សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងជាប់ពន្ធនាគារឆ្លងជំងឺកូវីដ១៩

បុរសម្នាក់បើករ៉ឺម៉កកង់បីចូលតាមច្រកមណ្ឌលអប់រំកែប្រែ១ ថ្ងៃទី២១ ឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
បុរសម្នាក់បើករ៉ឺម៉កកង់បីចូលតាមច្រកមណ្ឌលអប់រំកែប្រែ១ ថ្ងៃទី២១ ឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនដែលជាប់ពន្ធនាគារ​ពីបទញុះញង់នោះ បានឆ្លងជំងឺកូវីដ១៩ ​ចាប់តាំងពីខែឧសភា។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានថ្លែងប្រាប់ខេមបូចាកាលពីថ្ងៃទី១២ ខែមិថុនា ថាមានអ្នកជាប់ឃុំ​មួយចំនួនដែលជាមន្ត្រីអតីតបក្សប្រឆាំងបានឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារព្រៃសរ។ លោក​បញ្ជាក់ថា ​ស្ថានភាព​ជំងឺរបស់​ពួកគេ​ទាំងនោះមិនចោទជាបញ្ហាឡើយ។

លោក នុត​ សវនា មានប្រសាសន៍ថា«កន្លងមកមានសមាជិកអតីតគណបក្សប្រឆាំងដែលត្រូវទោសជាប់ចោទពីបទញុះញង់ហ្នឹង គាត់ទាំងប៉ុន្មានដែលមុនរកឃើញថាវិជ្ជមានហ្នឹង។ យើងតេស្តពួកគាត់ជាថ្មីមកឃើញថាអវិជ្ជមានវិញអស់ហើយ។ អត់អីទេ ពួកអ្នកទាំងនោះគាត់ជាសះស្បើយទាំងអស់គ្នាហើយ»

នេះជាលើកដំបូងដែលអគ្គនាយកដ្ឋានពន្ធនាគារ ទម្លាយឱ្យដឹងពីស្ថានភាពសុខភាពរបស់អតីតមន្ត្រីបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ ចាប់តាំងពីជំងឺកូវីដ១៩ផ្ទុះរាលដាលជាសហគមន៍កាលពីខែកុម្ភៈ។

ប្រធានពន្ធនាគារព្រៃសរ ឬមណ្ឌលកែប្រែទី១ លោក យិន គន្ធ មិនឆ្លើយសំណួរលម្អិតជុំវិញ​ករណីនេះទេ។លោក​ប្រាប់ថា ក្រុមការងាររបស់​លោកបានបញ្ជូនបញ្ជីឈ្មោះអ្នកជំងឺដែល​ជា​សកម្ម​ជនអតីតបក្សសង្គ្រោះជាតិនោះទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ។

លោក យិន គន្ធ មានប្រសាសន៍ថា «ប្អូនអាចចាំសួរអ្នកនាំពាក្យទៅ ខាងពេទ្យខ្ញុំបញ្ជូនបញ្ជីឈ្មោះទៅអ្នកនាំពាក្យហើយ»

ទោះជាយ៉ាងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា មិនប្រាប់ឱ្យដឹងពីចំនួនអតីតសមាជិកCNRP ដែលជាប់ឃុំហើយឆ្លងជំងឺកូវីដ១៩ឡើយ។

អ្នកស្រីឡុង ណារិន ជាភរិយារបស់អតីតអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែន​ជ័យ លោក ហេង ច័ន្ទសុទ្ធី បានមានប្រសាសន៍ថា រូបគាត់បារម្ភពីស្វាមីជាខ្លាំងបន្ទាប់ពី ទទួលដំណឹងមកថាស្វាមីរបស់គាត់​បានឆ្លង​ជំងឺ​កូវីដ១៩ ។

អ្នកស្រី ឡុង ណារិន និយាយថា«គេប្រាប់កូនខ្ញុំថាប្ដីខ្ញុំឆ្លងកូវីដ១៩ ខ្ញុំស្លុតណាស់ ព្រោះប្ដីខ្ញុំមានជំងឺប្រចាំ​​កាយគាត់លើសឈាមនិងបេះដូង។ ខ្ញុំបារម្ភថាជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិតគាត់»

លោក ហេង  ច័ន្ទសុទ្ធី ត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០២០ នៅសង្កាត់ចោម​ចៅ​ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តុលាការចោទប្រកាន់រូបលោក​ពី​បទ​រួម​គំនិត​ក្បត់ ​និង​ញុះញង់​ ក្នុងចំណោមសំណុំរឿងដែលមានជនជាប់ចោទ​ជាង១៣០​នាក់ ពាក់ព័ន្ធ​នឹង​ដំណើរវិលត្រឡប់មកប្រទេសវិញ ​មិន​បាន​​​​សម្រេច​របស់លោក សម រង្ស៊ី។

កញ្ញា ហេង បូរី អាយុ២៥ឆ្នាំជាកូនស្រីរបស់លោក ហេង ច័ន្ទសុទ្ធី  បានប្រាប់ថា គាត់​ខក​ខានទទួលដំណឹងពីឪពុកចាប់តាំងពីដើមខែមិនាមក គឺនៅពេលដែលមានផ្ទុះជំងឺកូវីដ១៩ជា​សហគមន៍២០កុម្ភៈ។

កញ្ញា ហេង បូរី និយាយថា« ពួកខ្ញុំមិនបានទទួលដំណឹងពីពុកសោះ  ស្រាប់តែលឺថាពុកមានជំងឺកូវីដ១៩ហើយសុខភាពគាត់ចុះខ្សោយខ្លាំង ធ្វើទុក្ខខ្លាំងថប់ដង្ហើមនិងពិសារបាយមិនបាន។ការណ៍មិនអនុញ្ញាតឱ្យពួកខ្ញុំដឹងដំណឹងពីស្ថានភាពសុខភាពពុកខ្ញុំកំពុងជាប់គុកនេះជារឿងអយុត្តិធម៌ណាស់។ ខ្ញុំសូមអំពាវនាវឱ្យដោះលែងឪពុកខ្ញុំដោយឥតលក្ខខណ្ឌ» 

មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង លោកសំ សុខគង់ មាន​ប្រសា​សន៍​​ថា លោកមិនទាន់បានទទួល​ដំណឹងផ្លូវការ​ពីស្ថានភាពសុខភាពកូន​ក្ដីខ្លួននៅពន្ធនាគារ​នៅ​ឡើយទេ។ 

លោក សំ សុខគង់ មានប្រសាសន៍ថា៖«ខ្ញុំមិនទាន់អត្ថាធិប្បាយថាម៉េចទេ ព្រោះមិនទាន់ បានទទួលព័ត៌មានផ្លូវការ​ពីពន្ធនាគារ។ ក្នុងសប្ដាហ៍នេះខ្ញុំនឹងដាក់លិខិត ទៅពន្ធនាគារដើម្បី សួរព័ត៌មានបន្ថែមពីស្ថាន​ភាពសុខភាពកូនក្ដីខ្ញុំ»។

សមាជិកគ្រួសារអតីតមន្រ្តីCNRPផ្សេងទៀត ក៏បានទទួលព័ត៌មានក្រៅផ្លូវការថា ស្វាមីរបស់ពួកគេបានឆ្លងកូវីដ១៩។ ប៉ុន្តែពួកគេមិនអាចទំនាក់ទំនងផ្ទាល់ជាមួយនឹងស្វាមីរបស់ពួកគេនោះទេ។ ដោយសារមានការព្រួយបារម្ភពីសុខភាពរបស់អ្នកជាប់ឃុំ ក្រុមស្រ្តីដែលហៅថា «ស្រ្តីថ្ងៃសុក្រ» បានដាក់ញត្តិនៅស្ថានទូតអាមេរិក ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា និងស្ថានទូតផ្សេងទៀតឲ្យជួយអន្តរាគមន៍ដោះលែងស្វាមីរបស់ពួកគេ។

នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពន្ធនាគារចាំបាច់ត្រូវតែ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​​ក្រុម​​គ្រួសារអ្នកទោសឬជនសង្ស័យដែលបានឆ្លង​ជំងឺឬរងគ្រោះថ្នាក់​ដោយ​ប្រការណាមួយជាយថាហេតុ។ លោកបន្ថែមថា អាជ្ញាធរត្រូវមានតម្លាភាព ក្នុងការផ្ដល់ព័ត៌មានពីស្ថានភាពសុខភាពអ្នកជាប់ឃុំទាំងអស់នោះទៅកាន់ក្រុមគ្រួសាររបស់ពួកគេ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «បើសិនណាអ្នកជាប់ឃុំជាសកម្មជននយោបាយ សកម្មជនបរិស្ថានឬសកម្មជនតស៊ូដើម្បីសេរីភាពបញ្ចេញមតិ ហើយគាត់ឆ្លងជំងឺកូវីដក្នុងពន្ធនាគារឬរហូតដល់មានគ្រោះថ្នាក់ណាមួយនោះ ហើយក្រុមគ្រួសារមិនបានទទួលដំណឹងនោះ​ មតិជាតិនិងអន្តរជាតិនឹងរិះគន់រដ្ឋាភិបាលជាក់ជាមិនខាន»

យោងតាមទិន្នន័យ​របស់អង្គការ​សង្គមស៊ីវិល​បានបង្ហាញថា ចាប់ពីពីខែមករា ដល់ចុងខែតុលា ឆ្នាំ២០២០ ក្រុមសកម្មជន​បរិស្ថាន និងអតីតសកម្ម​ជននយោបាយ ត្រូវចោទ​ប្រកាន់ និងចាប់ខ្លួន ពីបទញុះញង់ចំនួន៣៧​ករណី។ ពួកគេភាគច្រើនជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី១១មិថុនា ឱ្យដឹងថាពន្ធនាគារចំនួន៧មានផ្ទុះជំងឺកូវីដ១៩ ក្នុងនោះរួមមាន ពន្ធនាគារខេត្តព្រះសីហនុ មណ្ឌលអប់រំកែប្រែទី១(ម១) មណ្ឌល​អប់រំ​កែប្រែទី២(ម២) ពន្ធនាគាររាជធានីភ្នំពេញ  ពន្ធនា​គារ​ខេត្តកណ្ដាល ពន្ធនាគារខេត្តកំពង់ស្ពឺនិង​ពន្ធនាគារខេត្តបន្ទាយមានជ័យ។ ​ករណី​​ឆ្លងជំងឺកូវីដ១៩ក្នុងចំណោមអ្នកជាប់​ឃុំតាមកម្រិតផ្សេងៗគ្នា។ ក្នុងនោះចំនួន​អ្នក​ឆ្លង​​តាម​​កន្លែង​នីមួយៗមានប្រមាណ​ពី​១០%ទៅ២០%​នៃចំនួនអ្នកជាប់ឃុំទាំងអស់។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា កាលពីដើមខែមិថុនា បានអំពាវនាវនិងជំរុញឱ្យមាន ការដោះលែងក្រុមអ្នកជាប់ឃុំជាក់លាក់មួយចំនួនជាបន្ទាន់ដើម្បីកាត់បន្ថយចំនួនចង្អៀត សំដៅគ្រប់គ្រងឱ្យបាននូវការរីលរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។

ការិយាល័យនេះលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងអំពាវនាវឱ្យអាជ្ញាធរធានាថា រាល់អ្នកជាប់ឃុំទាំងអស់មានមធ្យោបាយ ដើម្បីទំនាក់ទំនងជាមួយគ្រួសារ ដើម្បីជូនដំណឹងដល់ពួកគេអំពីស្ថានភាពសុខភាពរបស់ខ្លួន »៕

476 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម