃណីទៅលើរចនាសម្ព័ន្ធនៃការថែទាំមនុស្សចាស់ក្នុងក្រុមគ្រួសារយ៉ាងច្រើន។ ត្រង់ចំណុចនេះលោក ទុំ វីរ៉ា លើកឡើងថា ច្បាប់ក្នុងការការពារទៅដល់មនុស្សចាស់ដើម្បីកាត់បន្ថយការបំពានឬក៏ការ«បំបោះបង់ចោល»គួរតែត្រូវបានបង្កើតឡើង ស្របពេលដែលរដ្ឋាភិបាលរៀបចំបង្កើតឱ្យមានមណ្ឌលថែទាំមនុស្សចាស់។មានន័យថា នៅពេលដែលមានមណ្ឌលថែទាំមនុស្សចាស់ក៏អាចមានការប្រឈមទៅដល់ការបោះបង់ចោលមនុស្សចាស់ដែលជាឪពុកម្តាយផងដែរ។ អង្គការមនុស្សចាស់កម្ពុជា ធ្លាប់មានបទពិសោធន៍ប៉ុន្មានករណី កាលពីឆ្នាំ២០២០គឺមានករណីដែលកូនបានយកឪពុកម្តាយទៅ«បំបោះបង់ចោល»នៅវត្ត។
លោក វីរ៉ា បញ្ជាក់ថា៖ «ដូច្នេះខ្ញុំលើកជាមតិយោបល់ថា នៅពេលដែលមណ្ឌលថែទាំមនុស្សចាស់កម្ពុជាបើសិនជាមានការបង្កើតឡើង គួរតែមានច្បាប់ក្នុងការកាត់បន្ថយទៅលើការបោះបង់ឪពុកម្តាយ ទៅលើការបំពានមនុស្សចាស់ផងដែរ»។
រដ្ឋគួរតែបង្កើតមណ្ឌលមនុស្សចាស់
នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាចោទសួរថា តើបច្ចុប្បន្នកម្ពុជាគួរតែមានមណ្ឌលមនុស្សចាស់ទេ? «ខ្ញុំគិតថា រដ្ឋគួរតែមានមណ្ឌលមួយសម្រាប់ផ្តោតតែទៅលើមនុស្សចាស់ដែលគេបោះបង់ទៅបានហើយ។ សម្រាប់គ្រួសារដែលមានកូនចៅខ្ញុំគិតថា រដ្ឋគួរតែពង្រីកហើយពង្រឹងយន្តការថែទាំមនុស្សចាស់នៅតាមគ្រួសារនៅតាមសហគមន៍ ឬក៏ជាពិសេសនៅតាមវត្តអារាម»។
អ្នកធ្វើការពាក់ព័ន្ធនឹងមនុស្សចាស់បានកត់សម្គាល់ថា បច្ចុប្បន្ននៅកម្ពុជាមានមនុស្សចាស់ក្នុងចំនួនតិចតួចប៉ុណ្ណោះដែលមានទ្រព្យសម្បត្តិ ហើយកូនៗក៏មានជីវភាពធូរធារ ទើបមិនបានខ្វល់ខ្វាយអំពីភ័ព្វវាសនាចុងក្រោយនៃជីវិតរបស់ខ្លួន។ក៏ប៉ុន្តែសម្រាប់មនុស្សចាស់ភាគច្រើនដែលគ្មានអ្នកទីពឹង ឬក៏កូនចៅក្រីក្រ គឺកំពុងប្រឈមមុខនឹងបញ្ហាជីវិតជាច្រើនដោយសារតម្រូវការនៅតែមានហើយក្រពះក៏នៅតែស្រេកឃ្លាន។
ដោយសារតែស្ថានភាពបែបនេះបង្ខំឱ្យមនុស្សចាស់ខ្លះនៅតែស្វែងរកការងារធ្វើ ដើម្បីបានកម្រៃប្រចាំថ្ងៃផ្គត់ផ្គង់តម្រូវការរបស់ខ្លួនដូចជាទៅស៊ីឈ្នួលគេ (បោកខោអាវកោសខ្យល់មើលថែក្មេង) ខ្លះដើរដកព្រលឹតលំចង់ ចូលព្រៃរកអនុផលព្រៃឈើលក់ ខ្លះក៏ដើរលក់របស់របរកំប៉ិកកំប៉ុក ខ្លះក៏ទៅរស់នៅពឹងអាស្រ័យនៅតាមវត្តអារាមហើយខ្លះទៀតក៏ដើរសុំទានគេ។
បច្ចុប្បន្ននៅតាមវត្តនៅតាមមណ្ឌលកម្សាន្ត និងនៅតាមផ្សារនានាសម្បូរទៅដោយអ្នកសុំទានហើយនៅខាងក្រោមស្ពានព្រះមុនីវង្សក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ក៏មានស្ត្រីវ័យចាស់ជាច្រើននាក់អង្គុយតម្រៀបគ្នាសុំទានជារៀងរាល់ថ្ងៃផងដែរ។
លោកយាយម្នាក់អាយុ៦៨ឆ្នាំដែលកំពុងអង្គុយសុំទានកាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤បាននិយាយថា លោកយាយមានស្រុកកំណើតនៅក្នុងសង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅ មានកូន៣នាក់។
លោកយាយនិយាយថា៖ «កូនខ្ញុំទាំង៣នាក់សុទ្ធតែក្រចិញ្ចឹមតែប្រពន្ធកូនពួកវាមិនទាំងចង់រស់ផងអាកូនទី២វាអូសរទេះដឹកអីវ៉ាន់ឱ្យគេនៅក្នុងផ្សារច្បារអំពៅ ឯអាកូនទី១និងទី៣វាធ្វើសំណង់ អ៊ីចឹងហើយបានខ្ញុំដាច់ចិត្តមកអង្គុយសុំទាន»។
ស្ត្រីចំណាស់រូបនេះបានត្អូញត្អែរថា បច្ចុប្បន្នគាត់កំពុងមានជំងឺជាច្រើនដូចជាលើសឈាមទឹកនោមផ្អែមឈឺក្រពះ ពោះវៀន ភ្នែកក៏ងងឹតមើលមិនសូវឃើញដែរ។
លោកយាយម្នាក់ទៀតអាយុ៨៦ឆ្នាំមានស្រុកកំណើតនៅឃុំសំរោងស្រុកសំរោង ខេត្តតាកែវបានឱ្យដឹងថា គាត់ជាស្ត្រីមេម៉ាយប្តីស្លាប់ជាច្រើនឆ្នាំមកហើយ។
លោកយាយបានបន្តថា៖ «រាល់ថ្ងៃពិបាកណាស់ ខ្ញុំមានកូន៤នាក់ដែរតែកូនសុទ្ធតែក្រ។បើមិនដើរសុំទានគេបានអីហូប! យាយចាស់ហើយមិនអាចទៅរកស៊ីអីកើតទេ។ដើរសុំទានគ្រាន់បានលុយទិញអីហូបខ្លះ ទុកមើលជំងឺខ្លះ»។
ចំណែកលោកយាយ សាមី អាយុ៦៥ឆ្នាំ មានកូន២នាក់សុទ្ធតែប្រុស ដែលមានស្រុកកំណើតនៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅក្នុងសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅក៏បាននិយាយត្អូញត្អែរពីការលំបាករបស់ខ្លួនដែរថា៖ «កាលពីមុនខ្ញុំរកស៊ីទិញចាបយកទៅលក់នៅមុខវាំង។ តែឥឡូវលក់លែងកើតពីព្រោះដើរចេះតែវិលមុខដួលស្រវាំងភ្នែកធ្លាប់ដើរដួលម្តងបាក់ដៃ។កូនក៏លក់ចាបដែរតែមួយរយៈមកនេះលក់ចាបមិនសូវដាច់ទេទើបខ្ញុំដាច់ចិត្តមកសុំទានគ្រាន់បានលុយកាក់ខ្លះទិញអីហូប និងទុកទិញថ្នាំលេបពេលឈឺ»។
លោកយាយទាំងបីនាក់បានអំពាវនាវដល់រដ្ឋាភិបាលសូមជួយចិញ្ចឹមមនុស្សចាស់ដែលជាអ្នកក្រីក្រដូចជាពួកគាត់នេះផងដោយបង្កើតជាមណ្ឌលថែទាំមនុស្សចាស់ និងជួយឧបត្ថម្ភជាអង្ករនិងផ្តល់ប្រាក់ឧបត្ថម្ភឱ្យដល់មនុស្សចាស់ដែលអាចរស់នៅបានសមរម្យពីព្រោះសព្វថ្ងៃនេះពិបាកណាស់រស់នៅខ្លួនទីពឹងខ្លួនតាមសមាអាជីវោខណៈសុខភាពក៏ចុះខ្សោយ មួយថ្ងៃឈឺមួយថ្ងៃជាមិនអាចទៅប្រកបមុខរបរអ្វីបានឡើយ។
ទាក់ទងនឹងការផ្តល់ប្រាក់ខែដល់មនុស្សចាស់នេះ អតីតគណបក្សសង្គ្រោះជាតិ បានចែងនៅក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួនកាលពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ថា ប្រសិនបើខ្លួនឈ្នះឆ្នោតក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣បានដឹកនាំរដ្ឋាភិបាល ខ្លួននឹងផ្តល់ប្រាក់ខែឱ្យមនុស្សចាស់នៅទូទាំងប្រទេសចំនួន៤ម៉ឺនរៀលក្នុងម្នាក់ៗក្នុង១ខែ។
ប៉ុន្តែលទ្ធផលបោះឆ្នោតឆ្នាំ២០១៣អតីតគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ក្នុងចំណោម១២៥អាសនៈគឺមិនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលឡើយហើយនៅទីបំផុតក្នុងឆ្នាំ២០១៧គណបក្សប្រឆាំងដែលកំពុងកើនប្រជាប្រិយភាពមួយនេះត្រូវបានតុលាការកំពូលសម្រេចរំលាយចោលទៅតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃក្រោមការចោទប្រកាន់ដ៏ចម្រូងចម្រាសពីបទ«បានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល»។
យោងតាមរបាយការណ៍ជំរឿនកាលពីឆ្នាំ២០១៩កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន១,៣៨លាននាក់ ឬស្មើ៨,៩ភាគរយនៃប្រជាជនសរុប ហើយមានការព្យាករណ៍ថា ចំនួនមនុស្សវ័យចំណាស់នៅកម្ពុជាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងអាចនឹងកើនឡើងរហូតដល់១លាន៥សែននាក់នៅក្នុងឆ្នាំ២០២៥ខាងមុខ។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីពេលកន្លងមកថា កម្ពុជាគ្មានភាពចាំបាច់ក្នុងការបង្កើតមណ្ឌលថែទាំមនុស្សចាស់នោះទេ ដោយទុកភារកិច្ចនេះឱ្យកូនចៅមើលថែទាំពួកគាត់។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤បានចេញសារាចរណ៍ណែនាំស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជាក្នុងឆ្នាំ២០២៤ នេះឱ្យបានអធិកអធមក្រោមប្រធានបទ«មនុស្សចាស់ក្នុងបដិវត្តន៍ឌីជីថល»ខណៈទិវានេះត្រូវបានកំណត់យកថ្ងៃទី១ ខែតុលា។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា សង្គមកម្ពុជាជាសង្គមដែលមានលក្ខណៈបែបគ្រួសារដែលជាទូទៅមនុស្សចាស់ត្រូវបានយកចិត្តទុកដាក់ចិញ្ចឹមមើលថែពីកូនចៅ។ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា ឆ្លងកាត់ជំនាន់ ប៉ុល ពត ក្រោយមកក៏មានមនុស្សចាស់មួយចំនួនក្លាយជាស្ត្រីមេម៉ាយ ក្លាយជាបុរសពោះម៉ាយស្លាប់កូនស្លាប់ប្តីស្លាប់ប្រពន្ធក្លាយទៅជាមនុស្សដែលគ្មានទីពឹង ហើយដល់គាត់ចាស់ទៅគាត់ជួបការលំបាក«ហើយបញ្ហានេះរាជរដ្ឋាភិបាលយើងយកចិត្តទុកដាក់ខ្លាំង»។
លោក ប៉ែន បូណា បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលរដ្ឋាភិបាលកំពុងចាប់ផ្តើមអនុវត្តជាបណ្តើរៗក្នុងនោះចំណុចទី៣និយាយពីកម្មវិធីជាតិជំនួយសង្គម។
លោកថ្លែងថា៖ «ហីកម្មវិធីជាតិជំនួយសង្គមហ្នឹងមាន២ចំណុច១នោះនិយាយពីកញ្ចប់គ្រួសារហីខ្លឹមសារគឺការជួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះកុមារអាយុក្រោម២ឆ្នាំ។បន្ទាប់មកគឺផ្តល់អាហារូបករណ៍ដល់សិស្សបឋមនិងមធ្យមសិក្សាចំណេះដឹងទូទៅដល់កូនអ្នកក្រីក្រ»។
លោកបញ្ជាក់ថា៖ «ទី៣ឧបត្ថម្ភសាច់ប្រាក់ដល់ជនមានពិការភាពទី៤ឧត្ថម្ភសាច់ប្រាក់ដល់ជនចាស់ជរាអាយុ៦០ឆ្នាំឡើងឃើញទេ!បើមើលកម្មវិធីនេះគឺតាំងពីចាប់កំណើតក្នុងផ្ទៃរហូតដល់ចាស់ស្លាប់ទៅវិញរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរជាពិសេសចាស់ជរា»។ លោកថា នេះជាគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញហើយកំពុងចាប់ផ្តើមអនុវត្តជាបណ្តើរៗ។
អង្គការមនុស្សចាស់កម្ពុជា ដែលទទួលបានជំនួយពីរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ (BMZ) សហភាពអ៊ឺរ៉ុប (EU), ក្រសួងការបរទេស និងសហប្រតិបត្តិការអូស្ត្រាលី (DFAT) និង UNDP បានបន្តធ្វើការពង្រឹងនិងពង្រីកទៅលើយន្តការថែទាំមនុស្សចាស់នៅតាមគ្រួសារនៅតាមសហគមន៍ក៏ដូចជានៅតាមទីវត្តអារាមផងដែរ។
លោក ទុំ វីរ៉ា បានថ្លែងថា សម្រាប់គ្រួសារដែលមានកូនចៅរដ្ឋគួរតែពង្រីកហើយពង្រឹងយន្តការថែទាំមនុស្សចាស់នៅតាមគ្រួសារទាំងនោះ និងនៅតាមសហគមន៍ ឬក៏ជាពិសេសនៅតាមវត្តអារាម។ត្រង់ចំណុចនេះលោកទុំ វិរ៉ា បញ្ជាក់ថា វាអាចជួយសម្រាលបន្ទុករបស់រដ្ឋផងដែរពីព្រោះយន្តការទាំងអស់នេះគឺជាយន្តការមួយក្នុងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍មនុស្សចាស់។
លោកបន្តថា៖ «គាត់អាចជួយគ្នា មនុស្សចាស់ដែលមិនទាន់ចាស់ខ្លាំងគាត់អាចជួយមនុស្សចាស់ដែលចាស់ខ្លាំងមនុស្សក្មេងអាចជួយទៅដល់មនុស្សចាស់វ័យចាស់ ដែលវាអាចជួយកាត់បន្ថយនូវសេវាថែទាំក៏ដូចជាការទៅស្វែងរកនូវសេវាថែទាំនៅស្ថាប័នរដ្ឋដែលរដ្ឋត្រូវចំណាយច្រើន»។
ក្រៅពីយន្តការដែលគួរមានទៅលើការរៀបចំជាមណ្ឌលថែទាំមនុស្សចាស់របស់រដ្ឋ ឯកជន ឬក៏សង្គមស៊ីវិលឬក៏នៅតាមសហគមន៍នៅតាមវត្តអារាមនេះនាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានលើកឡើងទៀតថា រដ្ឋាភិបាលគួរតែពង្រីកបន្ថែមនូវកម្មវិធីជាតិជំនួយសង្គមសម្រាប់មនុស្សចាស់គឺការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៅលើមនុស្សវ័យចាស់ក៏ដូចជាគ្របដណ្តប់ទៅលើការថែទាំសុខភាពការព្យាបាលសម្រាប់មនុស្សចាស់។ លោកបន្តថា នៅក្នុងពេលបច្ចុប្បន្នរដ្ឋាភិបាលមានការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រនិងគ្រួសារក្រីក្រដែលមានមនុស្សចាស់។ ប៉ុន្តែគួរតែពង្រីកបន្ថែមទៅដល់មនុស្សចាស់ទូទៅ។
លោកមានប្រសាសន៍ថា៖ «ការលើកឡើងមកនេះគឺខ្ញុំយោងទៅតាមវេទិកាជាតិមនុស្សចាស់លើកទី១លើកទី២លើកទី៣ដែលមនុស្សចាស់បានជួបជុំគ្នាហើយបានលើកឡើងនូវតម្រូវការទាំងនេះ។ តម្រូវការធំៗវាមានពី៥ទៅដល់១៧ចំណុចទៅតាមឆ្នាំនីមួយៗ»។
ក្នុងនោះពួកគាត់មានការស្នើឱ្យមានប្រាក់ឧបត្ថម្ភប្រចាំខែទៅតាមលទ្ធភាពដែលរដ្ឋមានសម្រាប់មនុស្សចាស់ទូទៅ មិនមែនផ្តោតតែទៅលើមនុស្សចាស់ខ្លះដែលស្ថិតនៅក្នុងគ្រួសារក្រីក្រនោះទេ ពីព្រោះមនុស្សចាស់ខ្លះដែលគាត់មិនស្ថិតនៅក្នុងគ្រួសារក្រីក្រក៏គាត់មានបញ្ហាប្រាក់ចំណូលដែរដោយសារតែគាត់មិនអាចទៅប្រកបរបររកស៊ីអ្វីបានទៀតទេ។
លោក វីរ៉ា បន្ថែមថា៖ «អ៊ីចឹងការផ្តល់នូវកម្មវិធីនេះជូនគាត់យល់ថា វាដូចជាការសងគុណឬក៏ជាកតញុតាធម៌មួយដែរដែលរដ្ឋអាចមានសម្រាប់មនុស្សវ័យចាស់។មួយទៀតដែលមានការលើកឡើងដែរ គឺការទទួលបានការព្យាបាលនិងការថែទាំសុខភាពដោយមិនគិតថ្លៃ»។
អង្គការមនុស្សចាស់កម្ពុជាដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២មកនោះបានធ្វើកិច្ចការងារជាច្រើនដោយផ្ទាល់ជាមួយមនុស្សចាស់ក៏ដូចជាមួយរាជរដ្ឋាភិបាលផងដែរ។ អង្គការនេះធ្វើការដោយបង្កើតនិងគាំទ្រសមាគមមនុស្សចាស់ដើម្បីឱ្យពួកគាត់ចេះជួយខ្លួនឯងដែលរហូតមកដល់បច្ចុប្បន្ននេះមានសហគមន៍មនុស្សចាស់ជាង២៤០ត្រូវបានបង្កើតហើយអង្គការមនុស្សចាស់បានចូលរួមជួយគាំទ្រនិងបានជួយដោះស្រាយពីតម្រូវការផ្ទាល់របស់មនុស្សចាស់។
បើតាមអង្គការមនុស្សចាស់ កម្ពុជាបានបង្កើតសមាគមមនុស្សចាស់នៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសទាំង១៦៤៦ឃុំសង្កាត់ដែលមានសមាជិកជាមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅជាង៣០ម៉ឺននាក់ប៉ុន្តែពុំទាន់មានមណ្ឌលថែទាំមនុស្សចាស់ទេ។
មានកក្តាចំនួន២ធ្វើឱ្យចំនួនមនុស្សចាស់មានការកើនឡើង
លោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈ កម្មការសុខភាពមនុស្សចាស់កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានកំណត់មនុស្សចាស់គឺជាអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង (គោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០)។ការកំណត់នេះអាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពនៃការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជនដែលទៅថ្ងៃមុខអាចកំណត់យកចាប់ពី៦៥ឆ្នាំឡើងទៅ។
លោកថ្លែងថា៖ «ភាគរយនៃចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាយើង មានការកើនឡើងពី៥,២ភាគរយនៅឆ្នាំ១៩៩៨ ដល់៨,៩ភាគរយនៅឆ្នាំ២០១៩ និងអាចកើនឡើងដល់ ១១ភាគរយក្នុងឆ្នាំ២០៣០»។
ការកើនឡើងចំនួនមនុស្សចាស់នេះ គឺបណ្តាលមកពីកត្តាចំនួន២រួមផ្សំគ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា (កើនពីអាយុ៥៦ឆ្នាំជាមធ្យមនៅឆ្នាំ១៩៩៨ ដល់ ៧៦ឆ្នាំជាមធ្យមនៅឆ្នាំ២០១៩ (ប្រុស៧៤ឆ្នាំ ស្រី៧៧ឆ្នាំ) និងការធ្លាក់ចុះនូវអត្រាកំណើត (ពី៥,៧ភាគរយនៅឆ្នាំ១៩៩៨ មកត្រឹម២,២ភាគរយក្នុងឆ្នាំ២០២០)។
ការសិក្សារបស់ UNDP ដែលចេញផ្សាយកាលពីដើមខែតុលាឆ្នាំ២០២៣ បញ្ជាក់ថា មនុស្សចាស់ក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាបន្ទុកផ្នែកសេដ្ឋកិច្ច ដោយមនុស្សចាស់ទាំងអស់នោះមិនត្រូវបានគេរាប់បញ្ចូល មានការរើសអើងនិងមានការបំពានជាដើម។ភាពងាយរងគ្រោះដែលមនុស្សចាស់ជួបប្រទះគឺទាក់ទងនឹងពិការភាព និងលទ្ធភាពនៃការទទួលបានការងារធ្វើមានតិចនៅពេលដែលពួកគាត់ទាំងនោះមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ។
ការសិក្សារបស់ UNDP បង្ហាញទៀតថា ចំនួនប្រជាជនវ័យចំណាស់អាចនឹងកើនឡើងទ្វេដងក្នុងចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០៥០ ខណៈយុវជនវ័យក្មេងក្នុងពេលបច្ចុប្បន្នមិនសូវបានយកចិត្តទុកដាក់គិតគូរពីបញ្ហាប្រឈមនានារបស់មនុស្សចាស់ឡើយ៕