អ្នកស្រី ជ័យ សុខា គឺជាអតីតពលករខ្មែរមកពីប្រទេសថៃម្នាក់ ក្នុងចំណោមពលករខ្មែរដទៃទៀត ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការរកប្រាក់បង់សងធនាគារទៅតាមកាលកំណត់ ខណៈអ្នកជំនាញរកឃើញថា បំណុល គឺជាវិបត្តិធំបំផុតសម្រាប់អតីតពលករខ្មែរនាពេលបច្ចុប្បន្ន។
ការផ្ទុះសង្គ្រាមឈ្លានពានចំនួន២លើករបស់ថៃ មកលើកម្ពុជាកាលពីឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថា បានធ្វើឱ្យពលករកម្ពុជាប្រមាណ៩០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញ។ ប៉ុន្តែបច្ចុប្បន្នដោយសារតែបញ្ហាបំណុល បានធ្វើឱ្យអតីតពលករមួយចំនួនហ៊ានប្រថុយនឹងគ្រោះថ្នាក់លួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃវិញ បើទោះបីក្រសួងការងារ អះអាងថា កម្ពុជានៅមានការងារ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងពលរដ្ឋទូទៅយ៉ាងណាក្តី។
សូមបញ្ជាក់ថា ការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ ដែលធ្វើឡើងចន្លោះពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៥ បានបង្ហាញថា ៧១ភាគរយនៃអ្នកត្រឡប់មកពីថៃ មានជាប់ជំពាក់បំណុល ក្នុងនោះ៨៥ភាគរយ មិនអាចបន្តការបង់ប្រាក់សងបានទៅតាមពេលកំណត់នោះទេ។
អ្នកស្រី ជ័យ សុខា និងប្តី ដែលធ្លាប់ធ្វើការនៅកន្លែងទិញលក់អេតចាយនៅប្រទេសថៃជាង១០ឆ្នាំ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅមុនពេលផ្ទុះសង្គ្រាមលើកទី១ កាលពីខែកក្កដាឆ្នាំ២០២៥ នៅពេលនេះកំពុងរស់នៅភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ស្រ្តីវ័យ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានខេមបូចាថា បច្ចុប្បន្ន អ្នកស្រីបានប្រកបរបរលក់កាហ្វេ និងទឹកក្រូចបន្តិចបន្តួច នៅផ្សារក្នុងភូមិរង់ចាំ ខណៈទាំងអ្នកស្រី និងប្តី នៅមិនទាន់អាចចេញទៅរកការងារធ្វើនៅភ្នំពេញ ឬនៅតាមបណ្តាខេត្តឆ្ងាយៗបាននៅឡើយ។
អ្នកស្រីនិយាយថា៖ «ថ្ងៃខ្លះលក់បាន២-៣ម៉ឺនរៀល ថ្ងៃខ្លះបាន១ម៉ឺន ឬជាង១ម៉ឺនរៀលក៏មាន។ ថ្ងៃខ្លះលក់រាងដាច់ ថ្ងៃខ្លះក៏ស្ងាត់សឹងតែថា លក់បានមួយហូបអត់ចង់គ្រប់។ ប៉ុន្តែយើងធ្វើម៉េចបើយើងអត់ដឹងទៅធ្វើអីទៀត មានតែទ្រាំឱ្យតែរស់ៗសិនទៅ»។
សូមបញ្ជាក់ថា អ្នកស្រី សុខា មានផ្ទះថ្មទំហំ ៧គុណ និង១០ម៉ែត្រ នៅទល់មុខវត្តជោគជ័យ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ហើយត្រូវបានគ្រាប់ផ្លោងរបស់យោធាថៃ បាញ់ចំកណ្តាលផ្ទះបណ្តាលឱ្យឆេះខ្ទេចអស់ទាំងស្រុង បន្ទាប់ពីក្រុមគ្រួសារអ្នកស្រីបានរត់គេចចេញពីផ្ទះមានតែខោអាវមួយចង្កេះ កាលពីចុងខែធ្នូឆ្នាំ២០២៥។ បច្ចុប្បន្នទីតាំងដីផ្ទះរបស់អ្នកស្រីត្រូវបានយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសព័ទ្ធយកមិនអាចចូលទៅបានឡើយ។
ស្ត្រីរូបនេះបន្ថែមថា៖ «បច្ចុប្បន្នគ្រួសារខ្ញុំក៏មានជំពាក់ប្រាក់គេមួយចំនួនដែរ ពីព្រោះបើមិនខ្ចីគេមកបង្កើតមុខរបរលក់កាហ្វេលក់ទឹកក្រូចបន្តិចបន្តួច មិនមានអីហូបទេ។ ខែខ្លះរកលុយបង់សងគេមិនបាន ក៏ខ្ចីលុយបងប្អូនខាងប្តីនៅបាត់ដំបង មកបង់សងគេសិន លំបាកណាស់»។ បើតាមអ្នកស្រី សុខា នៅតាមតំបន់ព្រំដែនបច្ចុប្បន្ន មានសភាពស្ងប់ស្ងាត់ មិនមានការងារអ្វីធ្វើ និងមិនអាចបើកមុខរបរលក់ដូរអ្វីធំដុំបានដែរ។
ចំណែកលោក រ៉េត ធា រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលធ្លាប់ទៅធ្វើសំណង់នៅប្រទេសថៃអស់រយៈពេល៣ឆ្នាំ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅមុនពេលមានការផ្ទុះសង្គ្រាមបានប្រាប់សារព័ត៌មានខេមបូចាថា ចាប់តាំងពីវិលត្រឡប់មកពីថៃ លោកមិនទាន់អាចរកការងារអ្វីបានធ្វើនៅឡើយទេ។
បុរសវ័យ៣៦ឆ្នាំរូបនេះបាននិយាយក្នុងសូរសំឡេងរដឺនតាមបែបអ្នកខេត្តបន្ទាយមានជ័យថា៖ «ខ្ញុំមិនមានការងារអ្វីធ្វើក្រៅពីធ្វើស្រែបន្តិចបន្តួចទេ ម៉្យាងខ្ញុំមានជំងឺក្រពះត្រូវនៅផ្ទះព្យាបាលជំងឺផង មិនទាន់អាចចេញទៅណារកការងារធ្វើនៅភ្នំពេញ ឬនៅខេត្តឆ្ងាយៗបានទេ»។
បន្ថែមពីនេះ អ្នកស្រី ធន ធាន វ័យ៣០ឆ្នាំ ដែលជាភរិយាលោក រ៉េត ធា បានរៀបរាប់ឱ្យដឹងថា សព្វថ្ងៃអ្នកស្រីមានកូនប្រុស២ នាក់កូនបង អាយុ ៩ឆ្នាំ កូនប្អូនមានអាយុ ៦ឆ្នាំ។ ឆ្នាំនេះគ្រួសារអ្នកស្រីធ្វើស្រែលើផ្ទៃដីប្រមាណ ៦០ អា។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនមានជំពាក់លុយធនាគារទេ ប៉ុន្តែខ្ញុំជំពាក់លុយអ្នកស្រុក១០លានរៀល (២៥០០ដុល្លារ)។ ខ្ញុំខ្ចីគេមកទី១ មើលជំងឺប្តី ប្តីខ្ញុំគាត់ឈឺក្រពះពោះវៀន ទី២ សម្រាប់ទៅពេទ្យសម្រាលកូនទី២ និងទី៣ខ្ចីគេយកមកធ្វើស្រែមានទិញជី ទិញថ្នាំកសិកម្មអីជាដើម»។
អ្នកស្រីថា លុយទាំងនេះត្រូវបង់សងទៅគេវិញក្នុងរយៈពេល២ឆ្នាំ ខណៈបច្ចុប្បន្នគ្រួសារអ្នកស្រី មិនមានការងារឬក៏មុខរបរអ្វីដើម្បីរកប្រាក់ក្រៅពីការធ្វើស្រែបន្តិចបន្តួចនោះទេ។

ដោយឡែកអ្នកស្រី យូ វិញ ជាស្ត្រីមេម៉ាយ ដែលផ្ទះ និងដីនៅភូមិជោគជ័យ ឃុំអូរបីជាន់របស់អ្នកស្រី ត្រូវបានយោធាថៃ ឈូសកម្ទេចចោលរាបដល់ដី ហើយដាក់ទូរកុងតឺន័រ និងបន្លាលួសវាទយក ចាប់តាំងពីក្រោយបទឈប់បាញ់ ឱ្យដឹងថា ចាប់តាំងពីចេញពីជំរំភៀសសឹកនៅវត្តចាន់ស៊ី មករស់នៅផ្ទះបណ្តោះអាសន្ន នៅភូមិរង់ចាំ តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ មកដល់ពេលនេះ អ្នកស្រីមិនទាន់ហ៊ានចេញទៅរកការងារធ្វើនៅខេត្តឆ្ងាយនៅឡើយទេ។
ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះ ត្អូញត្អែរថា៖ «ពិបាកណាស់ពូនៅនេះស្ងាត់ មិនអាចបើករកស៊ីអ្វីបានទេ ការងារក៏គ្មានដែរ សូម្បីតែរោងចក្រនៅប៉ោយប៉ែត នៅអូរនាង ដែលខ្ញុំធ្លាប់ធ្វើការកាលពីមុនផ្ទុះសង្គ្រាម ក៏បានបិទជាបន្តបន្ទាប់អស់ដែរ»។ អ្នកស្រីបន្តថា៖ «ខ្ញុំថារកឡើងទៅរកការងារធ្វើនៅភ្នំពេញ ប៉ុន្តែនៅពេលនេះមិនទាន់អាចចេញទៅបានទេ ដោយសារផ្ទះនៅភូមិរង់ចាំនេះ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិពីអាជ្ញាធរនៅឡើយហើយបើយើងបិទទ្វារចេញទៅរកការងារធ្វើ អាជ្ញាធរគេអាចដកហូតយកផ្ទះវិញ។ សន្តិសុខភូមិគេប្រាប់ខ្ញុំថាចឹង»។
បច្ចុប្បន្ន អ្នកស្រី យូ វិញ ក៏នៅជំពាក់ប្រាក់ធនាគារ៦ពាន់ដុល្លារផងដែរ ខណៈចាប់តាំងពីចូលមករស់នៅក្នុងភូមិរង់ចាំនេះមក អ្នកស្រីមិនដែលរកប្រាក់ចំណូលអ្វីបាននោះទេ គឺរស់នៅដោយសារបងប្អូននៅខេត្តផ្សេងជួយចិញ្ចឹម និងប្រាក់បណ្ណក្រីក្រ ដែលអាជ្ញាធរផ្តល់ឱ្យក្នុងមួយខែបើកបាន៣ម៉ឺនរៀល។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំលែងមានលុយបង់សងធនាគារយូរដែរហើយ ហើយក៏មិនឃើញគេមកទារដែរ។ តែបើមានលុយបង់ក៏មិនដឹងបង់យកអីដែរ បើផ្ទះនិងដីយើង ត្រូវថៃយកអស់ហើយហ្នឹង ហើយផ្ទះដែលយើងរស់នៅបណ្តោះអាសន្ននៅភូមិរង់ចាំនេះយើងក៏មិនដឹងថា ជារបស់យើងឬអត់? វាអត់ទាន់ដឹងថាទៅមុខទៀតវាយ៉ាងម៉េច អាស្រ័យលើរដ្ឋាភិបាលដែរ គាត់អាចយកដីយើងពីថៃមកវិញបានឬអត់»។
ទាក់ទងនឹងការងារ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់សារព័ត៌មានខេមបូចាថា សម្រាប់ក្រសួងការងារ យើងនៅមានការងារ៩ម៉ឺនកន្លែងជូនកម្មករ ពលរដ្ឋនិងអតីតពលករដោយទទួលបានប្រាក់ខែប្រហាក់ប្រហែលការធ្វើការនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ ប.ស.ស លើសថៃដើម្បីផ្តល់ជូន។ លោកបញ្ជាក់ថា កម្ពុជាមានជម្រើសច្រើន មិនចំណាយលើសេវាធ្វើការ និងចំណាយផ្សេងៗដូចនៅបរទេសនោះទេ។
លោកថ្លែងថា៖ «បើមានជំនាញការងារក្នុងស្រុកមានច្រើនជម្រើស ទៅក្រៅប្រទេសក៏បាន ប៉ុន្តែបើគ្មានជំនាញ ក្រសួងបង្រៀនដោយឥតគិតថ្លៃ។ ក្រសួងការងារអំពាវនាវឱ្យសង្គមស៊ីវិលជួយផ្សព្វផ្សាយលេខទូរសព្ទទំនាក់ទំនងរកការងារធ្វើ ១២៩៧ និងឱកាសការងារដើម្បីជួយអតីតពលករដោយពិតប្រាកដ និងសុឆន្ទៈ»។
ការប្រឈមធំបំផុតរបស់អតីតពលករគឺបំណុល
វិបត្តិបំណុល មិនមែនកើតឡើងតែទៅលើពលរដ្ឋជាអតីតពលករចំណាកស្រុកនោះទេ ប៉ុន្តែវាបានកើតឡើងនៅទូទាំងប្រទេស។ គិតត្រឹមចុងឆ្នាំ២០២៥ ពលរដ្ឋខ្មែរទូទៅប្រមាណ ៥,១៣លាននាក់ ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយគិតជាទំហំកម្ចីសរុបជាង ៦២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ការិយាល័យឥណទានកម្ពុជា(CBC)ចេញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
លោក មឿន តុលា នាយកប្រតិបត្តិសង់ត្រាល់បានប្រាប់សារព័ត៌មានខេមបូចាថា ការប្រឈមធំបំផុតរបស់អតីតពលករចំណាកស្រុកមកពីថៃ គឺបញ្ហាបំណុល។ តាមការសិក្សាស្រាវជ្រាវរបស់សង់ត្រាល់ កាលពីអំឡុងខែតុលាឆ្នាំ២០២៥ របាយការណ៍របស់ UNDP និងរបាយការណ៍ CDRI រកឃើញថា អតីតពលករខ្មែរដែលត្រឡប់មកពីថៃ គឺជាប់បំណុលគេរហូតដល់ជាង៧០ភាគរយ។
លោកថ្លែងថា៖ «បំណុលនេះធ្ងន់ធ្ងរណាស់ក្នុងមួយគ្រួសារជាមធ្យមគឺជំពាក់បំណុលគេ ៥ ៥០០ដុល្លារ ហីយើងរកឃើញថា ៨៥ភាគរយ នៃអ្នកដែលជាប់បំណុលនឹងគឺថា គាត់អត់មានលទ្ធភាពសងគេទេ ដោយសារចំណូលនិងចំណាយនឹងវាអត់សមតុល្យគ្នា»។
បើទោះបីបច្ចុប្បន្នសង់ត្រាល់មិនទាន់បានធ្វើការសិក្សាស្រាវជ្រាវជាក់លាក់ជាថ្មីទៀតក្តី ប៉ុន្តែបើតាមក្រុមការងារសង់ត្រាល់ បានជួបជាមួយអតីតពលលករ ពួកគាត់មួយចំនួនបានត្រឡប់ទៅធ្វើការនៅក្នុងប្រទេសថៃវិញហើយ ទៅតាមច្រករបៀង ដោយចំណាយក្នុងម្នាក់ៗមិនតិចជាង១ម៉ឺនបាតនោះទេ។ ១ម៉ឺនបាតនេះគឺគិតចាប់ត្រឹមពីព្រំដែនចូលទៅដល់ក្នុងទឹកដីថៃប៉ុណ្ណោះ ដោយមិនគិតពីការធ្វើដំណើរពីស្រុកភូមិ ទៅកាន់តំបន់ព្រំដែននោះទេ។
លោក តុលា បានឱ្យដឹងទៀតថា៖ «យើងសម្ភាសអ្នកដែលត្រឡប់ទៅថៃវិញជាច្រើននាក់យើងសួរគាត់ថា ហេតុអ្វីបានគាត់ត្រឡប់ទៅថៃវិញ? អ្នកខ្លះគាត់ថា គាត់រកការងារធ្វើដែរនៅកំពង់សោម នៅកោះកុង នៅភ្នំពេញ នៅតាកែវ។ ខ្លះធ្វើបានមួយរយៈ ក្រុមហ៊ុនគេបិទ ហើយអ្នកខ្លះទៀតធ្វើការគេអត់បើកប្រាក់ខែឱ្យគាត់ពេញ ក៏គាត់កាន់តែជំពាក់គេដល់ជំពាក់គេកាន់តែច្រើន ជម្រើសមានតែមួយគឺប្រថុយប្រថានត្រឡប់ទៅស្រុកថៃវិញចឹងទៅ»។
យ៉ាងណាក្តីបើតាមនាយកប្រតិបត្តិអង្គការសង់ត្រាល់ មានអតីតពលករមកពីថៃខ្លះក៏រកការងារបានធ្វើនៅតាមរោងចក្រ នៅតាមការដ្ឋានសំណង់ និងនៅតាមកសិដ្ឋានមួយចំនួនដែរ ប៉ុន្តែមិនទទួលបានជោគជ័យទេ ដោយសារតែការងារទាំងនោះមិនបានជាប់លាប់ឡើយ។
លោក តុលា ថា៖ «ដោយសារការងារនៅមានកម្រិតនៅក្នុងស្រុកហើយការងារដែលពួកគាត់រកបានវាមិនទាន់ជាការងារដែលមានស្តង់ដា ហេតុដូច្នេះហើយ ដោយសារជំពាក់បំណុលគេ ពួកគាត់ត្រូវតែបង្ខំចិត្តចំណាកស្រុកទៅថៃ អ្នកខ្លះទៅម៉ាឡេ អ្នកខ្លះទៅអ៊ីស្រាអែល តែទៅអ៊ីស្រាអែលត្រូវការជំនាញ និងចំណេះដឹងខ្ពស់ដែរ។ ដោយឡែកអ្នកដែលអត់ចេះអានអត់ចេះអក្សរគ្មានជម្រើសណាក្រៅពីទៅថៃទេ»។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធធ្វើអត្ថាធិប្បាយចំពោះស្ថានភាពធ្ងន់ធ្ងរនៃការជំពាក់បំណុលរបស់ប្រជាពលរដ្ឋជាពិសេសអតីតពលករទើបត្រឡប់មកពីថៃ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ខណៈពលរដ្ឋគ្មានលទ្ធភាពបង់សងបំណុលនេះ ដោយជំរុញឱ្យសួរទៅធនាគារជាតិកម្ពុជា។
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មិនអាចទាក់ទងដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានឡើយ។
យ៉ាងណាក្តី លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានលើកឡើងក្នុងឱកាសដែល ARDB និងក្លិបអ្នកកាសែតកម្ពុជា (CCJ) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ថា ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិត ហើយការប្រើប្រាស់ប្រាក់ដែលខ្ចីមកខុសពីគោលដៅដើម អាចធ្វើឱ្យបំណុលគ្រួសារកើនឡើង។
លោក កៅ ថាច ថ្លែងថា៖ «ការប្រើប្រាស់លុយដែលខ្ចីពីគេមក អាចនឹងខុសគោលដៅច្រើន ដែលធ្វើឱ្យបំណុលគ្រួសារកើនឡើង។ ការប្រើប្រាស់ប្រាក់កម្ចីខុសគោលដៅអាចក្លាយជាអន្ទាក់បំណុលមួយធំណាស់ សម្រាប់គ្រួសារ»។
ចំណែកអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក កាំង តុងងី បានប្រាប់សារព័ត៌មានខេមបូចាថា ជារួម CMA អង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ព្រំដែននៅតែជួបការលំបាកក្នុងការរកប្រាក់ចំណូលដើម្បីស្តារជីវភាពធ្វើឱ្យមានបញ្ហាក្នុងការសងត្រឡប់មកកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។
លោកបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាដែលអាចមានប្រសិទ្ធភាពខ្ពស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងការសងត្រឡប់មកកាន់គ្រឹះស្ថានវិញឱ្យមានភាពក្លាហាន និងមានភាពស្មោះត្រង់ លើកយកបញ្ហានឹងទៅជជែកផ្ទាល់ជាមួយគ្រឹះស្ថាន»។
សម្រាប់លោក កាំង តុងងី មានតែការជជែកយល់ពីស្ថានភាពជាក់ស្តែងរបស់អតិថិជននីមួយៗទេ ទើបខាងគ្រឹះស្ថានអាចស្នើជូននូវដំណោះស្រាយណាដែលមានប្រសិទ្ធភាពនិងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលជាអតិថិជនបាន។
ជាមួយគ្នានេះ CMA អំពាវនាវឱ្យប្រជាពលរដ្ឋសូមចៀសឱ្យផុតពីកម្ចីក្រៅប្រព័ន្ធ ឬកម្ចីតាមអនឡាញផ្សេងៗ ពីព្រោះកម្ចីទាំងអស់នេះ ក្រៅពីមានអត្រាកាប្រាក់ខ្ពស់ហួសហេតុហើយ គឺមិនមានយន្តការច្បាស់លាស់ក្នុងការការពារអតិថិជនខ្លួននោះទេ។
លោក តុងងី បញ្ជាក់ថា៖ « ការទៅខ្ចីបំណុលឯកជនដែលមានកាប្រាក់ថ្លៃៗនេះវានឹងមិនបានដោះស្រាយបញ្ហារបស់បងប្អូនទេ វាមានតែធ្វើឱ្យបញ្ហារីកកាន់តែធំមានភាពស្មុគស្មាញ ពិបាកដោះស្រាយកាន់តែខ្លាំង»។
ដើម្បីធ្វើឱ្យជីវភាពគ្រួសារអ្នកស្រី និងអ្នករស់នៅតាមព្រំដែន បានល្អប្រសើរឡើងវិញ អ្នកស្រី ជ័យ សុខា បានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយបង្កើតការងារឱ្យបានច្រើននៅតាមតំបន់ព្រំដែន តាមរយៈការកៀរគរនាំក្រុមហ៊ុនឯកជនមកបង្កើតរោងចក្រផ្សេងៗដើម្បីឱ្យអ្នកស្រី និងប្តី របស់អ្នកស្រី ព្រមទាំងអ្នកភូមិផ្សេងទៀត មានការងារធ្វើ ខណៈបច្ចុប្បន្នអ្នករស់នៅតាមព្រំដែនគ្មានការងារអ្វីធ្វើនោះទេ ហើយបើចង់រកការងារធ្វើទាល់តែឡើងទៅភ្នំពេញ និងទៅតាមបណ្តាខេត្តផ្សេងទៀត។
អ្នកស្រីបានបន្ថែមថា៖ «បើយើងមានការងារធ្វើនៅក្នុងស្រុកយើងតាមព្រំដែន នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនរស់រវើកឡើងវិញ ដល់អ៊ីចឹងអ្នករកស៊ីលក់ដូរ លក់អ្វីក៏ដាច់ពីព្រោះពេលមនុស្សមានការងារធ្វើមានលុយចាយ។ ដល់ពេលយើងមានការងារធ្វើមានមុខរបរ យើងអាចសន្សំប្រាក់បង់សងគេបានហើយ។ ដូចខ្ញុំលក់កាហ្វេលក់ទឹកក្រូចរាល់ថ្ងៃ ថ្ងៃខ្លះលក់បានលុយតែជាង ១០ ០០០ រៀលក៏មានពីព្រោះអ្នកភូមិអត់មានលុយចាយ»៕









