ប្រជាកសិករមួយចំនួននៅឃុំទឹកហូត ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្តូរពីការធ្វើស្រែមកដាំខ្ទឹមខ្យល់ ដោយសារតំបន់នេះមិនអំណោចផលសម្រាប់ការធ្វើស្រូវ ម្យ៉ាងទៀត ដោយ សារការដាំខ្ទឹមអាចរកប្រាក់ចំណូលបានច្រើនជាងធ្វើស្រូវ។
ទោះជាយ៉ាងណា កសិករនៅតែលើកឡើងអំពីបញ្ហាប្រឈមទៅលើតម្លៃលក់ខ្ទឹមនៅលើទីផ្សារ និងការចំណាយដើមទុនខ្ពស់ក្នុងការរៀបចំកសិដ្ឋានសម្រាប់ដាំខ្ទឹម ដូចជាការរៀបចំដី ប្រព័ន្ធទឹក និងការដាំដុះ។
កសិករដាំខ្លឹមម្នាក់គឺលោក ផង់ ម៉ុច អាយុ៥៦ឆ្នាំ បានប្រាប់ថា កាលពីមុនលោកធ្វើស្រូវលើផ្ទៃដីប្រមាណ១ហិកតា ប៉ុន្តែការធ្វើស្រូវអាចធ្វើបានតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈការដាំខ្ទឹមនិងបន្លែផ្សេងៗអាចធ្វើបានរហូតដល់៤ដងក្នុងមួយឆ្នាំ។
លោកឱ្យដឹងថា៖ «បន្លែខ្លឹមនឹង បើធ្វើស្រែវាធ្វើបានតែ១ដងក្នុង១ឆ្នាំ ដល់ខាងគេ[តំបន់ដទៃ]ធ្វើបាន២ ទៅ៣ ដង យើងអត់ទឹកធ្វើធ្វើស្រែគ្រប់គ្រាន់មានតែធ្វើបន្លែ ជីកស្រះ ជីកអីធ្វើបន្លែទៅ»។
សម្រាប់ការដាំខ្លឹមលោក ផង់ ម៉ុច ប្រាប់ថា ក្នុងមួយហិកតាអាចទទួលបានផលប្រមាណពីមួយតោនទៅមួយតោនកន្លះក្នុងមួយវគ្គ ប៉ុន្តែតម្លៃទីផ្សារលក់មិនស្ថិតស្ថេរទេ គឺធ្លាក់ថ្លៃជាប្រចាំអាចលក់ចន្លោះពី ១ ៥០០ ដល់ ៥ ០០០ រៀលក្នុងមួយគីឡូក្រាម។
ប្រជាពលរដ្ឋរស់នៅភូមិទឹកហូតរូបនេះ ប្រាប់ថា នៅពេលតម្លៃធ្លាក់ថ្លៃត្រឹម ២ ០០០រៀល កសិករអាចប្រឈមនឹងការខាតបង់ ព្រោះថ្លៃជី កម្លាំងពលកម្ម និងសម្ភារៈផ្សេងទៀត វាមានតម្លៃថ្លៃ។ ដូច្នេះ លោកចង់ឱ្យភាគីពាក់ព័ន្ធជួយស្វែងរក និងពង្រីកទីផ្សារ ដើម្បីឱ្យតម្លៃស្លឹកខ្ទឹមមានស្ថិរភាពជាងមុន។
ក្នុងចំណោមកសិករដែលបានផ្លាស់ប្តូរពីការធ្វើស្រែមកដាំខ្ទឹមនេះក៏មាន លោក អំ អីម អាយុ ៦៣ឆ្នាំផងដែរ។ លោកគឺជាកសិករដែលមានបទពិសោធន៍ដាំខ្លឹម ៥ឆ្នាំ បានចាប់ផ្តើមដាំតាំងពីអំឡុងពេលជំងឺកូវីដ-១៩ ដែលនៅក្នុងកំឡុងពេលនោះស្លឹកខ្ទឹមឡើងថ្លៃដល់ ៨ ០០០រៀលក្នុង១គីឡូក្រាម។ លោកប្រាប់ថា លោកដាំជាលក្ខណៈគ្រួសារ និងពង្រីកផ្ទៃដីដាំដុះខ្ទឹមជាបន្តបន្ទាប់ដល់ ៧០អា។
បើតាមលោក អីម មូលហេតុដែលលោកងាកមកដាំខ្ទឹម គឺដោយសារមើលឃើញថា ដំណាំនេះមានតម្លៃ និងមានទីផ្សារ។ ក្នុងមួយវគ្គ លោកអាចប្រមូលផលបានចាប់ពីមួយតោនកន្លះទៅពីរតោន ហើយនៅពេលតម្លៃល្អ អាចរកចំណូលបានរហូតដល់ជាង១០លានរៀល ក្នុងមួយវគ្គ បើតម្លៃស្លឹកខ្ទឹមហក់ឡើងដល់៦ពាន់រៀលក្នុង១គីឡូក្រាម។
លោកបានប្រាប់ថា ការចាប់ផ្តើមដាំខ្ទឹមគឺត្រូវការចំណាយលើការកែលម្អដី ជីធម្មជាតិ និងពូជសរុបប្រមាណ ៨លានរៀល ក្នុងដី ៧០អា ខណៈការប្រមូលផលមួយវគ្គអាចចំណាយពេលប្រមាណ ៤០ ទៅ ៩០ថ្ងៃ អាស្រ័យលើការដាំដុះ និងស្ថានភាពដំណាំ។
លោក អំ អីម បានលើកឡើងថា៖ «ការដាំខ្ទឹមនេះ គឺដោយសារតែមានការជំរុញពីសហគមន៍និងការប្រាប់អំពីបច្ចេសទេស [ដាំដំណាំប្រភេទនេះ]ស៊ីសងទៅលើដីដំបូក និងជី។ ទាក់ទងទៅលើរឿងទឹក ខែវស្សា គឺត្រូវប្រើផ្ទាំងសូឡាខ្លួនឯង បូម[ដាក់ដំណាំ] តម្លៃត្រូវការ ៣លានទៀត »។
លោកក៏លើកឡើងថា កសិករមួយចំនួនកំពុងប្តូរទៅប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹក ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងធានាថាបានទឹកគ្រប់គ្រាន់សម្រាប់ដំណាំផងដែរ។
ស្រដៀងគ្នានេះដែរ លោក វ៉ែន សារ៉ន ប្រាប់ថា ការប្តូរពីការធ្វើស្រែមកដាំដំណាំក៏ដោយសារការមើលឃើញថា ការធ្វើស្រែត្រូវការចំណាយខ្ពស់ ខណៈទិន្នផល និងចំណូលមិនសូវសមស្របនឹងការចំណាយ។
យ៉ាងណាក៏ដោយ ការប្តូរពីធ្វើស្រូវមកដាំបន្លែមិនមែនជារឿងដែលកសិករគ្រប់រូបអាចធ្វើបានភ្លាមៗនោះទេ ពីព្រោះត្រូវការទុនច្រើន សម្រាប់កែលម្អដី និងរៀបចំប្រព័ន្ធទឹក។ លោកបន្តថា ការរៀបចំដី និងទិញសម្ភារៈសម្រាប់ប្រព័ន្ធទឹកក្នុងផ្ទៃដីប្រមាណ ៤០អា អាចត្រូវចំណាយរាប់ពាន់ដុល្លារ។
លោកនិយាយថា៖ «ឧទាហរណ៍ជាក់ស្តែងស្រូវ ដីដែលធ្វើស្រែ បាន១តោន អាចលក់បានតែ ១លានរៀលទេ គឺក្នុង១គីឡូក្រាម១ពាន់រៀល ហើយបើយើងដាំខ្ទឹមទៅលើសាច់ធ្វើស្រូវបាន១តោន វាអាចប្រមូលបានខ្ទឹម ៣ទៅ៤-៥ តោន វាខុសគ្នាត្រង់នឹង ។ ខ្ទឹមអាចថោកបំផុតពី១៥០០ ទៅ២០០០រៀលអានឹងថោកមែនទែន»។

ទោះបីជាយ៉ាងណា មិនមែនកសិករទាំងអស់នៅក្នុងឃុំទឹកហូត អាចផ្លាស់ប្តូរទាំងស្រុងពីការធ្វើស្រូវមកដាំបន្លែប្រភេទខ្ទឹមបានភ្លាមៗនោះទេ។ ការចាប់ផ្តើមដាំបន្លែប្រភេទខ្ទឹមខ្យល់នេះ ត្រូវការដើមទុនច្រើន ដូច្នេះកសិករមួយចំនួននៅតែបន្តធ្វើស្រូវសម្រាប់ហូបខ្លួនឯង មួយចំនួនចាប់ផ្តើមដាំបន្លែផ្សេងៗក្នុងទំហំខ្នាតតូច។
ក្នុងចំណោមនោះ មានកសិករដាំបន្លែស្ពៃបាន៤ខែ លោក យ៉ែម ពៅ បានប្រាប់ថា លោកដាំបន្លែប្រភេទស្ពៃ ហើយការចំណាយមុនដំបូងក៏ត្រូវប្រើប្រាស់ប្រព័ន្ធសូឡាជាង២លានរៀល សម្រាប់បូមទឹកដាក់ដំណាំ និងរៀនអំពីបច្ចេកទេសដាំដំណាំផងដែរ។
លោកនិយាយថា៖ «អ្នកចាប់ផ្តើមដាំថ្មីៗ ត្រូវការចាក់ដី តាមដីធំដីតូច អានឹងអាស្រ័យលើការចាក់ដី តាំងពីចាក់ដីរួចមកទិញម៉ាស៊ីន ទិញសូឡា បុកអណ្តូងអីជាដើម»។
យោងតាមការធ្វើសម្ភាស ប្រជាកសិករភាគច្រើនបានលើកឡើងបញ្ហាស្រដៀងគ្នាទៅលើការឡើងចុះនៃតម្លៃទីផ្សាស្លឹកខ្ទឹម។
ជាឈ្មួញកណ្តាលដែលមានបទពិសោធន៍ប្រមូលទិញស្លឹកខ្ទឹមជាង១០ឆ្នាំមកហើយ អ្នកស្រី ឡា ម៉ាស នៅភូមិត្រពាំងក្រពើ បានប្រាប់ថា ទីផ្សារបច្ចុប្បន្នតម្លៃទិញស្លឹកខ្ទឹមលក់បាន ៣៥០០ រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែក្នុងពេលខ្លះតម្លៃអាចធ្លាក់មកត្រឹម ១៥០០ ទៅ ២០០០ រៀល ហើយរដូវខ្លះ តម្លៃអាចឡើងដល់ ៦០០០ រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រីបានពន្យល់ថា តម្លៃមិនមែនឈ្មួញកណ្តាលជាអ្នកទម្លាក់នោះទេ វាអាស្រ័យលើបរិមាណផលិតផលនៅតាមតំបន់ផ្សេងៗ និងការនាំចូលផលិតផលពីប្រទេសជិតខាង ដែលអាចធ្វើឱ្យតម្លៃផលិតផលក្នុងស្រុកធ្លាក់ចុះ។
អ្នកស្រីប្រាប់ថា៖ «តម្លៃផ្សារនឹងមកពីគេ យកពីក្រៅមកដូចជាវៀតណាមអ៊ីចឹងណា បើគេយកមកពីនឹងមកវាធូៗថ្លៃ គេយកមកដាក់ធូរ ចេញរបស់យើងនេះ បើយើងអត់លក់តាមគេខាងផ្សារ ខាងនេះនឹង គេទិញតែរបស់ធូរថ្លៃទេ គេអត់គិតរបស់យើងរបស់គេ វាពិបាកចឹង»។
អ្នកស្រីបន្តថា ឈ្មួញកណ្តាលក៏ប្រឈមនឹងហានិភ័យ ដោយសារពេលខ្លះស្លឹកខ្ទឹមមានច្រើនពិបាកលក់ ឬពេលមានតិចក៏ពិបាកប្រមូលទិញ។ អ្នកស្រីអាចចំណេញត្រឹម ២០០រៀលក្នុងមួយគីឡូក្រាមពីការលក់បន្ត ដែលប្រមូលពីកសិករ ហើយត្រូវបានដឹកយកទៅលក់បន្ត ភាគច្រើនយកទៅលក់នៅឧត្តុង្គ និងខេត្តពោធិ៍សាត់ ដែលជាទីផ្សារប្រចាំ។
ក្នុងនាមជាឈ្មួញកណ្តាលអ្នកស្រី ស្នើឲ្យមានការគាំទ្រដល់កសិករក្នុងស្រុក និងគ្រប់គ្រងការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិផលក្នុងស្រុក។
គិតត្រឹមឆ្នាំ២០២៦នេះ មានកសិករចំនួន ២១០គ្រួសារ ក្នុងចំណោម ២ ២៨៧គ្រួសារនៅក្នុងឃុំទឹកហូត ដែលកំពុងតែដាំខ្ទឹមខ្យល់ ហើយការកើនឡើងនៃចំនួនអ្នកដាំខ្ទឹមនេះចាប់តាំងពីកាលសម័យកូវីដ១៩ ដែលកសិករភាគច្រើនធ្វើចំណាកស្រុក បានត្រឡប់មកស្រុកកំណើតវិញ។
តាមការសង្កេតរបស់អនុប្រធានសហគមន៍កសិកម្ម «ទឹកហូតមានជ័យក្តីសង្ឃឹម» លោក អ៊ុក យឿន នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា ការផ្លាស់ប្តូរមកដាំបន្លែបានកើនឡើងចាប់ពីអំឡុងផ្ទុះជំងឺកូវីដ-១៩ នៅពេលប្រជាពលរដ្ឋចំណាកស្រុកពីប្រទេសថៃ មកស្រុកកំណើតវិញដែលអត់មានការងារធ្វើ ហើយក្នុងឃុំទឹកហូត ភូមិដែលដាំខ្ទឹមច្រើនជាងគេគឺ ភូមិត្រពាំងក្រពើ និងភូមិទឹកហូត ជាដើម។
លោករៀបរាប់ប្រាប់ថា ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យខ្វះទឹកបានជំរុញឱ្យកសិកររកវិធីសាស្ត្រថ្មីៗ ដូចជាការបុកអណ្តូង និងប្រើប្រព័ន្ធសូឡាសម្រាប់បូមទឹក។
លោកឱ្យដឹងថា៖ «មានរដូវកាលដូចខែ ៧ ខែ៨ ប្រសិនជាខ្ទឹមធ្លាក់ថ្លៃពួកគាត់អាចផ្អាកដាំឬក៏មានសត្វធ្វើទុកដែលមិនមែនថាអត់ទេ ដូចឆ្នាំ២០២៥ មុនចូលឆ្នាំខ្មែរដែល[អាកាសធាតុ] ក្តៅខ្លាំង មានដង្កូវស៊ីវាអាចខូច។ អ៊ីចឹង បងប្អូនខ្លះក៏អាចផ្អាកដាំមួយចំនួនទៅហើយក៏ខាតដែរ។ នៅពេលដែលយើងខាតមានន័យថាយើងបរាជ័យ ប្រសិនជាគេដាំជាប់រហូតគេអត់បរាជ័យនោះទេ»។
លោកបានបន្តទៀតថា នៅឆ្នាំ២០២៦ សហគមន៍បានជំរុញឱ្យកសិករកែប្រែទម្លាប់ដាំដំណាំ ដោយមិនត្រូវផ្តោតលើតែការដាំខ្ទឹមតែមួយមុខរហូតដល់៨០ភាគរយលើផ្ទៃដីដែលខ្លួនមាននោះទេ។
លោកបន្តថា កសិកត្រូវតែប្តូរទៅដាំបន្លែផ្សេងៗ ដូចជា បន្លែស្ពៃ និងខាត់ណាជាដើម នៅតំបន់ដែលធ្លាប់ដាំខ្ទឹម ដើម្បីកាត់បន្ថយការកើតមានមេរោគ និងបញ្ហាដែលអាចកើតឡើងពីការដាំដំណាំប្រភេទដដែលៗជាបន្តបន្ទាប់។

អាជ្ញាធរមូលដ្ឋាន មេភូមិទឹកហូត លោក ជឹម ថុល ប្រាប់ថា ការផ្លាស់ប្តូរពីការធ្វើស្រែមកដាំបន្លែបានកើនឡើងជាបន្តបន្ទាប់ ដោយសារកសិករមើលឃើញថា ការធ្វើស្រូវនៅតំបន់នេះទទួលទិន្នផលទាប ខណៈដែលការចំណាយខ្ពស់។
លោកលើកឡើងថា៖ «ទី១យើងបោះបង់ធ្វើស្រែហ្នឹងមូលហេតុ គឺផលស្រូវបានទាបពីមុនឡើយបានតែ ៧០០រៀល ៨០០រៀលក្នុង១គីឡូក្រាម។ បើយើងគិតជាមធ្យមតាមខាងមន្ទីរកសិកម្ម វាយតម្លៃជួនកាលកសិករខ្លះគាត់រួចខ្លួន ខ្លះទៀតខាត។ បើស្រូវលក់បាន៨៥០រៀលបានចំណេញបាន ១៥រៀលលុយខ្មែរ»។
លោកមេភូមិថ្លែងទៀតថា៖ «កាលខ្ញុំទៅប្រជុំជាមួយនឹងមន្ទីរកសិកម្ម ទូទាត់អស់ហើយតាំងពីកម្លាំងពលកម្ម ជី ឈ្មួញជាដើម។ បើដាំខ្ទឹមវិញបើគាត់ចំណាយសម្រាប់ដាំ១លានរៀល គឺគាត់អាចបានលុយចំណេញ ២លានរៀលទៅ ២លានកន្លះ»។
ចំណែកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោកស្រី ហេង គឹមស្រៀង បានឱ្យដឹងថា មន្ទីរកសិកម្មសាទរទៅលើការផ្លាស់ប្តូររបស់កសិករនៅតំបន់នេះ ដោយសារតែរាល់ថ្ងៃ មន្ទីរបានជួយជ្រោមជ្រែងដោយសារចង់ឃើញកសិករមានការផ្លាស់ប្តូរក្នុងការដាំដុះដើម្បីឲ្យជីវភាពមានភាពប្រសើរឡើង។
លោកស្រី គឹមស្រៀង ថ្លែងថា៖ «ពីព្រោះថា តំបន់គាត់នឹងធ្វើស្រែបានផលមិនដល់ពី៥០០គីឡូទៅ ៨០០គីឡូក្រាមទេ នៅក្នុង ១ហិកតា។ លើកលេងតែដីស្រែប្រាំង បានទិន្នផលខ្ពស់ដែលដីក្នុងតំបន់ជុំវិញទឹកហូតនឹង ទិន្នផលទាប ចឹងចង់ឲ្យគាត់ផ្លាស់ប្តូរដាំដំណាំ គ្រប់ប្រភេទដែលអាចក្នុង១ឆ្នាំដាំបានច្រើនដង ដូចជាបន្លែ ខ្ទឹមអីហ្នឹង។ ខ្ទឹមគាត់ដាំរយៈពេលយ៉ាងយូរ ១ ខែ ១០ថ្ងៃអីទេ គាត់ប្រមូលផលហើយការផ្លាស់ប្តូរគឺធ្វើឲ្យជីវភាពគាត់ប្រសើរឡើងច្រើន»។
លោកស្រីបន្តថា ប្រព័ន្ធទឹកនៅតំបន់ទឹកហូត គឺពឹងផ្អែកលើទឹកក្រោមដី តាមរយៈការជីកអណ្តូង និងប្រើប្រព័ន្ធសូឡាសម្រាប់បូមទឹក ព្រមទាំងមានស្ថានីយ និងអាងស្តុកទឹកមួយចំនួនសម្រាប់ជួយដល់កសិករ ហើយកសិករខ្លះក៏បានជីកស្រះ និងរៀបចំប្រភពទឹកដោយខ្លួនឯង។
ចំពោះតម្លៃស្លឹកខ្ទឹម លោកស្រី គឹមស្រៀង បានឱ្យដឹងថា ការធ្លាក់ថ្លៃទៅលើដំណាំនេះ គឺមូលហេតុដោយសារនៅតំបន់ផ្សេងៗ ដូចជា បាត់ដំបង ត្បូងឃ្មុំ និងពោធិ៍សាត់ ដាំដូចគ្នា ចំណែកឯការនាំចូលពីប្រទេសក្រៅគឺមានតិចតួចបំផុត។
លោកស្រីលើកឡើងថា៖ «ការនាំចូលខ្ទឹមមកពីប្រទេសក្រៅ គឺមិនសូវមានប៉ុន្មានទេ វាសំខាន់តំបន់ផ្សេងៗគេដាំបានដែរ ក្នុងរដូវដែលមិនជួបការលិចលង់អីហ្នឹង។ អ៊ីចឹងពេលគេដាំបានយើងលក់បានថោក ហើយរដូវខ្លះដែលមានទឹកជន់លិចលង់អីចឹងទៅ គេដាំអត់បានគាត់ក៏លក់បានថ្លៃដែលពេលខ្លះលក់បានរហូដល់ ៨ពាន់រៀលដល់ ១ម៉ឺនរៀលក្នុង១គីឡូក្រាម»។
លោកស្រីអនុប្រធានមន្ទីរកសិកម្មរូបនេះ បានបន្ថែមថា៖ «ពេលដែលរដូវដែលទឹកសម្រកទៅវិញ នៅតាមជួរមាត់ទន្លេនៅក្នុងខេត្តយើងហ្នឹង ក៏គេដាំបានច្រើនដែរ អ៊ីចឹងដំណាំនឹងវាចាប់ថោក វាមិនមែនថោកតេ ១មុខហ្នឹងទេ ថោកគ្រប់ទាំងអស់ ពីព្រោះថាបន្ទាប់ពីច្រូតស្រូវរួច កសិករដាំដំណាំផ្សេងៗ»។
យ៉ាងណាក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច មានប្រសាសន៍ថា ការផ្លាស់ប្តូរពីការធ្វើស្រែ ទៅដាំបន្លែរបស់កសិករគឺជារឿងមួយដែលល្អ ពីព្រោះនេះគឺជាការសម្របខ្លួនទៅនឹងការដាំដុះ ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ។
នៅក្នុងសម័យទំនើបនេះ កសិករគ្រប់រូប មិនគួរផ្តោតតែទៅលើការធ្វើស្រូវតែមួយមុខនោះទេ ជាពិសេសនៅតំបន់ដែលមិនមានប្រព័ន្ធធារាសាស្ត្រអំណោចផល គួរតែដាំដំណាំចម្រុះឱ្យបានច្រើនទៅតាមតម្រូវការទីផ្សារ ខណៈការធ្វើស្រូវនាពេលបច្ចុប្បន្ននេះមិនទាន់អាចរកប្រាក់ចំណេញបានសមរម្យនៅឡើយទេ ។
លោកលើកឡើងថា៖ «ការធ្វើស្រែបានគឺត្រូវចំណាយកម្លាំងច្រើន ចំណាយពេលវេលាច្រើន ហើយហ្នឹងគេហៅថា ធាតុចូលកសិកម្មច្រើនផងដែរ ទាក់ទងទៅនឹងពូជ ជី ថ្នាំអី ហើយបើយើងធ្វើវិភាគសេដ្ឋកិច្ចដែលខ្ញុំវិភាគសេដ្ឋកិច្ចកន្លងមកទាក់ទងការធ្វើស្រែនេះគឺរកផលចំណេញមិនទាន់ឃើញទេ»។
លោកលើកឡើងថា៖ «ទាក់ទងនឹងតម្លៃ កសិករត្រូវមានការប្រមូលផ្តុំជាក្រុម កសិករ ផលិតករខ្មែរ រស់នៅឃុំទឹកហូត មានប៉ុន្មានគ្រួសារ ដែលដាំខ្ទឹមបាន អ៊ីចឹងយើងអាចប្រមូលចងក្រងគ្នាទៅ ហើយយើងស្វែងរកទីផ្សារ។ ទៅឈ្មួញកណ្តាលតិចតួចហ្នឹង គឺយើងពិបាកនឹងមានផលចំណេញ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះ ជំរុញឱ្យកសិករ ត្រូវចងក្រងគ្នា ដើម្បីស្វែងរកទីផ្សារ ហើយដាំដំណាំបំពេញទៅតាមតម្រូវការទីផ្សារទាំងនោះ ឧទាហរណ៍ដូចជាផ្សារអ៊ីអន ផ្សារជីបម៉ុង ផ្សារដើមគរ ឬផ្សារផ្សេងៗទៀត ដែលអាចរក្សាតម្លៃបានល្អ។
ទន្ទឹមនឹងនេះ លោក ជ័យ តិច លើកឡើងថា រាជរដ្ឋាភិបាលក៏គួររឹតបន្តឹងការនាំចូលបន្លែ និងកសិផលពីប្រទេសជិតខាងផងដែរ ជាពិសេសការនាំចូលដោយខុសច្បាប់តាមច្រករបៀង ដែលមិនបានបង់ពន្ធ និងមិនឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ៕









