សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករមួយចំនួនខកខានធ្វើស្រែចម្ការដោយសារឆ្លងជំងឺកូវីដ១៩

កសិករម្នាក់ភ្ជួរស្រែរបស់គាត់ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, រូបភាពថតថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
កសិករម្នាក់ភ្ជួរស្រែរបស់គាត់ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, រូបភាពថតថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ភ្នំពេញ៖ កសិករនៅតាមបណ្ដាខេត្តមួយចំនួន​ បានត្អូញត្អែរពីការខកខានធ្វើស្រែ និងដាំដំណាំកសិកម្ម ដោយសារពួកគេមួយ​ចំ​នួនរងផលប៉ះពលពីជំងឺ​កូវីដ១៩ ខណៈកសិករមួយចំនួនកំពុងព្យាបាលជំងឺ និងខ្លះទៀតកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ​។

អ្នកស្រី កុយ យឿន តំណាងសហគមន៍កសិករស្រុកបុទុមសាគរ ខេត្តកោះកុងបានថ្លែងថា ភូមិស្រុកអ្នកស្រីក៏មានផ្ទុះជំងឺកូវីដ១៩ដែរ។ កសិករមួយចំនួនមិនហ៊ានចេញទៅធ្វើស្រែចម្ការទេ ដោយសម្រេច​ចិត្ត​ធ្វើ​ដីស្រែមួយចំនួន និងបោះបង់ចោលឱ្យទំនេរដីមួយចំនួន ដើម្បីបានចៀសផុតពីការឆ្លងជំងឺកូវីដ១៩។

អ្នកស្រីបន្តថា ផលដំណាំដាំលើដីប្រមាណជិត ២ហិកតារបស់អ្នកស្រីខិតខំផលិតបានបន្ដិចបន្ដួច ក៏មិនមានទីផ្សារសម្រាប់លក់ដែរ ហើយកសិករបង្ខំចិត្តលក់ដូរនៅតាមតំបន់របស់ខ្លួន​ក្នុងតម្លៃថោកបំផុត។ អ្នកស្រីចង់ឱ្យមាន​អ្នកជួយសម្របសម្រួល ឬធានាតម្លៃកសិផលរបស់កសិករដែលខំផលិតបានក្នុងគ្រាលំបាកនេះ ជាពិសេសស្នើសុំឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍និរន្តភាពតម្លៃឱ្យបាន​សមរម្យ។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំជាប់ធ្វើចត្តាឡីស័កពីរដងមកហើយ អំឡុងពេលចុះទៅស្ទូងស្រូវបានស្រែមួយ ក៏ជាប់ធ្វើ​ចត្តាឡីស័កម្ដង បន្ទាប់មកចាប់ផ្ដើមដាំឪឡឹកបានជិតពេញមួយចម្ការ ក៏ជាប់ធ្វើចត្តាឡីស័ក​ម្ដងទៀត»។ ដោយអ្នកស្រីបន្ថែមថា៖ «ទម្រាំតែ​ធ្វើស្រែចម្ការរួចរាល់ពិតជាវេទនាណាស់ រីឯអ្នកភូមិខ្ញុំមួយចំនួន ពួកគាត់បោះបង់ស្រែចម្ការចោល ក៏នាំ​គ្នា​ទៅរកការងារណាដែល​ទទួល​បានលុយភ្លាមៗវិញ​»។

ប្រទេសកម្ពុជាបានឆ្លងរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅទូទាំងប្រទេសចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងមួយថ្ងៃៗមានអ្នកឆ្លងជំងឺនេះចន្លោះ៥០០ ទៅ ៦០០នាក់ និងមានអ្នកស្លាប់ផងដែរ។ រដ្ឋាភិបាលបានចេញវិធានការតឹងរ៉ឹង ដើម្បីទប់ស្តាក់ការរីករាលដាលនៃជំងឺនេះ ដោយខេត្ត-រាជធានី ឬតំបន់ខ្លះត្រូវបិទខ្ទប់។ ចំណែកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កពី១៤ទៅ២១ថ្ងៃ។ គិតត្រឹមថ្ងៃទី១ ខែតុលា មានអ្នកឆ្លងជំងឺកូវីដសរុបជាង១១ម៉ឺននាក់ អ្នកស្លាប់ចំនួន ២ ៣៣៦នាក់ និងអ្នកជាសះស្បើយជាង ១០ម៉ឺននាក់

លោក អ៊ីវ វុទ្ធី ពលរដ្ឋរស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានថ្លែងថា លោកបានជាប់ធ្វើចត្តាឡីស័កម្ដងនៅក្នុងអំឡុងពេលរដូវបង្កបង្កើនផលកសិកម្មនេះ។ ដីស្រែចម្ការមួយចំនួន ត្រូវបានទុកឱ្យ​ទំនេរចោល ដោយសារមិនមានពេលវេលាភ្ជួររាស់ និងដាំដំណាំអ្វីទេ។

លោកនិយាយថា៖«ដីស្រែចម្ការខ្ញុំមានប្រមាណជិត ៣ហិកតាដែរ ប៉ុន្ដែយើងគ្មានពេលវេលាធ្វើវា ព្រោះរវល់តែ​ធ្វើចត្តាឡីស័ក ហើយនឹងគេចចេញពីជំងឺកូវីដ១៩។​ និយាយទៅ អារឿងកូវីដ១៩ហ្នឹង ខ្ញុំមិនសូវបាន​ចេញ​ទៅ​ធ្វើការ​រកស៊ីអ្វីនៅខាងក្រៅផ្ទះបានច្រើនទេ។ ហើយស្រែចម្ការហ្នឹងក៏ធ្វើ​មិនបានពេញលេញ​ដែរ​ ដីហ្នឹងយើងធ្វើខ្លះ ហើយអាណាធ្វើមិនទាន់ទុកវាឱ្យទំនេរ​ចោល​ ចាំមើលឆ្នាំក្រោយ ចាំគិតទៀត»។

លោក វិទ្ធី បន្ថែមថា ក្រៅពីផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏មានទឹកជំនាន់ឡើងមកលិច​ផល​​ដំណាំ​ស្រូវ និ​ងបន្លែផ្សេងៗដែលបណ្តាលឲ្យខូចខាត។ លោកស្នើរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់ជីវិភាពគ្រួសារលោក​ជាខ្លាំង។       

​លោក ឡុញ ថា តំណាងសហគមន៍កសិករខេត្តស្វាយរៀងបានឱ្យដឹងថា បញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យកសិករមួយចំនួនបោះបង់ការធ្វើស្រែចម្ការ​ដែរ ព្រោះពួកគេជាប់រវល់ធ្វើចត្តាឡីស័ក ឬព្យាបាលជំងឺកូវីដ១៩ ដែលបង្ខំឱ្យពួកគាត់បោះបង់ការធ្វើ​ស្រែ​ចម្ការតែម្ដង។

លោកនិយាយថា៖ «នៅតំបន់ខ្ញុំនេះ គឺផ្ទុះជំងឺកូវីដហ្នឹង អ៊ីចឹងពលរដ្ឋដែល​គាត់ធ្វើ​ស្រែចម្ការ ម្នាក់ៗគិតតែពី​ភ័យខ្លាចឆ្លងជំងឺ លែងគិតរឿងធ្វើស្រែចម្ការអ្វីទៀត។ បើក្រុមគ្រួសារខ្ញុំវិញ គាត់ថា យើងកុំគិត​រឿងស្រែចម្ការអីដល់ណាទៀត គិតតែរឿងជំងឺ​គេឆ្លងពេញទឹកពេញដីនេះ ឆ្នាំនេះធ្វើបានប៉ុន្មានទុក​ហូបប៉ុណ្ណឹង​ទៅ កុំគិតច្រើនពេក​»។    

លោកបន្ថែម ដំណាំបន្លែ និងដំណាំស្រូវនៅលើផ្ទៃដីសរុប ៤ហិកតារបស់លោក​ឆ្នាំនេះ​មិ​នសូវទទួលបានផលល្អប្រសើរទេ ដោយសារខ្វះខាតទឹកសម្រាប់ស្រោចស្រប។ ម្យ៉ាងវិញទផត ផលិតផលជី និង​​ថ្នាំបាញ់សម្លាប់សត្វល្អិតមានតម្លៃខ្ពស់ ដែលធ្វើឱ្យរូបលោក ក៏ដូចកសិករមួយចំនួនគ្មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញយកមក​ប្រើប្រាស់នោះ​ទេ។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម មិនអាចទាក់ទងសុំការបញ្ជា​ក់​បន្ថែមជុំវិញបញ្ហានេះបានទេ។

វាលស្រែភ្ជួររួចមួយកន្លែង នៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រូបភាពថតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគម​ន៍កសិករក​ម្ពុជា (CCFC)បា​នថ្លែងថា លោកមានការព្រួយបារម្ភចំពោះប្រជាកសិករនៅតាមបណ្ដារខេត្តខ្លះដែល​មានចំនួន​អ្នក​ឆ្លងជំងឺកូវីដ១៩ច្រើន។ លោកថា រដូវភ្លៀងធ្លាក់នេះជារដូវធ្វើស្រែចម្ការ ប៉ុន្តែជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំង ដែលបានបង្ខំឱ្យ​កសិករមួយចំនួនបោះបង់ការធ្វើស្រែចម្ការ ដោយសារជាប់ធ្វើចត្តាឡីស័ក និងខ្លះទៀត និងសម្រាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។

លោកបន្តថា ស្ថានភាពផលិតក្នុងវិស័យកសិកម្មកម្ពុជា ​មានភាពលំបាកច្រើន ដោយសារប្រជាកសិករមួយចំនួននៅបន្តធ្វើតាមទំលាប់បុរាណ ការវេចខ្ចប់ក៏មិនទាន់បានធ្វើទំនើបកម្ម និងអនាម័យ​នៅឡើយ​។​ លោកថា បើសិនជា​ចង់នាំចេញផលិតផលទៅបរទេស ​កសិករត្រូវតែធ្វើទំនើបកម្មឱ្យមានស្តង់ដាល្អដូចជា ការដាំដុះមិនប្រើថ្នាំគីមី ការវិចខ្ចប់តាមបច្ចេកទេស ផលិតផលមានគុណភាពល្អ មាន​អនាម័យ និងផ្ដល់ភាពជឿជាក់ឱ្យអតិថិជន។  

​លោកនិយាយថា៖«អ្វីដែលជាបញ្ហាធំមួយទៀត គឺបញ្ហាទីផ្សារលក់ផលិតផលរបស់កសិករ ដោយ​យើង​មើ​ល​ឃើញថា មានការធ្លាក់ចុះនៃតម្លៃផលិតផលយ៉ាងគំហុក ដោយសារការនាំចូល​​ពី​បណ្ដា​ប្រទេសជិត​ខាងច្រើនលើសលុប។ លើសពីនេះ ផលិតផលដែលបម្រើឱ្យវិស័យ​កសិកម្ម​ក៏មា​ន​តម្លៃថ្លៃ ដូច្នេះកសិករត្រូវចំណាយដើមទុនច្រើន ដើម្បីទិញថ្នាំគីមី ជីកសិកម្ម និង​ឧប​ករណ៍ភ្ជួររាស់ដីជាដើម»។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មិនអាចទាក់ទង់សុំការអត្ថាធិប្បាយបាននោះទេ ប៉ុន្តែលោកបានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្លូវការ​របស់លោកថា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យក​សិក​ម្ម​ជាវិស័យអាទិភាពក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ តាមរយ:ការដើរតូនាទីជាអ្នកផលិត ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតការងារនៅមូលដ្ឋាន និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

លោកបានសរសេរថា៖«វិស័យកសិកម្ម ក៏ត្រូវការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន សំដៅធានាឱ្យ​បាននូវបរិមាណផ្គត់ផ្គង់កសិផល គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ដើម្បីធ្វើការនាំចេញស្របតាមបរិបទទាំង​អំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងីឆ្លងកូវីដ១៩»។

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវបានថ្លែងថា វិស័យកសិកម្មនៅខេត្តតាកែវមិនសូវមានបញ្ហាចោទឡើងទេ បើទោះបីជាមានកសិករមួយចំនួនជាប់ធ្វើចត្តាឡីស័ក ឬកំពុងព្យាបាលជំងឺកូវីដ១៩ក៏ដោយ។ លោកថា កសិករអាចធ្វើការប្ដូរវេនគ្នារវាងសមាជិកគ្រួសារណាដែលមិនមានជាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ឬជំងឺកូវីដ១៩។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីប៉ះពាល់ធំដុំទេ បើសិនជាមានគ្រួសារកសិករយើងជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ អ៊ីចឹងមិនមែនមនុស្សមួយគ្រួសារសុទ្ធកើតកូវីដ១៩ទេ គឺអាចនឹងនៅសល់សមាជិកម្នាក់ ឬពីរនាក់ដែលអាចឱ្យពួកគាត់ចេញទៅធ្វើស្រែចម្ការបានហើយ។ វិស័យកសិកម្មយើងនៅខេត្តតាកែវនាពេលនេះ គឺខ្ញុំបារម្ភពីបញ្ហាខ្វះទឹក ព្រោះប្រព័ន្ធធារាសាស្រ្តយើងមានមិនទាន់គ្រប់គ្រាន់»។

លោក ញ៉ិប ស្រ៊ន បន្ថែមថា រដូវធ្វើស្រែចម្ការនៅរដូវវស្សាបានបញ្ចប់ហើយ បើទោះបីជាវាមិនសូវរលូនក៏ដោយ ហើយតំបន់ខ្លះកំពុងរៀបចំដីធ្វើស្រែប្រាំងថែមទៀត៕

759 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម