ប្រជាពលរដ្ឋក្នុងភូមិចំនួនប្រាំមួយ នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺភូមិអូរតោងភូមិពាមល្វា ភូមិត្រពាំងអង្គ្រង ភូមិល្ហឹម ភូមិក្រាំងធ្នង់ និងភូមិស្រែកិន កំពុងតែប្រឈមនឹងបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងទទួលទាន ។
ដោយឡែកប្រជាពលរដ្ឋរស់នៅភូមិអូរតោង ត្អូញត្អែរថា កង្វះទឹកស្អាតគឺជាឧបសគ្គចម្បងមួយ ចំពោះការរស់នៅរបស់ពួកគាត់ ដោយពួកគាត់រ៉ាយរ៉ាប់ថា បើក្នុងរដូវវស្សាគ្រាន់បានធូរបន្តិច ព្រោះមានទឹកភ្លៀង ប៉ុន្តែពេលចូលដល់រដូវប្រាំងហួតហែង ក្ដីចម្បែងរបស់ពួកគាត់ក៏ចាប់ផ្ដើមដែរ ។
ប្រជាពលរដ្ឋភូមិអូរតោងមានសំណូមពរ និងគោលជំហរច្បាស់លាស់ថា ពួកគាត់ចង់ឱ្យអាជ្ញាធររដ្ឋាភិបាល ម្ចាស់ជំនួយ ឬអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា មេត្តាលៃលករកមធ្យោបាយ ជួយតបណ្ដាញស្តង់ដារ ដើម្បីនាំទឹកធម្មជាតិពីភ្នំឱរ៉ាល់មកឱ្យពួកគាត់ប្រើប្រាស់ ។
មេភូមិអូរតោង លោក សាយ សើ បញ្ជាក់ថា មូលហេតុដែលប្រជាពលរដ្ឋចង់បានទឹកពីភ្នំឱរ៉ាល់ ព្រោះពួកគាត់ជឿជាក់លើគុណភាពទឹកពីប្រភពធម្មជាតិ ដែលមិនឆ្លងកាត់ការបំពុលបរិស្ថាន ហើយក៏ធ្លាប់បានអង្គការមួយឈ្មោះ ម្លប់បៃតង ជួយតបណ្ដាញយកទឹកមកឱ្យពួកគាត់ប្រើប្រាស់បានម្ដងហើយដែរ ប៉ុន្តែជាងមួយឆ្នាំក្រោយមក ពួកគាត់លែងទទួលបាននូវតំណក់ទឹកធម្មជាតិពីភ្នំឱរ៉ាល់ទៀតហើយ គឺដោយសារបណ្ដាញទឹកនោះដាច់ដោចខូចខាតអស់ ។
លោក សាយ សើ អះអាងថា ប្រសិនបើបានបណ្ដាញតាមបទដ្ឋានបច្ចេកទេស ទឹកពីប្រភពភ្នំឱរ៉ាល់ អាចនឹងផ្ដត់ផ្គង់បានគ្រប់គ្រាន់រហូតដល់ទូទាំងឃុំត្រពាំងជោរទាំងមូល ។
រីឯប្រជាពលរដ្ឋមួយចំនួននៅស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពួកគាត់ក៏មានការលំបាករឿងទឹកស្អាតដែរ ។
មិនមែនតែប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ដែលខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋនៅខេត្តមួយដទៃ និងនៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ក៏ជួបប្រទះបញ្ហានេះដែរ ដោយប្រជាពលរដ្ឋខ្លះត្អូញត្អែរថា តម្លៃទឹកខ្ពស់រហូតដល់ទៅ ២.៥០០រៀល ក្នុងមួយម៉ែត្រគូប ហើយជួនពេលខ្លះទឹកដែលចេញពីទុយោ មិនល្អ កករក្រខ្វក់ទៅទៀត ។
កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) បានអនុម័តកញ្ចប់ថវិកាហិរញ្ញប្បទានចំនួន៩៣,៦ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅខេត្តចំនួនប្រាំបួន គឺខេត្តកំពង់ស្ពឺ កំពត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និង បាត់ដំបង ។
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក អ៊ុំ សុថា មានប្រសាសន៍នៅក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ កាលពីដើមខែធ្នូ ឆ្នាំ២០២៤ អំពីសេចក្ដីត្រូវចាំបាច់នៃទឹកស្អាត ដោយលោកបញ្ជាក់ថា ទឹកស្អាតត្រូវបានរំកិលពីអាទិភាពទី៤ នៃយុទ្ធសាស្ត្រចតុកោណ ឡើងមកជាអាទិភាពទី៣ វិញ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។
លោក អ៊ុំ សុថា ស្នើឱ្យមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការយកចិត្តទុកដាក់ជាពិសេសក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋក្រីក្រ ។
ក្នុងសុន្ទរកថានៃពិធីបើកសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ រដ្ឋមន្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ឌឌី ថ្លែងថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិដែលក្រសួងបានផ្ដល់អាជ្ញាប័ណ្ឌមានចំនួន ១០.៦៧៩ រដ្ឋាករទឹកមាន ១.៩៦០ភូមិ ស្មើនឹង ១៨,៥% ប្រតិបត្តិករឯកជនមាន ៨,៧១៩ភូមិ ស្មើនឹង ៨១,៥% ។ ចំនួនភូមិដែលមានបណ្ដាញ សរុប ៧,២៦៩ភូមិ ស្មើនឹង ៦៨% នៃភូមិដែលមានអាជ្ញាប័ណ្ណសរុប ។ រដ្ឋាករទឹកមាន ១,៤៧០ភូមិ ប្រតិបត្តិករឯកជន ៥,៧៩៩ភូមិ ។
ចំនួនតំណ ( ការតភ្ជាប់បណ្ដាញ ) សរុប ១.៤៣៤.០៣៨តំណ ។ ក្នុងនោះ រដ្ឋ ៦៤៤.៤៣២តំណ ស្មើនឹង ៤៥% ឯកជន ៧៨៩.៦០៦តំណ ស្មើនឹង ៥៥% ។ ទឹកដែលផលិតបានក្នុងឆ្នាំ២០២៤ មានចំនួនប្រមាណពី ៤០ ទៅ ៥០លានម៉ែត្រគូប ក្នុងមួយខែ ៕