ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកំពុងស្វែងរកការងារធ្វើ ខណៈពលករមួយចំនួនចាញ់បោកឈ្មួញកណ្តាល ឬត្រូវបង់ប្រាក់ឱ្យមេការជាថ្នូរទទួលបានការងារធ្វើ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការងារក៏បានចេញលិខិតក្រើនរំលឹក និងព្រមានដល់ជនខិលខូចទាក់ទងនឹងករណីនេះ។
ពលករម្នាក់ដែលត្រឡប់មកពីប្រទេសថៃក្រោយជម្លោះរយ:ពេល៥ថ្ងៃ សូមមិនបញ្ចេញឈ្មោះ ព្រោះបារម្ភបាត់បង់ការងារ បានប្រាប់ខេមបូចា ថា លោកនិងភរិយាត្រូវបានមេការរោងចក្រ នៅស្រុកកំចាយមារម្នាក់ ទារប្រាក់ចន្លោះពី១០ម៉ឺនរៀល ទៅ ជាង១២ម៉ឺនរៀល ជាថ្នូរនឹងចូលបម្រើការងារ។
ពលកររូបនេះ អះអាងថា៖ «រឿងហ្នឹងកើតឡើងពិតមែនបង បើដាក់ពាក្យខ្លួនឯងគឺអត់ជាប់ទេ ទាល់តែឆ្លងកាត់មានមេការរកការងារឱ្យធ្វើដាក់ក្រុមហ៊ុនណាមួយទើបអាចជាប់ ហើយពេលទាក់ទងនឹងមេការគេយកលុយយើងពិតមែន ខ្លះគេយក១០ម៉ឺនខ្លះ១២ម៉ឺន [រៀល] »។
លោក និងភរិយាបានស្នើក្រសួង និងរដ្ឋាភិបាលចុះធ្វើការស៊ើបអង្កេត និងអន្តរាគមន៍លើករណីនេះ ដើម្បីកាត់បន្ថយសកម្មភាពកេងប្រវ័ញ្ច និងសម្រួលជីវភាពពលរដ្ឋដែលកំពុងខ្វះខាត ពិសេស ពលករនៅតាមមូលដ្ឋានខេត្តនានា។
កាលពីថ្ងៃទី៧ ខែសីហា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្តីជូនដំណឹង ស្ដីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរទទួលបានការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងចាត់ទុកសកម្មភាពនេះ ជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់តាមច្បាប់ស្តីពីការងារ ព្រមទាំងទទួលទោស និងបទប្បញ្ញត្តិជាធរមាន។
សេចក្តីជូនដំណឹងបន្តថា៖ «អធិការការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា»។
ពលករមួយគ្រួសារទៀតនៅខេត្តកំពង់ឆ្នាំងក៏រងគ្រោះចាញ់បោកមេការដែរ។ អ្នកស្រី ផ្លឹក សារិនអះអាងដែរថា លោកស្រី និងកូនប្រុស ព្រមទាំងប្អូនបង្កើតចំនួនពីរនាក់ទៀត បានធ្លាក់អន្លង់ចាញ់បោកមេការរោងចក្រផលិតខោអាវ នៅខេត្តកំពង់ឆ្នាំង ដើរឃោសនាមិនស្គាល់អត្តសញ្ញាណ អស់ទឹកប្រាក់ចំនួន១០០ដុល្លារក្នុងម្នាក់។
លោកស្រីនិយាយថា៖ «ដំបូងគេប្រាប់ថាដើម្បីចូលបានគេត្រូវការលុយកាក់បន្តិចបន្តួច ពីថ្នាក់លើដល់ថ្នាក់ក្រោម ខ្ញុំក៏អត់បានឃើញមុខ អត់ស្គាល់ឈ្មោះគេដែរ ហើយបាញ់លុយឱ្យគេ ដល់ចឹងខ្ញុំអត់ដឹងគេបោកទេ។ គេកុហកថាជាជំនួយការ ជាប្រធានអីចឹងណា៎ ហើយគេជូនទៅមែន តែយកពួកខ្ញុំទៅទុកចោលឱ្យឡើងទៅចេះចោះច្រើនដងអស់លុយមិនចេះតិច»។
មកដល់ពេលនេះ លោក ស្រី ផ្លឹក សារិន ពុំទាន់រកការងារបានធ្វើនោះទេ ប៉ុន្តែកូនប្រុសរបស់គាត់វិញ ក្រោយពីឆ្លងកាត់វគ្គតេស្តសមត្ថភាពជាមួយរោងចក្រមួយកន្លែងផ្សេងទៀត ក្នុងខេត្តកំពង់ឆ្នាំង ក៏ជាប់ចូលបម្រើការ ដោយពុំបាច់ចំណាយប្រាក់។ តាមស្ត្រីរូបនេះ ចំនួនអ្នកចាញ់បោកមិនមែនមានតែគ្រួសារលោកស្រីប៉ុណ្ណោះទេ សូម្បីអ្នកភូមិក្បែរគ្នាជាច្រើនរូបទៀត ក៏មានវាសនាមិនខុសគ្នាប៉ុន្មាន ដែលចាត់ទុកថានេះជាអំពើកេងប្រវ័ញ្ចសម្រាប់ពួកគាត់។
លោកស្រីបន្តថា៖ «ខ្ញុំមិនដឹងថាប្តឹងខាងទៅណាទេ បើគេទៅបាត់ហើយ បើបានក្រសួងចុះមកស៊ើបខ្ញុំអរណាស់ ព្រោះអ្នកចាញ់បោកច្រើន»។
រីឯពលករក្នុងខេត្តកំពង់ឆ្នាំម្នាក់ទៀត រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច និងជាសកម្មជនរងគ្រោះដីធ្លី លោក ស្ងួន ញឿន ត្អូញថា លោកក៏ជាជនរងគ្រោះដូចអ្នកភូមិខាងលើដែរ តាមរយ:ក្រុមហ៊ុនមួយកន្លែង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជូនដំណឹងឱ្យចូលបម្រើការងារតាមថ្ងៃណាត់ជួប ដោយពុំបង់ប្រាក់ឡើយ។ ក៏ប៉ុន្តែ លុះលោកធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែទូរសព្ទប្រាប់ថា សូមភ្ជាប់ថវិកាចំនួន៦ម៉ឺនរៀល ក្រោមហេតុផល ចំណាយរត់ឯកសារ។
លោក ស្ងួន ញឿន និយាយថា៖ «ខ្ញុំលស់ព្រលឹងដែរ ដំបូងថាមិនបង់ទេ ដល់ខ្ញុំមកដល់ពាក់កណ្តាលថាបង់វិញ តែខ្ញុំសួរទៀតបើបង់ហើយប្រាកដធានាថាបានការងារអត់? គេឆ្លើយដូចមិនស្រួល ខ្ញុំដូចមិនសូវជឿ ណាមួយឡើងមកគ្មានលុយជាប់ខ្លួនផង បំណាច់ជ្រុលក្បាលក្រពើឡើងមកហើយ ឥឡូវខ្ញុំកំពុងស៊ីឈ្នួលធ្វើសំណង់បណ្តោះអាសន្ន»។
ច្បាប់ស្តីពីក្រសួងការងារ មាត្រា ១២៦ ចែងថា ការកាត់ប្រាក់ឈ្នួលក្នុងគោលបំណងឱ្យអ្នកទទួលរកការឱ្យធ្វើ ទោះបីដោយចំពោះក្តី ឬមិនចំពោះក្តី ឱ្យទៅនិយោជក អ្នកតំណាងនិយោជក ឬអន្តរការីណាម្នាក់ដូចជាភ្នាក់ងារទទួលជ្រើសរើសហត្ថពលករជាដើម ត្រូវហាមឃាត់។
ជុំវិញបញ្ហានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បកស្រាយថា ចំពោះនីតិវិធីក្រសួងមកទល់ពេលនេះ គឺមានយន្តការជាក់លាក់ និងច្បាស់លាស់ ហើយបច្ចុប្បន្ន ក្រសួងកំពុងបន្តធ្វើជំហានទីពីរយ៉ាងជោគជ័យ ដោយចុះផ្សព្វផ្សាយឱកាសការងារបានចំនួន៣០០ឃុំ ទូទាំងប្រទេសកម្ពុជា។
លោក ស៊ុន មេសា មានប្រសាសន៍៖ «បើមានករណីនេះកើតឡើង សូមជួយរាយការណ៍មកក្រសួង បើមានខាងណាខ្លះគាត់ធ្វើយ៉ាងដូច្នេះ ព្រោះក្រសួងមិនអនុញ្ញាតជាដាច់ខាត»។
គិតចាប់ពីថ្ងៃទី២ ដល់ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋរាប់សិបម៉ឺននាក់ទទួលបានឱកាសការងារចេញពីយន្តការនេះ បន្ថែមលើអ្វីដែលពលករទាក់ទងដោយខ្លួនឯង តាមរយ:ការចែកចាយលេខទូរសព្ទរបស់រោងចក្រ សហគ្រាសធុនតូច -មធ្យម ដែលជូននៅតាមបន្ទាត់ព្រំដែន នេះយោងតាមអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា។
យ៉ាងណា ប្រធានកម្មវិធីអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ សម្តែងក្តីបារម្ភ អំពីការវិលត្រឡប់ទ្រង់ទ្រាយធំរបស់ពលករខ្មែរ ថាជាបន្ទុកដ៏ធំរបស់រាជរដ្ឋាភិបាល ដោយសារអត្រាទីផ្សារការងារក្នុងស្រុកនៅមានកម្រិតនៅឡើយ។
ក្នុងអន្តរកាលនេះ លោក ឃុន ថារ៉ូ ជំរុញរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធកំណែទម្រង់គោលនយោបាយទីផ្សារការងារបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវ: និងផ្តល់កិច្ចគាំពារលើអ្វីដែលមានស្រាប់ ស្របតាមថេរវេលា ក៏ដូចជាឆ្លើយតបនឹងការផលិត ដើម្បីបង្កើនការនិយោគ ជាដើម។
លោក ឃុន ថារ៉ូ បាននិយាយថា៖«បើយើងងាកទៅមើលវិស័យសំណង់ វិស័យផ្នែកសេវាកម្ម ក៏ដូចជាកសិកម្មជាដើម ឃើញថា មានកំណើនលូតលាស់នៅតិចតួចនៅឡើយទេ ចឹងកំណើនតម្រូវការកម្លាំងពលកម្មក៏មានតិចតួចដែរ ដូច្នេះខ្ញុំគិតថាកម្មករ ពលករជាច្រើននឹងអាចប្រឈមមុខបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើនជាង។ ដោយលោកបានបន្ថែមថា៖ «កាលណាធ្លាក់ចូលសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចថាពួកគាត់ប្រឈម គ្របដណ្តប់ហានីភ័យចំណូល ដែលមិនអាចធានាស្ថានភាពសេដ្ឋកិច្ច និងសេចក្តីត្រូវការជាមូលដ្ឋានសម្រាប់ពួកគាត់ដែរ»។
របាយការណ៍ក្រសួងការងារ បញ្ជាក់ថា បច្ចុប្បន្នសហគ្រាស និងរោងចក្រផ្សេងៗទូទាំងប្រទេសកំពុងខ្វះខាតកម្លាំងពលកម្មប្រមាណ ២៥ ម៉ឺនកន្លែង រួមជាមួយគម្រោងវិនិយោគក្នុងរយៈពេល ៦ខែ នឹងបង្កើតការងារក្នុងរង្វង់ ៣០ម៉ឺនកន្លែងទៀត តម្រូវការកម្លាំងពលកម្មចន្លោះ ៥០ ទៅ ៦០ម៉ឺនកន្លែង។
គិតចន្លោះពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃជាង ៩០ម៉ឺននាក់ ៕










