ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តប៉ៃលិនអះអាងថា ពួកគាត់កំពុងតែប្រើប្រាស់លុយកម្ចីពីជនជាតិឥណ្ឌាជាលក្ខណៈឯកជនក្នុងរូបភាពជាលុយរាប់ដែលគិតការប្រាក់២០ភាគរយ ប្រើប្រាស់អត្តសញ្ញាណបណ្ណជាវត្ថុធានា។
តំណាងសហគមន៍ដីធ្លីប៉ៃលិន អ្នកស្រី អោម សំអុល ថ្លែងថា នៅទូទាំងខេត្តជនជាតិឥណ្ឌាដាក់លុយរាប់ជាលក្ខណៈក្រុមហ៊ុនឯកជន។ អ្នកស្រីថា លុយរាប់ដែលមានការប្រាក់ខ្ពស់ដល់២០ភាគរយហើយត្រូវបង់សងរាល់ថ្ងៃនេះ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែលំបាកវេទនាថែមទៀត។
អ្នកស្រី អោម សំអុល បញ្ជាក់ថា៖ «១លានការ២០ម៉ឺនលោកគ្រូ ដូចអារកចឹង។ ខ្ចីអត់បានច្រើនទេ បានត្រឹម១លានឬច្រើន២លានរៀល។ ការខ្ចីដាក់អត្តសញ្ញាណបណ្ណអត់ដាក់ឯកសារអីផ្សេងទេ»។
អ្នកស្រី អោម សំអុល បង្ហាញការព្រួយបារម្ភពីបំណុលកាន់តែកើនឡើងធ្ងន់ធ្ងរ ហើយអាចបាត់បង់អត្តសញ្ញាណបណ្ណ ព្រោះការផ្តល់កម្ចីរបស់ជនជាតិឥណ្ឌាទាំងនោះត្រូវយកអត្តសញ្ញាណបណ្ណផ្ទាល់មិនមែនប្រភេទថតចម្លងទេ។
ចំពោះការសងត្រឡប់វិញអ្នកស្រីថា ជនជាតិឥណ្ឌាទាំងនោះដើរទាររាល់ថ្ងៃដោយប្រមូលយកតាមចំនួននៃការព្រមព្រៀងនៅពេលខ្ចី។
អ្នកស្រី សំអុល បន្ថែមថា៖ «ទោះរៀងយប់បន្តិចក៏នៅចាំទារដែរគឺធ្វើម៉េចទារឱ្យទាល់តែបាន»។
អ្នកស្រី សុខឿន ពលរដ្ឋនៅប៉ៃលិនរៀបរាប់ថា គាត់ខ្ចីលុយឥណ្ឌា ៥០ម៉ឺនរៀល ហើយត្រូវបង់សងវិញមួយថ្ងៃ២ម៉ឺនរៀលរាល់ថ្ងៃ ក្នុងរយៈពេល៣០ថ្ងៃ សរុបការសងទាំងដើម និងការ៦០ម៉ឺនរៀល។ អ្នកស្រីឱ្យដឹងថា រូបគាត់ខ្ចីលុយឥណ្ឌាដោយសារតែមិនមានលុយបង់សងស្ថាប័នធនាគារ។
អ្នកស្រី សុខឿន ឱ្យដឹងថា៖ «ខ្ញុំជាប់តើស បើមិនយកយ៉ាងម៉េចអង្គការធំអត់មានលុយឱ្យ មានតែយកចឹង»។
អ្នកស្រីបន្តទៀតថា រូបគាត់ពឹងលើលុយស៊ីឈ្នួល ធ្វើចម្ការឱ្យអ្នកដទៃបានតែ២៥០០០រៀលក្នុង១ថ្ងៃ យកមកសងបំណុលទាំងលុយរាប់ប្រចាំថ្ងៃ និងត្រៀមលុយសងធនាគារប្រចាំខែ។
អ្នកស្រី សុខ ប៉ែត អ្នកដែលបានយកលុយកម្ចីរាប់ប្រចាំថ្ងៃពីឥណ្ឌាម្នាក់ទៀតថ្លែងថា រូបគាត់ និងអ្នកភូមិផ្សេងទៀត យកលុយរាប់ឥណ្ឌាប្រើប្រាស់ស្ទើរគ្រប់គ្នានៅក្នុងភូមិ។ អ្នកស្រីថា រូបគាត់បានយកកម្ចីរាប់ថ្ងៃពីឥណ្ឌា ២០ម៉ឺនរៀល គាត់ត្រូវបង់សងប្រចាំថ្ងៃ១ម៉ឺនរៀលរយៈពេល២៤ថ្ងៃ។
អ្នកស្រី សុខ ប៉ែត បន្តថា សូម្បីតែលុយ១ថ្ងៃម៉ឺនរៀល ក៏រូបគាត់ពិបាកក្នុងការរកសងត្រឡប់វិញដែរ។
អ្នកស្រីសុខ ប៉ែត ថ្លែងថា៖ «ចេះតែត្រដរត្រដូសចឹងទៅលោកគ្រូអើយ គេអត់ខានទេ ត្រូវតែបង់ឱ្យគេរហូតទោះជាអត់មានក៏ត្រូវបង់ឱ្យគេដែរ»។
ពលរដ្ឋរស់នៅខេត្តប៉ៃលិនលោក មឿង មិជ ថ្លែងថា រូបគាត់មិនហ៊ានយកលុយកម្ចីឥណ្ឌាមកប្រើប្រាស់ទេខ្លាចលង់ខ្លួនក្នុងបំណុល ដោយលោកឃើញអ្នកខ្ចីលុយរាប់ទាំងនេះមានការលំបាកខ្លាំង។ លោកបន្តថា សកម្មភាពផ្តល់កម្ចីលុយរាប់ជនជាតិឥណ្ឌាទាំងនេះបានធ្វើសកម្មភាពច្រើនឆ្នាំហើយ។
លោក មឿង មិជ បានបញ្ជាក់ថា៖ «យូរហើយ តាំងលក់មុងមក ហើយវានៅស្រុកខ្មែរយើងហ្នឹង យកប្រពន្ធខ្មែរនៅហ្នឹងបណ្តោយ។ លក់មុងយូរស្គាល់ភូមិសាស្ត្ររួចក៏បន្តរស់នៅដាក់លុយរាប់»។
ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនម្នាក់ទៀត លោក សំ កូលីន បានឱ្យដឹងថា សកម្មភាពផ្តល់កម្ចីលុយរាប់របស់ជនជាតិឥណ្ឌាមានច្រើនឆ្នាំ ប៉ុន្តែសកម្មភាពនេះកើនឡើងខ្លាំងគឺប្រមាណ២ទៅ៣ឆ្នាំចុងក្រោយនេះ។
លោក សំ កូលីន បន្តថា៖ «រកស៊ីយូរហើយ តែទើបលេចធ្លោរប្រហែល២ឆ្នាំនេះខ្លាំង ២ឆ្នាំ៣ឆ្នាំនេះ ពីមុនរកតិចទេឥឡូវរកច្រើន។ រកទាំងអស់គ្រប់ច្រកគ្រប់កន្លែងណាក៏មាន»។
លោក កូនលីនថា រូបលោកមិនបានខ្ចីលុយឥណ្ឌានេះទេ ប៉ុន្តែបានឃើញសកម្មភាពជនជាតិឥណ្ឌាដើរដាក់លុយ និងទារលុយពីអ្នកភូមិវិញគ្រប់កន្លែង។ លោកឱ្យដឹងថា ក្រៅពីជនជាតិដើរដាក់លុយរាប់ជាប្រព័ន្ធបើកចំហគ្រប់កន្លែងនេះ ក៏មានជនជាតិប៉ាគីស្ថានតិចតួចប្រកបរបរដូចជនជាតិឥណ្ឌានេះដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ បារម្ភពីបញ្ហាការផ្តល់កម្ចីដោយមិនបានចុះបញ្ជីធ្វើអាជីវកម្មត្រឹមត្រូវ ហើយយកការប្រាក់ខ្ពស់កាន់តែបន្ថែមបន្ទុកលើពលរដ្ឋថែមទៀត។
លោក អំ សំអាត មានប្រសាសន៍ថា៖ «បើកម្ចីហ្នឹងច្រើន អាចប្រឈមមុខធ្វើឱ្យជំពាក់បំណុលវណ្ឌក ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិឬក៏ដីធ្លីដែលត្រូវលក់ដើម្បីសង»។
សម្រាប់លោក មេធាវី សុខ សំអឿន ពន្យល់ថា ជាគោលការណ៍ច្បាប់មិនបានហាមឃាត់ចំពោះការធ្វើអាជីវកម្មលុយរាប់នេះ។ ប៉ុន្តែលោកថា បើករណីជនជាតិឥណ្ឌាផ្តល់កម្ចីជាប្រព័ន្ធរបៀបនេះ អាចផ្នែកពន្ធដារប្តឹងបានករណីមិនបានចុះបញ្ជី និងបង់ពន្ធចូលរដ្ឋ។
លោក សុខ សំអឿន៖ «គាត់អាចនឹងត្រូវគេពិន័យ ខុសច្បាប់ពន្ធដារទៅវិញទេ គឺមិនមែនជាបទល្មើសទេ»។
អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី យល់ថា សកម្មភាពជនជាតិឥណ្ឌាទាំងនេះ ខុសច្បាប់បើមិនបានចុះបញ្ជីត្រឹមត្រូវ។ លោកបន្តថា ចំពោះការប្រាក់ដល់២០ភាគរយគឺខ្ពស់លើសពីច្បាប់កម្ពុជា ដែលកំណត់ការប្រាក់ច្រើនបំផុតត្រឹម១,៥ភាគរយក្នុង១ខែឬ១៨ភាគរយក្នុង១ឆ្នាំ។
លោក តុងងី លើកឡើងថា៖ «ច្បាប់ព្រះរាជាណាចក្រកម្ពុជាយើងកំណត់ហើយគឺមិនលើស១,៥ភាគរយ ក្នុង១ខែឬ១៨ភាគរយក្នុង១ឆ្នាំ។ អាជ្ញាធរមូលដ្ឋានត្រូវទប់ស្កាត់ករណីហ្នឹង ហើយជាពិសេសពួកគាត់ជាជនបរទេស តើមានបណ្ណការងារឬលិខិតអាជីវកម្មអីទេ?»។
លោក មេធាវី សេក សោភ័ណ ពន្យល់ថា ផ្លូវច្បាប់មិនបានលម្អិតពីកម្ចីលុយរាប់ទេ ហើយនៅពេលដែលមានជម្លោះកើតឡើងនឹងដោះស្រាយតាមច្បាប់កិច្ចសន្យារវាងបុគ្គល និងបុគ្គល។
លោក សោភ័ណ ថ្លែងថា៖ «បើសិនជាមានរឿងពេលហ្នឹងគេលែងយកកុងត្រាឯកជនមកគិតជាផ្លូវច្បាប់ហើយ។ ពេលហ្នឹងទំនាក់ទំនងរវាងអ្នកឱ្យខ្ចី និងអ្នកខ្ចីគេហ្នឹងលុយរាប់ប្រចាំថ្ងៃឬប្រចាំអាទិត្យហ្នឹងពេលហ្នឹងច្បាប់គេមើលថា តើកិច្ចសន្យាហ្នឹងស្របច្បាប់ឬអត់? ហើយស្របច្បាប់អត្រាការប្រាក់មិនឱ្យលើសពី១៨ភាគរយក្នុង១ឆ្នាំទេ ហើយបើហួសពីហ្នឹងគេចាត់ទុកថា ការសងនោះជាការសងប្រាក់ដើមហើយ»។
លោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង និងប៉ៃលិន ជំរុញឱ្យអាជ្ញាធរនៅខេត្តប៉ៃលិនស្រាវជ្រាវករណីនេះ ដើម្បីកុំឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
លោក ម៉េងលី មានប្រសាសន៍ថា៖ «ឱ្យជនបរទេសដែលគាត់ដើរដាក់ចឹង ឱ្យពលរដ្ឋខ្ចីចឹង តើអត្រាការប្រាក់ខ្ពស់ឬទាប ត្រឹមត្រូវតាមគោលការណ៍នៃធនាគារជាតិយើងទេ ឯកសារអីខ្លះដែលគាត់ត្រូវការ ដើម្បីធានាលើប្រាក់កម្ចីហ្នឹង ហើយបើពលរដ្ឋមិនមានលទ្ធភាពសង តើជនបរទេសហ្នឹងមានវិធានការយ៉ាងម៉េច? សំខាន់អាជ្ញាធរនៅតំបន់នោះគាត់ត្រូវធ្វើការសាកសួរ»។
អភិបាលរងខេត្តប៉ៃលិន លោក អ៊ុន ប៊ុនលី ឆ្លើយយ៉ាងខ្លីដោយបដិសេធថា មិនមានករណីឥណ្ឌាដើរដាក់កម្ចីលុយរាប់ដូចការលើកឡើងទេ។
លោក អ៊ុន ប៊ុនលី៖ «អត់ផង អត់មានទេ»។
អភិបាលរងខេត្តម្នាក់ទៀតលោក ហែម ឫទ្ធី ថ្លែងថា លោកមិនបានដឹងករណីនេះទេ។
ខេមបូចា ព្យាយាមទាក់ទងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីសាកសួរករណីនេះ តាំងពីថ្ងៃទី១០ដល់ថ្ងៃទី១៨ខែវិច្ឆិកា គឺទូរសព្ទហៅចូលតែមិនមានអ្នកទទួលទេ។
បើតាមការអះអាងរបស់ពលរដ្ឋគឺជនជាតិឥណ្ឌាដែលដើមឡើយជាអ្នកលក់មុង ហើយក្រោយមកបានដាក់លុយរាប់នេះធ្វើឡើងច្រើនឆ្នាំហើយ លុះដល់ប្រមាណ៥ឆ្នាំចុងក្រោយសកម្មភាពកាន់តែរីកច្រើនឡើង ហើយដល់ប្រមាណ២ឆ្នាំចុងក្រោយនេះសកម្មភាពកាន់តែខ្លាំង ខណៈពលរដ្ឋមានជីវភាពកាន់តែលំបាកដោយសារតែវិបត្តិកូវីដ។ ចំណែកដំណើរការខ្ចីគឺគ្រាន់តែដាក់អត្តសញ្ញាណបណ្ណធានា និងមានធ្វើកិច្ចសន្យាជាលក្ខណៈឯកជនទៅអាចខ្ចីលុយបានហើយ៕