សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាកសិករមួយចំនួនក្នុងខេត្តកណ្ដាលទទូចឱ្យ​អាជ្ញាធរស្វែងរក​ទីផ្សារ ខណៈតម្លៃធ្លាក់ចុះខ្លាំង

បន្លែគ្រប់មុខត្រូវបានដាក់លក់នៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
បន្លែគ្រប់មុខត្រូវបានដាក់លក់នៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រជាកសិករមួយចំនួននៅខេត្តកណ្ដាលបានអំពាវនាវឱ្យអាជ្ញាធរស្វែងរកទីផ្សារសម្រាប់បន្លែ​របស់ពួកគេ​ខណៈតម្លៃមានការចុះថោកខ្លាំង ដោយសារតែ​គ្មានទីផ្សារ​ទទួលទិញ​កសិផល​ដែល​ធ្វើឱ្យ​ពួក​គេ​មិនអាចទប់ទល់ជាមួយ​ថ្លៃ​ដើម និង​ថ្លៃ​កម្លាំង​ពលកម្ម។

នាពេលថ្មីៗនេះ កសិករមួយ​​ចំនួន​ក្នុងស្រុក​ស្អាង ខេត្ត​កណ្ដាល​ បាន​ដាំ​ដំ​ណាំ​ជាច្រើនមុខ រួម​មាន ត្រសក់ សាឡាត់ ស្ពៃ​គ្រប់​ប្រភេទ និងកសិផលផ្សេងៗទៀត ដើម្បី​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ ក៏ប៉ុន្តែ​ពួកគេតែងតែ​ត្អូញត្អែរ​ស្ទើ​រៀងរាល់​ឆ្នាំ​ថាពួកគេ​មានការ​ពិបាកក្នុងការ​លក់​ចេញ ដោយត្រូវបានចាក់ធារគរទុកចោលក្នងចម្ការ តាមផ្សាររង់ចាំឈ្មួញមកប្រមូលទិញ ជាមួយនឹងក្តីរំពឹងថា អាចលក់ក្នុងតម្លៃសមរម្យ។

 លោក តុំ សុខគីម អាយុ ៤២ឆ្នាំ ជាកសិករនៅភូមិព្រែកតាលៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ត​កណ្ដាល បានលើកឡើងថា ដំណាំដែលលោកដាំប្រកបរបរកសិកម្ម​ដាំបន្លែនេះ​អស់រយៈ​ពេល៨ឆ្នាំ​មកហើយ។ គាត់ដាំបន្លែច្រើនមុខដែរដូចជា ត្រសក់ សាឡាត់ ស្ពៃចង្កឹះ ជាដើម ហើយ​​​ប្រមូល​ផលពី៦ទៅ៧ដងក្នុងមួយឆ្នាំ បើគិតទាំងខែប្រាំងនិងខែវស្សា​។ លោកបានបន្តថា​ ដំណាំទាំងអស់នោះអាច​ប្រមូល​ផលបានចន្លោះពីជិតមួយខែទៅជិតពីរខែ។

លោក សុខគីម សង្កត់ធ្ងន់ថា៖ «តម្លៃលក់នៅលើទីផ្សារបច្ចុប្បន្នបានត្រឹមតែ៥០០រៀល តែ ប៉ុណ្ណោះ ហើយដឹកដល់ផ្សារដើមគទៀត បើដកថ្លៃកាត់ស្ទើរតែអស់​បាត់ទៅហើយ»។  លោក បានបន្ថែមទៀតថា៖ «តម្លៃលក់ទើបតែចុះថោកខ្លាំងនៅក្នុង​ខែមីនា​នេះ​ទេ បើពីមុនហ្នឹងតម្លៃ អាចបាន១៥០០រៀល ទៅ២០០០រៀល។ បើមុនកូវីដគ្រាន់លក់ជាង បានតម្លៃ២៥០០រៀល​ទៅ៣០០០រៀលអីដែរ»។

លោកបានសំណូមពរថា៖ «ខ្ញុំសូមអំពាវនាវទៅអាជ្ញាធរ បើសិនជាបន្លែរក្នុងស្រុក​សម្បូរ​ហើយ សូមកាត់បន្ថយការនាំចូល ដល់ចឹងយើង[កសិករ]កង្វល់ពីតម្លៃផលិតផលកសិកម្មណាស់ បើអត់ការនាំចូលពីក្រៅបន្លែយើងអាចគួរសមវិញ»

ស្ត្រីម្នាក់កំពុងទិញក្រូចឆ្មារនៅផ្សារមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ស្រដៀងគ្នានេះដែរ លោក តុំ​ សង់ ជា​កសិករ និងជាឈ្មួញលក់បន្លែរយៈពេល២ឆ្មាំ​កន្លះមក​ហើយ​ បានឱ្យដឹងថា វាពិតជាលំបាកណាស់នៅពេលប្រមូលផលបានប៉ុ​ន្តែ​តម្លៃថោក​ពេកគ្មាន​ហាងឆេងហើយគ្មានអ្នកទិញទៀត។ដូចដែរយើងដឹងស្រាប់ហើយកាលណាកសិករខាតមួយសារគឺ​លង់ជំពាក់​បំណុលកាន់តែច្រើនព្រោះការចំណាយលើថ្លៃដើមហើយ​ដល់ពេលកសិករ​ប្រមូលផលបានបែរជាគ្មានទីផ្សារ ឬលក់បានក្នុងតម្លៃថោកខ្លាំង។

លោក តុំ សង់ បាន​បន្តថា កសិករមួយចំនួនធំជិត៩០ភាគរយប្រឈមនឹងបញ្ហាអត់ហាងឆេង​ពេល​ប្រមូល​ផល ​បានការបោះបង់ការដាំដុះ ព្រោះតាំងពីដាក់គ្រាប់ពូជដល់ដីគឺចាប់ផ្តើម​ជំបាក់​ថ្លៃជី ថ្នាំ​បាញ់​ពីផ្ទះចិន ខំដាំខំថែរាល់ថ្ងៃដល់តម្លៃអត់រួចថ្លៃដើម ហើយលង់ជំពាក់​ធនាគារ​បន្ថែម។

 លោក តុំ សង់ បញ្ជាក់ថា៖ «ថ្លៃសាំង ថ្លៃម៉ាស៊ូត ថ្លៃពូជជី សុទ្ធតែថ្លៃ ហើយពីមុនបន្លែដាំ​បាន​នឹង គេទិញថ្លៃគួរសម្យ តែឥឡូវធ្លាក់ថ្លៃហើយ [អីចឹង]ដល់ពេលប្រមូលផល បើមិន​ប្រមូលលក់​វាខូច ទោះបីថោក រឺថ្លៃក៏ដោយ បើលក់មិនកើតមានតែឈូសចោល»។លោក សង់ បន្ថែមថា៖ «បើបញ្ហានេះនៅតែបន្ត​ អ្នកប៉ះពាល់ខ្លាំងគឺកសិករដូចពួកខ្ញុំ​គ្មាន​ដើមមកពីណា​ធ្វើទៀតទេ​បើ​បាន​ផលមកលក់អត់ចេញ យូរៗទៅអ្នកស្រុកបាក់ទឹកចិត្ត​ក្នុង​ការ​លក់ មានតែលក់ដី​សងគេ​ហើយធ្វើចំណាកស្រុក»

ឥឡូវនេះអត់មានអ្នកមកទិញដល់ចម្ការដូចពីមុនទៀតទេ ដោយត្រូវដឹកទៅលក់នៅភ្នំពេញ​នៅ​ខាងផ្សារ​កួរស្រូវនិងផ្សារដើមគរ​សម្រាប់​ប្រភេទបន្លែបើបានមួយគីឡូ៣០០០រៀលឡើង​ទើបបានរួចខ្លួនខ្លះបើសម្រាប់ស្លឹកខ្ទឹមទាល់តែ​បាន១គីឡូ៤០០០រៀលទើបរួចខ្លួន​បើយកមក​លក់នៅទីផ្សារបាន៥៥០០រឺ៦០០០រៀលទើប​បានចំណេញខ្លះតែស្លឹកខ្ទឹមដែលលក់រាល់ថ្ងៃនេះ​បាន​មួយគីឡូមិនដល់៣០០០រៀលផង ហើយត្រូវដឹកដល់ទីផ្សារទៀត។ 

ប្រជាកសិករជាស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់​ខ្លួនបាន​ត្អូញត្អែរថា អ្នកស្រីជួបការលំបាកខ្លាំងដោយសារជំពាក់ធនាគារខណៈតម្លៃបន្លែរបស់គាត់ធ្លាក់​ថ្លៃ​ខ្លាំង ហើយពិបាករកទីផ្សារដើម្បីលក់និងគ្មានអ្នកមកប្រមូលទិញដល់ចម្ការដូចពីមុន។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំលំបាកគ្មានលុយបង់ធនាគារ ណាមួយកូនស្រីពៅរបស់ខ្ញុំ​គ្រោះថ្នាក់​ចរាចរណ៏ស្លាប់ ដល់អ៊ីចឹង[យើង]មានបន្ទុកចិញ្ចឹមចៅមួយទៀត។ វានៅមឹមទឹកដោះគោ ចឹង​ពិបាក ទោះតែ​ម្ដាយ​មីងវាជួយ ហើយនៅបង់ថ្លៃសាលាមតេយ្យទៀត»

ចម្ការសាឡាត់មួយកន្លែងរបស់ប្រជាកសិករស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល។ រូបថតថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) លោក ថេង សាវឿន មានប្រសាសន៍​ថា បញ្ហាទីផ្សារនេះកើតមានឡើងស្ទើរតែរៀងរាល់ឆ្នាំទៅហើយនៅពេលដែលប្រជាពលរដ្ឋ ក៏ដូចជាកសិករដាំដុះបានហើយ តែគ្មានទីផ្សារលក់ ជាពិសេសក្នុងរដូវ​ប្រមូលផល​ព្រមៗគ្នា​របស់កសិករ។ លោកបន្តថា ផលិតផលកសិកម្មគ្មានទីផ្សារនឹងនាំឱ្យគ្រួសារ​កសិករ​កើន​បំណុល និងមានជីវភាពកាន់តែដុនដាប។

លោក ថេង សាវឿន មានប្រសាសន៍ថា៖ «ក្រៅពីប្រឈមផ្នែកទីផ្សារ កសិករក៏ប្រឈមនឹបញ្ហា​កង្វះ​​បច្ចេកទេស បញ្ហាទុន បញ្ហាទឹក បញ្ហាជីនិងថ្នាំឡើងថ្លៃសព្វបែបយ៉ាង។ ​អ៊ីចឹងទាមទារ​ឱ្យ​ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ត្រូវរៀបចំយុទ្ធសាស្ត្រ និងការចុះអនុវត្ត​សកម្មភាព​ជួយ​កសិករជាក់ស្ដែង»

លើសពីនេះ លោកជំរុញឱ្យរដ្ឋាភិបាល ត្រូវចាត់វិធានការទប់ស្កាត់ការនាំចូលបន្លែ​ពី​ប្រទេស​ជិត​ខាងឱ្យមានប្រសិទ្ធភាព បើពុំនោះទេ ទីផ្សារសម្រាប់លក់ផលិតផលរបស់កសិករខ្មែរ នៅ​តែ​តូចចង្អៀតដដែល។  ម្យ៉ាងវិញទៀតប្រជាកសិករខ្ជីបំណុលគេមកធ្វើដើមទុន ដែលជា​បញ្ហា​មួយ ដែលរដ្ឋត្រូវយកចិត្តទុកដាក់ ជាពិសេសអាជ្ញាធរតាមមូលដ្ឋានតែម្ដង ត្រូវអន្តរាគមន៍​ជួយ​រកទីផ្សារតាមតំបន់នានា ដើម្បីធានាថាផលិតផលនឹងមានទីផ្សារសម្រាប់ពួកគាត់។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអះ​អាង​ថា ថ្ងៃមុនគាត់បានបំភ្លឺមួយសារហើយទៅឯកឧត្តមអភិបាលខេត្ត។ កសិកម្មនៅ​ស្រុក​ស្អាង មន្ត្រីខាងមន្ទីរកសិកម្ម និងមន្ត្រីខាងពាណិជ្ជកម្មបានចុះទៅជាមួយគ្នាទាំងអស់ ហើយ​កន្លែង​ដែលកើតមានថា​មានការភ្ជួរចោលសាឡាត់ ត្រសក់អីហ្នឹងគឺកន្លែងដដែល ហើយ​ពួកគាត់​​នឹងចុះទៅអង្កេតមួយសារទៀត។

លោក ស៊ីមូណា ថ្លែងថា៖ «យើងឃើញថារូបភាពហ្នឹងគេយកតាំងពីឆ្នាំ២០១៩ ប៉ុន្តែក៏យើង​បាន​ចុះ​ស្រាវជ្រាវយើង​បាន​រូបភាព និងរបកគំហើញថ្មីៗ ហើយបានរាយការណ៏ទៅខាងខេត្ត និង​ឯកឧត្តមរដ្ឋមន្ត្រី​រួច​ហើយ»

ផ្លែត្រឡាចច្រកស្បោងទុកគរលើគ្នាត្រៀមដឹកចេញទៅលក់លើទីផ្សារ បើទោះបីជាបាន​​តម្លៃ​ថោក​យ៉ាងណាក៏ដោយ ព្រោះគ្មានជម្រើស។ រូបថតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

នៅក្នុងសនិ្នបាតបិទបញ្ចប់ផែនការកសិកម្មក្នុងឆ្នាំ២០២២ និងតម្រង់ទិសដៅឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «គ្រាដែលពិភពលោកជួប​វិបត្តិ​ស្បៀង​​ដោយសារ​វិបត្តិសង្គ្រាមនៅអ៊ុយក្រែន តែកម្ពុជាបានសល់ស្រូវរហូតដល់២លានតោន។ ជាមួយកំណើន​សេដ្ឋកិច្ចងើបឡើងវិញ៣%និង៥.៣%នៅឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣​រំពឹង​ថា​នឹងមាន​កើន​ឡើង​៥.៦%។ ច្ចេកទេសកសិកម្មនឹងក្លាយជាជនបង្គោលនៅមូលដ្ឋាន​ផ្ទាល់​ដើម្បីដោះស្រាយ​នូវបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាជូនកសិករ»។

លោក ហ៊ុន សែន បន្តថា ចិនជួយទិញអង្ករកម្ពុជាកន្លង​ទៅជានយោបាយ​ជួយ​កម្ពុជា​តែ​ប៉ុណ្ណោះ ចិនមិនខ្វះអង្ករនោះទេ។ កម្ពុជាត្រូវយកឱ្យបានលេខ១ នៃការនាំចេញស្វាយចន្ធី​លើពិភពលោក (អធិរាជស្វាយចន្ធី)។

លោកបានបន្ថែមថា​ លោកនាយករដ្ឋមន្ត្រីជម្រុញឱ្យ​មានការធ្វើសិកម្ម​ប្រកប​ដោយ​ចីរភាព​ដោយការអនុវត្តគុណភាពដី ការធ្វើនយោបាយទឹក​ជាពិសេសជម្រុញឱ្យមានការ​ស្វែង​រក​ទីផ្សារជូនប្រជាកសិករតាមមូលដ្ឋានជាដើម។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ មហាគ្រួសារតាខ្មៅ បានលើកឡើងថា សូមគោរព​បងប្អូន​ប្រជាកសិករទាំងអស់ ជាពិសេសបងប្អូនប្រជាកសិករអ្នកស្អាង-កោះធំ ជាទីគោរព​ស្រលាញ់​សូមឱ្យបងប្អូននិយាយពីផលលំបាករបស់បងប្អូនពាក់ព័ន្ធនិង​តំលៃត្រសក់ ស្ពៃ បន្លែផ្សេងៗ របស់បងប្អូនក្នុងការផ្សាយនេះដោយអនុគ្រោះ និងជួយជម្រាបពីតម្លៃលក់​ចេញ ជាពិសេស ​តើ​បងប្អូនចង់សំណូមពរអ្វីខ្លះទៅដល់ក្រសួងពាក់ព័ន្ធនិងថ្នាក់ដឹកនាំខេត្ត​ដើម្បីលោកជួយដោះ​ស្រាយ​ជូន។

យ៉ាងណាមិញមួយរយៈក្រោយមកក៏មានព្រះសង្ឃមួយអង្គបានជួយទិញបន្លែ ពី​ប្រជាកសិករ​ខ្មែរ​យើង​ទៅប្រគេន​ព្រះសង្ឃ​ និង​ជូន​ញាតិ​ញោម​ទៀតផង ដោយមើលឃើញពីកង្វះទីផ្សារ និងការលក់បានតម្លៃថោករបស់ប្រជាកសិករនោះ៕

630 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម