រោងចក្រនៅប្រទេសថៃមួយចំនួនបានបញ្ឈប់ពលករខ្មែរជាបន្តបន្ទាប់ដោយមិនបានផ្តល់ដំណឹងមុនទេក្រោមមូលហេតុមិនមានការងារធ្វើ ដែលការសម្រេចនេះបានធ្វើឱ្យពួកគាត់ជួបការលំបាកមិនមានលុយសម្រាប់ចំណាយលើម្ហូបអាហារ និងការស្នាក់នៅ ខណៈការស្វែងរកការងារថ្មីក៏លំបាក។
មន្ត្រីអង្គការសង់ត្រាល់ប្រចាំនៅក្នុងប្រទេសថៃ លោក ឡឹង សុផុន ថ្លែងថា ប្រមាណ២ខែចុងក្រោយនេះ រោងចក្រនានានៅប្រទេសថៃ មិនសូវមានការងារធ្វើទើបនាំឱ្យមានការបញ្ឈប់កម្មករជាបន្តបន្ទាប់។
លោក ឡឹង សុផុន មានប្រសាសន៍ថា៖ «បច្ចុប្បន្នការងារមិនសូវសម្បូរចាប់ពីឆ្នាំ២០២៣មក រោងចក្រច្រើនបានផ្អាកពលករ កន្លែងខ្លះគេឱ្យលុយ កន្លែងខ្លះគេមិនឱ្យលុយ កន្លែងខ្លះបញ្ឈប់ពលករមិនបានឱ្យដឹងមុនហើយពួកគាត់ប្តឹងទៅមន្ទីរការងារខេត្ត ដើម្បីឱ្យជួយដោះស្រាយ។ ការងារវាចុះខ្សោយរោងចក្រខ្លះអត់មានការបញ្ជាទិញ ការងារមិនពេញលេញ»។
លោក ឡឹង សុផុន បន្ថែមថា លោកមិនទាន់ក្តោបបានទិន្នន័យជាក់លាក់នៃចំនួនពលករខ្មែរដែលរោងចក្រថៃបញ្ឈប់ពីការងារជាបន្តបន្ទាប់នៅទូទាំងប្រទេសថៃនៅក្នុងឆ្នាំ២០២៣នេះទេ ដោយគ្រាន់តែដឹងថា ការបញ្ឈប់កើតឡើងបន្តបន្ទាប់ចាប់តាំងពីរោងចក្រធំៗរហូតអាជីវកម្មខ្នាតតូចដែលបញ្ឈប់ចន្លោះពី១០ទៅ៣០នាក់។ លោកឱ្យដឹងទៀតថា កាលពីថ្ងៃទី៨ខែកុម្ភៈ ពលករខ្មែរធ្វើការនៅរោងចក្រផលិតថង់ផ្លាស្ទិកឈ្មោះ TPBI PUBLIC COMPANY LIMITED នៅខេត្តរ៉ាយ៉ងត្រូវបានបញ្ឈប់ចំនួន២៤នាក់ ដោយមិនបានជូនដំណឹងមុន។
អ្នកស្រី ព្រំ សំណាង បានថ្លែងថា រូបគាត់ធ្វើការងាររោងចក្រមួយកន្លែងនៅក្នុងខេត្តរ៉ាយ៉ងប្រទេសថៃបានរយៈពេល៧ខែ។ អ្នកស្រីថា ថ្ងៃមួយនៅដើមខែកុម្ភៈនេះគាត់បានទៅធ្វើការធម្មតា ហើយត្រូវបានប្រធានផ្នែកហៅជួប ពេលទៅដល់ស្រាប់តែគេប្រាប់ឱ្យគាត់សរសេរពាក្យសុំឈប់។
អ្នកស្រី សំណាង ថ្លែងថា៖ «ហៅខ្ញុំទៅ ពេលទៅដល់បង្ខំឱ្យខ្ញុំសរសេរពាក្យសុំឈប់។ ឱ្យយើងសរសេរឈ្មោះលើពាក្យលាឈប់ពីការងារតែម្តង គេថាសរសេរទៅគេក៏ឈឺក្បាលដែរ សរសេរឱ្យតែហើយៗទៅ ហើយចុះទៅ»។
អ្នកស្រីឱ្យដឹងទៀតថា ការបញ្ឈប់ភ្លាមៗនេះខាងរោងចក្របើកប្រាក់ឈ្មួលឱ្យគាត់តែ៧ថ្ងៃ ខណៈគាត់ធ្វើការងារបាន១៥ថ្ងៃ ហើយគាត់បានតវ៉ាដល់មន្ត្រីការងារនៃខេត្តនោះទើបទទួលបានសំណងគ្រប់គ្រាន់តាមផ្លូវច្បាប់។
តាមច្បាប់ការងារនៃប្រទេសថៃ ការបញ្ឈប់កម្មករនិយោជិតត្រូវជូនដំណឹងចន្លោះពី១ខែទៅ៣ខែមុនពេលបញ្ឈប់ រួមទាំងផ្តល់សំណងផ្សេងៗផង។ ប៉ុន្តែមន្ត្រីធ្វើការលើសិទ្ធិការងារបានឱ្យដឹងថា ទាំងពលករខ្មែរ ពលករមីយ៉ាន់ម៉ា និងពលករឡាវជាដើម ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ ពួកគេភាគច្រើនមិនសូវដឹងពីសិទ្ធិដែលខ្លួនទទួលបាននោះទេ។
អ្នកស្រី ស្រី ខ្មៅ ក៏ជួបបញ្ហាប្រហាក់ប្រហែលអ្នកស្រី ព្រំ សំណាង ដែរ។ អ្នកស្រីថា គាត់មានការភ្ញាក់ផ្អើលដោយសាររូបគាត់មិនបានប្រព្រឹត្តកំហុសអ្វីទេ ហើយកន្លែងការងារបានហៅគាត់ទៅការិយាល័យរដ្ឋបាលហើយបង្ខំឱ្យសរសេរពាក្យឈប់។
អ្នកស្រី ស្រី ខ្មៅ ថ្លែងថា៖ «គេឱ្យខ្ញុំចូលទៅអង្គុយនៅ Office ហើយសួរខ្ញុំថា ដឹងថាហេតុអីអត់បានគេហៅមក? ខ្ញុំថា អត់ដឹងរឿងអីផង។ ហើយគេប្រាប់ថា រោងចក្រលុបឈ្មោះអាមុំឯងហើយព្រោះរោងចក្រអត់មានការងារ។ គេឱ្យពួកខ្ញុំសរសេរពាក្យលាឈប់ ហើយពួកខ្ញុំសួរថា អត់សរសេរបានឬអត់? គេថា អត់បានទេ គេកាត់ឈ្មោះខ្ញុំចោលហើយ»។
អ្នកស្រី ស្រី ខ្មៅ ឱ្យដឹងទៀតថា ការបញ្ឈប់ពីការងារភ្លាមៗបែបនេះធ្វើឱ្យរូបគាត់ជួបការលំបាក មិនមានលុយសម្រាប់ចំណាយរង់ចាំដល់រកការងារថ្មីបាន។
អ្នកស្រី ស្រី ខ្មៅ បញ្ជាក់ថា៖ «ខ្ញុំត្រូវការលុយសម្រាប់រកការងារថ្មី ខ្ញុំត្រូវការលុយ។ នេះដកខ្ញុំភ្លាមៗ ខ្ញុំមិនដឹងរកលុយពីណា»។

លោក ចាន់ ធូន ជាពលករដែលត្រូវថៅកែរោងចក្របញ្ឈប់ពីការងារម្នាក់ទៀត ថ្លែងថា លោកជួបការលំបាក ហើយចាំបាច់ត្រូវស្វែងរកការងារធ្វើ ព្រោះត្រូវរស់នៅក្នុងប្រទេសថៃបន្តទៀត ដើម្បីផ្គត់ផ្គង់កូនម្នាក់ដែលកំពុងរៀនថ្នាក់ទី៦នៅក្នុងប្រទេសថៃនេះ។
លោក ចាន់ ធួន បន្ថែមថា៖ «ខ្ញុំត្រូវរកការងារធ្វើទៀត ព្រោះប្រពន្ធកូនខ្ញុំនៅហ្នឹង កូនខ្ញុំរៀននៅហ្នឹង។ ចាំមើលកូនរៀនឱ្យចប់អីសិន កូនខ្ញុំរៀនថ្នាក់ទី៦ហើយ»។
លោក ឡឹង សុផុន ឱ្យដឹងទៀតថា មួយរយៈចុងក្រោយនេះ ទាំងពលករខ្មែរដែលទើបធ្វើដំណើរទៅដល់ប្រទេសថៃថ្មីៗ និងពលរដ្ឋដែលធ្វើការនៅទីនោះយូរឆ្នាំហើយត្រូវថៅកែបញ្ឈប់គឺពិបាករកការងារធ្វើណាស់។
លោក ឡឹង សុផុន មានប្រសាសន៍ថា៖ «យើងមើលឃើញស្ថានការណ៍ខ្ញុំគិតថា ច្រើនសឹងតែថា គាត់មកពីខ្មែរ១០នាក់ចឹងទៅរកការងារធ្វើបានតែ២នាក់ឬ៣នាក់ចឹងទៅ។ កាលពីថ្ងៃទី១០ជាងពួកគាត់ទាក់ទងមកខ្ញុំឱ្យជួយរកការងារធ្វើជាង៤០នាក់ ហើយរហូតដល់ពេលនេះរកបានតែ៧ទៅ៨នាក់ទេ»។
លោក ឡឹង សុផុន ឱ្យដឹងថា ពលករដែលជួបការលំបាកខ្លាំង បានទៅសុំកន្លែងលោកស្នាក់នៅជាបន្តបន្ទាប់រង់ចាំរកការងារថ្មីបានធ្វើ។
លោក ជុំ សម្ផស្ស មន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃថ្លែងថា បញ្ហាការងារមួយរយៈការចុងក្រោយនៅតាមរោងចក្រនេះដោយសារមិនសូវមានការបញ្ហាទិញ។ លោកបន្តថា ចំណែកការមិនយល់គ្នារវាងពលករខ្មែរ និងថៅកែថៃនាំឱ្យមានជម្លោះនោះគឺបញ្ហាមិនយល់ភាសាគ្នា។
លោក ជុំ សម្ផស្ស មានប្រសាសន៍ថា៖ «បញ្ហាគឺការទំនាក់ទំនងអត់ច្បាស់គ្នា បញ្ហាគឺដូចជា មិនមានអ្នកបកប្រែផ្ទាល់នៅរោងចក្រ ហើយបងប្អូនពលករយើងអ្នកខ្លះអត់ចេះភាសាថៃ អត់ចេះសរសេរចឹងទេ។ ចឹងមានបញ្ហាត្រង់ចំណុចហ្នឹង។ ចឹងខ្ញុំក៏បានណែនាំអ្នកបកប្រែទៅតាមរោងចក្រមួយៗបន្ថែម ព្រោះអីប្អូនៗនិស្សិតដែលបញ្ចប់ការសិក្សាបរិញ្ញាបត្រភាសាថៃមានច្រើននៅនេះ។ យើងណែនាំឱ្យទៅជួយនៅរោងចក្រមួយៗថែម ចឹងបញ្ហាក្នុងការទំនាក់ទំនងហ្នឹងវាថយចុះហើយ»។
លោក ជុំ សម្ផស្ស បន្តថា ក្រុមការងារលោកកំពុងប្រឹងប្រែងធ្វើកិច្ចការមួយចំនួនដើម្បីបន្ថយបញ្ហាសម្រាប់ពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃ។
លោក ជុំ សម្ផស្ស៖«បច្ចុប្បន្ននេះយើងព្យាយាមផ្សព្វផ្សាយច្បាប់ស្តីពីការងារ សិទ្ធិនិងអត្ថប្រយោជន៍បន្ថែមរបស់ពលករយើង។ ពិសេសគឺបណ្តុះបណ្តាលពលករមុនមកដល់ធ្វើការងារនៅក្នុងប្រទេសថៃ»។
របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា ពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃមានប្រមាណជាង២លាននាក់ក្នុងនោះអ្នកមិនមានឯកសារស្របច្បាប់ដោយផុតសុពភាពការងារនិងឆ្លងដែនខុសច្បាប់មានប្រមាណ១លាននាក់។ អង្គការនេះបញ្ជាក់ថា អ្នកដែលមិនមានឯកសារស្របច្បាប់ប្រឈមមុខច្រើនដូចជា រងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ៕