សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋមួយចំនួនរិះគន់អំពីការប្រើប្រាស់សេវាបេឡាជាតិសន្ដិសុខសង្គម​ដែល​នៅតែមាន​ភាពរើសអើង

លោក ធីម វុធចាន់ ជាកម្មករនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់បណ្ណ បសស រយៈពេល៧ឆ្នាំមកហើយ។ រូបភាពថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
លោក ធីម វុធចាន់ ជាកម្មករនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់បណ្ណ បសស រយៈពេល៧ឆ្នាំមកហើយ។ រូបភាពថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

កម្មករនិងពលរដ្ឋមួយចំនួនបានត្អូញត្អែរពីការប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម(បសស) ដោយសារតែការប្រើប្រាស់បណ្ណនេះមានការរើសអើងនៅតាមកន្លែង​មួយ​ចំនួនដែល​ជា​មន្ទីរពេទ្យរឺគ្លីនិកជាដៃគូ។

លោក ធីម វុធចាន់  អាយុ៤១ឆ្នាំ  ជាកម្មកររោងចក្រអស់រយៈពេល៧ឆ្នាំ ហើយបានប្រើបណ្ណ បសស បានជិត៧ឆ្នាំមកហើយ  បានផ្ដល់បទសម្ភាសន៍ផ្ទាល់នៅមុខរោងចក្រមួយ​ក្នុងខណ្ឌ​មានជ័យថា មានពេទ្យខ្លះល្អ ហើយពេទ្យខ្លះទៀតក៍មានការរើសអើងចំពោះអ្នកប្រើប្រាស់បណ្ណ បសស។ 

លោក វុធចាន់ ប្រាប់ថា៖«មានពេទ្យខ្លះក៍ល្អ ពេទ្យខ្លះទៀតពេលឃើញខ្ញុំកាន់បណ្ណ បសស  ពួកគាត់មិនយកចិត្តទុកដាក់ ធ្វើដូចយើងទៅសុំគាត់ចឹង»។  លោកបន្តថា៖«សុំឲ្យពេទ្យមេត្ដា​កុំរើសអើងអ្នកមានបណ្ណ បសស អី វាជាជំនួយរដ្ឋ»

អ្នកស្រី  សុខ ម៉ាលី កម្មការិនីរោងចក្រកាត់ដេររយៈពេល១១ឆ្នាំ ហើយគាត់បានប្រើប្រាស់​បណ្ណ បសស​ រយៈពេលប្រាំឆ្នាំ បានផ្ដល់បទសម្ភាសន៍ថា ការប្រើប្រាស់បណ្ណ បសស សព្វថ្ងៃ​ហាក់ដូចជាប្រសើរជាងមុនបន្តិច។

អ្នកស្រី  ម៉ាលី ឱ្យដឹងថា៖«ពីមុនប្រើបណ្ណ ប​សស គឺពិបាកពេលទៅពេទ្យមានការរើសអើង​ច្រើនដែរ​​  តែក្រោយមកពួកខ្ញុំបានប្ដឹង​ទៅ​កាន់បេឡាជាតិសន្ដិសុខសង្គម(បសស) មកដល់​ពេលនេះអាចគ្រាន់បើជាងមុន»។ អ្នកស្រីបន្ដថា៖«វាជាការជួយរបស់រដ្ឋ  សុំពេទ្យមួយចំនួន​កុំរើសអើងអី»

កញ្ញា  ហម ​ស្រីពេជ្រ និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាអ្នកស្រាវជ្រាវបញ្ហាសង្គម  បានថ្លែងថា  មិនមែនតែអ្នកធ្វើការទូទៅនោះទេ សូម្បីតែសិស្ស និស្សិតដែលកំពុងសិក្សា​ក៍​ត្រូវការកិច្ចគាំពារដែរ ពីព្រោះក្នុងពេលបច្ចុប្បន្នយុវជនបានជួបនូវបញ្ហាជាច្រើនចំណុច ដែល​មិនទទួលបានបេឡាជាតិសន្ដិសុខសង្គមឬបណ្ណ បសស នេះ។

កញ្ញាបន្ដថា មានយុវជន​ជា​ច្រើនបានបោះបង់ការសិក្សាដោយការចំណាយច្រើនពេកឬក៍​បញ្ហាគ្រួសាររបស់ពួកគាត់ដូចជាឪពុកម្ដាយឈឺហើយបន្ទុកទាំងអស់ធ្លាក់មកលើពួកគាត់ ទើបយុវជនមិនអាចបន្ដការសិក្សាបាន។

កញ្ញាបន្ថែមថា៖«ក្នុងនាមខ្ញុំជាតំណាងឲ្យយុវជនទូទាំងប្រទេស  សុំឱ្យរដ្ឋមេត្ដា​ផ្ដល់​សេវា​បេឡា​ជាតិសន្ដិសុខសង្គម បសស ដល់ពួកខ្ញុំផង» 

អ្នកស្រី  ឃាង  ចំប៉ា  កម្មការិនីរោងចក្រម្នាក់ទៀតនៅសង្កាត់ទួលពង្រ ខណ្ឌមានជ័យ  បាន​រៀបរាប់ថា គាត់ធ្វើការរោងចក្រកាត់ដេររយៈពេលបីឆ្នាំ និងប្រើប្រាស់បណ្ណ បសស បានជិត​បីឆ្នាំ ហើយការប្រើប្រាស់បណ្ណ បសស​ នេះ បើសម្រាប់មន្ទីរពេទ្យធំៗមិនអីទេ ប៉ុន្តែនៅ​មន្ទីរពេទ្យតូចៗនិងក្លីនិកឯកជនជាដៃគូនៅមានការ​រើសអើង។

អ្នកស្រី ចំប៉ា និយាយថា៖«បើទៅពេទ្យធំៗអី គឺមិនពិបាកទេ ដូចជាពេទ្យរុស្សី  ពេទ្យអង្គដួង គេផ្ដល់​សេវា​ល្អណាស់តែពេទ្យតូចៗទេ​​ដែលមិន​សូវយកចិត្តទុកដាក់ចំពោះអ្នកប្រើប័ណ្ណ បសស» 

អ្នកស្រី ឃាង ចំប៉ា ជាកម្មការិនីនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបាន​ប្រើប្រាស់បណ្ណ បសស រយៈពេលជិតបីឆ្នាំមកហើយ។ រូបភាពថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោក ហេង  សុហ៊ាញ ប្រធានកម្មវិធីលើកកម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាព​សង្គមនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា (YRDP) បានថ្លែងក្នុង​សិក្ខា​សាលាស្តីពីផ្តល់សារៈសំខាន់នៃការផ្តល់កិច្ចគាំពារសង្គមសម្រាប់យុវជន​ ថា ពេទ្យមួយ​ចំនួនមានការរើសអើសចំពោះអ្នកទៅប្រើប្រាស់សេវាបណ្ណ បសស។​

លោក សុហ៊ាញ ថ្លែងថា៖«ខ្ញុំបានទៅពេទ្យ​ដែលខ្ញុំ​អាចប្រើបណ្ណ ប​សស ហ្នឹងបាន ​ ពេលខ្ញុំ​ទៅដល់គេ​ឃើញខ្ញុំ​ខោមិនខោ អាវមិនអាវ គេបែរ​ជាធ្វើព្រងើយ»។ លោកបន្ថែម​ថា៖​«វាគ្រាន់​តែរឿងដែលខ្ញុំបានជួបផ្ទាល់ខ្លួនឯងទេ ចឹងហើយ​ខ្ញុំសុំឲ្យ បសស មេត្ដាពិនិត្យមើលការងារ​ទាំងអស់ហ្នឹងផង»

លោក  ផង់  មល្លីកា​  ប្រធានការិយាល័យនៃបេឡាជាតិសន្ដិសុខសង្គម បានថ្លែងក្នុងសិក្ខា​សាលាថា បសស ទទួលស្គាល់ថាពេទ្យមួយចំនួនបាន​រំលោភ​ក្រមសីលធម៌​វិជ្ជាជីវៈពេទ្យ​ និង​មានការរើសអើងមែន តែ បសស បានប្រកាសអន្ដរក្រសួងចេញកាល​ឆ្នាំ២០២០​ជាមួយ​ក្រសួងសុខាភិបាលដើម្បីពិនិត្យមើលសេវាសុខាភិបាល សេវាសុខភាពសាធារណៈ ក្រម​សីលធម៌វិជ្ជាជីវៈពេទ្យ  និងសេវាកម្មផ្សេងៗទៀត តែដោយសារបញ្ហាជំងឺកូវីដ១៩  ទើបយើង​មិនទាន់បានអនុវត្ត។ 

លោក មល្លីកា បន្តថា ស្ថាប័នដែលបានសហការជាមួយ បសស មានចំនួន ១ ​៥០០ហើយ​ទូទាំងប្រទេសជាចំនួនដែលយើងបានទទួល ហើយប្រភពចំណូលរបស់ បសស បាន​មកពី​ជំនួយរដ្ឋាភិបាលនិង​​អ្នកដែលបានបង់វិភាគទាន (ជំនួយរបស់អ្នកមានជួយអ្នកក្រ គឺអ្នក​អត់ឈឺជួយអ្នកឈឺ)។

លោកបន្ដថា៖«ការប្រើប្រាស់បណ្ណ បសស មិនមានការកំណត់ចំនួនលើកឬក៍ថវិកាទេ​…….សុំឲ្យសមាជិកទាំងអស់មេត្ដារាយការណ៍មក បសស ផង បើមានករណីពេទ្យ​មិន​យកចិត្ដទុកដាក់ចំពោះអ្នកប្រើប្រាស់បណ្ណ បសស»

លោកបានឱ្យដឹងទៀតថា ទិន្នន័យអ្នកដែលជាសមាជិក បសស ក្នុងឆ្នាំ២០២១ មានចំនួន​សរុប ៩៤ ៣៧៨នាក់ ក្នុងនោះមានស្រីចំនួន ២០ ៣៦៥​នាក់  ប្រុសមានចំនួន ៧៤ ០១៣នាក់ រួមមាន មន្រ្ដីដែលជាសមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់មាន ៥២ ៤៨២​នាក់  កីឡាករ  កីឡាការិនី ១ ១៨៣​នាក់  កម្មកររោងចក្រ  អ្នកធាក់ស៊ីក្លូ  អ្នករត់ម៉ូតូឌុប  អ្នករត់កង់បីមាន​ចំនួន ៣៦ ៧៦៦នាក់  និងផ្សេងៗមានចំនួន ៣ ៩៤៧នាក់  ដែលបានប្រើប្រាស់សេវា បសស។

លោកបន្ដថា៖«បសស នឹងពង្រឹងសមត្ថភាពឲ្យបានល្អប្រសើរជាងមុន  ក្រោយពី​ជំងឺ​កូវីដ១៩បានធូរស្រាល»

គួរបញ្ជាក់ដែរថា ទិន្នន័យសមាជិកបេឡាជាតិសន្ដិសុខសង្គម(បសស) គិតចាប់ពី​ឆ្នាំ២០០៨​មកដល់ខែកុម្ភៈ ឆ្នាំ២០២២ មានចំនួន ២ ៣៣៣ ០៧៣នាក់។

លោក  សន  ជ័យ ​នាយកប្រតិបត្ដិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា  បានថ្លែង​ថា បសស នេះជាសេវាសាធារណៈ ហើយវាផ្ដល់ដោយមន្ទីរ​ពេទ្យ​រដ្ឋផង​​និងមន្ទីរ​ពេទ្យ​ឯកជនផង គ្លីនិកឯកជនផង សេវាកម្មនេះបានអនុវត្ត​ជាច្រើនឆ្នាំ​មក​ហើយ  អ៊ីងចឹងវាគួរ​តែ​ដល់​ពេលដែលមានការវាយតម្លៃនៃការផ្ដល់សេវានេះហើយ  ដើម្បីឲ្យដឹងថាការ​ផ្ដល់សេវានេះ​មានប្រសិទ្ធភាពបានកម្រិតណា ហើយវាមានចំនុចខ្វះខាតអ្វីខ្លះដែលត្រូវ​បន្ថែម​។

លោក សន​ ជ័យ បន្ថែមថា៖«ខ្ញុំបានដឹងថាគ្លីនិកឯកជន មន្ទីរពេទ្យឯកជនមួយចំនួនមាន អនុស្សរណៈ​យោគ​យល់(MOU)ជាមួយ បសស  ហើយមន្ទីរពេទ្យទាំងអស់នោះធ្វើការ​មិនបានល្អ  ត្រូវបាន​ប្រពលរដ្ឋរាយការណ៍»។​

លោកបន្ថែមថា៖«ខ្ញុំគិតថា បសស គួរតែ​ពិនិត្យមើលពីប្រសិទ្ធភាព​ការងារ​របស់គ្លីនិក​ឬមន្ទីរពេទ្យដែលខ្លួនបានចុះMOUជាមួយ ថាវាមានប្រសិទ្ធភាព​បានកម្រិត​ណា»​

833 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម