សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ
សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។

អង្គុយក្រោមដើមអម្ពិលក្បែរសាលាសង្កាត់និមិត្ត អ្នកស្រី ពុំ សារ៉ន អាយុ៥០ឆ្នាំ មានរបរជា​កម្មករសំណង់ ដោយមានកូន៤នាក់ក្នុងបន្ទុក បានឱ្យដឹងថា អ្នកស្រីបារម្ភថាកូនអ្នកស្រី​រៀន​នៅថ្នាក់ទី១មិនបានដិតដល់ ដោយសារតែកង្វះខាតគ្រូបង្រៀន និងសម្ភារៈសិក្សា ដូចជា​សៀវភៅពុម្ពសម្រាប់សិស្ស។

អាណាព្យាបាលរូបនេះបន្តថា៖ «ខ្ញុំមានអារម្មណ៍ថា អត់គ្រូចឹង រៀនព្រឹករៀនល្ងាចខ្លាច​វារៀន​[កូន]មិនទៀងទាត់ »។

អ្នកម្ដាយរូបនេះបន្ថែមថា កង្វះគ្រូបង្រៀន និងសម្ភារៈសិក្សានេះគឺមានរយៈពេល២ឆ្នាំ​មក​ហើយ​។ ជាងនេះទៅទៀតអ្នកស្រីប្រាប់ថា សាលាបឋមសិក្សាសូរិយាចាស់ ដែលកូន​អ្នកស្រី​រៀន គឺខ្វះបង្គន់អនាម័យ ខ្វះទឹកស្អាតប្រើប្រាស់ និងផ្លូវធ្វើដំណើរទៅកាន់សាលារៀនពិបាក​ខ្លាំងនារដូវវស្សា។

អ្នកស្រីបន្ថែម​ថា៖ «កូនៗវាពិបាកដើរទៅសាលា វាភក់ពេក​ហើយដើរពីផ្ទះទៅសាលា​ភក់​ត្រឹមៗជង្គង់ កូនមកវិញដោះខោអាវស្ពាយមកវិញ»។

ចំណែកអ្នកស្រី ឃុត ពៅ អាយុ៦៧ឆ្នាំ រស់នៅក្នុងសង្កាត់និមិត្ត បានឱ្យដឹងថា អ្នកស្រីមានចៅ​ចំនួន២នាក់កំពុងរៀននៅសាលាបឋមសិក្សាសុរិយាចាស់។ អ្នកស្រីបានលើកឡើង​ពីកង្វល់​ចំពោះបញ្ហាខ្វះគ្រូបង្រៀន ខ្លាចក្រែងបញ្ហានេះធ្វើឱ្យសិស្សរៀនមិនបានដិតដល់។

ក្រៅពីបញ្ហានេះអ្នកស្រីបន្ថែមថាផ្លូវធ្វើដំណើរទៅសាលារៀនបង្កការលំបាកដល់សិស្ស ហើយ​អ្នកស្រីស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយឱ្យបានឆាប់ផងដែរ។

ស្រ្តីវ័យ៦៧ឆ្នាំរូបនេះរៀបរាប់ថា៖ «បារម្ភតាស កំពុងតែសុំឱ្យបន្ថែមគ្រូ ឱ្យសិស្សវាបាន​ចេះ​ដឹង។ ហើយខ្ញុំរំពឹងថាមុខតែគេជួយ ព្រោះសុំហើយ»។

អគារសិក្សាមួយខ្នងនៃសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

មិនខុសពីអាណាព្យាបាលខាងលើ អ្នកស្រី ធោយ សុធា អាយុ៣៣ឆ្នាំ រស់នៅក្នុងសង្កាត់និមិត្ត មានកូន២នាក់កំពុងរៀនថ្នាក់ទី៣ និងទី៥ បានឱ្យដឹងថា អ្នកស្រីចង់ឱ្យអាជ្ញាធរ​ជួយសម្រួលឱ្យ​មានគ្រូបង្រៀនគ្រប់គ្រាន់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាឱ្យបានសមរម្យ ដើម្បីងាយ​ស្រួលឱ្យសិស្សទៅរៀនទៀងទាត់។

អ្នកស្រីបញ្ជាក់ថា៖ «សាលាវាខ្វះខាតច្រើនណាស់ ខ្វះខាតគ្រូបង្រៀន និងប្រដាប់ប្រដា​ក្មេង​រៀនសូត្រ និងផ្លូវចូលពិបាក ភ្លៀងមកវាស្អិត ខ្វះទឹកស្អាត និងបង្គន់អនាម័យ»។

ចំណែកអ្នកស្រី ចន្ធី រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ជាម្ដាយមួយរូបបានលើកឡើងថា នៅ​ពេលដែលកូនៗអ្នកស្រីរៀនមួយថ្ងៃខានមួយថ្ងៃដូច្នេះ ធ្វើឱ្យអ្នកស្រីព្រួយថា​កូនរៀន​មិន​ចេះ ដោយសារតែកង្វះគ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត។

ម្ដាយរូបនេះថ្លែងថា៖ «យើងត្រូវការគ្រូមកបន្ថែម ព្រោះខ្លាចប៉ះពាល់អនាគតកូន។ រៀនមួយ​ថ្ងៃខានមួយថ្ងៃចឹង ណាមួយកូនមករៀនមិនសូវចេះ បើរៀនជាប់ៗអត់អីទេ»។

អ្នកស្រីបន្តថា អ្នកស្រីបារម្ភយ៉ាងដូច្នះដោយសារតែអ្នកស្រីនិងប្ដី មិនចេះអក្សរ ម្លោះហើយ​ទើបចង់ឱ្យកូនបានរៀនជាប់លាប់នឹងគេ ដើម្បីឱ្យគេចផុតពីភាពអវិជ្ជា។

អ្នកស្រីឱ្យដឹងថា៖ «អនាគតកូនឥឡូវនេះ សង្ឃឹមលើលោកគ្រូអ្នកគ្រូហ្នឹងឯង បើខ្វះខាត​ចឹង​ទៅយើង​ព្រួយបារម្ភណាស់»។

ថ្វីបើយ៉ាងនេះក្ដី អ្នកស្រី ចន្ធី រំពឹងថា ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការ​ដោះ​ស្រាយបញ្ហាដែលប្រជាជនបានលើកឡើងទាក់ទងនឹងបញ្ហាកង្វះខាតនៅសាលារៀនដូចជាគ្រួបង្រៀន និងសម្ភារៈសិក្សា ផ្លូវធ្វើដំណើរ បង្គន់អនាម័យ និងទឹកស្អាតជាដើម។

អគារទីចាត់ការនៃសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ជុំវិញបញ្ហានេះ អ្នកគ្រូ គី សាមី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាសូរិយាចាស់ បានឱ្យដឹង​ថា បញ្ហាខ្វះគ្រូគឺពិតជាមានមែន ប៉ុន្តែខ្វះគ្រូក្របខណ្ឌរដ្ឋ ខណៈសព្វថ្ងៃសាលាយកគ្រូ​កិច្ចសន្យាមកបង្រៀនបណ្ដោះអាសន្នសិន។​

អ្នកគ្រូ សាមី បន្តថា មូលហេតុដែលអាណាព្យាបាលលើកឡើងថាខ្វះគ្រូដោយសារ​តែពួកគាត់ចង់បានគ្រូបង្រៀនដែលមានការបណ្ដុះបណ្ដាលពីគរុកោសល្យ មានវិជ្ជាជីវៈ​ត្រឹមត្រូវមកបង្រៀនសិស្ស។ អ្នកគ្រូបន្តថា សព្វថ្ងៃនេះសាលាសុរិយាចាស់ ខ្វះគ្រូក្របខណ្ឌ​រដ្ឋចំនួន២រូប ដោយជំនួយដោយគ្រូកិច្ចសន្យាចំនួន២នាក់មកបង្រៀនសិស្ស។

គ្រូបង្រៀនរូបនេះថ្លែងថា៖ «ព្រោះគ្រូពេញសិទ្ធិគេបង្រៀនទៀងទាត់ ណាមួយគេបានបណ្ដុះ​បណ្ដាលគរុកោសល្យ ដល់ពេលគ្រូកិច្ចសន្យាអត់បានបណ្ដុះបណ្ដាលគរុកោសល្យផង ចប់ត្រឹមថ្នាក់ទី១២ អត់បទពិសោធន៍»។

អ្នកគ្រូ សាមី បានអះអាងថា ខាងសាលាបានប្រកាសរកគ្រូក្របខណ្ឌដែរ ប៉ុន្តែពុំមានអ្នកណា​ដាក់ពាក្យមកឡើយ ដូច្នេះហើយបានជាយកគ្រូកិច្ចសន្យាមកបង្រៀនសិន។

ក្រៅតែពីបញ្ហានេះ អ្នកគ្រូបានប្រាប់ឱ្យដឹងថា សាលាបឋមសិក្សាសុរិយាចាស់ គឺមានការ​ខ្វះ​ខាតសៀវភៅគោលសម្រាប់គ្រូបង្រៀនសិស្សគ្រប់មុខវិជ្ជា តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ អ្នកគ្រូ សាមី ថាមានការពិបាកក្នុងការបង្រៀនសិស្ស ដោយជួនកាលមិនអាចបង្រៀន​ទាន់​កម្មវិធីសិក្សាគោលរបស់ក្រសួង ហើយអ្នកគ្រូស្នើឱ្យខាងមន្ទីរអប់រំគិតគូពីបញ្ហានេះផងដែរ ព្រោះស្នើទៅរាល់ឆ្នាំ​មិនទាន់ឃើញទម្លាក់សៀវភៅមកទេ។

សិស្សានុសិស្សនៃសាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ចំណែកគ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត គឺអ្នកគ្រូ ទៀង ស្រីអូន បានលើកឡើង​ស្រដៀងគ្នាថា នៅសាលានេះគឺខ្វះគ្រូបង្រៀនក្របខណ្ឌរដ្ឋ​ចំនួន២នាក់។ ជំនួសដោយការខ្វះ​នេះ ខាងសាលាបានយកគ្រូបង្រៀនកិច្ចសន្យាមកជំនួសសិន។

អ្នកគ្រូ ស្រីអូន បានឱ្យដឹងទៀតថា សាលាដែលអ្នកគ្រូបង្រៀនគឺកំពុងខ្វះខាតអគារសិក្សា និងខ្វះសៀវភៅសម្រាប់សសិស្ស បន្ទប់ទឹក និងទឹកស្អាត។ អ្នកគ្រូស្នើឱ្យមានការដោះស្រាយ​បញ្ហាខាងលើឱ្យបានឆាប់ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រពេញលេញ ដោយគ្មានការខ្វះខាត។

អ្នកគ្រូ ស្រីអូន បន្តថា៖«សិស្សបើអត់មានសៀវភៅចឹងពិបាកក្នុងការបង្រៀនឱ្យអាន និងយក​ទៅផ្ទះ។​ អគារសិក្សាអត់មានទេ ខ្វះ គឺមានតែមួយអគារហ្នឹង»។

អ្នកគ្រូ ស្រីអូន បញ្ជាក់ថា បញ្ហាខាងលើខាងសាលាធ្លាប់បានស្នើទៅខាងមន្ទីអប់រំខេត្តហើយ តែនៅតែខ្វះចន្លោះដដែល។

បើតាមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ប្រសិន​បើមានបញ្ហាដូច្នេះពិតមែន លោកនឹងទទួលសំណើហើយដោះស្រាយជូន។

លោកបន្តថា ចំពោះបញ្ហាខ្វះសៀវភៅ លោកនឹងចាត់ចែងក្រុមការងារពិនិត្យមើលបញ្ហានេះ ហើយលោកថាមិនមែនជាបញ្ហាលំបាកដោះស្រាយឡើយ។

លោកថ្លែងយ៉ាងដូច្នេះថា៖«អត់អីទេ ឱ្យគាត់ដាក់សំណើមកណា៎។ ខ្ញុំនឹងឆ្លើយតប ខ្ញុំនឹងឱ្យ​គេទៅឆែកមើលសៀវភៅខ្វះប៉ុន្មានឱ្យពិតប្រាកដ ជូនកាលខ្ញុំអត់ជឿទាំងស្រុងថា​ខ្វះសៀវភៅ​កម្រិតណាឱ្យប្រាកដទេ»។

បង្គន់អនាម័យនៃសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ចំណែកលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ថ្លែងថា ផ្តោត​ទៅ​លើ​វិស័យ​អប់រំនៅតាមសាលា​នីមួយៗ អ្នកស្រីសង្កេតឃើញថានៅតាមបណ្ដាក្រុងរាជធានីខេត្ត មានគ្រូសល់ជាច្រើន។ ទន្ទឹមនឹងនេះ គ្រូបង្រៀនមួយចំនួនផ្ដុំជើងគ្នាតែនៅភ្នំពេញ ដើម្បីងាយ​ស្រួលប្រកបការងារផ្សេងៗ។

លោកស្រីបញ្ជាក់ថា៖ «អ៊ីងចឹង ប្រសិនបើក្នុងតំបន់ហ្នឹងស្រែកថាអត់គ្រូ មានតែគ្រូ​កិច្ចសន្យា អានេះជាគោលការណ៍របស់អ្នកនៅខាងហ្នឹង! អ្នកនៅខាងហ្នឹងអត់ស្នើសុំគ្រូ»។

អ្នកស្រីបន្តថា ចំពោះបញ្ហាខ្វះគ្រូក្របខណ្ឌ អាចបណ្ដាលមកពីថ្នាក់មូលដ្ឋានចង់បានដូច្នេះ ខណៈបច្ចុប្បន្នមានគ្រូបង្រៀនជាច្រើនគរជើងគ្នា ហើយមានគ្រូខ្លះព្យួរឈ្មោះចោល ហើយ​ទៅធ្វើការងារផ្សេងទៀតផង។

អ្នកស្រីអះអាងថា បញ្ហានេះក៏ដោយសារតែភាពអសកម្មក្នុងការផ្ដល់ព័ត៌មាន​របស់អាជ្ញាធរ​ថ្នាក់មូលដ្ឋានទៅថ្នាក់លើ ទើបបណ្ដាលឱ្យវិស័យអប់រំមានការធ្លាក់ចុះបែបនេះ។

អ្នកស្រីឆាយ៉ាវី មានប្រសាសន៍ថា៖ «និយាយរួមការខ្វះសាលារៀន និងបញ្ហាផ្សេងៗហ្នឹង ដោយសារតែការមិនយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីហ្នឹងតែម្ដង។ ព្រោះអាជ្ញាធរដែនដី អាចធ្វើព្យុះធ្វើភ្លៀងបានគ្រប់ពេល បើខ្វះខាតអីអាជ្ញាធរគួរតែលើកសំណើទៅថ្នាក់លើ»។ បើតាមអ្នកស្រីឆាយ៉ាវី បន្ថែមទៀតថា ក្រសួងអប់រំតែងមានមោទនភាពហួស ដោយមិន​បើក​ទូលាយចំពោះមតិរិះគន់ដើម្បីស្ថាបនាយកមកកែលម្អ ទើបធ្វើឱ្យមានបញ្ហាប្រឈម​នានា​ដូច​ជាខ្វះគ្រូបង្រៀន ខ្វះសាលារៀន និងខ្វះធនធានគ្រប់បែបយ៉ាង៕

561 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម